នៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញក្នុងព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។
ព្រះរាជពិធីនេះ មានការយាង និងអញ្ជើញចូលរួមពីឥស្សរជន និងថ្នាក់ដឹកនាំស្ថាប័នកំពូលសំខាន់ៗរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,
ព្រះរាជវង្សានុវង្ស មន្ត្រីក្រសួងព្រះបរមរាជវាំង និងក្រសួងស្ថាប័នគ្រប់លំដាប់ថ្នាក់។
ប្រជារាស្ត្រខ្មែរគ្រប់រូប បានសម្តែងឆន្ទៈ និងមនោសញ្ចេតនារបស់ខ្លួនសប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិ ដើម្បីបានគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជំរបស់មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ៕