១. សេចក្តីថ្លែងនៅការជួបជុំកោះពេជ្រ
ហ៊ោមួយ! លេខ ២០ ឈ្នះទេ? បើឈ្នះហ៊ោមួយ! ជយោ គណបក្សប្រជាជនកម្ពុជា!
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា!
ស្វាគមន៍ភ្ញៀវ អ្នកប្រជាធិបតេយ្យនិយមកណ្តាល, ICAPP
ថ្ងៃនេះ យើងធ្វើពិធីបិទយុទ្ធនាការនៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ២១ ថ្ងៃរួចមកហើយ។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន នៃសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជានារាជធានីភ្នំពេញ ហើយក៏សូមស្វាគមន៍ចំពោះវត្តមានពីសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជារាប់សិបម៉ឺននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងស្តាប់ការផ្សាយបន្តផ្ទាល់ មុននឹងការដង្ហែក្បួនបិទយុទ្ធនាការរបស់យើងចាប់ផ្តើម។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម Andrés Pastrana អតីតប្រធានាធិបតី Colombia និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI (Centrist Democrat International) ឯកឧត្តម ហ្សក ឌីវីនីស៊ែ អតីតប្រធានសភាហ្វីលីពីន និងជាសមាជិកស្ថាបនិក ICAPP និង CDI ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត រួមមានអនុប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់។
គណបក្សប្រជាជនប្រមូលផ្តុំសាមគ្គីភាពនៅទូទាំងប្រទេស
ខ្ញុំសូមយកឱកាសនេះ ក្នុងនាមគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា សម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក/ជិកាគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសកម្ពុជា ដែលបានធ្វើយុទ្ធនាការក្នុងរយៈពេល ២១ ថ្ងៃ កន្លងផុតទៅនេះប្រកបដោយការទទួលខុសត្រូវ ក្នុងនាមជាគណបក្ស ដែលមានភាពចាស់ទុំខាងនយោបាយ។ ខ្ញុំក៏សូមសម្តែងនូវការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះសមាជិក/ជិកាគណបក្សប្រជាជនជាង ៥ លាននាក់ ដែលបានចូលរួមនៅក្នុងសកម្មភាពនៃការធ្វើយុទ្ធនាការសម្រាប់ គណបក្សប្រជាជនកម្ពុជាផង ហើយក៏បានគាំទ្ររូបខ្ញុំជាបេក្ខជននាយករដ្ឋមន្រ្តីជាបន្តទៀត។ នេះក៏បានបង្ហាញឲ្យឃើញអំពីសាមគ្គីភាពដ៏រឹងមាំ មិនគ្រាន់តែនៅក្នុងគណៈអចិន្ត្រៃយ៍ ឬគណៈកម្មាធិការកណ្តាល ឬមហាសន្និបាតគណបក្សប៉ុណ្ណោះទេ ក៏ប៉ុន្តែ បក្សយើងបានប្រមូលផ្តុំនូវសាមគ្គីភាពនៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយឯកច្ឆ័ន្ធដើម្បីឲ្យខ្ញុំបន្តក្នុងនាមជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងអាណត្តិក្រោយនេះ។
មិននាំបក្សទៅកាន់បរាជ័យ មិននាំប្រទេសទៅកាន់ថ្លុកឈាមដូចពីអតីតកាល
ខ្ញុំសូមប្រកាសជូនសមាជិក/ជិកាគណបក្សទាំងអស់ថា ខ្ញុំមិននាំបក្សទៅកាន់បរាជ័យនោះទេ ហើយខ្ញុំក៏មិននាំរាជរដ្ឋាភិបាល ឬនាំប្រទេសទៅកាន់ស្ថានភាព នៃថ្លុកឈាម ដូចកាលពីអតីតកាលនោះដែរ។ បងប្អូនទាំងឡាយដែលជាសមាជិក/ជិកា គណបក្សប្រជាជន ពិតជាបានដឹងប្រវត្តិទាំងអស់របស់គណបក្សយើង ដែលបានខិតខំងើបឈរឡើងទាំងត្រដាបត្រដួស តាំងពីចំនួន ៤-៥ នាក់ រហូតដល់រាប់សិបនាក់ ដល់រាប់រយនាក់ ដល់រាប់ពាន់រាប់ម៉ឺននាក់ ឥឡូវដល់រាប់លាននាក់ ដែលបានក្លាយទៅជាកម្លាំងតែមួយគត់ ដើម្បីដោះស្រាយជោគវាសនារបស់ប្រទេសជាតិ ជិត ៤០ ឆ្នាំ នៃការគ្រប់គ្រងអំណាច និងជាង ៤០ ឆ្នាំ នៃការតស៊ូរបស់យើង។ បក្សយើងបានរីកធំធាត់ ជាមួយនឹងចលនារបស់ប្រជាជននៅទូទាំងប្រទេស ក្នុងនោះ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះសមាជិក/ជិកាគណបក្សប្រជាជនកម្ពុជានៅគ្រប់ទិសទី និងគ្រប់ជំនាន់ ដែលបានចូលរួមជាមួយខ្ញុំ និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជន ដើម្បីនាំប្រទេសជាតិមកកាន់ដំណាក់កាលនេះ។ ខ្ញុំសូមសច្ចាចំពោះបងប្អូនជនរួមជាតិ ជាពិសេស ចំពោះសមាជិក/ជិកានៃគណបក្សប្រជាជនកម្ពុជាថា ខ្ញុំមិនធ្វើឲ្យបក្ស និងសមាជិក/ជិកា ដែលជាអ្នកគាំទ្រ មានការខកចិត្តដោយសារទង្វើខុសឆ្គងណាមួយខាងនយោបាយ ឬខាងសីលធម៌នោះឡើយ។
កោតសរសើរបក្សទាំង ១៩ ដែលគាំទ្រដំណើរការប្រជាធិបតេយ្យ
បន្ថែមលើនេះ ខ្ញុំក៏សូមយកឱកាសនេះ ក្នុងនាមជាបក្សកាន់អំណាច ជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរចំពោះបណ្តាបក្សនយោបាយ និងអ្នកគាំទ្រ ដែលបានធ្វើយុទ្ធនាការស្វែងរកការគាំទ្រនៅគ្រប់ទិសទី បង្ហាញពីការគាំទ្រនៃដំណើរការប្រជាធិបតេយ្យ។ ពិតមែនហើយ បក្សយើងធ្វើយុទ្ធនាការរកសម្លេងឆ្នោត ក៏ប៉ុន្តែ យើងក៏មិនត្រូវភ្លេចថា ក្នុងនាមជាបក្សកាន់អំណាច ក្នុងនាមជានាយករដ្ឋមន្រ្តីនៅក្នុងតំណែង យើងតែងតាមដាន ពិនិត្យមើលឲ្យបានដិតដល់ ជាមួយនឹងសុខទុក្ខ និងកិច្ចការទាំងឡាយ ដែលចូលរួមនៅក្នុងដំណើរការពាក់ព័ន្ធនឹងការបោះឆ្នោត ក្នុងនោះ ក្រៅពីគណបក្សប្រជាជន នៅមានគណបក្ស ១៩ ផ្សេងទៀត ដែលបានធ្វើចលនាឃោសនាបោះឆ្នោត ហើយថ្ងៃនេះ បានរួមអនុវត្តច្បាប់ នីតិវិធី និងបទបញ្ជារបស់គ.ជ.ប ក៏បានធ្វើពិធីបិទដូចៗគ្នា។
កោតសរសើរអាជ្ញាធរគ្រប់ថ្នាក់ ក្នុងការរក្សាសន្តិសុខដល់ការធ្វើយុទ្ធនាការ
នៅក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលការពារបានយ៉ាងល្អប្រសើរនូវសន្តិសុខសម្រាប់យុទ្ធនាការ នៃការបោះឆ្នោត ដែលបង្ហាញឲ្យឃើញពីបរិយាកាសនយោបាយអព្យាក្រឹត្យ សម្រាប់ការបោះឆ្នោតមួយដោយសេរី។ ដូចដែលខ្ញុំបានបញ្ជាក់អម្បាញ់មិញនេះ យើងគិតដល់ការឈ្នះរបស់គណបក្សប្រជាជន ក៏ប៉ុន្តែ យើងមិនត្រូវភ្លេចថា យើងជាគណបក្សដែលត្រូវមានភារកិច្ចទទួលខុសត្រូវ ក្នុងនាមជាអាជ្ញាធរ ក្នុងនាមជារដ្ឋបាលសាធារណៈ បង្កើតឡើងនូវបរិយាកាសនយោបាយអព្យាក្រឹត្យ សម្រាប់ការបោះឆ្នោត។
នៅកម្ពុជា មិនមានហឹង្សាខាងនយោបាយ ឬការវាយប្រហារពីភេរវកម្មណាមួយនោះទេ
ក្នុងរយៈពេលកន្លងទៅនេះ គណបក្សទាំងអស់សុទ្ធតែបានធ្វើសកម្មភាព ទោះបីតូចក្តីធំក្តី។ សេរីភាពនៃការធ្វើសកម្មភាពទាំងនោះ សុទ្ធតែត្រូវបានធានានៅគ្រប់ទីកន្លែង ដែលពុំមានធ្វើឲ្យមានការស្លាប់មនុស្ស ឬរបួសស្នាម និងបង្កើតនូវជម្លោះធំដុំណាមួយនោះទេ។ យើងបានដឹងហើយថា ពីម្សិលម្ង៉ៃ និងពីម្សិលមិញនេះ មានការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅប៉ាគីស្ថាន ហើយដែលការបោះឆ្នោតនោះពោរពេញទៅដោយហឹង្សា និងការវាយប្រហារដោយភេរវកម្ម។ ប៉ុន្តែ នៅប្រទេសរបស់យើង ពុំមានហឹង្សាខាងនយោបាយណាមួយកើតឡើងទេ រាប់ទាំងអំពើភេរវកម្ម ដែលគំរាមកំហែងដល់ជីវិតប្រជាជន។
អរគុណអាជ្ញាធរ កម្លាំងប្រដាប់អាវុធ សង្គ្រោះជីវិតប្រជាជន ដែលរងគ្រោះដោយទឹកជំនន់
ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត ស្រុក ឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានជួយប្រជាជននៅក្នុងកាលៈទេសៈ នៃយុទ្ធនាការឃោសនាបោះឆ្នោត ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នាក៏មានគ្រោះទឹកជំនន់បានកើតឡើង ទាំងជំនន់ទឹកភ្លៀង ទាំងជំនន់ទឹកទន្លេ។ ក្រៅពីយុទ្ធនាការឃោសនាបោះឆ្នោត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់ប្រភេទ បានជម្លៀសប្រជាជន និងជួយទៅដល់ប្រជាជន ដែលមកដល់ពេលនេះម៉ោងនេះ មិនទាន់មានប្រជាជនណាមួយស្លាប់ដោយសារការខ្វះការយកចិត្តទុកដាក់នោះទេ។ សូម្បីតែនៅក្នុងខេត្តស្ទឹងត្រែងដែលមានការបាក់ទំនប់ពីប្រទេសឡាវ បានលិចនូវស្រុកមួយ កងទ័ព អាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើងបានជម្លៀសប្រជាជនមកកាន់ទីទួលសុវត្ថិភាព នៅស្រុកសៀមប៉ាង។
ផ្ទេរទីតាំងបោះឆ្នោតពីកន្លែងលិចលង់ មកកាន់ទីទួលសុវត្ថិភាព
ខ្ញុំក៏បានសួរបញ្ជាក់ថា តើមានលទ្ធភាពនឹងអាចធ្វើការបោះឆ្នោតបានឬទេ? អភិបាលខេត្តបានទាក់ទងជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្នាក់ខេត្ត ដើម្បីផ្ទេរកន្លែងនៃការបោះឆ្នោតពីទីកន្លែងដែលលិចលង់នោះ មកកាន់ទីទួលសុវត្ថិភាព ដើម្បីឲ្យប្រជាពលរដ្ឋនៅតាមទីកន្លែងដែលបានជម្លៀស បានទៅបោះឆ្នោត។ ខ្ញុំពិតជាមានមោទនភាពជាមួយនឹងការទទួលខុសត្រូវរបស់សមាជិក/ជិការបស់គណបក្សប្រជាជនកម្ពុជានៅក្នុងក្របខណ្ឌនៃការកាន់មុខនាទីរដ្ឋបាលថ្នាក់ខេត្ត រាជធានី កងកម្លាំងប្រដាប់អាវុធដែលមានការទទួលខុសត្រូវនៅក្នុងការគ្រប់គ្រងសភាពការណ៍ នៅក្នុងរយៈពេលដ៏លំបាក គឺរយៈពេលនៃគ្រោះទឹកជំនន់ ដែលបង្កឡើងដោយទឹកភ្លៀង និងទឹកទន្លេ។
មានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបរក្សាបាននូវសន្តិភាព
បងប្អូនជនរួមជាតិ សមាជិក/ជិកានៃគណបក្សប្រជាជនកម្ពុជា នេះជាសេចក្តីថ្លែងការណ៍របស់ខ្ញុំ ពាក់ព័ន្ធទៅនឹងដំណើរនៃការបិទយុទ្ធនាការ ដែលសម្រាប់គណបក្សយើង យើងបានដាក់ចេញរួចមកហើយ ប្រកាសកម្មវិធីនយោបាយជូនគណបក្សប្រជាជន ដើម្បីសុំការគាំទ្រពីសំណាក់ប្រជាជនរបស់យើង។ នៅថ្ងៃបើកយុទ្ធនាការ ខ្ញុំក៏បានបញ្ជាក់ទៅលើចំណុចមួយចំនួនបន្ថែមទៀត ដែលពេលនេះ ពុំមានតម្រូវការចាំបាច់ណាមួយ ដើម្បីឲ្យខ្ញុំបញ្ជាក់ឡើងវិញទាំងស្រុងនោះទេ។ អ្វីដែលខ្ញុំចង់បញ្ជាក់នៅទីនេះ គណបក្សរបស់យើងផ្តល់អាទិភាពសំខាន់ជាងគេ គឺសន្តិភាព និងការអភិវឌ្ឍ ដែលជាចុងខ្សែ ២ នៃចំណងមួយ។ មានសន្តិភាព ទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍ ទើបរក្សាបាននូវសន្តិភាព។ នេះជាចំណុចអាទិភាពនៃគោលនយោបាយរបស់គណបក្សប្រជាជន ទាំងមុនទាំងក្រោយ និងទៅពេលអនាគត។ សន្តិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់សន្តិភាព។
យកជីវិតធ្វើជាទុន ទាញយកសន្តិភាព ដែលបានអវត្តមានតាំងពីថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ មកវិញ
សម្រាប់សន្តិភាព គណបក្សយើងបានខិតខំធ្វើកិច្ចការដ៏សំខាន់រួចមកហើយ ដែលក្នុងហ្នឹងដំណាក់កាលធំៗជាច្រើនត្រូវបានរំលឹក នោះគឺជាការយកជីវិតធ្វើដើមទុន រំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍។ ចំណុចនេះ យើងអាចមើលឃើញបានតាមរយៈដំណើរវិវឌ្ឍជាជំហានៗរបស់គណបក្សប្រជាជនកម្ពុជា។ យើងបានយកជីវិតធ្វើដើមទុន ដើម្បីទាញត្រឡប់នូវសន្តិភាព ដែលបានអវត្តមានតាំងពីថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ ដែលជាថ្ងៃរដ្ឋប្រហារ គាំទ្រដោយប្រទេសក្រៅ ផ្តួលរំលំសម្តេចព្រះនរោត្តមសីហនុ បង្កើតឡើងនូវសង្គ្រាមនៅទូទាំងប្រទេស។
បញ្ចប់ និងទប់ស្កាត់របបប្រល័យពូជសាសន៍, ចរចាសន្តិភាព និងអនុវត្តនយោបាយឈ្នះឈ្នះ
សមាជិក/ជិកាគណបក្សប្រជាជនកម្ពុជាបានរួមគ្នាខិតខំងើបឈរឡើង រំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ដែលចាត់ទុកថាជាគ្រឹះដ៏សំខាន់មួយនៃការរស់រានមានជីវិតឡើងវិញ ហើយជាសិទ្ធិមនុស្សដ៏សំខាន់ គឺសិទ្ធិរស់រានមានជីវិតប្រកបដោយភាពថ្លៃថ្នូរ។ យើងបានបន្តខិតខំទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងបានខិតខំចរចាស្វែងរកដំណោះស្រាយតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ យើងក៏បានខិតខំអនុវត្តនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពទឹកដី ដែលឆ្នាំនេះគឺជាខួបលើកទី ២០ នៃថ្ងៃដែលយើងបានបញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវការឯកភាពទឹកដីដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
សុខចិត្តបង់ថ្លៃមួយចំនួន តែមិនអនុញ្ញាតឲ្យមានសង្គ្រាមឡើងវិញ
ចុងក្រោយនេះ យើងក៏បានអនុវត្តនូវវិធានការច្បាប់ កំចាត់ពួកក្បត់ជាតិ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយនាំប្រទេសទៅកាន់សង្គ្រាមវិញ។ យើងប្តូរផ្តាច់ជាមួយនឹងការរក្សានូវសន្តិភាព ទោះត្រូវបង់ថ្លៃយ៉ាងណាក៏ដោយ។ តម្លៃអ្វីក៏យើងអាចបង់បាន ប៉ុន្តែយើងមិនត្រូវបង់ថ្លៃដោយជីវិតមនុស្សនោះទេ។ ចំណុចនេះ គេអាចមើលឃើញបាន។ យើងផ្តន្ទាទោសចំពោះអ្នកដែលបានប្រព្រឹត្តនូវអំពើបំផ្លាញសន្តិសុខជាតិ ហើយប្រសិនបើយើងមិនបំផ្លាញចោលពួកនេះ ដោយកណ្តាប់ដៃច្បាប់នោះទេ ប្រហែលជាពេលនេះ ម៉ោងនេះ ប្រទេសកម្ពុជាស្ថិតក្នុងកាលៈទេស
ៈនៃសង្គ្រាមមួយដ៏ជាក់លាក់។ បច្ចុប្បន្ននេះ ជាពិសេសប្រជាជននៅរាជធានីភ្នំពេញ បាននិយាយយ៉ាងច្រើនពាក់ព័ន្ធនឹងភាពខុសគ្នាពីដំណាក់កាលមុន។ ឆ្នាំនេះនៅពេលយុទ្ធនាការនៃការបោះឆ្នោត ដីពុំមានធ្លាក់ចុះទេ ចំណូលរបស់រដ្ឋនៅតែបន្តកើនឡើងឥតឈប់ឈរ។ កាលពីអាណត្តិមុនៗ នៅពេលនេះ មានការភ័យព្រួយចំពោះអសន្តិសុខ ដែលអាចកើតឡើងមកពីជម្លោះនយោបាយ។ យើងបានជម្លៀសនូវជម្លោះទាំងនោះ តាមរយៈនៃការអនុវត្តវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ដើម្បីការពារនូវសុខសន្តិភាព នូវឯករាជ្យ អធិបតេយ្យភាពរបស់ប្រទេសរបស់យើង។ យើងអាចនិយាយបានថា នេះជាជម្រើសល្អបំផុត។ យើងសុខចិត្តបង់ថ្លៃមួយចំនួន ប៉ុន្តែយើងមិនអនុញ្ញាតឲ្យមានសង្គ្រាមឡើងវិញដែលបំផ្លិចបំផ្លាញដល់ជីវិតមនុស្ស ដែលជាសិទ្ធិដំបូងនៃសិទ្ធិរបស់ពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិតឡើងវិញ។
២ ទស្សវត្សរ៍ជាប់គ្នា អត្រាកំណើនសេដ្ឋកិច្ចមាន ៧,៧%
ដូច្នេះ សន្តិភាពសម្រាប់ទាំងអស់គ្នា ហើយទាំងអស់គ្នាសូមរក្សាសន្តិភាព។ សម្រាប់ការអភិវឌ្ឍ បងប្អូនទាំងអស់គ្នាពិតជាបានយល់ច្បាស់ហើយ មិនគ្រាន់តែសមាជិក/ជិការបស់គណបក្សប្រជាជន ហើយនឹងអ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះទេ សូម្បីតែអ្នកកាន់គណបក្សនយោបាយផ្សេង ធ្វើគណបក្សនយោបាយផ្សេង សុទ្ធតែបានដឹងអំពីការប្រែប្រួលនៃជីវភាពរស់នៅរបស់ខ្លួន ក្នុងរយៈពេលដែលគណបក្សប្រជាជនគ្រប់គ្រងអំណាច ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩។ យើងបានដាក់ចេញ និងអនុវត្ត ហើយទទួលជោគជ័យរួចមកហើយ នៅក្នុងរយៈពេល ២ ទស្សវត្សរ៍ជាប់គ្នាជា អត្រាកំណើនសេដ្ឋកិច្ច ៧,៧% ហើយនៅក្នុងកាលៈទេសៈនៃវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលចុងក្រោយនេះ សេដ្ឋកិច្ចរបស់យើងនៅរីកលូតលាស់ក្នុងអត្រា ៧% ក្នុងមួយឆ្នាំ។ អត្រានៃភាពក្រីក្រក៏បានធ្លាក់ចុះជាង ១% ក្នុងមួយឆ្នាំ រហូតមកដល់ពេលនេះ យើងមិនទាន់បានធ្វើអង្កេតឡើងវិញទេ ប៉ុន្តែតាមការប៉ាន់ស្មាន អត្រានៃភាពក្រីក្ររបស់កម្ពុជានៅម្តុំ ៩% ប៉ុណ្ណោះ។
ទៅចំណូលមធ្យមកំរិតខ្ពស់ ឆ្នាំ ២០៣០៖ ខ្មែរអាចធ្វើបាន
នេះគឺជាការផ្សារភ្ជាប់ខ្លួនរបស់គណបក្សប្រជាជន ជាមួយនឹងគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់ខ្លួន ដែលបានដាក់ចេញសម្រាប់ប្រជាជន ក្នុងនោះមានខ្ញុំជានាយករដ្ឋមន្ត្រី ដែលបានបម្រើការអស់រយៈពេលជាង ៣៣ ឆ្នាំរួចមកហើយ។ ខ្ញុំពិតជាមានមោទនភាពជាមួយចំពោះការគាំទ្រទាំងអស់ របស់សមាជិក/ជិកានៃគណបក្សប្រជាជន ដែលធ្វើឲ្យជីវភាពរបស់ប្រជាជនកើនឡើង ដែលនាំប្រទេសពីភាពក្រីក្រតោកយ៉ាក ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានមហិច្ចតានឹងនាំប្រទេសឲ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ យើងជឿជាក់ថាខ្មែរអាចធ្វើបាន។
ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីពឹងពាក់វិស័យកសិកម្ម ទៅជម្រុញឧស្សាហម្ម និងសេវា បន្ថែម
យើងបានដាក់ចេញនូវគោលនយោបាយតាមវិស័យ និងអនុវិស័យ ដែលមានភាពប្រទាក់ក្រឡាគ្នា ហើយអនុវត្តជោគជ័យជាជំហានៗ រួចមកហើយ ទាំងវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវា ដែលមកដល់ពេលនេះ វិស័យកសិកម្មមានចំណែក ២៥% វិស័យឧស្សាហកម្មមានចំណែក ៣០% និងវិស័យសេវាកម្មមានចំណែក ៤៥%។ យើងកំពុងតែធ្វើឲ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយពីការពឹងពាក់យ៉ាងខ្លាំងលើវិស័យកសិកម្ម ទៅជាប្រទេសដែលកំពុងបន្តការអភិវឌ្ឍវិស័យកសិកម្ម ផ្តោតអទិភាពទៅលើវិស័យកសិកម្ម។ ក៏ប៉ុន្តែយើងក៏ត្រូវជម្រុញវិស័យឧស្សាហម្ម និងវិស័យសេវា ដែលជាវិស័យនាំមកនូវការរីកលូតលាស់សម្រាប់ប្រទេសជាតិរបស់យើង។
បន្តផ្តល់អាទិភាពលើវិស័យ ៤
ដើម្បីសម្រេចនូវគោលដៅនេះ យើងនៅតែផ្តល់អទិភាព ៤ យ៉ាង សម្រាប់ការវិនិយោគបន្តទៅទៀត ក្នុងនោះទី ១៖ វិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពសំខាន់នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដូច្នេះប្រសិនបើគណបក្សប្រជាជនឈ្នះឆ្នោតបន្ត ហើយក្នុងមុនតំណែងជានាយករដ្ឋមន្ត្រី ខ្ញុំនឹងបន្តផ្តល់អាទិភាពសំរាប់ការបណ្តុះបណ្តាលធនធានមនុស្ស បន្តផ្តល់វិភាជន៍ថវិកាទៅកាន់វិស័យអប់រំ និងសុខាភិបាល ឲ្យកាន់តែច្រើនដើម្បីធានាថា កូនខ្មែរទាំងអស់ត្រូវមានចំណេះដឹង មានវិជ្ជាជ្រៅជ្រះសម្រាប់ដោះស្រាយបញ្ហាប្រទេសជាតិ …។
អាទិភាពទី ២៖ ការកសាងផ្លូវ ដែលជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ រួមមានផ្លូវដែក ផ្លូវគោក និងការធ្វើដំណើរដទៃទៀតរាប់ទាំងផ្លូវទឹក និងផ្លូវអាកាស ដែលជាផ្នែកដ៏សំខាន់នៃទំនាក់ទំនងដឹកជញ្ជូនរបស់យើង។
ឯអាទិភាពទី ៣៖ ការដោះស្រាយទឹក ហើយការដោះស្រាយទឹកវាមិនមែនគ្រាន់ជាបញ្ហាទឹកដើម្បីទទួលទាននោះទេ យើងដោះស្រាយទាំងទឹកសម្រាប់ការទទួលទានរបស់ប្រជាពលរដ្ឋ តាមរយៈការដោះស្រាយទឹកស្អាត និងមួយផ្នែកសំខាន់គឺត្រូវដោះស្រាយប្រព័ន្ធស្រោចស្រព ដើម្បីជម្រុញវិស័យកសិកម្មរបស់យើង។
ឯអាទិភាពទី ៤៖ យើងបន្តការដោះស្រាយលើបញ្ហាអគ្គិសនី ដែលជាបញ្ហាសំខាន់មួយក្នុងបញ្ហាសំខាន់ផ្សេងទៀត ដើម្បីជម្រុញការលូតលាស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវា។ នេះជាបញ្ហាការថ្លែងត្រួសៗអំពីអាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៦។ បើសិនជាគណបក្សប្រជាជនបន្តការឈ្នះឆ្នោតនៅថ្ងៃខានស្អែកនេះ។
ការបន្ធូរបន្ថយពន្ធ និងមិនយកពន្ធលើដីកសិកម្ម គឺជាគោលនយោបាយគាំទ្រដល់ជនក្រីក្រ
យើងបន្តនយោបាយមិនយកពន្ធលើដីកសិកម្ម ព្រមទាំងបន្តជួយកសិករលើការដោះស្រាយទឹក ក៏ដូចជាទីផ្សារកសិផល និងការងារផ្សេងទៀត ធ្វើឲ្យចំណូលរបស់កសិករកើនឡើង។ ការបន្ធូរបន្ថយពន្ធ និងការលុបចោលពន្ធមួយចំនួនគឺជាគោលនយោបាយគាំទ្រដល់អ្នកក្រីក្រផង ជម្រុញដល់ផលិតកម្មផង និងដើម្បីបង្កើននូវប្រាក់ចំណូលកាន់តែខ្ពស់ដល់កម្មករ/កម្មការិនី ដែលធ្វើការនៅតាមរោងចក្រសហគ្រាសផង។
អន្តរសកម្មនៃតម្លៃភ្លើង និងទឹក
ការបញ្ចុះថ្លៃអគ្គិសនី និងបានជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប ហើយតាមរយៈនៃការបញ្ចុះថ្លៃអគ្គិសនី ខ្ញុំក៏សូមយកឱកាសនេះដើម្បីបញ្ជាក់ជូនថា ក្នុងនាមជាអនាគតនៃនាយករដ្ឋមន្ត្រីបន្ត ខ្ញុំនឹងបញ្ជាទៅស្ថាប័នពាក់ពន្ធ័ ជាពិសេសក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យរកវិធីបញ្ចុះថ្លៃទឹកបន្ថែមទៀត។ ថ្លៃភ្លើងវាក៏ជាផ្នែកមួយដែលទាក់ទងទៅដល់តម្លៃទឹក។ នៅពេលដែលតម្លៃភ្លើងត្រូវបានធ្លាក់ចុះ នៅពេលខាងមុនតម្លៃទឹកក៏ត្រូវមានការចុះទៅតាមនោះដែរ ទោះបីតិចទោះបីច្រើន ព្រោះថាទឹកនៅកន្លែងនីមួយៗមិនដូចគ្នានោះទេ។ កន្លែងខ្លះត្រូវប្រើប្រាស់នូវថ្លៃដើមខ្ពស់ និងកន្លែងខ្លះនៅមានថ្លៃដើមទាប ដែលមានតម្លៃលក់នៅតាមទីកន្លែងខុសៗគ្នា។ ការបញ្ចុះថ្លៃអគ្គិសនីវាក៏នាំមកនូវភាពប្រកួតប្រជែង រវាងកម្ពុជាជាមួយប្រទេសជិតខាង។ ដែលក្នុងនោះការបញ្ចុះថ្លៃអគ្គិសនី វាមិនគ្រាន់តែសម្រួលទៅដល់ម្ចាស់រោងចក្រ ម្ចាស់សណ្ឋាគារ និងម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រាក់ដែលចំណេញអំពីការបញ្ចុះថ្លៃអគ្គិសនី វានឹងបានទៅជាផលប្រយោជន៍ដែលដំឡើងប្រាក់បៀវត្សរ៍សម្រាប់កម្មករ/ការិនី ដែលធ្វើការនៅទីនោះ។
ការដាក់ចេញនូវគោលនយោបាយថ្មី លើវិស័យគាំពារសង្គម
យើងបន្តជាមួយគោលនយោបាយថ្មីលើវិស័យគាំពារសង្គម ដោយផ្តល់អាទិភាពលើស្រ្តីដែលមានផ្ទៃពោះឆ្លងទន្លេ និងកូនខ្ចី ដោយគោលនយោបាយផ្តល់សាច់ប្រាក់ ដែលមកដល់ពេលនេះយើងបានកំពុងអនុវត្ត ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងកម្មការិនីដែលធ្វើការតាមរោងចក្រ។ នៅឆ្នាំខាងមុននេះ យើងនឹងអនុវត្តចំពោះស្រ្តីក្រីក្រ ដែលនឹងទទួលបាននូវផលប្រយោជន៍នៃគោលនយោបាយផ្តល់សាច់ប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះ និងឆ្លងទន្លេរហូតទៅដល់ពេលស្រ្តីដែលមានកូនអាយុ ២ ឆ្នាំ។
ចាប់ពីខែ មករា ឆ្នាំ ២០១៩ ខាងមុខនេះប្រាក់បៀវត្សត្រូវបើករៀងរាល់ ២ សប្តាហ៍ម្តង
យើងបន្តខិតខំបង្កើនបៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបៀវត្សរ៍របស់កម្មករក្នុងវិស័យឯកជន អមដោយវិធានការចាប់ពីឆ្នាំ ២០១៩ តទៅ នោះមិនមែនជាប្រាក់បៀវត្សរ៍ប្រចាំខែទៀតទេ គឺជាប្រាក់បៀវត្សរ៍ប្រចាំសប្តាហ៍តែម្តង។ ខ្ញុំបានដឹងថារោងចក្រមួយចំនួន បានអនុវត្តការបើកប្រាក់ខែ ២ សប្តាហ៍ម្តងរួចទៅហើយ។ ឥឡូវនេះយើងបន្តហើយអំពាវនាវឲ្យម្ចាស់រោងចក្រសហគ្រាសគ្រប់ទីកន្លែងទាំងអស់ប្រុងប្រៀបពីឥឡូវ ក្រសួងស្ថាប័នរបស់រដ្ឋក៏ត្រូវប្រុងប្រៀបពីឥឡូវ ដោយត្រូវចាប់ដំណើរការនូវការបើកបៀវត្សរ៍ក្នុង ២ សប្តាហ៍ម្តង ចាប់ពីខែ មករា ឆ្នាំ ២០១៩ តទៅ។
ហ៊ុន សែន ជាមនុស្សគណបក្សប្រជាជន ជាបុគ្គលសាធារណៈដែលប្រជាពលរដ្ឋស្រឡាញ់
បងប្អូនជនរួមជាតិជាទីស្នេហា! ថ្ងៃនេះក្បួនរបស់យើង មិនដង្ហែទៅតាមរថយន្តនោះទេ។ យើងអាចធ្វើដំណើររួមគ្នា ពីទីនេះទៅកាន់វត្តបទុម ហើយយើងទៅ Selfie នៅមុខវត្តបទុមល្អជាងនៅទីនេះ។ អ្នកទាំងអស់គ្នាពិតជាបានដឹងហើយថា ខ្ញុំជាមនុស្សរបស់គណបក្សប្រជាជន ហើយជាមនុស្សសាធារណៈ ដែលមនុស្សគ្រប់គ្នាអាចថតរូបជាមួយខ្ញុំបាន។ តាមដឹង ថ្ងៃនេះ ក្រៅសិល្បករ សិល្បការិនី ដែលមកឈរនៅទីនេះ ក៏មាននូវការប្រគុំតន្រ្តីនៅមុខវត្តបទុម។ នៅទីនោះ មិនប្រាកដ(ថា) ខ្ញុំអាចរាំ ឬទេ ក៏ប៉ុន្តែ អ្វីដែលច្បាស់ គឺខ្ញុំមានសេចក្ដីថ្លែងការណ៍ថ្មីមួយទៀតនៅទីនោះ ព្រោះថ្ងៃនេះ យើងមានការជួបជុំដើម្បីបង្កើតទៅជាស្ថានភាពនៃសមុទ្រមនុស្ស។ នៅទីនេះ មានរាប់ម៉ឺននាក់ដែលកំពុងឈរ ហើយក៏មានរាប់ម៉ឺននាក់នៅខាងក្រៅ ដែលខ្ញុំធ្វើដំណើរមកអម្បាញ់មិញបានជួប។ យើងធ្វើដំណើររួមគ្នាចេញពីទីនេះ ទៅកាន់ការជួបជុំនៅកន្លែងដែលត្រូវជួបជុំនៅវត្តបទុម។
រំលឹក អនុសាសន៍ ៦ ចំណុច ចំពោះជនរួមជាតិ សមាជិក/ជិកាគណបក្សប្រជាជនកម្ពុជា
ប៉ុន្តែមុនពេលចេញដំណើរ អនុញ្ញាតអោយខ្ញុំសុំរំលឹកចំពោះបងប្អូនជនរួមជាតិ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាលើចំណុចមួយចំនួន ដូចតទៅ៖
ទី ១ គោរពអោយបានម៉ឺងម៉ាត់នូវច្បាប់ បញ្ជា និងនីតិវិធីនៃការបោះឆ្នោត រហូតដល់ការបោះឆ្នោតហើយជាស្ថាពរ។ ថ្ងៃស្អែក គឺជាថ្ងៃស្ងប់ស្ងាត់ … តាមការកំណត់ នៅយប់នេះ សូមអោយសមាជិក/ជិកាគណបក្សប្រជាជនកម្ពុជារបស់យើង បញ្ឈប់ការធ្វើយុទ្ធនាការនៅមុនម៉ោង ១០ យប់។ នេះគឺជាការទទួលខុសត្រូវក្នុងការគោរពច្បាប់របស់គណបក្សនយោបាយ ដែលមានភាពចាស់ទុំ និងមានសមាជិកដ៏ថ្លៃថ្នូររបស់យើង។ ត្រូវខិតខំគោរពបទបញ្ជា នីតិវិធី និងការកំណត់នានា ដែលច្បាប់បោះឆ្នោតបានកំណត់ ឬក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ ត្រូវគោរពអោយខានតែបាន។
ទី ២ សុំកុំពិសារស្រា គ្រឿងស្រវឹង និងលក់គ្រឿងស្រវឹង នៅថ្ងៃទី ២៨ និងថ្ងៃទី ២៩ ស្អែក និងខានស្អែកនេះ ដូចដែលសារាចរណែនាំ ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី បានជម្រាបជូនជនរួមជាតិហើយ សូមមេត្តាកុំលក់គ្រឿងស្រវឹង ហើយកុំផឹកគ្រឿងស្រវឹងនៅក្នុងពេលនៃការបោះឆ្នោត។ សុំបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ សូមរង់ចាំក្រោយម៉ោង ១២ យប់ ថ្ងៃទី ២៩ … យើងខិតខំបញ្ចៀសមិនអោយមានហឹង្សាណាមួយកើតឡើងដោយសារតែការស្រវឹង។ វាមិនមែនគ្រាន់តែជាបញ្ហាទប់ស្កាត់ជម្លោះនោះទេ ក៏ប៉ុន្តែខ្ញុំសង្ឃឹមថា នៅក្នុងពេលវេលាដែលមិនលក់ស្រា មិនលក់គ្រឿងស្រវឹង នៅក្នុងពេលវេលាដែលមិនមានអ្នកផឹកគ្រឿងស្រវឹង គ្រោះថ្នាក់ចរាចរណ៍នឹងត្រូវទប់ស្កាត់បាន នៅក្នុងថ្ងៃទី ២៨ និង ២៩ នេះ។
ទី ៣ សូមសមាជិក/ជិកាគណបក្ស និងអ្នកគាំទ្រទាំងអស់ ពិនិត្យ ផ្ទៀងផ្ទាត់ និងផ្ទៀងឯកសារម្នាក់ៗ សម្រាប់ក្រុមគ្រួសារ ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខានស្អែកនេះ។ សូមពិនិត្យអោយបានច្បាស់ សូមកុំអោយទៅដល់ទីកន្លែងបោះឆ្នោត បែរជាភ្លេចអត្តសញ្ញាណប័ណ្ណ។ សុំកុំអោយមានការលំបាកក្នុងការស្វែងរកទីតាំងដែលខ្លួនត្រូវធ្វើការបោះឆ្នោត។ នៅក្នុងគេហទំព័រក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏អាចស្វែងរកនូវព័ត៌មាននោះ ក៏ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចែកជូននូវប័ណ្ណព័ត៌មាន សម្រាប់អ្នកបោះឆ្នោតរួចហើយ។ ឥឡូវនេះ អ្វីដែលសំខាន់ ឯកសារដែលពាក់ព័ន្ធទាំងឡាយ ជាពិសេសអត្តសញ្ញាណប័ណ្ណ ត្រូវប្រុងប្រៀបអោយបានគ្រប់ៗគ្នា។ ក្នុងករណីដែលមានការបាត់បង់ ក៏ត្រូវបំពេញបែបបទយ៉ាងណា តាមការណែនាំរបស់គណៈ
កម្មាធិការជាតិរៀបចំការបោះឆ្នោត សុំអោយមានការរៀបចំសម្រាប់ម្នាក់ៗ អោយបានគ្រប់គ្រាន់។
ទី ៤ សូមចំណាំសញ្ញាគណបក្ស និងលេខរៀងគណបក្សអោយបានច្បាស់។ គណបក្សយើង មានសញ្ញា “ទេវតាបាចផ្កា” និងឈរនៅលេខរៀងទី “២០” ដែលជាលេខរៀងងាយចាំ ងាយគិត ងាយគូសអោយចំកន្លែង ដែលគេតម្រូវអោយគូសនៅលើសន្លឹកឆ្នោត។ ខ្ញុំសូមបញ្ជាក់ជូនត្រង់ចំណុចនេះបន្តិច ដើម្បីជៀសវាងការភាន់ច្រឡំ។ ឆ្នាំនេះ គណបក្សនយោបាយមានច្រើនជាងកាលពីពីរអាណត្តិមុន។ អាណត្តិ ២០០៨ យើងមានតែជាង ១០ គណបក្សតែប៉ុណ្ណោះ។ ឆ្នាំ ២០១៣ យើងមានតែ ៨ គណបក្សនយោបាយប៉ុណ្ណោះ ឥឡូវយើងបានឈានទៅដល់ ២០ គណបក្ស។ ដូច្នេះ នៅផ្នែកខាងក្រោម សូមបងប្អូនសមាជិក/ជិកាគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជន ត្រូវប្រុងប្រយ័ត្នការគូសសន្លឹកឆ្នោត ដែលមិនមែនគូសនៅលេខទី ២០ ប៉ុន្តែបែរជាគូសនៅលេខទី ១០ ឬគូសនៅលេខទី ១៩ វិញ។
នៅផ្នែកខាងក្រោម គឺនៅខាងស្ដាំ ដែលជាចំណុចត្រូវចំណាំនូវទីតាំងនៃការ(គូសសន្លឹកឆ្នោត)នៃការបោះឆ្នោត ព្រោះកាលពីឆ្នាំ ២០០៣ យើងបានជួបករណីនេះ ម្ដងរួចមកហើយ រវាងគណបក្សយើងនៅខាងស្ដាំ និងគណបក្សស្រូវនៅខាងឆ្វេង។ ទីចុងបំផុត សូម្បីតែប្រធានគណបក្សស្រូវ ក៏មានការភ្ញាក់ផ្អើលអំពីការដែលបានសន្លឹកឆ្នោតច្រើនលើសអ្វីដែលជាការរំពឹងទុក។ ក៏ប៉ុន្តែ នោះវាច្បាស់ជាការគូសសម្រាប់គណបក្សប្រជាជននៅខាងស្ដាំ ក៏ប៉ុន្តែគាត់គូសនៅខាងឆ្វេង គឺបានទៅគណបក្សផ្សេង។ ដូច្នេះ សូមបងប្អូនយកចិត្តទុកដាក់ទៅលើបញ្ហានេះ។
ផ្តាំទៅនាយ ឆ្អឹង កោរសក់លេខ ២០ ចេញ មុនចូលទៅកន្លែងបោះឆ្នោត
ប៉ុន្តែខ្ញុំសុំយកឱកាសនេះ ដើម្បីបញ្ជាក់ជូនចំពោះបងប្អូនដែលមានការស្រឡាញ់គណបក្សប្រជាជន រហូតទៅដល់កោរក្បាល ហើយគូសសញ្ញាទេវតា និងលេខ ២០ លើក្បាល គឺ នាយឆ្អឹង តារាកំប្លែងរបស់យើង។
អញ្ចឹងទេ សូមផ្ដាំទៅ នាយឆ្អឹង ផង សូមកោរចេញទៅ ព្រោះគេមិនអោយចូលទៅកន្លែងបោះឆ្នោតទេ គេហាមឃាត់។ អរគុណណាស់ នេះជាការស្រឡាញ់ចំពោះគណបក្ស ក៏ប៉ុន្តែប្រសិនបើយើងមិនយកសញ្ញាគណបក្សចេញពីក្បាលទេ គឺពិតជាមិនអាចបោះឆ្នោតបានទេ។ បើយើងចូលទៅបោះឆ្នោតដោយពាក់មួក គេអោយដោះមួកចេញ។ នេះគ្រាន់តែជាការរំលឹកទៅលើបញ្ហាពាក់ព័ន្ធការប្រើប្រាស់នូវរូបភាពណាមួយ ដែលបង្ហាញទៅអត្តសញ្ញាណគណបក្ស គឺមិនអាចធ្វើទៅបានទេ។
ទី ៥ ខ្ញុំសូមផ្ញើសារជូនចំពោះសមាជិក/ជិកាគណបក្សប្រជាជនកម្ពុជាជាង ៥ លាននាក់នៅទូទាំងប្រទេស ចងចាំថា គណបក្សយើងមានតួនាទីសំខាន់ណាស់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ពិសេសលើការថែរក្សាសន្ដិភាព និងការអភិវឌ្ឍ។ ក្នុងនាមសមាជិកគណបក្សដែលមានវិន័យ និងភាពចាស់ទុំខាងនយោបាយ សូមអញ្ជើញទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា និងបោះអោយចំកន្លែង … សំរាប់សមាជិកបក្ស ធ្វើអោយសមាជិកបក្សម្នាក់ក្លាយទៅជាសន្លឹកឆ្នោតមួយសន្លឹក។
ចូលរួមការបោះឆ្នោតអោយបានគ្រប់គ្នា ជាកាតព្វកិច្ចរបស់សមាជិកបក្ស
ខ្ញុំសុំបញ្ជាក់ជូន ក្នុងនាមសមាជិក/ជិកាគណបក្ស នៅពេលដែលខ្លួនសម្រេចចិត្តធ្វើជាសមាជិក/ជិកាគណបក្ស ខ្លួនត្រូវគោរពទៅដល់លក្ខន្ដិកៈគណបក្ស ដែលក្នុងមហាសន្និបាទទូទាំងប្រទេស សម្រេចចូលរួមធ្វើការចូលរួមបោះឆ្នោតតាមការកំណត់នៃច្បាប់។ ដូច្នេះ របស់ដែលហៅថា “ដេកផ្ទះឈ្នះស្អាត” តាមរយៈការញុះញង់របស់ពួកក្រុមប្រឆាំងក្រៅច្បាប់ មិនមែនជារបស់ដែលសមាជិក/ជិកាបក្សយើងត្រូវគោរពនោះទេ។ របស់ដែលត្រូវគោរព គឺលក្ខន្ដិកៈរបស់គណបក្ស ចូលរួមការបោះឆ្នោតអោយបានគ្រប់ៗគ្នា ដែលជាកាតព្វកិច្ចរបស់សមាជិកបក្ស។ ម្យ៉ាងទៀត សមាជិកបក្សត្រូវបោះឆ្នោតអោយបក្សខ្លួនឯង មិនមែនជាការបោះឆ្នោតអោយបក្សដទៃទេ ព្រោះយើងបានធ្វើសច្ចាប្រណិធាន បានគោរពទៅលើលក្ខន្ដិកៈរបស់បក្ស។ បក្សយើងឈ្នះដោយសារចំនួនសមាជិក/ជិកាគណបក្សរបស់យើងដ៏ច្រើនលើសលប់។ ខ្ញុំផ្ដាំសម្រាប់សមាជិក/ជិកាគណបក្សទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា និងបោះឆ្នោតអោយគណបក្សប្រជាជន។
ទី ៦ ជាចំណុចសំខាន់ … អំពាវនាវចំពោះជនរួមជាតិដែលបានទៅចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ អ្នកដែលចូលរួមទៅបោះឆ្នោត គឺជាអ្នកគាំទ្រនូវលទ្ធិប្រជាធិបតេយ្យ ហើយអ្នកទាំងអស់ដែលគាំទ្រនូវលទ្ធិប្រជាធិបតេយ្យ ពិតជារស់នៅសុខដុមរមនាជាមួយប្រជាជននៅតាមភូមិឃុំ។ ឯអ្នកមិនទៅចូលរួមការបោះឆ្នោត តាមការញុះញង់របស់ពួកក្បត់ជាតិ គឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ (អ្នកទាំង)នោះនឹងអាចមានការសោកស្ដាយ។ ខ្ញុំសូមឲ្យប្រជាពលរដ្ឋរបស់យើងធ្វើការពិចារណា។ ឥឡូវចំនួនភាគច្រើននឹងទៅធ្វើការបោះឆ្នោត ឯចំពោះយើងដែលមិនទៅធ្វើការបោះឆ្នោត តើយើងអាចនឹងរស់នៅឯមូលដ្ឋានជាមួយនឹងពលរដ្ឋដទៃទៀតយ៉ាងម៉េចទៅ? … មានក្រុមចលនាក្រៅច្បាប់ អំពាវនាវឲ្យប្រជាជនប្រើសិទ្ធិមិនទៅចូលរួមបោះឆ្នោត។ យើងសូមបញ្ជាក់ថា អ្នកដែលចូលរួមបោះឆ្នោតទើបជាអ្នកដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។
សូមអាជ្ញាធរពិនិត្យតាមដានចលនានំបញ្ចុកថ្ងៃ ២៨ និង ២៩ ខែកក្កដា
អ្នកដែលមិនចូលរួមការបោះឆ្នោតដោយចេតនា គឺជាអ្នកដែលបំផ្លាញចោលនូវលទ្ធិប្រជាធិបតេយ្យតាមការញុះញង់របស់ពួកចលនាក្រៅច្បាប់នៅក្រៅប្រទេស។ សូមអាជ្ញាធរគ្រប់ទីកន្លែងពិនិត្យមើលចលនានំបញ្ចុកថ្ងៃទី ២៨ និង ២៩ ដែលយើងបានរកឃើញរួចមកហើយ។
អ្នកបោះឆ្នោត គាំទ្រលទ្ធិប្រជាធិបតេយ្យ អ្នកប្រឆាំងការបោះឆ្នោត បំផ្លាញជាតិ និងលទ្ធិប្រជាធិបតេយ្យ
ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋច្រើនលើសលប់នឹងទៅចូលរួមបោះឆ្នោតបំពេញកាតព្វកិច្ចរយៈពេល ៥ ឆ្នាំ ម្ដង។ ប្រទេសរបស់យើងជាប្រទេសដែលអនុវត្ដនូវលទ្ធិប្រជាធិបតេយ្យយ៉ាងទៀងទាត់បំផុត ប្រៀបធៀបជាមួយប្រទេសផ្សេងនៅក្នុងតំបន់។ បន្ទាប់ពីការបោះឆ្នោត ១៩៩៣ យើងបានធ្វើការបោះឆ្នោត ហើយការបោះឆ្នោតនោះ យើងបានកំណត់ការបោះឆ្នោត ៥ ឆ្នាំម្ដង ដោយរដ្ឋធម្មនុញ្ញរបស់យើងបានកំណត់ថា សភាមិនអាចរំលាយមុនអាណត្ដិបានទេ។ សភាមាននីតិកាល ៥ ឆ្នាំ។ លើកលែងតែរដ្ឋាភិបាលត្រូវរំលាយពីរដងក្នុងរយៈពេល ១២ ខែ។ នាយករដ្ឋមន្ដ្រីគ្មានសិទ្ធិនឹងរំលាយរដ្ឋសភានោះទេ។ ច្បាប់បោះឆ្នោតរបស់យើងបានចែងថា រៀងរាល់ ៥ ឆ្នាំម្ដង នាថ្ងៃអាទិត្យ នៅសប្ដាហ៍ទី ៤ (ខែកក្កដា) នឹងត្រូវធ្វើការបោះឆ្នោត។ ដូច្នេះ ៥ ឆ្នាំម្ដង គឺជាថ្ងៃបុណ្យនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ចាំថា មានតែអ្នកចូលរួមបោះឆ្នោតតែប៉ុណ្ណោះដែលជាគាំទ្រលទ្ធិប្រជាធិបតេយ្យ អ្នកប្រឆាំងនឹងការបោះឆ្នោត គឺជាអ្នកបំផ្លាញជាតិ និងលទ្ធិប្រជាធិបតេយ្យ ដែលមិនត្រូវអត់ឱននោះទេ។
មានការឃោសនាអកុសលថាការបោះឆ្នោតធ្វើឡើង ៣ ថ្ងៃ
សូមបញ្ជាក់ថា ការបោះឆ្នោតយើងធ្វើតែមួយថ្ងៃតែប៉ុណ្ណោះ គឺនៅថ្ងៃទី ២៩ ខែកក្កដា ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៣ ល្ងាច។ កន្លងទៅនេះ មានការឃោសនាអកុសលថា ការបោះឆ្នោតនឹងធ្វើទៅរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃ ២៩ ៣០ និង ៣១ ក្នុងគោលដៅទាក់ទាញប្រជាពលរដ្ឋរបស់យើងធ្វើយ៉ាងណារង់ចាំថ្ងៃ ៣០ ឬ ៣១ ដើម្បីទៅបោះឆ្នោត។ នេះជាការបំផ្លិចបំផ្លាញរបស់ពួកថោកទាប … សូមបងប្អូនជនរួមជាតិចាំថា ការបោះឆ្នោតគឺមានត្រឹមតែថ្ងៃ ២៩ ខែកក្កដា ចាប់ពីម៉ោង ៧ ព្រឹក ដល់ ៣ ល្ងាចតែប៉ុណ្ណោះ។
បោះឆ្នោតជូនគណបក្សប្រជាជនគឺដើម្បីសន្ដិភាព និងការអភិវឌ្ឍ
នេះជាអ្វីដែលខ្ញុំសូមបញ្ជាក់មុននឹងការប្រកាសបិទយុទ្ធនាការរបស់យើង។ ជនរួមជាតិជាទីគោរព បើស្រឡាញ់សន្ដិភាព និងការអភិវឌ្ឍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺសម្រាប់សេចក្ដីសុខ និងការរីកចំរើនរបស់ខ្លួនឯង។ ទីបញ្ចប់ ខ្ញុំសូមជូនពរសមាជិក/ជិកាបក្ស និងបងប្អូនជនរួមជាតិជួបតែសេចក្ដីសុខ និងសូមប្រកាសចាប់ផ្ដើមដង្ហែក្បួនយុទ្ធនាការបោះឆ្នោត បិទយុទ្ធនាការបោះឆ្នោតដើម្បីជ័យជម្នះរបស់គណបក្សប្រជាជនយើង។
ជយោព្រះរាជាណាចក្រកម្ពុជា! ជយោ គណបក្សកម្ពុជាដ៏រុងរឿង!យើងទាំងអស់គ្នាត្រូវឈ្នះតទៅទៀតដើម្បីជោគវាសនារបស់យើង!
២. សេចក្ដីថ្លែងនៅមុខវត្តបទុម
រំដោះ និងប្រែប្រទេសពីឈាម និងទឹកភ្នែក ទៅអភិវឌ្ឍ ពីការស្រែកយំ ទៅជាច្រៀងរាំ និងសូត្រធម៌
បងប្អូនជនរួមជាតិ ជាពិសេសសមាជិក/ជិកាគណបក្សប្រជាជនកម្ពុជាដែលចូលរួមនៅថ្ងៃនេះ។ អម្បាញ់
មិញ យើងក៏បានច្រៀង ហើយខ្ញុំក៏បានរាំជាមួយបន្ដិច។ ខ្ញុំចង់គូសបញ្ជាក់ប្រាប់ថា បើគ្មានសន្ដិភាព គ្មានការអភិវឌ្ឍទេ យើងគ្មានឱកាសបែបនេះនោះទេ។ ត្រង់នេះ ខ្ញុំចង់ដាស់តឿនថា អាទិភាពនៃនយោបាយផ្ទៃក្នុង និងក្រៅប្រទេសរបស់កម្ពុជា គឺសន្ដិភាព និងការអភិវឌ្ឍក្រោមក្របខណ្ឌជារដ្ឋឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី។ ប្រទេសយើងបានទទួលការឈឺចាប់ ខ្លោចផ្សារច្រើនលើសលប់ពេកហើយ។ នៅក្នុងឆ្នាំ ១៩៧០ ក្រោមការទំលាក់គ្រាប់បែកដ៏ឃោរឃៅព្រៃផ្សៃរបស់សហរដ្ឋអាមេរិក និងរដ្ឋកាល លន់ នល់ បានបំផ្លិចបំផ្លាញជីវិតប្រជាជនកម្ពុជាច្រើនណាស់។ ចូលក្នុងរបប ប៉ុល ពត ប្រជាជនជាង ៣ លាននាក់ ត្រូវបានសម្លាប់។ យើងបានខិតខំក្រោកឈរឡើងរំដោះប្រទេស ប្រែក្លាយពីឈាម និងទឹកភ្នែក អោយទៅជាតំបន់អភិវឌ្ឍ។ ប្រែក្លាយពីសម្រែកស្រែកយំ អោយទៅជាសម្រែកនៃការច្រៀងរាំ នៃការសូត្រធម៌។
បោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា ដើម្បីសន្ដិភាព និងការអភិវឌ្ឍ
… មានតែប្រទេសមានសន្ដិភាពតែប៉ុណ្ណោះ ទើបអាចធ្វើបែបនេះបាន។ សូមសម្លឹងមើលមកខ្លួនខ្ញុំ ដែលនៅប្រទេសមួយចំនួន មេដឹកនាំពាក់អាវក្រោះដើម្បីការពារគ្រាប់។ មេដឹកនាំរបស់គេមួយចំនួន មិនហ៊ានអោយប្រជាជនមកជិតផង។ ខ្ញុំគ្មានអាវក្រោះសម្រាប់ពាក់ការពារគ្រាប់ទេ។ ការជួបជុំបែបនេះ នៅប្រទេសខ្លះ មិនហ៊ានជួបជុំទ្រង់ទ្រាយធំទេ ដោយសារព្រួយបារម្ភនៃការវាយប្រហារខាងភេរវកម្ម។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់តេជោ សែន គឺរូបខ្ញុំជានាយករដ្ឋមន្រ្តី សំឡេងកាំភ្លើងត្រូវបានរំលត់ ជំនួសវិញដោយស្គរ សំឡេងភ្លេង សំឡេងចម្រៀង និងសំឡេងសូត្រធម៌របស់ប្រជាជន។ ដូច្នេះ សូមកុំភ្លេចរួមគ្នារក្សាសន្ដិភាព សន្ដិភាពសម្រាប់ទាំងអស់ ហើយទាំងអស់គ្នាត្រូវការពារសន្ដិភាព។ វាមិនមែនជាការលំបាកដែលយើងមិនអាចធ្វើបាននោះទេ វាជាការងាយស្រួលមួយ គឺការបោះឆ្នោតអោយគណបក្សប្រជាជន គឺធានាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍជាបន្តរបស់យើង។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធានាអត្ថប្រយោជន៍នយោបាយ សេដ្ឋកិច្ច សង្គម ក៏ដូចជាសិល្បៈ
អស់លោកជាសិល្បករ សិល្បការិនី បានដឹងហើយ សូម្បីតែក្នុងវិស័យសិល្បៈមួយនេះ កាលពីឆ្នាំ ១៩៧៩ ក្រោយរបប ប៉ុល ពត តើយើងមានការលំបាកយ៉ាងណា ដើម្បីប្រមូលផ្ដុំធនធានមនុស្សដែលនៅសេសសល់ពីការស្លាប់នាពេលនោះ មកអភិវឌ្ឍវិស័យវប្បធម៌សិល្បៈរបស់យើង និងបន្តការបណ្ដុះបណ្ដាល សម្រាប់ក្នុងវិស័យសិល្បៈ។ មកដល់ពេលនេះ ភាពសម្បូរបែបនៅក្នុងវិស័យសិល្បៈរបស់យើង បានកើតនៅក្នុងក្របខណ្ឌទូទាំងប្រទេស មិនមែនគ្រាន់តែទីក្រុងទេ ជនបទក៏ទទួលបាននូវការអភិវឌ្ឍ។ ជនបទក៏មានការកម្សាន្តសប្បាយដូចនៅទីក្រុងផងដែរ តាមរយៈនៃបណ្ដាញដែលយើងបានតភ្ជាប់ តាមរយៈនៃទូរទស្សន៍នៅគ្រប់ទីកន្លែងទាំងអស់តាមខ្សែកាប។ ដូច្នេះ ដើម្បីធានាបាននូវអត្ថប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជន ទាំងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ក៏ដូចជាវិស័យសិល្បៈផ្ទាល់នៅលើឆាកនេះ គឺមានជម្រើសតែមួយគត់ គឺការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ជំនាន់មុនជំនាន់ក្រោយ បន្តសកម្មរួមជាមួយគណបក្សប្រជាជន
ខ្ញុំសុំយកឱកាសនេះ សម្ដែងនូវអំណរគុណចំពោះប្រជាពលរដ្ឋ ក៏ដូចជាសមាជិក/ជិកាគណបក្សប្រជាជន និងអ្នកគាំទ្រ និយាយជារួម និងនិយាយដោយឡែក ចំពោះសិល្បករ សិល្បការិនីគ្រប់ទម្រង់ទាំងអស់ ដែលបានគាំទ្រគណបក្សប្រជាជន មិនមែនគ្រាន់តែជាការគាំទ្រទេ ក៏ប៉ុន្តែបានចូលរួមចំណែកយ៉ាងសកម្មជាមួយគណបក្សប្រជាជនតាំងពីដើមរហូតដល់ចប់។ ហើយខ្ញុំសង្ឃឹមថា ទាំងជំនាន់មុន ជំនាន់ក្រោយនៅតែបន្តរបៀបនេះតទៅទៀត ដើម្បីធានាអោយអាជីពរបស់ក្មួយៗបន្ត នៅក្នុងការលើកកម្ពស់នូវការការពារវប្បធម៌ សិល្បៈរបស់យើងគ្រប់ទម្រង់។ ខ្ញុំសង្ឃឹមលើបងប្អូនដែលនឹងទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៩ កក្កដា ២០១៨។
កម្ពុជាសម័យតេជោ គ្មានការរើសអើង មិនបាច់មានការការពារដោយអាវក្រោះ
ខ្ញុំសុំផ្ដាំទៅភរិយារបស់ខ្ញុំ ដែលកំពុងមើលការផ្សាយបន្តផ្ទាល់។ ការរាំអម្បាញ់មិញរបស់ខ្ញុំ មិនមែនជាតារាបង្ហាញម៉ូតទេ ក៏ប៉ុន្តែនេះ គឺខ្ញុំចង់បង្ហាញជូនជនរួមជាតិ បង្ហាញទៅសហគមន៍អន្តរជាតិ និងប្រទេសក្រៅទាំងឡាយ អោយដឹងថា កម្ពុជាសម័យតេជោ គឺជាកម្ពុជាដែលគ្មានការរើសអើង គឺជាកម្ពុជាដែលមានសុខសន្ដិភាពគ្រប់គ្រាន់ មិនចាំបាច់មានការការពារដោយរបាំងកញ្ចក់ ឬការការពារដោយអាវក្រោះប្រឆាំងនឹងគ្រាប់នោះទេ។ សុំបញ្ជាក់ទៅមនុស្សមួយចំនួនទៀតថា … នេះជាជីវភាពពិតរបស់ ហ៊ុន សែន ដែលចាប់ផ្ដើមជាមួយនឹងគ្រប់ផ្នែកទាំងអស់ ទាំងកសិករ ទាំងកម្មករ ទាំងពាណិជ្ជករ ក្នុងនោះក៏មានសិល្បករ សិល្បការិនីនៅក្នុងវិស័យវប្បធម៌ ដែល ហ៊ុន សែន បានចូលរួមក្នុងការស្រោចស្រង់ ចូលរួមក្នុងការលើកកម្ពស់សិល្បៈវប្បធម៌នេះឡើង។
ខ្ញុំសង្ឃឹមថា បន្ទាប់ពីខ្ញុំចាកចេញពីទីនេះ អ្នកចម្រៀងនឹងនៅបន្តកម្សាន្តសប្បាយជាមួយនឹងក្មួយៗ ក៏ដូចជាសមាជិក/ជិកាគណបក្សដែលមកជួបជុំគ្នានៅទីនេះ។ ក្បួនដង្ហែតាមរថយន្តនៅតាមខណ្ឌនានា និងបន្តការដង្ហែ។ តែខ្ញុំសុំរំលឹកថា ក្បូនដង្ហែទាំងអស់ត្រូវបញ្ឈប់នៅមុនម៉ោង ១០ ដើម្បីធានាអោយបាននូវការគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្នុងឋានៈជាបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងគណបក្សដែលមានវិន័យ។ យើងត្រូវគោរពទៅដល់វិន័យនៃការប្រកួត តាមរយៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ជូនពរចំពោះបងប្អូនទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕