សុន្ទរកថា និងសេចក្តីដកស្រង់សង្កថា ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ ២០១៧ និង ទិសដៅអនុវត្តបន្តឆ្នាំ ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៦ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា» និងពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ២ (សម្រាប់ឆ្នាំ ២០១៨-២០២១)
[ចាប់ផ្តើមសេចក្តីអធិប្បាយ] សង្ឃឹមថានឹងកែលំអសម្រាប់អ្នកធ្លាក់ពិន្ទុ … ប្រហែលជាតាមបណ្តាខេត្ត ទីក្រុងនានាបានស្តាប់ហើយ ចំណាត់ថ្នាក់មិនថយទេ ប៉ុន្តែ វាបាត់ពិន្ទុ។ នោះជាចំណុច បើនិយាយឲ្យពិតទៅវាគួរតែធ្លាក់ ព្រោះចំណាត់ថ្នាក់ដដែល។ ប៉ុន្តែបាត់ពិន្ទុ មានអ្នកចំណាត់ថ្នាក់ដដែលឡើងពិន្ទុ និងធ្លាក់ពិន្ទុ ប៉ុន្តែ សង្ឃឹមថា ឃើញស្ថានភាពហ្នឹង នឹងយកទៅធ្វើការកែលំអ។ [បញ្ចប់សេចក្តីអធិប្បាយ] – សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ – អង្គសន្និបាតទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៦» ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា» និង «ពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ២» នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអបអរសាទរ និងថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន រហូតសម្រេចបានស្នាដៃជាច្រើន និងទទួលបានជោគជ័យគួរជាទីមោទនៈ ពិសេសបង្កើតបានអច្ឆរិយកម្ពុជា ជាគោលដៅទេសចរណ៍ «វប្បធម៌ និងធម្មជាតិ» ហើយបានធ្វើឱ្យកម្ពុជាយើងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយនៃតំបន់ឤស៊ី និងឤស៊ីឤគ្នេយ៍។ ស្នាដៃ និងលទ្ធផលទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងតួនាទីដ៏មានតម្លៃក្នុងវិស័យសាធារណៈ និងការចូលរួមចំណែកយ៉ាងសំខាន់ពីវិស័យឯកជន និងបងប្អូនប្រជាជន ក្នុងចលនារួមគ្នាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យរីកចម្រើនប្រកបដោយចីរភាព និងការទទួលខុសត្រូវ ដូចជាការរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាត, រមណីយដ្ឋានស្អាត, សេវាល្អ, បដិសណ្ឋារកិច្ចល្អនេះ ជាដើម។ ខ្ញុំក៏សូមកោតសរសើរចំពោះក្រសួង ស្ថាប័ននានា, វិស័យឯកជន, បងប្អូនប្រជាជន និងដៃគូអភិវឌ្ឍ ដែលតែងផ្តល់កិច្ចសហការ និងចូលរួមគាំទ្រយ៉ាងសកម្មចំពោះការងារអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ជាការពិត វិស័យទេសចរណ៍នេះ កំពុងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនជូនជាតិ និងប្រជាជន។…