សង្កថា ក្នុងពិធីជួបជុំពិសារភោជនាហារ ជាមួយកីឡាករ និងកីឡាការិនី
ជួបជុំដើម្បីផ្សារភ្ជាប់ រវាងថ្នាក់ដឹកនាំ និងកីឡាករ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ថ្ងៃនេះ ខ្ញុំនឹងភរិយាពិតជាមានការរំភើប ដែលបានមកជួបជុំជាមហាគ្រួសារ ជាមួយកីឡាករ កីឡាការិនី គ្រប់ប្រភេទរបស់យើងតាមការគ្រោងទុក។ ដំបូងសូមអភ័យទោសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំកីឡាទាំងអស់ ដែលឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តីមួយចំនួន ដែលគ្រោងនឹងមកចូលរួម មិនទាន់បានមកដល់ទីនេះ ដោយសារពេលនេះសភាកំពុងដំណើរការប្រជុំ យោងទៅលើការចាំបាច់ នៃការអនុម័តច្បាប់សហជីព។ ប្រហែលជាការប្រជុំនេះ អូសបន្លាយរហូតទៅដល់ម៉ោង ៧ ឬ ម៉ោង ៨ យប់ឯណោះ។ ប៉ុន្តែ អវត្តមានរបស់ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីទាំងនោះ មិនរំខានទៅដល់ការជួបជុំគ្នាដែលបានគ្រោងទុករួចមកហើយនេះទេ ដោយពេលនេះ ក៏មានឯកឧត្តម ទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំដទៃទៀតបាន និងកំពុងចូលរួមនៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន, ឯកឧត្តម ថោង ខុន, ឯកឧត្តម…