ប្រសាសន៍សង្កថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំណេះសំណាលនិងពិសាភោជនាហារសាមគ្គីជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ
សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា! ខ្ញុំសុំអធ្យាស្រ័យដោយសារតែ(ហាក់ដូចជា)ស្អកកបន្តិច។ សូមអធ្យាស្រ័យដែរ ដោយសារតែដាក់អាវកំប្លេហ្នឹងមក វាហាក់ដូចជាស្ទាវបន្តិច។ យ៉ាងណាក្តី នេះក៏បានបង្ហាញថាសុខភាពខ្ញុំនៅរឹងមាំ។ មូលហេតុដែលស្អកក មុនពេលខ្ញុំមក ខ្ញុំត្រូវសម្រក ១,៦គីឡូ តាមរយៈនៃការត្រាំទឹកក្ដៅ បូកនឹង(ការហាត់ប្រាណ) … ដូច្នេះធ្វើឲ្យទម្ងន់របស់ខ្ញុំធ្លាក់ចុះ ដើម្បី(ក្រោយពី)មកទទួលទាន(នៅទី)នេះ ពេលត្រឡប់ទៅផ្ទះវិញ កុំអោយខ្ញុំឡើងទម្ងន់។ ខ្ញុំសូមយកឱកាសនេះដំបូងថ្លែងអំណរគុណចំពោះឯកឧត្ដម ឃួង ស្រេង ក៏ដូចជាសាលារាជធានីភ្នំពេញ ដែលបានរៀបចំឲ្យមានការជួបជុំសំណេះសំណាលរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយនឹងក្រុមកីឡាបាល់ទាត់គុនខ្មែរ។ ដើមឡើយ មានការគ្រោងទុក។ មិនមែនជាការគ្រោងទុករបស់ខ្ញុំទេ ប៉ុន្តែបើកមើលនៅក្នុងសារ គឺមានការត្រៀមផ្សាយបន្តផ្ទាល់សម្រាប់គ្រប់ channels ទូរទស្សន៍ទាំងអស់។ ក្រោយពីបានដឹងរឿងនេះ ខ្ញុំក៏បានឲ្យផ្អាកនូវការផ្សាយបន្តផ្ទាល់ ដោយសារតែកម្មវិធីរបស់យើងនេះ ជាការជួបជុំក្រុមតូចមួយរវាងម្ខាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងម្ខាងទៀតខាងគុនខ្មែរ។ យើងមិនគួរមានធ្វើការផ្សាយបន្តផ្ទាល់នោះទេ។ ចាំពេលណាមួយយើងអាចរៀបចំពិធីជួបជុំ ដែលមានទ្រង់ទ្រាយធំ ហើយគ្រប់ទម្រង់ទើបជាការគួរ(នឹងផ្សាយបន្តផ្ទាល់)។ (១) ប្រមូលថវិកាជាង ១ពាន់លានរៀល សម្រាប់ជួយគុនខ្មែរ ខ្ញុំសូមអរគុណចំពោះការរៀបចំ និងអរគុណចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី…