ជួបជុំ បង្កើតការប្រាស្រ័យទាក់ទងល្អ រវាងមេដឹកនាំ ជាមួយកីឡាករ/ការិនី និងសាមគ្គីភាពក្នុងវិស័យកីឡា
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចូលរួមសារជាថ្មីម្តងទៀតតាមកម្មវិធីប្រចាំឆ្នាំ ដែលបានគ្រោងទុក។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះកីឡាករ/ការិនី ក៏ដូចជា គ្រូបង្ហាត់ អាជ្ញាកណ្តាល និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចូលរួមតាមការអញ្ជើញរបស់ខ្ញុំ។ នេះ គឺជាការរៀបចំប្រចាំឆ្នាំ ដើម្បីជួបជុំកីឡាករ/ការិនីរបស់យើង។ ការជួបជុំរបស់យើងនេះ មានគោលបំណងមិនគ្រាន់តែការជួបជុំ រវាងមេដឹកនាំប្រទេសជាមួយកីឡាករ/ការិនីប៉ុណ្ណោះទេ ក៏ប៉ុន្តែ យើងក៏ចង់បង្ហាញ និងបង្កើតនូវលក្ខខណ្ឌងាយស្រួល សម្រាប់ការប្រាស្រ័យទាក់ទងផ្នែកកីឡាមួយ ទៅកាន់កីឡាមួយទៀត ហើយនោះក៏ជាផ្នែកនៃការសាមគ្គីរួម សម្រាប់ការឆ្ពោះទៅមុខនៅក្នុងវិស័យកីឡារបស់យើង។
គណៈកម្មាធិការអូឡាំពិកកម្ពុជា សហការល្អជាមួយ ក្រសួង និងគ្រប់សហព័ន្ធកីឡា
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ដែលជានិច្ចជាកាលបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំ ទាំងប្រកួតក្តី នៅក្នុង ការទទួលផ្តល់ជូននូវពានរង្វាន់ សម្រាប់កីឡាករ/ការិនីក្តី ជាពិសេស គឺការជួបជុំគ្នានៅទីនេះ ដែលមានកិច្ចសហការដ៏ល្អ។ ខ្ញុំក៏សូមយកឱកាសនេះ សំដែងនូវការកោតសរសើរដ៏ស្មោះ ជូនចំពោះគ្រប់សហព័ន្ធកីឡាទាំងអស់ ដែលថ្ងៃនេះ មានប្រធាន ក៏ដូចជា ថ្នាក់ដឹកនាំ នៃកីឡាទាំងអស់ ដែលបានខិតខំតាមក្លឹប តាមសហព័ន្ធនីមួយៗ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជា គាំទ្រឱ្យមានការប្រកួត ឬគាំទ្រឱ្យមានការហ្វឹកហាត់ជាទៀងទាត់ ដែលធ្វើឱ្យវិស័យកីឡារបស់យើង ក្លាយទៅជាវិស័យមួយដ៏ពេញនិយមសម្រាប់យុវជន ក៏ដូចជា សម្រាប់អ្នកទទួលលេងកម្សាន្តសប្បាយពីវិស័យកីឡាផងដែរ។
កីឡាករ/ការិនី តែងនាំមកនូវកិត្តិយសជូនជាតិ
ខ្ញុំក៏សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះកីឡាករ/ការិនីទាំងអស់ ដែលបានខិតខំហ្វឹកហាត់ ក្នុងរយៈពេលកន្លងទៅ ហើយក៏បានចូលរួមក្នុងការប្រកួតក្នុងរយៈពេលកន្លងទៅ បើទោះបីជាកីឡាករ/ការិនីមួយចំនួន មិនទាន់បានទទួលជោគជ័យ (និង/ឬ)នាំមកនូវមេដាយពីក្រៅប្រទេសក៏ដោយចុះ ក៏ប៉ុន្តែ ការប្រកួតវាយ៉ាងដូច្នេះ មានឈ្នះ/ចាញ់ វាជារឿងធម្មតា។ ក៏ប៉ុន្តែ កីឡាករ/ការិនីរបស់យើងដែលបានទៅប្រកួតនៅក្រៅប្រទេស តែងនាំមកសម្រាប់កិត្តិយសជាតិរបស់យើង បើទោះបីថាមិនទទួលបាននូវជោគជ័យក្នុងការប្រកួតក៏ដោយ ក៏ប៉ុន្តែ គេបានទៅការពារកិត្តិយសជាតិរបស់យើង ដោយនាំទៅជាមួយនូវទង់ជាតិព្រះរាជាណាចក្រកម្ពុជា។
សេដ្ឋកិច្ចជាតិរីកលូតលាស់ មានការគាំទ្រពីធុរជន/ពាណិជ្ជករ កីឡាមានការរីកចំរើន
ខ្ញុំពិតជាមានការសរសើរដោយស្មោះ ចំពោះកីឡាករ/ការិនី ក៏ដូចជា គ្រូបង្ហាត់ និងអាជ្ញាកណ្តាលទាំងអស់ ដែលបានខិតខំធ្វើក្នុងរយៈពេលកន្លងទៅនេះ។ មួយឆ្នាំបានកន្លងផុតទៅ កាលពីពេលជួបគ្នានៅឆ្នាំមុន និងមកដល់ពេលនេះ វឌ្ឍនភាពនៅក្នុងកីឡារបស់យើងក៏មានច្រើនគួរឱ្យកត់សម្គាល់។ ខ្ញុំសុំយកឱកាសនេះ សម្តែងនូវអំណរគុណ ចំពោះបណ្តាលក្រុមហ៊ុន ដែលបានធ្វើការជួយឧបត្ថម្ភគាំទ្រទៅដល់វិស័យកីឡា តាមរយៈធ្វើជាអ្នកជួយទ្រទ្រង់ ចំពោះរាល់ការប្រកួត នៃវិស័យកីឡារបស់យើង ដូចជា៖ បាល់ទាត់ បាល់ទះ កីឡាប្រដាល់ និងកីឡាផ្សេងៗទៀត ទៅតាមទីកន្លែងប្រកួតនានា តាមស្ថានីយ៍ទូរទស្សន៍ ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនោះក៏អាចនាំមកនូវចូលរួមមួយផ្នែកធំ ទៅដល់ការទ្រទ្រង់ក្នុងវិស័យកីឡា។ ពិតណាស់ សេដ្ឋកិច្ចជាតិមានការរីកចម្រើន ជាមួយនឹងការគាំទ្ររបស់ធុរជន អ្នកវិនិយោគ ក៏ដូចជា ពាណិជ្ជកររបស់យើង កីឡារបស់យើងក៏ទទួលបាននូវការរីកចម្រើនផងដែរ។
យកខែ ឧសភា ឆ្នាំ ២០២៣ ធ្វើម្ចាស់ផ្ទះស៊ីហ្គេម មុនបោះឆ្នោត
ខ្ញុំចង់ថ្លែងទៅកាន់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាពិសេសេ កីឡាករ/ការនី … កោតសរសើរ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបាននឹងកំពុងដឹកនាំគណៈកម្មាធិការចម្រុះគណៈកម្មការ រៀបចំបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឈានឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣។ អនុញ្ញាតឱ្យខ្ញុំនិយាយបន្តថា តើយើងគួរធ្វើអ្វីខ្លះនៅពេលខាងមុខនេះ? ដំបូងដូចដែលឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការអូឡាំពិកបានលើក ខ្ញុំសុំគូសបញ្ជាក់ថា ទាក់ទងនឹងការប្រកួតស៊ីហ្គេមនៅឆ្នាំ ២០២៣ តាមទម្លាប់ប្រទេសមួយចំនួនបានជ្រើសរើសយកនៅចុងឆ្នាំភាគច្រើន។ ប៉ុន្តែ នៅកម្ពុជាយើង ខ្ញុំបានសម្រេចចិត្តជ្រើសរើសយកខែ ឧសភា ឆ្នាំ ២០២៣ ធ្វើជាការប្រកួតស៊ីហ្គេម។ ហេតុអ្វីបានជាយើងមិនយកចុងឆ្នាំដែលជារដូវអស់ទឹកភ្លៀង និងជារដូវដែលធ្លាក់ខ្យល់ពីជើង និងមានភាពងាយស្រួលជាង និងធាតុអាកាសអំណោយផល។ គួរបញ្ជាក់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំដែលយើងត្រូវធ្វើការបោះឆ្នោត នៅក្នុងខែ កក្កដា ឆ្នាំ ២០២៣។
៦០ ថ្ងៃក្រោយបោះឆ្នោត រវល់បង្កើតរាជរដ្ឋាភិបាល
យោងទៅតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា គឺសភាកោះប្រជុំយ៉ាងយូរ ៦០ ថ្ងៃ បន្ទាប់ពីការបោះឆ្នោត។ ដូច្នេះ រាជរដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតទៅដល់ខែ កញ្ញា ឆ្នាំ ២០២៣ ឯណោះ។ ដូច្នេះ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលហើយនោះ វាប្រាកដណាស់ថា យើងនឹងមានកិច្ចការច្រើន ហើយយើងក៏អាចមានបញ្ហាមួយចំនួនផងដែរ ដែលជាទម្លាប់នៅក្នុងប្រទេសកម្ពុជារបស់យើងនេះ។ មជ្ឍដ្ឋានមួយចំនួនមិនដែលទទួលស្គាល់ការពិត នៃការឈ្នះចាញ់ឆ្នោតនោះទេ។ បន្ទាប់ពីការបោះឆ្នោតហើយ ពួកគេតែងធ្វើនូវទង្វើអកុសលបង្កជាចលាចលក្រោយការបោះឆ្នោតជាប់មិនដាច់។ ឆ្នាំ ១៩៩៨, ឆ្នាំ ២០០៣, ឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០១៣ ពួកគេបានធ្វើរឿងមិនត្រឹមត្រូវជាច្រើន លើកលែងតែឆ្នាំ ២០១៨ កន្លងទៅទេ ដែលពួកគេមិនអាចធ្វើអ្វីបាននោះ។ ដូច្នេះហើយ ដើម្បីចៀសវាងសភាពការណ៍ណាមួយ រហូតដល់កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះបាន យើងសម្រេចចិត្តធ្វើស៊ីហ្គេម នៅក្នុងខែ ឧសភា ឆ្នាំ ២០២៣។ បន្ទាប់ទៅចាំយើងឈានឆ្ពោះទៅរកការបោះឆ្នោតនៅខែ កក្កដា ឆ្នាំ ២០២៣។ ធ្វើយ៉ាងដូច្នេះ ទើបវាងាយស្រួលជាង។
ឆ្នាំ ២០២០ ធ្វើប្រធាន អាស៊ាន ២០២៣ ធ្វើស៊ីហ្គេម ផ្លូវល្បឿនលឿន ភ្នំពេញ/ក្រុងព្រះស៊ីហនុ រួចរាល់
… ខ្ញុំសូមយកមកនិយាយ ដើម្បីបងប្អូនកីឡាករ/ការិនី ក៏ដូចជាថ្នាក់ដឹកនាំ នៃកីឡាករ ក៏ដូចជា ប្រជាពលរដ្ឋកម្ពុជាអាចជ្រាបច្បាស់ អំពីការសម្រេចចិត្តមួយនេះ ថាហេតុអ្វីមិនយកចុងឆ្នាំ? យកពេលដែលមានរដូវកាលល្អ ធាតុអាកាសល្អ ខ្យល់ធ្លាក់ពីជើងធ្វើជាការប្រកួត។ ខ្ញុំសូមបញ្ជាក់ផងដែរថា ឆ្នាំ ២០២៣ ក៏ជាឆ្នាំដែលយើងកសាងរួចរាល់នូវផ្លូវល្បឿនលឿនភ្ជាប់ទីក្រុងភ្នំពេញទៅទីក្រុងព្រះស៊ីហនុ។ ដូច្នេះ នៅក្នុងខែ មីនា ឆ្នាំ ២០២៣ ផ្លូវល្បឿនលឿននោះក៏វារួចស្រេចទៅហើយដែរ។ ដូច្នេះ យើងមានលទ្ធភាព ដើម្បីនឹងដោះស្រាយបញ្ហានេះ ជាមួយនឹងភាពជាប្រធានអាស៊ាននៅឆ្នាំ ២០២២។ បន្ទាប់ទៅយើងក៏ត្រូវធ្វើស៊ីហ្គេមនៅឆ្នាំ ២០២៣។ នេះគឺជាការតភ្ជាប់គ្នានៃតួនាទីអន្តរជាតិ និងតួនាទីតំបន់របស់កម្ពុជា។ ខ្ញុំសូមស្នើឱ្យគណៈកម្មាធិការរៀបចំ ដែលដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ រៀបចំគ្រប់លក្ខណៈសម្បត្តិទាំងអស់ ដូចដែល ឯកឧត្តម ថោង ខុន លើកឡើងពាក់ព័ន្ធជាមួយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដូចជា ភូមិកីឡាជាដើម ដើម្បីឆ្លើយតបទៅនឹងការដោះស្រាយបញ្ហាទាំងអស់ នៅក្នុងក្របខណ្ឌ នៃការប្រកួតស៊ីហ្គេម។
កម្ពុជាធ្វើស៊ីហ្គេមក្រោយគេ ព្រោះត្រូវការទុនស្រាយអាទិភាពសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ
ដូចដែលខ្ញុំបញ្ជាក់មុនៗហើយថា កម្ពុជា គឺជាកូនពៅគេនៅក្នុងការធ្វើស៊ីហ្គេម។ ហេតុអ្វីទៅបានជាយើងត្រូវធ្វើកូនពៅគេទៅវិញនៅក្នុងការធ្វើស៊ីហ្គេម? នៅក្នុងពេលដែលប្រទេសមួយចំនួនបានធ្វើស៊ីហ្គេម រាប់ទាំងឡាវ និងមីយ៉ាន់ម៉ាផងដែរ។ ខ្ញុំយកឱកាសនេះ បញ្ជាក់បន្ថែមថា តម្រូវការចាំបាច់របស់កម្ពុជា ដែលជាអាទិភាព គឺទាក់ទងនឹងការកសាងឡើងវិញរបស់យើង។ យើងត្រូវការដើមទុនដើម្បីធ្វើថ្នល់ ធ្វើស្ពាន ធ្វើប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ និងធ្វើអ្វីៗ ដើម្បីផ្តល់នូវផលប្រយោជន៍ខាងសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រជូនប្រជាជនជាមុន។ យើងពិតជាត្រូវចំណាយប្រាក់ច្រើនណាស់ ដើម្បីនឹងកសាងនូវមូលដ្ឋានសម្ភារៈចាំបាច់ ដើម្បីបម្រើឱ្យការប្រកួតមួយ។ គ្រាន់តែសាធារណរដ្ឋប្រជាមានិតចិន ក៏បានផ្តល់ជំនួយឱ្យយើង ដែលកំពុងតែកសាងនូវពហុកីឡាដ្ឋានមួយដ៏ធំ ក៏ត្រូវចំណាយទឹកប្រាក់រាប់រយលានដុល្លារអាមេរិក បន្ថែមទៅដោយការវិនិយោគផ្ទាល់របស់យើង ដើម្បីមានមូលដ្ឋាននៃការប្រកួត។ ប្រសិនបើយើងសម្រេចធ្វើស៊ីហ្គេមប៉ុន្មានឆ្នាំមុននោះ តើយើងមានលុយឯណា សម្រាប់ធ្វើស្ពាន ធ្វើផ្លូវ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការលូតលាស់ នៃសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ? ដូច្នេះ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងមានការយោគយល់ ហើយយល់ទៅដល់ការចាំបាច់។ ចំណុចនេះ ខ្ញុំបាននិយាយនៅក្នុងឆ្នាំ ២០១១ នៅក្នុងពេលដែលប្រជុំអាស៊ាននៅកោះបាលី ជាមួយថ្នាក់ដឹកនាំអាស៊ាន ដែលពេលនោះអតីតប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី Susilo Bambang Yudhoyono។
ឆ្នាំ ២០២៣ ត្រូវធ្វើស៊ីហ្គេម ឱ្យស័ក្តិសមនឹងកិត្តិយស
ខ្ញុំបានជម្រាបជូនថា អាទិភាពសូមស្នើមេដឹកនាំអាស៊ានទាំងអស់ មេត្តាយោគយល់ដល់កម្ពុជា ដែលកម្ពុជាមិនទាន់អាចធ្វើជាម្ចាស់ផ្ទះបាន ដោយសារកម្ពុជាមានតម្រូវការចាំបាច់ ដើម្បីប្រើប្រាស់ថវិកានោះឱ្យចំគោលដៅ នៃការកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជន។ ពេលនោះអតីតប្រធានធិបតីឥណ្ឌូនេស៊ី បានឆ្លើយតបមកខ្ញុំវិញថា គឺជាការត្រឹមត្រូវខ្លាំងណាស់។ ដូច្នេះ យើងមានសណ្តានចិត្ត និងការអធ្យាស្រ័យពីមិត្តភក្តិ នៅក្នុងចំណោមអាស៊ានរបស់យើង ហើយយើងក៏បានគិតគូចំអាទិភាពលំដាប់នៃការចំណាយរបស់យើង។ សូម្បីតែទីតាំងធ្វើការរបស់រាជរដ្ឋាភិបាល ក៏យើងទើបនឹងធ្វើក្នុងរយៈពេលចុងក្រោយនេះប៉ុណ្ណោះ ព្រោះយើងត្រូវការយកលុយទៅធ្វើស្ពាន ទៅធ្វើផ្លូវថ្នល់ ទៅធ្វើប្រឡាយទឹក ទៅធ្វើមន្ទីរពេទ្យ និងទៅធ្វើសាលារៀនជាមុន។ ដូច្នេះហើយបានជាបញ្ហានេះយើងពន្យាររហូតទៅដល់ឆ្នាំ ២០២៣ ឯណោះ។ សូមប្រកាសសាជាថ្មីម្តងទៀតនូវអាទិភាពទាំងឡាយ ដែលយើងត្រូវធ្វើ ប៉ុន្តែ យើងចៀសមិនរួចនៅឆ្នាំ ២០២៣ នេះត្រូវតែធ្វើឱ្យបានរួចរាល់ ហើយឱ្យស័ក្តិសមទៅនឹងកិត្តិយស ដែលកម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះផងដែរ។
ស្ថាប័នពាក់ព័ន្ធបណ្តុះបណ្តាលធនធានមនុស្សផ្នែកកីឡា ចូលរួមប្រកួតសីហ្គេមឆ្នាំ ២០២៣
កិច្ចការទី ២ ដែលត្រូវធ្វើ គឺបន្តហ្វឹកហ្វឺនកីឡា សម្រាប់ការចូលរួមប្រកួតគ្រប់កម្រិតថ្នាក់ជាតិ/តំបន់ និងពិភពលោក និងសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៣។ ខ្ញុំសុំស្នើឱ្យគណៈកម្មាធិការអូឡាំពិកកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធគ្រប់ប្រភេទទាំងអស់ ជម្រុញការបណ្តុះបណ្តាលធនធានមនុស្ស។ ការបណ្តុះបណ្តាលធនធានមនុស្ស បើគិតពីនេះរហូតទៅដល់ឆ្នាំ ២០២៣ យើងនៅសល់រយៈពេលប្រមាណ ៤ ឆ្នាំទៀត ដល់ការប្រកួត។ យើងនៅសល់ឱកាស ដើម្បីជម្រុញការបណ្តុះបណ្តាលធនធានមនុស្សរបស់យើង។ ការបណ្តុះបណ្តាលធនធានមនុស្សរបស់យើង មិនមែនគ្រាន់តែការបណ្តុះបណ្តាលដើម្បីរង់ចាំការប្រកួតនៅឆ្នាំ ២០២៣ នោះទេ ក៏ប៉ុន្តែ ទន្ទឹមនឹងការហ្វឹកហាត់ ការប្រកួតត្រូវធ្វើនៅក្នុងកម្រិតក្នុងប្រទេសរបស់យើង ទាំងតាមភូមិភាគ ទាំងតាមថ្នាក់ជាតិ ទាំងកម្រិតជាតិរបស់យើង កម្រិតតំបន់ និងកម្រិតកន្លែងដទៃទៀត ដែលមានឱកាស សម្រាប់ការបញ្ជូនកីឡាករ/ការិនីរបស់យើងទៅចូលរួមការប្រកួត ខ្ញុំសូមស្នើឱ្យមានការជម្រុញទៅដល់ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងចាំបាច់។
ត្រូវធ្វើការប្រកួតមួយដោយសុច្ចរិត
ខ្ញុំដឹងថា យើងគ្មានមហិច្ឆតាខ្ពស់ពេកទេ គ្រាន់តែស៊ីហ្គេមឆ្នាំ ២០២៣ ខ្ញុំលឺថា គណៈកម្មការបានគ្រោងរៀបចំត្រឹមតែចំណាត់ថ្នាក់ទី ៥ តែប៉ុណ្ណោះ។ នេះអាចជាការសមហេតុសមផល។ ប៉ុន្តែ បើទោះបីជាទី ៥ ក្តី ទី ៦ ក្តី ឬទី ៣ ក្តី ទី ៤ ក្តី បើបានច្រើនកាលណាវាល្អកាលនោះ។ អ្វីដែលសំខាន់ គឺយើងត្រូវធ្វើការប្រកួតមួយដោយសុច្ចរិត។ ដាក់នូវវិញ្ញាសាទាំងឡាយ សម្រាប់ការប្រកួតនោះឱ្យបានត្រឹមត្រូវ ដែលទទួលបានការចូលរួមពីសំណាក់នៃគូប្រកួតនៅក្នុងតំបន់របស់យើង។
គ្រប់មជ្ឈដ្ឋានយកចិត្តទុកដាក់ជម្រុញទៅដល់វិស័យកីឡា
ការងារទី ៣ ដែលយើងត្រូវបន្ត ខ្ញុំសូមយកឱកាសនេះ អំពាវនាវគ្រប់មូលដ្នាន គ្រប់សាលារៀន គ្រប់កម្រិត សូមយកចិត្តទុកដាក់ជម្រុញទៅដល់វិស័យកីឡា ដែលមិនមែនគ្រាន់ជាការហ្វឹកហាត់ សម្រាប់តែមនុស្សចំនួនប៉ុន្មានពាន់នាក់ជួបជុំគ្នាប៉ុណ្ណោះទេ។ យើងត្រូវដឹងថា កីឡាបានចាប់ផ្តើមពីមូលដ្ឋានមក កីឡាបានចាប់ផ្តើមពីភូមិ ពីមូលដ្ឋានឯណោះ។ ដូច្នេះ សង្ឃឹមថា ថ្នាក់ដឹកនាំកម្រិតថ្នាក់ជាតិរបស់យើង ដែលចុះជួយពង្រឹងមូលដ្នាន ក៏ដូចជា ថ្នាក់មូលដ្ឋាន និងជាពិសេសសកម្មភាពនៅតាមសាលា (ទាំង)គ្រប់កម្រិត ទាំងបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា គឺត្រូវរៀបចំឱ្យមានសកម្មភាពកីឡា រៀបចំទីកន្លែងឱ្យពួកគេបានហ្វឹកហាត់កីឡាគ្រប់ទម្រង់ បើមិនគ្រប់ទម្រង់ទេក៏មានកីឡាបាល់ទះ បាល់ទាត់ បាល់បោះ និងកីឡា ទាក់ទងមួយចំនួនផ្សេងទៀត។
នៅតាមមូលដ្ឋានរក្សាដីទុក សម្រាប់បម្រើឱ្យសេចក្តីត្រូវការខាងផ្នែកកីឡា
កាលពីឆ្នាំ ២០១៦ ខ្ញុំបានចុះទៅតាមមូលដ្ឋានគ្រប់ទីកន្លែង ខ្ញុំបានឃើញថា កុមារ និងយុវជនរបស់យើង តែងតែស្នើសុំមិនដាច់នូវទីកន្លែងហ្វឹកហាត់កីឡា។ ដូច្នេះហើយ ខ្ញុំស្នើសុំដោយទទូច ឱ្យកន្លែងមូលដ្ឋានរក្សាទុកដីធ្លីទាំងឡាយ ដើម្បីបង្កើតឲ្យមានទីកន្លែង សម្រាប់ការលេងកីឡារបស់កុមារ និងយុវជនរបស់យើង ហើយសាលានីមួយៗត្រូវលៃដីទុក ដើម្បីបង្កើតឱ្យមានកន្លែងហ្វឹកហាត់កីឡា ទាំងបុរស និងនារី។ ចំណុចទាំងអស់នេះ មិនត្រូវមើលរំលងនោះទេ។ យើងមិនគ្រាន់តែមានកន្លែងបណ្ដុះបណ្ដាលសម្រាប់ថ្នាក់ជាតិទេ តែកីឡាតែងចេញពីមូលដ្ឋានមកតែប៉ុណ្ណោះ។ ដូច្នេះ ចំណុចនេះ ដើម្បីឱ្យកីឡារីកលូតលាស់ទៅបាន យើងត្រូវជម្រុញពីថ្នាក់ក្រោមឡើងទៅលើ។
នៅតាមទីក្រុង ឬទីប្រជុំជន ត្រូវរៀបចំឱ្យមានកន្លែងហាត់ប្រាណ
ចំណុចទី ៤ គឺខ្ញុំអំពាវនាវឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ នៅតាមទីក្រុង ទីប្រជុំជនទាំងអស់ ត្រូវរៀបចំឱ្យមានកន្លែងសម្រាប់ប្រជាជនហាត់ប្រាណ ដែលនេះជារឿងដែលខ្ញុំមិនដែលភ្លេចនៅក្នុងការនិយាយគ្រប់ទីកន្លែង សម្រាប់ក្នុងវិស័យកីឡា ព្រោះថា ប្រជាជនរបស់យើងត្រូវការទីកន្លែងសម្រាប់ហាត់ប្រាណ។ យើងសង្កេតមើលនៅតាមសួនច្បារនៅទីក្រុងភ្នំពេញ ទីរួមខេត្ត និងតាមទីប្រជុំជននានា យើងតែងតែឃើញប្រជាជនរបស់យើងចេញមកហាត់ប្រាណ តាំងពីមេឃមិនទាន់ភ្លឺ ទាំងពេលព្រឹក (ទាំង)ពេលល្ងាច ពួកគាត់តែធ្វើដំណើរទៅកាន់ទីកន្លែងហាត់ប្រាណ ជួបជុំគ្នាដោយមានការចាក់ភ្លេង ដើម្បីហាត់ប្រាណ សម្រាប់ក្រុមពួកគាត់ … ដើម្បីកាត់បន្ថយនូវការឈឺថ្កាត់ បណ្ដាលមកពីការខ្វះសកម្មភាពកីឡា។ ពួកគាត់មិនមែនជាកីឡាអាជីពនោះទេ ក៏ប៉ុន្ដែ ពួកគាត់ត្រូវការទីកន្លែងដើម្បីហាត់ប្រាណ តាមរយៈកាយវិការផ្សេងៗគ្នា តាមរបៀបហាត់ប្រាណដែលពួកគាត់ត្រូវការ។
បន្ដការវិនិយោគលើវិស័យកីឡា និងសុខុមាលភាពប្រជាពលរដ្ឋ
ក្រៅពីនោះ មានអ្នកធ្វើការវិនិយោគ នៅទីកន្លែងហាត់ប្រាណមួយចំនួន ដូចជា៖ ធាក់កង់, ដើរ, ហែលទឹក និងលើកដុំដែកនៅតាមទីកន្លែងមួយចំនួន។ (ខ្ញុំ)លើកទឹកចិត្តបន្ដការវិនិយោគលើវិស័យនេះតទៅទៀត នៅកន្លែងមួយចំនួន ដែលយុវជន/នារី និងអ្នកត្រូវការហាត់ប្រាណ ធ្វើការហាត់ប្រាណជាបន្ដ។ ចំពោះអ្នកដែលមានប្រាក់កាសទៅហាត់ប្រាណនៅទីកន្លែង ដែលមានបង់ថ្លៃ ប៉ុន្ដែ អ្វីដែលខ្ញុំស្នើសុំទទូចឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ ទុកទីកន្លែងសម្រាប់ប្រជាជនហាត់ប្រាណ ដោយរៀបចំឱ្យបានត្រឹមត្រូវ កន្លែងដែលមិនទាន់រៀបចំដាក់ថ្មការ៉ូឡា ឬកន្លែងសមរម្យ កុំឱ្យប្រជាជនប្រលាក់ភក់ដោយសកម្មភាពហាត់ប្រាណរបស់គាត់។ ត្រូវខិតខំវិនិយោគលើបញ្ហានេះ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់យើង ជាពិសេស ប្រជាពលរដ្ឋរបស់យើងដែលគាត់មានវ័យចាស់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា បន្ទាប់ពីសកម្មភាពហាត់ប្រាណរបស់ពួកគាត់ ជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺមួយចំនួនទៀត ដែលបណ្ដាលមកពីខ្វះសកម្មភាពហាត់ប្រាណនោះ ក៏ត្រូវបានកាត់បន្ថយ ដូច្នេះ តាមរយៈសកម្មភាពកីឡាបែបនេះ គួរត្រូវបានលើកទឹកចិត្ត ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងបន្ដទៅទៀត ហើយយើងត្រូវបង្កលក្ខណៈសម្បត្ដិ (ដោយ)រកទីធ្លា និងកន្លែងហាត់ប្រាណ សម្រាប់ពួកគាត់។
អាជ្ញាកណ្ដាលដាក់ពិន្ទុដោយសុក្រឹត និងត្រូវពង្រឹងនូវក្រមសីលធម៌ខាងផ្នែកកីឡា
ចំណុចទី ៥ ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់អាជ្ញាកណ្ដាលសម្រាប់កីឡា គ្រប់ប្រភេទ ជាពិសេស អាជ្ញាកណ្ដាលសម្រាប់បាល់ទាត់ និងកីឡាប្រដាល់ ដែលកីឡាទាំងពីរប្រភេទនេះ ច្រើនមានបញ្ហាពាក់ព័ន្ធជាមួយអាជ្ញាកណ្ដាល។ កីឡាបាល់ទះ មានបញ្ហាខ្លះកើតឡើងដោយសារការចាប់នូវកំហុសមានលក្ខណៈខ្វះខាត។ ប៉ុន្ដែ ក៏អាចមាន replay ឡើងវិញតាមកញ្ចក់ទូរទស្សន៍។ កីឡាបាល់ទាត់ និងកីឡាប្រដាល់ គឺជារឿងដែលត្រូវខិតខំពង្រឹងនូវក្រមសីលធម៌។ នៅក្នុងការប្រកួតនីមួយៗ អាជ្ញាកណ្ដាលរបស់យើងដាក់ពិន្ទុឱ្យសុក្រឹត ដើម្បីឆ្លើយតបកុំឱ្យមានកីឡាករបាក់ទឹកចិត្ត និងកុំឱ្យខូចកិត្ដិយសជាតិខ្មែរ។ អាជ្ញាកណ្ដាលរបស់យើង មិនត្រឹមទទួលបន្ទុកក្នុងការប្រកួតកម្រិតជាតិប៉ុណ្ណោះទេ ប៉ុន្ដែ អាជ្ញាកណ្ដាលរបស់យើងក៏ត្រូវចូលរួមផងដែរ ជាមួយនឹងការដាក់ពិន្ទុក្នុងការប្រកួតកម្រិតអន្ដរជាតិ។
ខ្ញុំសូមនិយាយដោយត្រង់ (តែ)មិនបញ្ចេញឈ្មោះទេ នៅស្ថានីយទូរទស្សន៍ខ្លះ ខ្ញុំបានមើលផ្ទាល់នូវការប្រកួតទាំងនោះ ខ្ញុំមិនយល់ទេ តើហេតុអ្វីទៅកីឡាកន្លែងខ្លះ បើសិនជាខ្មែរវាយបរទេសមិនដួលទេ បានសេចក្ដីថា ខ្មែរចាញ់ជារៀងរហូត។ នេះគឺជារឿងពិត។ ខ្ញុំមិនចង្អុលថាទូរទស្សន៍មួយណាទេ ក៏ប៉ុន្ដែ បើសិនមិនកែប្រែទេ ថ្ងៃក្រោយខ្ញុំនឹងចង្អុលចំឈ្មោះ ហើយខ្ញុំនឹងឱ្យ replay ឡើងវិញ ដូចខ្ញុំធ្លាប់ធ្វើនៅទូរទស្សន៍បាយ័ន។ ប៉ុន្មានឆ្នាំមុននោះ កែវ រំចង់ ជាមួយនឹង ឡុង សុវណ្ណឌឿន បានប្រកួតជាមួយគ្នាពីរលើក។ កែវ រំចង់ ចាញ់ទាំងពីរលើកដោយមិនអស់ចិត្ត ក៏ប៉ុន្ដែ កែវ រំចង់ មិនតវ៉ាទេ ប៉ុន្ដែ ខ្ញុំបានតវ៉ា។ ខ្ញុំបានអោយទូរទស្សន៍បាយ័ន replay ឡើងវិញទាំងយប់ទាំងអស់(គ្រប់)ចំណុច។ ទីចុងបំផុតសូម្បី ឡុង សុវណ្ណឌឿន ខ្លួនឯងក៏ទទួលស្គាល់ថា យើងអាចបោកខ្លួនឯងបាន តែយើងមិនអាចបោកសាធារណជនបានទេ។
ខ្ញុំស្នើឱ្យទូរទស្សន៍បាយ័ន រៀបចំការប្រកួតឡើងវិញរវាង កែវ រំចង់ និងឡុង សុវណ្ណឌឿន ប៉ុន្ដែ មុនការប្រកួតខ្ញុំឱ្យកូនប្រុសរបស់ខ្ញុំទៅជួប កែវ រំចង់ ផង និងឡុង សុវណ្ណឌឿន ផង។ ឡុង សុវណ្ណឌឿន ខ្លួនឯងក្នុងឋានៈជាកីឡាករល្អម្នាក់ បានទទួលស្គាល់ថា បោកខ្លួនឯងបាន តែមិនអាចបោកភ្នែកទស្សនិកជនបានទេ។ ទីចុងបំផុត ការប្រកួតថ្មីបានចាប់ផ្ដើម ឡុង សុវណ្ណឌឿន បានចាញ់ពិន្ទុ កែវ រំចង់ ប្រាកដមែន។ ដល់ក្រោយមកសិក្សាទៅ មានបុគ្គលម្នាក់ចង់យក ឡុង សុវណ្ណឌឿន មកធ្វើជាកីឡា(ករ)របស់ទូរទស្សន៍បាយ័នផ្ទាល់។ អញ្ចឹង បានជាខ្ញុំប្រាប់កូនស្រីរបស់ខ្ញុំថា បើវាពូកែពិតប្រាកដ ឱ្យវាពូកែពិតប្រាកដ។ ដោយសារតែទូរទស្សន៍បាយ័ន ជាទូរទស្សន៍កូនស្រីរបស់ខ្ញុំកាន់ ទើបខ្ញុំហ៊ាននិយាយ។ ប៉ុន្តែ មានទូរទស្សន៍ខ្លះទៀត សូមកុំភ្លេចថា ខ្ញុំរង់ចាំរៀងរាល់ការប្រកួត ហើយភរិយាខ្ញុំបានឧបត្ថម្ភច្រើនណាស់ សម្រាប់កីឡាប្រដាល់កម្ពុជាយើង។ រាប់ទាំងអ្នកដែលចាញ់ដោយអយុត្តិធម៌ ភរិយាខ្ញុំបានទូរស័ព្ទទៅរកគេ ហើយផ្តល់ប្រាក់ឱ្យគេជំនួសវិញ។ ខ្ញុំសូមដាស់តឿនចំពោះអាជ្ញាកណ្តាល នៃការប្រកួតដែលផ្សាយបន្តផ្ទាល់ សូមកុំភ្លេចថា មានពេលខ្លះ ខ្ញុំត្រូវថតទុកតែម្តង ដើម្បីខ្ញុំរង់ចាំមើល ព្រោះបើសិនជាវាយកីឡាបរទេសមិនដួលទេ គឺបានសេចក្តីថា ត្រូវចាញ់ដោយស្វ័យប្រវត្តិ។ ខ្ញុំមិនដឹងថាលក្ខខណ្ឌប្រកួតនោះបែបណាទេ …។
ភាពអយុត្តិធម៌របស់អាជ្ញាកណ្តាល នាំឱ្យខូចកិត្តិយសជាតិ
សូមឱ្យប្រធានសហព័ន្ធកីឡាប្រដាល់ យកចិត្តទុកដាក់ ទៅលើបញ្ហាការបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងក្រមសីលធម៌ នៃអាជ្ញាកណ្ដាល។ បើសិនជាមិនព្រមធ្វើការកែប្រែទេ ខ្ញុំនឹងចេញមុខ ដើម្បីដោះស្រាយជូនកីឡាកររបស់យើង ព្រោះពួកគេរងនូវអំពើអយុត្តិធម៌ ដែលខ្ញុំមិននិយាយ។ មានកន្លែងខ្លះវាអញ្ចេះទៅទៀត បើសិនកីឡាករបរទេសវាយកីឡាករកម្ពុជាមិនដួលទេ ក៏កីឡាករបរទេសចាញ់ដោយស្វ័យប្រវត្តិដែរ។ នេះគឺជារឿងអយុត្តិធម៌សម្រាប់កីឡាករបរទេស។ ខ្ញុំមិនកាន់ជើងបរទេស ហើយក៏មិនកាន់ជើងខ្មែរដែរ។ ទូរទស្សន៍ខ្លះ ទាល់តែកីឡាករខ្មែរវាយបរទេសឱ្យដួលទើបឱ្យឈ្នះ។ ឯទូរទស្សន៍ខ្លះ ទាល់តែកីឡាករបរទេសវាយកីឡាករខ្មែរឱ្យដួល បានបរទេសនោះឈ្នះ។ វាទៅជាអញ្ចេះទៅវិញ។ វាមានស៊ីមានសងទៅវិញទៅមក។ ខ្ញុំដូចជាមានអារម្មណ៍ថា ទូរទស្សន៍ខ្លះ ចង់បានកីឡាករបរទេសមកប្រកួតនៅកន្លែងរបស់ខ្លួន អញ្ចឹង លើកទឹកចិត្តឱ្យបរទេសឈ្នះ។ ប៉ុន្តែ ទូរទស្សន៍ខ្លះហាក់ដូចជាលើកទឹកចិត្តឱ្យកីឡាករកម្ពុជាទៅវាយនៅទូរទស្សន៍របស់ខ្លួន (ឱ្យកីឡាករកម្ពុជាឈ្នះ) បានជាយើងមើលឃើញខ្លួនឯង (យើង)គិតថា មិនអាចឈ្នះទៅរួចទេនូវស្ថានភាពបែបនេះ? ហើយបរទេសដែលចាញ់នោះក៏ចាញ់ទាំងមិនអស់ចិត្ត។ ដូច្នេះ វាខូចខាតដល់កិត្តិយសជាតិរបស់យើងផងដែរ។
ចំណុចទាំងនេះ សរុបមកវិញ អ្វីដែលសំខាន់ គឺក្រែងចាប់ផ្ដើមនិយាយថាលេងត្រឹមត្រូវ Fair Play អញ្ចឹងឬ? បើ Fair Play អាជ្ញាកណ្ដាលវាមិន Fair Play វាធ្វើម៉េច? បើទោះបីជាកីឡាករ/ការិនី Fair Play ប៉ុណ្ណាក៏ដោយ តែអាជ្ញាកណ្ដាលមិន Fair Play អាហ្នឹងវាចប់ហើយ។ អញ្ចឹង នេះជាចំណុចដែលខ្ញុំសូមអំពាវនាវ ដោយទទូច ចំពោះការបណ្តុះបណ្តាលអាជ្ញាកណ្តាល។ ត្រូវបណ្តុះបណ្តាលនូវបច្ចេកទេសផង ប៉ុន្តែ អ្វីដែលធំជាងនេះ គឺទាក់ទងជាមួយនឹងវិជ្ជាជីវៈ ត្រូវដាក់ពិន្ទុឱ្យមានសុក្រឹតភាព បើមិនដូច្នោះទេ គឺទាំងបរទេសដែលមកប្រកួតនៅកម្ពុជា ទាំងកីឡាករកម្ពុជារបស់យើង ក៏នឹងត្រូវបាត់បង់ទឹកចិត្តផងដែរ។
ថ្ងៃ ១២-១៨ មេសា ត្រៀមឡានក្រុង ១២០ គ្រឿង ដឹកប្រជាពលរដ្ឋទៅតាមបណ្តាខេត្តដោយឥតគិតថ្លៃ
ខ្ញុំក៏សូមយកឱកាសនេះជូនព័ត៌មាន ចំពោះកីឡាករ/ការិនី ក៏ដូចជា ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា នៅថ្ងៃទី ១២ មេសា ដល់ថ្ងៃទី ១៨ មេសា រយៈពេល ៧ ថ្ងៃ សាលារាជធានីភ្នំពេញដាក់រថយន្ត ១២០ គ្រឿង ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋរបស់យើងទៅពីរាជធានីភ្នំពេញទៅតាមខេត្ត និងពីខេត្តមករាជធានីភ្នំពេញយើង ដោយមិនគិតប្រាក់ពីបងប្អូន។ ខ្ញុំមិនចង់និយាយបញ្ហាច្រំដែលជាមួយនឹងម្ចាស់រថយន្ត(ឈ្នួល)ទៀតទេ។ ប៉ុន្មានឆ្នាំហើយ ដែលខ្ញុំបានអំពាវនាវឱ្យពួកគេកុំដំឡើងថ្លៃនៅក្នុងពេលចូលឆ្នាំ/ភ្ជុំ។ ក៏ប៉ុន្តែ មួយចំនួនក៏បានស្ដាប់ មួយចំនួនមិនបានស្ដាប់ទេ។ ដូច្នេះហើយបានជាយើងត្រូវដាក់រថយន្តរបស់យើងតែម្តង ដែលរួមមានផ្លូវជាតិលេខ ១, ផ្លូវជាតិលេខ ២, ផ្លូវជាតិលេខ ៣, ផ្លូវជាតិលេខ ៤, ផ្លូវជាតិលេខ ៥, ផ្លូវជាតិលេខ ៦, ផ្លូវជាតិលេខ ៧ និងផ្លូវជាតិលេខ ៨ នឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃទី ១២ តែម្តង។
ក្នុងនោះ ផ្លូវជាតិលេខ ១ ភ្នំពេញ-កណ្តាល-ស្វាយរៀង ៥ គ្រឿង។ ភ្នំពេញ-កណ្តាល-ព្រៃវែង ៥ គ្រឿង សរុប ១០ គ្រឿង។ ផ្លូវជាតិលេខ ២ ភ្នំពេញ-តាកែវ ៥ គ្រឿង។ ផ្លូវជាតិលេខ ៣ ភ្នំពេញ-កែប ៥ គ្រឿង។ ភ្នំពេញ-កំពត ៥ គ្រឿង សរុប ១០ គ្រឿង។ ផ្លូវជាតិលេខ ៤ ភ្នំពេញ-កំពង់ស្ពឺ ៣ គ្រឿង។ ភ្នំពេញ-ព្រះសីហនុ ៧ គ្រឿង សរុប ១០ គ្រឿង។ ផ្លូវជាតិលេខ ៥ ភ្នំពេញ-កំពង់ឆ្នាំង ៥ គ្រឿង។ ភ្នំពេញ-ពោធិ៍សាត់ ១០ គ្រឿង។ ភ្នំពេញ-បាត់ដំបង ១៥ គ្រឿង។ និងភ្នំពេញ-បន្ទាយមានជ័យ ១៥ គ្រឿង សរុប ៤៥ គ្រឿង។ ផ្លូវជាតិលេខ ៦ ភ្នំពេញ-កំពង់ធំ ៥ គ្រឿង។ ភ្នំពេញ-សៀមរាប ១៥ គ្រឿង សរុប ២០ គ្រឿង សម្រាប់ផ្លូវជាតិលេខ ៦។ ផ្លូវជាតិលេខ ៦ និង ៧ ភ្នំពេញ-កំពង់ចាម ៥ គ្រឿង។ ភ្នំពេញ-ត្បូងឃ្មុំ ៥ គ្រឿង សរុប ១០ គ្រឿង។ ផ្លូវជាតិលេខ ៦ និង ៨ ភ្នំពេញ-ក្រចេះ ៥ គ្រឿង ភ្នំពេញ-ស្ទឹងត្រែង ៥ គ្រឿង សរុប ១០ គ្រឿង។ ដូច្នេះ យើងមានទាំងអស់ ១២០ គ្រឿង សម្រាប់ការជូនដំណើរប្រជាពលរដ្ឋរបស់យើងចេញទៅចូលឆ្នាំ ហើយត្រឡប់ចូលក្រុងភ្នំពេញវិញ ពួកគាត់អាចធ្វើការជ្រើសរើសតាមផ្លូវនេះ។ ក្រៅពីនោះ នៅមានផ្លូវដែករបស់យើងតទៅទៀត។
ថ្ងៃទី ១២ ដល់ ១៨ មេសា ជិះឡានក្រុង និងកាណូត នៅភ្នំពេញដោយឥតបង់ប្រាក់
សម្រាប់ទីក្រុងភ្នំពេញ ក៏ផ្តល់ការអនុញ្ញាតឱ្យប្រជាជនជិះដោយមិនគិតប្រាក់ ក្នុងរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ១២-១៨ មេសា ដោយមានទាំងសេវារថយន្តក្រុង និងសេវាដឹកជញ្ជូនតាមកាណូត ព្រោះនៅក្នុងក្រុង ឥឡូវ យើងមានសេវា(រថយន្តក្រុង)នេះ ដែលឥឡូវកម្មករ/ការិនីរបស់យើងមិនបង់ប្រាក់ទេ តែប្រជាជនយើងត្រូវបង់លុយ តែនៅចន្លោះពីថ្ងៃទី ១២-១៨ (មេសា) ប្រជាជនយើងមិនត្រូវបានបង់ប្រាក់ទេ។ ឯកាណូតដែលធ្វើដំណើរពីខេត្តកណ្តាល ហើយឆ្លងកាត់ភ្នំពេញ ទៅដល់មួយផ្នែកខាងព្រែកតាសេកនោះ ឥឡូវ មានការបង់ប្រាក់ តែដល់ពេលនោះមិនមានការបង់ប្រាក់ទេ។ ដូច្នេះ ខ្ញុំគិតថា ការចូលឆ្នាំៗនេះ នឹងមានការសប្បាយរីករាយ ដែលធ្វើឱ្យប្រជាជនរបស់យើងមានការធ្វើដំណើរបានល្អ។
កិច្ចការទី១ កីឡាករ/ការិនី ជួយអប់រំអំពីចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ខ្ញុំសូមស្នើចំពោះកីឡាករ/ការិនីរបស់យើង សូមជួយដល់សង្គមលើបញ្ហាបី ដែលសំខាន់ ដែលសូមឱ្យកីឡាករ/ការិនី បើទោះបីជាទៅប្រកួត ឬទៅនិយាយនៅកន្លែងណាក៏ដោយ …
ទី ១. ជួយអប់រំទាក់ទងនឹងចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រាប់ទាំងកីឡាករ/ការិនីខ្លួនឯងតែម្តង។ ខិតខំធ្វើយ៉ាងម៉េច ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដល់ខ្លួនឯង។ ប៉ុន្តែ ទន្ទឹមនោះក៏ត្រូវជួយអប់រំដល់មិត្តភក្តិ ជួយអប់រំដល់សង្គមរបស់យើង ដើម្បីបញ្ចៀសបាននៅគ្រោះថ្នាក់ចរាចរណ៍នេះ ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍។ វិធីតែមួយគត់ គឺគោរពច្បាប់ចរាចរណ៍ ហើយត្រូវបញ្ចៀសឱ្យខាងតែបាននូវការបើកបរនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ឥឡូវនេះ រឿងសោកនាដកម្មមួយមិនទាន់បញ្ចប់នូវការឈឺចាប់ ដែលមិនមែនគ្រាន់តែការឈឺចាប់ សម្រាប់គ្រួសារទាំងពីរនោះទេ ក៏ប៉ុន្តែ វាក្លាយទៅជាការឈឺចាប់ សម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។ ករណីក្មេងស្រីម្នាក់បើករថយន្តទៅបុកនិស្សិតស្ត្រីម្នាក់ ជារឿងមួយដែលគួរឱ្យឈឺចាប់ណាស់។ អ្នកដែលបានស្លាប់ទៅហើយ គឺជាការខាតបង់ធនធានមនុស្សមួយទៅហើយ ដែលយើងសោកសង្រេង សម្ដែងការសោកស្ដាយ ចូលរួមមរណទុក្ខ ដែលមកដល់ពេលនេះ គឺប៉ុន្មានថ្ងៃរួចទៅហើយ។ សង្ឃឹមថា បទពិសោធន៍មួយនេះ នឹងដាស់តឿនទៅដល់ឪពុកម្ដាយរបស់យុវជន/នារី កុំទំយើកូន កុំទម្រើសកូន និងកុំបណ្ដែតបណ្ដោយកូនឱ្យបើកបរ ជាពិសេស កូនមិនទាន់ដល់អាយុ ដែលនេះការស្រលាញ់កូនហួស នឹងធ្វើឱ្យខ្លួនមានវិប្បដិសារី។
ធានាអនាគតកូន ត្រូវធ្វើយ៉ាងម៉េចកុំទម្រើសកូន
បទពិសោធន៍ជោគជ័យរបស់ខ្ញុំ បើទោះបីខ្ញុំមានលទ្ធភាព តាំងពីពេលមុន ខ្ញុំមិនដែលទិញម៉ូតូឱ្យកូនៗរបស់ខ្ញុំនោះទេ។ ខ្ញុំមិនដែលទិញឡានឱ្យកូនៗរបស់ខ្ញុំនោះទេ។ សូមបញ្ជាក់ជូន។ កូនរបស់ខ្ញុំគ្មានភ័ព្វសំណាងដូចកូនរបស់មនុស្សមួយចំនួននោះទេ។ ពួកគេគ្មានម៉ូតូជិះ គ្មានម៉ូតូប្រណាំងទេ។ ទោះបីជាខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងឋានៈជានាយករដ្ឋមន្ត្រីតាំងពីអតីតកាល តាំងពីកូនៗខ្ញុំនៅក្មេង ក៏ប៉ុន្តែ ខ្ញុំមិនដែលបណ្ដោយកូន ខ្ញុំមិនទិញគ្រឿងយន្តឱ្យពួកគេបើកបរតែម្ដង គឺវាចប់ត្រឹមប៉ុណ្ណឹង។ សង្ឃឹមថា ដើម្បីធានាអនាគតកូន គឺត្រូវធ្វើយ៉ាងម៉េចកុំទម្រើសកូន កុំខិតខំឱ្យកូនប្រណាំងប្រជែងលម្អទៅលើបញ្ហាម៉ូតូ ឬក៏រថយន្តទំនើបៗ ដែលនាំទៅដល់គ្រោះថ្នាក់។ នេះជាបទពិសោធន៍មួយដែលបំភ្លឺយើង។ អ្នកគ្រោះថ្នាក់ក៏គ្រោះថ្នាក់ បានបាត់បង់ជីវិតទៅហើយ ក៏ប៉ុន្តែ ត្រូវតែផ្ដន្ទាទោស។ ទោះបីជាមានការសម្របសម្រួលគ្នាថា ដូចជាឃើញមានសារព័ត៌មានផ្សាយ អំពីការស្រុះស្រួលគ្នា ក៏ប៉ុន្តែ រឿងផ្លូវច្បាប់យ៉ាងណាទៀតនោះ វាគឺជារឿងមួយទៀត ដែលរឿងនេះអាណោចអាធ័ម អ្នកស្លាប់យើងអាណោចអាធ័មហើយ ក៏ប៉ុន្តែ អ្នកដែលនៅរស់ទាំងឪពុកម្ដាយ ទាំងក្រុមគ្រួសារ និងសាម៉ីខ្លួន គឺត្រូវបាត់បង់យ៉ាងម៉េច? នេះជាបញ្ហា។ រឿងមួយនោះ វាបង្កើតជាបទពិសោធន៍សម្រាប់យើង។ ដូច្នេះ សូមឱ្យកីឡាករ/ការិនីរបស់យើង ចូលរួមនៅក្នុងសកម្មភាពអប់រំ ទៅលើវិស័យទាក់ទងនឹងចរាចរណ៍ផ្លូវគោក។
កិច្ចការទី ២៖ កីឡាករ/ការិនីរបស់យើងជួយផ្សព្វផ្សាយ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន
កិច្ចការទី ២. ជួយនៅក្នុងការទប់ស្កាត់អំពីគ្រឿងញៀន។ ក្មួយៗមួយចំនួនប្រហែលជានៅចាំ នៅពេលដែលជួបខ្ញុំមុនចេញទៅប្រកួត ហើយបើទោះបីជាមិនបានជួប ក៏អាចមើលតាមកញ្ចក់ទូរទស្សន៍បានដែរ។ ខ្ញុំតែងតែហាមប្រើប្រាស់ថ្នាំលើកកម្លាំង ប៉ូវកម្លាំង សារធាតុដែលគេហាមឃាត់ ក្នុងការប្រើប្រាស់ក្នុងការប្រកួត ហ្នឹងគឺជារឿងមួយទាក់ទងនឹងវិស័យកីឡា។ ក៏ប៉ុន្តែ នៅក្នុងប្រទេសរបស់យើង មានបញ្ហាគ្រឿងញៀនកើតឡើងច្រើន។ ប្រទេសរបស់យើងមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ គ្រាន់តែប្រតិបត្តិការប៉ុន្មានថ្ងៃនេះ រាប់រយគីឡូក្រាមបានចេញមកពីប្រទេសដទៃ ចូលមកក្នុងប្រទេសរបស់យើងៗបានក្លាយទៅជាកន្លែងចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ ដូច្នេះ សុំឱ្យកីឡាករ/ការិនីរបស់យើងជួយផ្សព្វផ្សាយ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។ ហោចបំផុតក៏ខិតខំធ្វើយ៉ាងម៉េចកុំឱ្យមិត្តភក្តិ ដែលជាកីឡាករ/ការិនី និងក្រុមគ្រួសារកីឡាករ/ការិនីរបស់យើងប្រើប្រាស់គ្រឿងញៀន។
ត្រូវខិតខំធ្វើយ៉ាងម៉េចកុំឱ្យកីឡាករ/ការិនីខ្មែរ ពាក់ព័ន្ធជាមួយគ្រឿងញៀន ដែលនេះវាជាកិត្តិយស និងសេចក្ដីថ្លៃថ្នូរសម្រាប់សង្គមរបស់យើង។ នៅចាំបានទេថា ម៉ារ៉ាដូណា ដែលជាកីឡាករអាហ្សង់ទីនដ៏ល្បីម្នាក់ ត្រូវបានបាត់បង់កិត្តិយស ដោយសារការប្រើប្រាស់គ្រឿងញៀន ហើយត្រូវទៅផ្ដាច់(គ្រឿងញៀន)នៅប្រទេសគុយបា ហើយត្រូវគេហាមឃាត់មិនឱ្យចូលប្រទេសនេះ/នោះមួយចំនួនមួយរយៈពេល។ ឥឡូវ នៅក្នុងចំណោមកីឡារបស់យើង មិនត្រូវឱ្យមានរឿងនេះទេ។ មិនត្រឹមតែមិនត្រូវឱ្យមានរឿងនេះកើតឡើងទេ ប៉ុន្តែ យើងត្រូវអប់រំមិត្តភក្តិរបស់យើង និងអ្នកដទៃទៀតកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។
កិច្ចការទី ៣ ជួយទប់ស្កាត់ការរីករាលដាល នៃជំងឺអេដស៍
កិច្ចការទី ៣. ជួយទប់ស្កាត់ការរីករាលដាល នៃជំងឺអេដស៍។ អត្រារីករាលដាលនៃជំអឺអេដស៍ បានធ្លាក់ចុះយ៉ាងខ្លាំង ក៏ប៉ុន្តែ រយៈពេលចុងក្រោយនេះ វាបែរជាកើតឡើងទៅជាមួយនឹងមនុស្សដែលយកភេទដូចគ្នា។ ចំណុចនេះ ខ្ញុំអំពាវចំពោះអ្នកដែលមានដៃគូដូចគ្នា សុំឱ្យយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ប៉ុន្តែ ក្នុងចំណោម(កីឡាករ/ការិនី)របស់យើងនេះ ក៏យើងមានកាតព្វកិច្ច ដើម្បីជួយទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺអេដស៍នៅក្នុងប្រទេសរបស់យើង។ ប្រសិនបើមានការផ្ទុកសារធាតុណាមួយទៅដោយគ្រឿងញៀនក្ដី ជំងឺអេដស៍ក្ដី គឺបានសេចក្ដីថា សកម្មភាពកីឡារបស់យើងត្រូវបានបញ្ចប់ហើយ។ សង្ឃឹមថា កីឡាករ/ការិនីរបស់យើង និងជួយចូលរួមក្នុងសកម្មភាពសង្គម ព្រោះថាអ្នកទាំងឡាយដែលជាកីឡាករ/ការិនី មានឈ្មោះបោះសម្លេង ហើយមានការទទួលស្គាល់ពីមជ្ឈដ្ឋាននានា ច្បាស់ជាទទួលបាននូវការស្ដាប់ពីអ្នកដទៃ ក៏ដូចជា សិល្បករ/ការិនីដូចគ្នាដែរ។ ខ្ញុំតែងអំពាវនាវឱ្យពួកគេយកចិត្តទុកដាក់ ជួយទៅលើរឿងទាក់ទងនឹងបញ្ហាចរាចរណ៍ ទាក់ទងនឹងបញ្ហាគ្រឿងញៀន និងទាក់ទងជាមួយបញ្ហារីករាលដាលនៃជំងឺអេដស៍។
សូមអភ័យទោស ចំពោះអវត្តមានភរិយា
ពិតហើយ ម្ហូបអាហារត្រៀមរង់ចាំ សម្រាប់ឆ្លើយតបទៅនឹងក្រពះរបស់យើង ខ្ញុំដឹងខ្ញុំយល់ ហើយល្ងាចនេះ យើងច្បាស់ជាមានការ(ឡើងរាំ) ព្រោះថា ឆ្នាំទៅឃើញក្មួយៗឡើងមករាំលេងសប្បាយណាស់ ល្ងាចនេះខ្ញុំសុំស្នើឱ្យក្មួយៗទាំងអស់រាំលេងសប្បាយ គ្រាន់តែថាសុំកុំហៅពូឡើងរាំតែប៉ុណ្ណឹងទៅបានហើយ។ ក៏សុំអភ័យទោសដែរ ឆ្នាំទៅមីងមក តែឆ្នាំនេះមីងមិនបានមកទេ ដោយសារគាត់មិនសូវស្រួលខ្លួន។ គាត់សុំអភ័យទោសតាមរយៈខ្ញុំពីសំណាក់ក្មួយៗផងដែរ។ ប៉ុន្តែ សុំកុំមានការទើសទាល់អី គេរៀបចំឆាក ហើយភ្លេងអីក៏មានគ្រប់គ្រាន់ហើយដែរ។ អញ្ចឹងទេ ទន្ទឹមនឹងការទទួលទានអារហារ យើងក៏សប្បាយរីករាយជាមួយគ្នាតាមរយៈរាំលេង។ ហើយប្រហែលជាការចាប់ផ្ដើម គឺទទាយំឆ្លងតែម្ដង។ ដឹងហើយទទាយំឆ្លងវាយ៉ាងម៉េច។
អំណោយជូនអ្នកចូលរួម
ថ្ងៃនេះ ខ្ញុំក៏បាននាំមកសម្រាប់កីឡាករ/ការិនីរបស់យើង ចំនួន ៤ ០៩៦ នាក់ សុំជូនម្នាក់ៗ ១០ ម៉ឺនរៀល សម្រាប់សប្បាយចូលឆ្នាំ និងក្រុមតន្ត្រីជូន ចំនួន ៥ លានរៀល សម្រាប់ការប្រគុំល្ងាចនេះ។ ថ្ងៃនេះមានក្រុមហ៊ុន Cambodia Brewery Limited ក៏បានជួយស្រាបៀរចំនួន ៤៥០ កេស ដែលសុំទទួលទានស្រាបៀរ ប៉ុន្តែ អាហ្នឹងសុំថាបើផឹកស្រវឹងកុំបើកបរ បើបើកបរកុំស្រវឹង។ ប៉ុន្តែ បន្តិចបន្តួចអាហ្នឹងទៅផ្ទះអត់អីទេ។
ជាមួយនឹងការជួបជុំថ្ងៃនេះ នឹងដើម្បីការឈានឆ្ពោះទៅរកការចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ សូមសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ពិសេស ក្មួយៗកីឡាករ/ការិនីទាំងអស់ សុំជួបប្រទះតែនឹងពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕