សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំប្រទេសដៃគូសេដ្ឋកិច្ចទូលំទូលាយ ឯកភាពបង្កើតឱ្យមានកិច្ចព្រមព្រៀង ស្តីពីសេដ្ឋកិច្ចទូលំទូលាយនៅឆ្នាំ២០២០
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមនឹងមេដឹកនាំប្រទេសសមាជិកដៃគូសេដ្ឋកិច្ចទូលំទូលាយ (RCEP) រួមមានប្រទេសអាស៊ាន និងចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ញ៉ូវហ្សេឡេន ឥណ្ឌា និងអាមេរិកនោះ បានឯកភាពបង្កើតឱ្យមានកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងត្រូវចុះហត្ថលេខានៅឆ្នាំ២០២០ខាងមុខ ពេលវៀតណាមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ ការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយលើកទី៣ នៅថ្ងៃរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងប្រទេសថៃ។ RCEP ជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចដែលបង្កើតឡើងក្នុងការដោះស្រាយបញ្ហាលំបាកៗ ដូចជាពាណិជ្ជកម្មឌីជីថល កំណែទម្រង់បទបញ្ញត្តិបើកចំហរពាណិជ្ជកម្ម និងការចល័តនៃពលករជំនាញជាដើម។ ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំប្រទេស RCEP បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រី RCEP និងក្រុមការងារ ដែលបានសម្រេចនូវកិច្ចព្រមព្រៀង RCEP មួយ ដែលមានលក្ខណ:ទំនើបទូលំទូលាយប្រកបដោយគុណភាពខ្ពស់ និងជាពិសេសបានផ្តល់នូវប្រព្រឹត្តកម្មពិសេស និងដោយឡែកសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។ មេដឹកនាំទាំងអស់ បានចាត់ទុកដែរថា ការសម្រេចបានកិច្ចព្រមព្រៀង RCEP នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ថ្មីមួយជាប្រវត្តិសាស្រ្ត សម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វីកទាំងមូល បន្ទាប់ពីថ្នាក់ដឹកនាំ RCEP បានប្រកាសឱ្យបើកការចរចាជាផ្លូវការនៅទីក្រុងភ្នំពេញ…