FN ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញដឹកនាំសមាជិក សមាជិកា ប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទីលានកោះពេជ្រ និងវត្តបុទុមវត្តី រាជធានីភ្នំពេញ។
ការដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនដោយថ្មើជើងចេញពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឆ្ពោះទៅវត្តបុទុមវត្តី។ មុននឹងចេញដង្ហែក្បួនសម្តេចប្រមុខបក្សកាន់អំណាច បានថ្លែងសារនយោបាយជូនមហាជន ហើយព្រឹត្តិការណ៍នេះមានការផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលបក្សបានជួលរួចរាល់ហើយនោះ។ ក្នុងនោះទូរទស្សន៍ Fresh News ដែលកំពុងទទួលបានការគាំទ្រខ្លាំងនោះ ក៏នឹងផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នេះផងដែរ។
ការចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ថ្ងៃនេះ គឺជាការដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត ជាលើកទីពីរហើយ សម្រាប់ប្រមុខបក្សកាន់អំណាច។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានគាំទ្រសម្តេចជាបេក្ខជននាយករដ្ឋ ដែលនេះបង្ហាញពីការសាមគ្គីដ៏ខ្លាំងក្លានៅក្នុងបក្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំមិននាំបក្សទៅរកបរាជ័យទេ ហើយខ្ញុំក៏មិនដឹកនាំប្រទេសទៅកាន់ថ្លុកឈាមនោះដែរ។
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងនាមជាបក្សកាន់អំណាចតាមដានដិតដល់ចំពោះដំណើរការបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍កោតសរសើរបណ្តាគណបក្សនយោបាយដទៃ ដែលបានធ្វើយុទ្ធនាការនៅមូលដ្ឋាននានា ដើម្បីគាំទ្រដល់យុទ្ធនាការ និងការបោះឆ្នោតនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន កោតសរសើរអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលការពារយ៉ាងល្អ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ដែលប្រកបដោយសន្តិសុខ សន្តិភាព និងប្រព្រឹត្តទៅយ៉ាងរលូន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម្សិលមិញនេះមានការបោះឆ្នោត រាប់សន្លឹកឆ្នោត នៅប៉ាគីស្ថាន ប៉ុន្តែមានអំពើហិង្សាខ្លាំងក្លាកើតឡើង ប៉ុន្តែនៅកម្ពុជាមិនមានបញ្ហាដូចប្រទេសនេះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតដល់ពេលនេះ មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិត ដោយគ្រោះទឹកជំនន់នៅកម្ពុជា ដែលកើតចេញពីការធ្វើប្រហែសរបស់អាជ្ញាធរនោះទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជន ផ្តល់អាទិភាពគោលនយោបាយសំខាន់ជាងគេបំផុត គឺផ្តោតលើសន្តិភាព និងការអភិវឌ្ឍ ដែលគោលនយោបាយនេះ បានធ្វើកន្លងមករហូតដល់ពេលបច្ចុប្បន្ន ហើយបន្តទៅថ្ងៃអនាគត
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជន បានយកជីវិតធ្វើដើមទុន ដើម្បីទាញមកវិញនូវសន្តិភាពកម្ពុជា ដែលបាត់បង់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ CPP ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនាំមកនូវសន្តិភាពដល់សព្វថ្ងៃ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលកន្លងទៅនេះ យើងបានទប់ស្កាត់ទាន់ពេលវេលា ក្នុងការឈានទៅដល់ការរំលាយ ក្រុមក្បត់ជាតិ ដែលចង់ទាញកម្ពុជាទៅរកសង្រ្គាមវិនាសកម្មជាថ្មី។ បើយើងមិនបំផ្លាញពួកនេះ តាមកណ្តាប់ដៃដែករបស់ច្បាប់នោះទេ ប្រហែលម៉ោងនេះ យើងមានសង្រ្គាមយ៉ាងពិតប្រាកដផងដែរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនឱ្យសង្រ្គាមកើតឡើងជាថ្មីទេ យើងត្រូវការពារសន្តិភាព។ សន្តិភាពសម្រាប់យើងទាំងអស់គ្នា ហើយទាំងអស់គ្នាត្រូវការពារសន្តិភាព
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅដំណាក់កាលចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជាមិនបានធ្លាក់ចុះនោះទេ ប៉ុន្តែអត្រាក្រីក្រ បានធ្លាក់ចុះជាបន្តបន្ទាប់។ ខ្ញុំនឹងនាំប្រទេសចេញពីភាពក្រីក្រ ហើយក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយខ្ញុំជឿថា យើងអាចធ្វើបាន
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ CPP នឹងបន្តបញ្ចុះតម្លៃអគ្គិសនីថែមទៀត ហើយប្រាក់ចំណេញដែលបានមកពី ការបញ្ចុះអគ្គិសនី នឹងក្លាយទៅជាអត្ថប្រយោជន៍សម្រាប់ដំឡើងប្រាក់ឈ្នួលដល់កម្មករ ខណៈមានជំនឿបន្តឈ្នះក្នុងការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរោងចក្រ សហគ្រាស និងក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រៀមចាប់ពីពេលនេះតទៅដើម្បីរៀបចំបើកប្រាក់បៀវត្សដល់មន្រ្តី កម្មករ និងបុគ្គលិក រៀងរាល់២សប្តាហ៍ម្តង។
* សម្តេចតេជោ ហ៊ុន សែន រំលឹកដល់សមាជិក សមាជិកា ឱ្យបន្តគោរពអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត។ ត្រូវបញ្ឈប់នូវយុទ្ធនាការឃោសនា នៅម៉ោង១០យប់
* សម្តេចតេជោ ហ៊ុន សែន រំលឹកឱ្យអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រុងប្រយ័ត្នគូសច្រឡំ ក្នុងសន្លឹកឆ្នោត
* សម្តេចតេជោ ហ៊ុន សែន៖ ការញុះញង់ «ដេកផ្ទះឈ្នះស្អាត» របស់ក្រុមប្រឆាំង មិនមែនជាអ្វីដែលសមាជិក និងអ្នកគាំទ្រយើងត្រូវអនុវត្តទេ យើងត្រូវទៅបោះឆ្នោត ហើយបោះឆ្នោតឱ្យគណបក្សរបស់យើង
* ចុងក្រោយសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ចំណែកអ្នកមិនទៅបោះឆ្នោត តាមការញុះញង់របស់ក្រុមក្បត់ជាតិ គឺជាអ្នកបំផ្លាញប្រជាធិបតេយ្យ។
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ពលរដ្ឋច្រើនលើលលុប នឹងទៅចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចរាល់៥ឆ្នាំម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើស្រលាញ់សន្តិភាព និងការអភិវឌ្ឍ សូមបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ដើរថ្មើរជើងហែក្បួនដឹកនាំសមាជិក-សមាជិការាប់ម៉ឺននាក់ ឆ្ពោះទៅវេទិកាខាងមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។