FN ៖ ឥឡូវនេះចាប់ផ្តើមលឺការជជែកនៅផ្ទៃក្នុងបក្សសង្គ្រោះជាតិហើយ អំពីជោគវាសនាគណបក្ស និងចោទសួរគ្នាថា តើអ្នកណាជាបេក្ខភាពថ្មី ដឹកនាំគណបក្សសង្គ្រោះជាតិដែល មានអាយុទើប៤ឆ្នាំនេះ? ពួកគេហាក់ដូចជាប្រាកដក្នុងចិត្តថា ការគោះញញួរមួយផូងទៀតរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាធ្វើឲ្យ សម រង្ស៊ី ជ្រុះបាត់តួនាទីជាប្រធានគណបក្សភ្លាមដោយស្វ័យប្រវត្តិ នោះគឺការចេញច្បាប់ថ្មីមួយទៀតស្តីពី «អ្នកទោសមិនអាច ធ្វើបក្សនយោបាយ»។
វាជាច្បាប់! ច្បាប់គឺជាច្បាប់! នៅពេលដែលគេយក «ច្បាប់ទល់នឹងនយោបាយ» វាគឺជាក្បាច់សម្លាប់ដ៏មានប្រសិទ្ធភាពពិតប្រាកដមែន។ បើមិនជឿសួរ លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅ Sic!។ មេរៀននេះ អ្នកនយោបាយដូចជា សម រង្ស៊ី ពិតជាបានមើលរំលង។ ផ្ទុយទៅវិញ អ្នកនៅស្នាក់ការចាក់អង្រែ ហាក់ដូចជា បានដឹងមុនច្រើនជាង សម រង្ស៊ី ថាវានឹងកើតឡើងឆាប់ៗ ដើម្បីជាមេរៀនជីវិត និងជាការជូនដំណើរ សម រង្ស៊ី ជាគ្រាចុងក្រោយ។
តាមព័ត៌មានផ្ទៃក្នុងបក្សសង្គ្រោះជាតិ គឺមានសំណួរ២កើតឡើងដែលគាប់ជួនគ្នា៖ ទី១៖ តើ កឹម សុខា មានកិច្ចសន្យាសម្ងាត់អ្វីជាមួយ សម្តេចតេជោ ហ៊ុន សែន បានជាសម្តេចតេជោ ហ៊ុន សែន ព្រលយពាក្យជាចំហរពីការបង្កើតច្បាប់ថ្មីដែលនឹងរុញច្រានតាមផ្លូវច្បាប់ឲ្យ សម រង្ស៊ី ឃ្លាតឆ្ងាយពីឆាកនយោបាយ? តើការធ្វើវិសោធនកម្មជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាជាតិថ្មីៗនេះ គ្រាន់តែជាផែនការស្ពិនភ្នែករបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយពីក្រោយខ្នងឲ្យ កឹម សុខា លេបយកបក្សសង្គ្រោះជាតិទាំងមូល? ទី២៖ បើដូច្នេះមែន តើ សម រង្ស៊ី សុខចិត្តឲ្យ កឹម សុខា ដឹកនាំបក្សនេះដែរឬទេ?
អ្នកណាក៏ដឹងដែរថា នៅមុនឆ្នាំ២០១៣ សម រង្ស៊ី សុខចិត្តឱនក្បាលចាប់ដៃជាមួយ កឹម សុខា គឺមិនមែនដោយជឿទុកចិត្ត កឹម សុខា នោះទេ។ តែ សម រង្ស៊ី ចង់ខ្ចីដៃ កឹម សុខា ដើម្បីដណ្តើមយកជ័យជំនះលើគណបក្សប្រជាជនកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន។ ក៏ប៉ុន្តែ វាទៅមិនរួច។
អ្នកណាក៏ដឹងដែរថា ទោះបីជា សម រង្ស៊ី ចាប់ដៃជាមួយ កឹម សុខា តែគាត់មិនបានរំលាយគណបក្ស សម រង្ស៊ី ចោលនោះទេ។ រីឯ កឹម សុខា វិញក៏ទុកច្រកទ្វារ ក្រោយដូចគ្នាដែរ គឺមិនបានរំលាយគណបក្សសិទ្ធិមនុស្សចោលឯណា។ នៅក្នុងសម្ព័ន្ធភាពសិប្បនិមិ្មតនិងបំភ័ន្តភ្នែកជើងក្រោមនេះគឺ សម រង្ស៊ី ហាក់ដូចជាដឹងច្បាស់ណាស់ថា នៅថ្ងៃមួយ វានឹងដល់ផ្លូវបំបែកមួយ។ ឥឡូវនេះ វាមិនត្រឹមតែដល់ផ្លូវបំបែកប៉ុណ្ណោះទេ គឺវាជិតដល់ផ្លូវបញ្ចប់ទៀតផង។
អ្នកណាក៏ដឹងដែរថា សម រង្ស៊ី ចង់ឲ្យប្រពន្ធគាត់ គឺលោកស្រី ជូឡុង សូម៉ារ៉ា មានតួនាទីនៅក្នុងការដឹកនាំបក្ស។ នៅក្នុងបំណងនេះ តើ កឹម សុខា សុខចិត្តទេ? បើ កឹម សុខា មិនសុខចិត្ត ចុះតើ សម រង្ស៊ី នឹងសុខចិត្តងាយៗដែរទេ? ទាំងនេះជាសំណួរចាក់ស្រេះវ៉ល់ពេញក្នុងសតិអារម្មណ៍ថ្នាក់ដឹកនាំ និងសមាជិកបក្សសង្គ្រោះជាតិគ្រប់ទីកន្លែង។
មកដល់ដំណាក់កាលនេះ កុំបាច់និយាយប្រៀបធៀបពីយុទ្ធសាស្ត្រនយោបាយរវាង សម រង្ស៊ី ជាមួយសម្តេចតេជោ ហ៊ុន សែន នោះទេ។ មកដល់ដំណាក់កាលនេះ កុំបាច់និយាយពីការរង់ចាំដល់ឆ្នាំ២០១៨ គឺ សម រង្ស៊ី កំពុងតែឆ្លេឆ្លារ តើត្រូវសង្គ្រោះជីវិតនយោបាយបានប៉ុន្មានខែ ឬមិនផុតឆ្នាំ២០១៧នេះផងទេ។ ជាអ្នកនយោបាយ តែទីបំផុតគេវាយតម្លៃថា សម រង្ស៊ី មានចក្ខុវិស័យមើលមិនផុតនឹមនង្គ័លផងទេ!
ពាក្យមួយឃ្លាដែលបានធ្លាយចេញពីស្នាក់ការចាក់អង្រែមក៖ លទ្ធផលទាំងអស់ គឺដោយសារតែភាពកំរោលចូលរបស់ «លោកប៉ាធាន» ដែលមានមាត់អត់គំរប មានដៃតែរពឹសខុសរឿង និងមានខួរតែមិនចេះគិត។ កុំបាច់រំលឹកដល់រឿងរពឹសដៃដកបង្គោលតម្រុយព្រំដែន និងជេរលោក ហោ ណាំហុង រហូតមានទោស សូម្បីតែ កឹម សុខា អស់តំណែងថ្មីៗនេះ ក៏ដោយសារតែមាត់អត់គំរបរបស់ សម រង្ស៊ី ដែរ។
ដំណើរជិតដល់មាត់ជ្រោះហើយ។ កន្លងមក សម រង្ស៊ី និយាយថា៖ «ប្តឹងកាន់តែច្រើន កាន់តែល្អ»។ មិនមែនទេ យល់ខុសហើយ! ជាប់បណ្តឹងកាន់តែច្រើន គឺកាន់តែធ្វើឲ្យអស់តម្លៃ។ ការរួមរិតដោយទោសកំហុសនេះ គឺពិតជានាំដល់ការអស់ជីវិតនយោបាយប្រាកដមែន។ «ច្បាប់ទល់នឹងនយោបាយ» វានឹងផ្ញើសារដល់មហាជនថា នៅលើពិភពលោកនេះ ទីណាក៏ដោយ «អ្នកទោស» គឺប្រែថា «ចប់»៕