សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
គណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត ការជួបជុំកម្មករនៅតែបន្ត ថ្ងៃនេះ ពូពិតជាមានការរីករាយដែលបានជួបជាមួយនឹងក្មួយៗ តាមអ្វីដែលយើងបាននិយាយគ្នាកាលពីមុនបោះឆ្នោត។ ពេលនោះ ពូនៅចាំបានថា ពូបាននិយាយទៅកាន់ក្មួយៗ កម្មករ/ការិនីនៅកន្លែងមួយចំនួនថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺពូនឹងបន្តជួបជាមួយនឹងកម្មករ/ការិនីតទៅទៀត បន្ទាប់ពីការបោះឆ្នោតរួច។ ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនទទួលបានជោគជ័យក្នុងការបោះឆ្នោតទេ កម្មវិធីនោះ(ជួបកម្មករ)នឹងត្រូវបញ្ឈប់ដែរ ព្រោះវាជាកិច្ចការ នៃអនាគតរបស់នាយករដ្ឋមន្រ្តីក្រោយ។ ឥឡូវនេះ ទោះបីថា ការប្រកាសលទ្ធផលផ្លូវការ នឹងត្រូវរង់ចាំប៉ុន្មានម៉ោងទៀត បើយោងទៅលើការផ្ដល់ព័ត៌មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជូនទៅបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ ដូចជានៅម៉ោង ៧ កន្លះយប់នេះ ដែលនឹងប្រកាសលទ្ធផលផ្លូវការ(នៃការបោះឆ្នោត) ហើយក៏ប្រកាសចំនួនអាសនៈ និងប្រកាសបេក្ខជនជាប់ឆ្នោតសម្រាប់មុខតំណែងតំណាងរាស្រ្តផងដែរ។ គណបក្សប្រជាជននាំមុខ ហ៊ុន សែន នឹងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថ្មី ទោះបីមិនទាន់ប្រកាសផ្លូវការក៏ដោយ ក៏ប៉ុន្តែគេអាចដឹងបានហើយថា គណបក្សប្រជាជនកម្ពុជាកំពុងនាំមុខនៅក្នុងការកាន់កាប់អាសន ៈនៅក្នុងសភា ហើយដែលឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មី ក្នុងនោះ បេក្ខជនដែលត្រូវបានមហាសន្និបាទតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាអនុម័ត គឺ ហ៊ុន សែន នេះជានាយករដ្ឋមន្រ្តីតទៀត។ ដូច្នេះហើយ បានជាចាប់តាំងពីក្រោយពេលបោះឆ្នោត រយៈពេល ៣ អាទិត្យ នេះជាអាទិត្យទី ៣ ក៏ជាវេទិកាទី ៣ ក្រោយពេលបោះឆ្នោតផងដែរ។ នេះហើយគឺជាចំណុចដែលពូធ្លាប់បាននិយាយកាលពីពេលមុន…