សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ (ស្ពានភ្ជាប់និស្ស័យ) និងការប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C
ឯកឧត្តម វ៉ាង វិនធាន(Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជា មានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់ក្រូចឆ្មារ, បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីធ្វើពិធី ទី១ គឺសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង ១.១៣១ ម៉ែត្រ និងទី ២ ការប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានទាំងសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សម្តែងគារវកិច្ចគោរពចំពោះបងប្អូនជនរួមជាតិ ដែលនៅស្រុកស្ទឹងត្រង់ និងនៅស្រុកក្រូចឆ្មារ។ ខ្ញុំនៅចាំបានថា នៅពេលដែលបើកការដ្ឋាន គឺយើងបើកការដ្ឋាននៅទីនេះ ហើយយើងក៏មានគម្រោងពេលសម្ពោធ គឺនៅត្រើយខាងក្រូចឆ្មារឯណោះ ប៉ុន្តែដោយសារតែស្ថានភាពទីតាំងមិនអំណោយផល យើងក៏ត្រូវធ្វើការសម្ពោធនៅទីកន្លែងដដែល។ នេះមិនមែនជាស្រុកនិយមដែលខ្ញុំជាអ្នកស្រុកស្ទឹងត្រង់ ហើយបោះបង់ចោលអ្នកស្រុកក្រូចឆ្មារនោះទេ។ អម្បាញ់មិញ ខ្ញុំក៏បានក្រឡេកមើលឃើញនូវសាច់ញាតិរបស់ខ្ញុំ បងប្អូនជីដូនមួយ ជាជីទួតមួយនៅខាងស្រុកស្ទឹងត្រង់ ដែលមកពីខាងពាមកោះស្នា ហើយក៏មានសាច់ញាតិមួយចំនួនមកពីខាងក្រូចឆ្មារនេះផងដែរ។ ស្ពានភ្ជាប់និស្ស័យ ថ្ងៃនេះ…