សុន្ទរកថា ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាល រាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២

ឯកឧត្តម, លោកជំទាវអភិបាលក្រុងអាស៊ាន; លោកស្រីបណ្ឌិត អគ្គលេខាធិការសមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!       ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតី ក្នុងពិធីបើក វេទិកាអភិបាលក្រុងអាស៊ាន (AMF) ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាបន្ន តាមគន្លងប្រក្រតីភាពថ្មី» និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» ដែលត្រូវបានអាក់ខានអស់រយៈពេល ២ ឆ្នាំកន្លងមកហើយ ដោយសារការឆ្លងរាល-ដាល នៃជំងឺកូវីដ-១៩។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការកំណត់ប្រធានបទ ដ៏ត្រឹមត្រូវបំផុត ស្របតាមស្ថានការណ៍តំបន់ និងសកល នាពេលបច្ចុប្បន្ន និងទៅអនាគត។ ជាការពិត, ទីក្រុង គឺជាបេះដូងនៃប្រទេស និងតំបន់នីមួយៗ ដោយជាកន្លែងប្រមូលផ្ដុំសកម្មភាពគ្រប់ទិដ្ឋភាព ទាំងផ្នែក សង្គម-សេដ្ឋកិច្ច, វប្បធម៌ និងនយោបាយ។ ក្នុងន័យនេះ,…