សេចក្តីដកស្រង់សង្កថា សួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់នៅ នៅទីតាំងទី ២ ស្រុកម៉ាឡៃ, បន្ទាយមានជ័យ
“ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ថ្ងៃនេះ យើងបានជួបជុំគ្នា។ បើទោះបីថា បងប្អូនបានជួបប្រទះនូវគ្រោះទឹកជំនន់ ហើយបង្កើតឱ្យមានស្ថានភាពមិនសប្បាយចិត្ត ក៏ប៉ុន្តែការជួបជុំរបស់យើងថ្ងៃនេះ ក៏អាចនឹងបង្កើតនូវបរិយាកាសមួយសម្រាប់ការឈានទៅមុខបន្តទៀត។ ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានទន្ទឹងរង់ចាំខ្ញុំនៅទីនេះ ជាមួយនឹងវត្តមានរបស់ខ្ញុំៗ ក៏សូមអភ័យទោសអំពីការយឺតយ៉ាវ ដោយសារតែអម្បាញ់មិញខ្ញុំត្រូវជាប់កម្មវិធីនៅស្រុកអូរជ្រៅ។ ប៉ុន្តែ ដោយសារតែស្រុកអូរជ្រៅ បានធ្វើពិធីតាំងពីម៉ោង ៦:៤០ អញ្ចឹងយើងមកទីនេះបានលឿនជាងការគ្រោងទុក។ យ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោសនូវការយឺតដំណើរ ដោយសារយើងជាប់ឯណោះផង ហើយត្រូវមកឯណេះផង ការមកចែកអំណាយសង្គ្រោះនិងសួរសុខទុក្ខបងប្អូននៅខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល ៣ ថ្ងៃ … អាចចាត់ទុកថា យឺតជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ តែការមកយឺត ប្រសើរជាងមិនបានមក។ ខ្ញុំសូមយកឱកាសនេះ ចូលរួមដំបូងសុំពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខ ពីអង្គព្រះមហាក្សត្រ និងសម្ដេចព្រះមាតាជាតិ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត។ ក្នុងពេលនេះដែរ ខ្ញុំក៏សូមសម្ដែងនូវមរណទុក្ខចំពោះអ្នកដែលបានបាត់បង់សមាជិកគ្រួសារ ដែលថ្ងៃនេះ ដូចជាមានមួយគ្រួសារមកទីនេះដែរ មានកូនអាយុ ២ ឆ្នាំ (បានបាត់បង់ជីវិត)។ ពិតជាកម្សត់សម្រាប់បញ្ហាដែលយើងបានជួបប្រទះ។ បើទោះបីស្លាប់ដោយវិធីណាក៏ដោយ យើងមានការសោកស្ដាយខ្លាំងណាស់។ ជំងឺ Covid-19 មិនទាន់មាននរណាម្នាក់ស្លាប់ទេ ក៏ប៉ុន្តែសម្រាប់ទឹកជំនន់នៅក្នុងប្រទេសរបស់យើងនេះ មានមនុស្សរហូតទៅដល់ ៣៩ នាក់…