FN ៖ សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងទឹកដីស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ ក្រោមម្លប់នៃសុខសន្តិភាពនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។
«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមមួយបន្ថែមថាជា «ស្ពានភ្ជាប់និស្ស័យ» ស្ថិតនៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលចំណាយថវិកា ក្នុងការសាងសង់ជិត៥៧លានដុល្លារអាមេរិក។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាមួយការបង្ហាញវត្តមានសម្ពោធសមិទ្ធផលថ្មីស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រាប់ជាប្រយោជន៍សម្រាប់ប្រជាជន និងជាតិនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវគារវកិច្ចគោរពចំពោះប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ និងស្ទឹងត្រង់
* សម្តេចតេជោ ហ៊ុន សែន បានហៅស្ពានសម្ពោធថ្មីនេះថាជា «ស្ពានភ្ជាប់និស្ស័យ» បន្ថែមពីលើឈ្មោះបច្ចុប្បន្ន «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»។ ភ្ជាប់និស្ស័យនេះ មានន័យទូលំទូលាយ គឺការភ្ជាប់និស្ស័យកម្ពុជា-ចិន, ភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ, ភ្ជាប់និស្ស័យកំពង់ចាម-ត្បូងឃ្មុំ ហើយភ្ជាប់និស្ស័យជាពិសេសនោះ គឺនិស្ស័យរវាងសម្តេច និងភរិយា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នករៀបអាពាហ៍ពិពាហ៍នានា គួរថត Pre-Wedding នៅងតាមស្ពានឆ្លងទន្លេ ហើយកុំភ្លេចស្ពានភ្ជាប់និស្ស័យ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពលរដ្ឋអាយុ៦០ឆ្នាំឡើង នឹងបានដឹងពីស្ថានភាពទូកដរខ្មែរពីសង្គមចាស់ គឺចែវនឹងដៃ អត់មានម៉ាស៊ីនទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំងឺ ស្ត្រីឆ្លងទន្លេខ្លះ បានរងគ្រោះដល់អាយុជីវិត ព្រោះតែគ្មានស្ពាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសដាក់ចេញនយោបាយផ្តល់អាទិភាពលើទឹក ផ្លូវ ភ្លើង និងមនុស្ស តាំងពីឆ្នាំ១៩៨៧ នៅតែជានយោបាយត្រឹមត្រូវសម្រាប់កសាងកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាតំបន់សមរភូមិសង្គ្រាម ជាតំបន់ទម្លាក់គ្រាប់បែក។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងក្រុមហ៊ុនសាងសង់របស់ចិន ដែលបានរួមគ្នាសាងសង់ឱ្យបានរួចរាល់ជាស្ថាពរនៃស្ពានស្ទឹងត្រង់-ក្រូចឆ្មារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីអតីតកាលជាការលំបាកណាស់សម្រាប់ពលរដ្ឋនៅស្ទឹងត្រង់-ក្រូចឆ្មារ ទោះក្នុងស្ថានភាពចែវទូកដរ ដរប្រើម៉ាស៊ីន ឬសាឡាង។ តែក្រោយមានស្ពានលែងលំបាកទៀតហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃសាំងឡើងថ្លៃជាបញ្ហាសាកល មិនមែនជាបញ្ហាតែកម្ពុជានោះទេ។ សម្តេចតេជោ បន្តថា រអ៊ូរឿងសាំងឡើងថ្លៃ តែឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មនុស្សដើរលេងយ៉ាងចង្អៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងខែនេះ សម្តេចមានជំនួប និងធ្វើការជាមួយភាគីចិនចំនួន៤ដង រួមមាន៖ ជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីចិន, ទទួលវ៉ាក់សាំងជំនួយរបស់ចិន, ជួបប្រជុំជាមួយប្រធានាធិបតីចិន និងការសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ព្រមទាំងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាពិសោធន៍តាំងពីសម្តេចនៅជារដ្ឋមន្ត្រីការបរទេស ទំនាក់ទំនងនយោបាយ មានការកើនឡើង ដោយសារការគាំទ្រផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ សម្តេចតេជោ បានថ្លែងថា មានតែទំនាក់ទំនងនយោបាយ មិនមានការគាំទ្រផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទេ ទំនាក់ទំនងនយោបាយមិនអាចយូរអង្វែងបានឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិន បានជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមានប្រវែងសរុបរហូតដល់ទៅជាង ៣ពាន់គីឡូម៉ែត្រ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា នៅមានគម្រោងជាច្រើនទៀត ដែលគាំទ្រថវិកាដោយប្រទេសចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយអាទិភាពរបស់សម្តេច គឺមានផ្លូវដើរ មានស្ពានឆ្លង មានមន្ទីរពេទ្យ មានសាលារៀន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រើធនធានជាជំនួយ ឬកម្ចីបរទេស មកសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន គឺជាការបែងចែកប្រកបដោយសមធម៌បំផុត ព្រោះថា ផ្លូវ ស្ពាន មន្ទីរពេទ្យ អ្នកមាន អ្នកក្រ គឺប្រើបានដូចគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ ទុកឱ្យព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដឹកនាំ មិនដឹងថា កម្ពុជារីកចម្រើនដល់ណានោះទេ? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថភាពកសាងនៅសម័យសង្គមរាស្ត្រនិយម គឺអស្ចារ្យណាស់។ តែសមិទ្ធផលកម្ពុជា មាននាពេលបច្ចុប្បន្ន គឺជាសមិទ្ធផលដែលទើបកើតមានក្រោយរបបខ្មែរក្រហម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមនៅកម្ពុជាវាយបំផ្លាញតែស្ពាន ខុសពីសង្គ្រាមនៅវៀតណាម អត់មានវាយកម្ទេចស្ពានទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីការយកជីវិតជាដើមទុន បានធ្វើឱ្យកម្ពុជា នាំមកនូវការបិទបញ្ចប់ភ្លើងសង្គ្រាម និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសប្រជាធិបតេយ្យនាំគ្នាគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និងគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ តែពួកគេមិនដែលបង្ហាញការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ខ្មែរនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះក្នុងតម្លៃណាក៏ដោយ ហើយត្រូវបន្តអាណត្តិសម្តេចប៉ុន្មានអាណត្តិទៀត គឺសម្តេចនៅតែធ្វើរហូត មិនឱនក្បាលឱ្យនរណាមកបំផ្លាញសុខសន្តិភាព និងជីវិតពលរដ្ឋកម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងលេងពួកក្រុមជ្រុលនិយមឱ្យចប់សិន ទើបសម្តេចត្រួសត្រាយផ្លូវសម្រាប់ក្មេងជំនាន់ក្រោយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងអន់ខ្លាំងណាស់ ចំពោះការធ្វើនយោបាយបន់ឱ្យដៃគូខ្លួនស្លាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានសំណាង ព្រោះមានការសាងសង់ផ្លូវជាតិលេខ៧១C ភ្ជាប់ពីស្រុកចំការលើ ខេត្តកំពង់ចាម ទៅកាន់ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវ និងស្ពាន មិនមែនសម្រាប់សម្តេចធ្វើដំណើរនោះទេ តែជាការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរាតត្បាតនៃជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាខាតបង់ថវិកាស្មើនឹងការសាងសង់ស្ពានបាន២០ខ្សែ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាចំណាយថវិកាជាតិប្រមាណ ២,៣០០លានដុល្លារ
* សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋចូលរួមក្នុងពិធីសម្ពោធស្ពាន ដែលមិនអាចស្និទ្ធស្នាលដូចពេលមុន ព្រោះតែការរាតត្បាតជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានប្រយុទ្ធជាមួយជំងឺកូវីដ១៩រយៈពេល២០ខែមកហើយ។ សម្តេចសង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ពីបែបបទ និងយុទ្ធសាស្ត្រទាំងឡាយ ដែលសម្តេចបានដាក់ចេញជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីយុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធយុទ្ធសាស្ត្រក្នុងព្រឹត្តិការណ៍នានា ក្នុងកំលុងរាតត្បាតនៃជំងឺកូវីដ១៩។ សម្តេចតេជោ បានថ្លែងថា ក្នុងនាមជាមេដឹកនាំរបស់ជាតិ សម្តេចមិនអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋស្លាប់ ដោយមិនដាក់ចេញវិធានការចាំបាច់មួយចំនួននោះទេ ទោះត្រូវគេរិះគន់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាក្តីសង្ឃឹមធំសម្រាប់សម្តេចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ បានថ្លែងថា វ៉ាក់សាំងសន្យាមានច្រើនណាស់ តែចុងក្រោយសម្តេចសម្រេចយកចិនធ្វើជាបង្អែកក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាប្រើថវិកាជាតិ ទិញវ៉ាក់សាំង ២៨លានដូស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពក្រៃលែងសម្រាប់ភាពជោគជ័យលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ មោទនភាពនោះ គឺជនជាតិកម្ពុជា បាននាំគ្នាទៅចាក់វ៉ាក់សាំងរហូតដល់ជាង១៤លាននាក់ ទោះបីគេបំភ័យថា វ៉ាក់សាំងចាក់ទៅស្លាប់។ សម្តេចតេជោ បានថ្លែងថា វ៉ាក់សាំងនៅកម្ពុជា បានដើរដល់ទីជនបទ និងដល់កុមារ ហើយអត់មានប្រកាន់និន្នាការនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋដែលស្តាប់ និងអនុវត្តន៍តាមការរៀបចំរបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ បានថ្លែងថា នេះគឺជាមោទនភាពដ៏ធំសម្រាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មោទនភាពទី២ គឺប្រជាជនផ្លាស់ប្តូរឥរិយាបថ ទៅជាទម្លាប់ គឺការចេះការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមវិធានការការពារខ្លួន។
* សម្តេចតេជោ ហ៊ុន សែន មានជំនឿចិត្តថា ការបើកប្រទេសឡើងវិញនាពេលនេះ មិនមានការដើរថយក្រោយវិញនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្នាំ២០២១ អាចនឹងមានការកើនឡើង ក្រោយកម្ពុជាបើកប្រទេសឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំអាចសម្រេចបានក្នុងរង្វង់ជិត៣ភាគរយ ហើយនៅឆ្នាំក្រោយអាចរង្វង់៥ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នឹងជួយជំរុញដល់ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ប្រទេសចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កបង្កើនផលស្រូវរបស់កម្ពុជានៅឆ្នាំ២០២១នេះ សម្រេចបានប្រមាណ ១១១ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យខិតខំអនុវត្តវិធានការទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបានក្លាយជាទម្លាប់នៅក្នុងសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញវិធានការរាំងខ្ទប់ គឺដើម្បីការរស់រានរបស់ប្រជាពលរដ្ឋ។ បើពេលនោះមិនជ្រើសយកវិធានការនេះទេ មិនដឹងថា ពេលនេះជីវិតពលរដ្ឋកម្ពុជាជួបស្ថានភាពបែបណាទេ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី គឺជាប្រភពលើកទឹកចិត្តដ៏ធំសម្រាប់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រខ្មែរ ជាព្រះមហាក្សត្រដែលក្រជាងគេលើពិភពលោក តែមានទឹកព្រះទ័យធំធេងក្នុងជួយដល់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានចលនាជាតិមួយដ៏ធំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសង្ឃឹមប្រទេសចម្រើនលូតលាស់ G7 នឹងជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
* សម្តេចតេជោ បានថ្លែងថា កម្ពុជា ស្វាគមន៍រាល់ការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងនានានៅកម្ពុជា ដើម្បីកុំឱ្យគេនិយាយថា កម្ពុជាពឹងតែចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា អត់មានអ្នកទោសនយោបាយ មានតែអ្នកនយោបាយជាប់ទោស។ ប្រទេសណាក៏ដូចប្រទេសណាដែរ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ក្នុងពេលអាកាសធាតុចុះត្រជាក់ ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។
* សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អភិបាលរាជធានី-ខេត្ត រៀបចំអាវរងា ភួយ មុង ជូនចាស់ៗ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកាន់តំណែងនាយករដ្ឋមន្ត្របានយូរ ព្រោះតែសម្តេចមិនក្បត់រាជានិយម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់កិច្ចខិតខំជិត២ឆ្នាំក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាជួយរក្សាសន្តិសណ្តាប់ធ្នាប់សម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋនាពេលថ្មីៗនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមូលផ្តុំកម្លាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មិនត្រូវធ្វើឱ្យអាក់ខានដល់ការផ្តល់សេវារដ្ឋបាលនោះទេ។
* សម្តេចតេជោ បានថ្លែងថា ក្រោមហេតុផលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មេឃុំមួយចំនួនម៉ោង៩ មិនទាន់ដល់សាលាឃុំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុងដាវូស ប្រទេសស្វីស នៅថ្ងៃទី១៧ ដល់ ២២ ខែធ្នូ ឆ្នាំនេះ។
* សម្តេចតេជោ ហ៊ុន សែន ស្នើខ្មែរនៅអាមេរិកងើបឡើងប្រឆាំងនឹងទណ្ឌិត សម រង្ស៉ី ដែលព្រមានដកសញ្ជាតិអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមអ្នកនយោបាយប្រឆាំងខ្មែរ ស្គាល់នយោបាយចិន និងអាមេរិក តិចពេកហើយ គេមានវិធីសាស្ត្រគ្រប់គ្រងទំនាក់ទំនងមិនឱ្យប៉ះទង្គិចគ្នាទេ។