- ឯកឧត្តម, លោកជំទាវអភិបាលក្រុងអាស៊ាន;
- លោកស្រីបណ្ឌិត អគ្គលេខាធិការសមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតី ក្នុងពិធីបើក វេទិកាអភិបាលក្រុងអាស៊ាន (AMF) ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាបន្ន តាមគន្លងប្រក្រតីភាពថ្មី» និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» ដែលត្រូវបានអាក់ខានអស់រយៈពេល ២ ឆ្នាំកន្លងមកហើយ ដោយសារការឆ្លងរាល-ដាល នៃជំងឺកូវីដ-១៩។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការកំណត់ប្រធានបទ ដ៏ត្រឹមត្រូវបំផុត ស្របតាមស្ថានការណ៍តំបន់ និងសកល នាពេលបច្ចុប្បន្ន និងទៅអនាគត។ ជាការពិត, ទីក្រុង គឺជាបេះដូងនៃប្រទេស និងតំបន់នីមួយៗ ដោយជាកន្លែងប្រមូលផ្ដុំសកម្មភាពគ្រប់ទិដ្ឋភាព ទាំងផ្នែក សង្គម-សេដ្ឋកិច្ច, វប្បធម៌ និងនយោបាយ។ ក្នុងន័យនេះ, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ត្រូវផ្តើមចេញពីការកសាង និងតភ្ជាប់ទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។
ខ្ញុំក៏មានសេចក្ដីត្រេកអរដោយសង្កេតឃើញពីវឌ្ឍនភាពដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការ ក្នុងការកសាង និងតភ្ជាប់ទីក្រុងសំខាន់ៗក្នុងតំបន់អាស៊ានរបស់យើង។ ជាក់ស្ដែង, វេទិកា អភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលយើងតែងរៀបចំឡើងជាទៀងទាត់ គឺជាយន្តការដ៏សំខាន់ ដែលអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានរបស់អាស៊ាន អាចបង្កើនទំនាក់ទំនង, ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ជាពិសេសចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបន្តពង្រឹងសាមគ្គីភាព និងសុខដុមនីយកម្ម រវាងទីក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន។
- ឯកឧត្តម, លោកជំទាវលោក, លោកស្រី!
កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន ព្រមទាំងពង្រឹងសកលភាវូបនីយកម្ម និងជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើសមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥។
ជាមួយស្មារតីបុរេសកម្ម, កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនេះផ្ទាល់ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ ដោយមានការអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផលចំនួន ១០១។ ក្នុងនោះ, ថ្នាក់ដឹកនាំអាស៊ាន បានទទួលស្គាល់វឌ្ឍនភាព នៃការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងបានកំណត់ទិសដៅអនាគត សម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈសេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥។
ថ្នាក់ដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះ របាយការណ៍នគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ដែលនឹងពង្រឹងចំណេះដឹងទៅលើនិន្នាការនគរូបនីយកម្ម ប្រកបដោយចីរភាពទូទាំងតំបន់អាស៊ាន និងផ្សារភ្ជាប់យុទ្ធសាស្ត្រនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី។ ក្នុងន័យនេះ, ខ្ញុំសង្ឃឹមថា កិច្ចពិភាក្សាទី២ នារសៀលនេះ នឹងផ្តល់ឱកាសល្អៗ សម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាលើបញ្ហាប្រឈម និងកាលានុវត្តភាពនៃនគរូបនីយកម្ម ប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន។
បន្ថែមលើនេះ, បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥, ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងផែនការការងារលើកទី៣ ស្ដីពីគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងការប្ដេជ្ញាសម្រេចឱ្យបាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី។ ក្របខណ្ឌបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ បានជំរុញការអនុវត្តផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) និងបានសម្រួលដល់ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍វិនិយោគទីក្រុងឆ្លាតអាស៊ាន តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍, ការពង្រឹងភាពជាដៃគូ និងការផ្សារភ្ជាប់គម្លាតផ្នែកធនធាន។ ក្នុងស្មារតីនេះ, ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមស្វាគមន៍ ចំពោះការពង្រីកសមាជិកភាពបន្ថែមដល់ទៅ ៣ ទីក្រុងបន្ថែមទៀត នៃសមាជិកអាស៊ាននីមួយៗ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ស្ថិតក្នុងបរិការណ៍ ដែលអាស៊ាន និងសកលលោក បាន និងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់, ការកសាងទីក្រុងឆ្លាត ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ទីក្រុងឆ្លាត មានសក្តានុពលខ្ពស់ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្មប្រកបដោយនវានុវត្តន៍, ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និងជាពិសេសលើកកម្ពស់សុខុមាលភាព និងវិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតីភាពថ្មី។ បន្ថែមលើនេះ, ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច, ធុរកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ព្រមទាំងផ្ដល់ឱកាសការងារ, មុខរបរ និងអាជីវកម្មដល់ប្រជាជនទូទៅ ក្នុងប្រទេស និងតំបន់អាស៊ានទាំងមូល។
ក្នុងគោលដៅចូលរួមផ្តល់ជាធាតុចូល សម្រាប់ការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការកសាង និងតភ្ជាប់ទីក្រុងអាស៊ាន ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់, ខ្ញុំសូមចែករំលែកនូវអនុសាសន៍ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម៖
ទី១. ត្រូវធានាឱ្យបាននូវសន្តិភាព, សន្តិសុខ, ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព
ទី២. គោលដៅចម្បងបំផុតនៃការកសាងទីក្រុង ឬប្រទេសមួយ គឺការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព, វិបុលភាព និងភាពធន់។ ស្ថិតក្នុងបរិការណ៍ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់, រដ្ឋបាលក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវយកចិត្តទុកដាក់ទៅលើការកសាងទីក្រុងឆ្លាត ដោយមានការគិតគូរអំពីការសម្រួលដល់ការផ្លាស់ប្ដូររបៀបរបបរស់នៅ តាមគន្លងប្រក្រតីភាពថ្មី និងការសម្របខ្លួនរបស់ប្រជាជន ទៅនឹងការផ្លាស់ប្ដូរប្រជាសាស្ត្រ ឬការប្រែប្រួលណាមួយ ដែលអាចកើតមានឡើង ទាំងពេលបច្ចុប្បន្ន និងអនាគត
ទី៣. ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋបាលមូលដ្ឋាន, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នជាតិ និងអន្តរជាតិ និងជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង។ ក្នុងន័យនេះ, រដ្ឋបាលក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន ដែលស្ថិតនៅជាប់ផ្ទាល់ ជមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និងសមត្ថភាពក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្តើមយកចិត្តទុកដាក់លើសេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។ ជាមួយគ្នានេះ, រដ្ឋបាលក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន ក៏ត្រូវបង្កបរិយាកាសងាយស្រួលដល់ការធ្វើការអាជីវកម្ម, ធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ និងដោះស្រាយបញ្ហាចំពោះមុខផ្សេង ដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន
ទី៤. នៅក្នុងក្របខណ្ឌតំបន់, រដ្ឋបាលក្រុង, រាជធានី និងរដ្ឋធានីអាស៊ានទាំងអស់ ត្រូវសហការគ្នា ក្នុងការជំរុញល្បឿន និងពង្រីកសក្តានុពលនៃការតភ្ជាប់ និងសមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍ និងតភ្ជាប់គ្រប់វិស័យ ទាំងក្នុងប្រទេស និងតំបន់; និង
ទី៥. គម្លាតនៃការកសាងទីក្រុងឆ្លាត ក្នុងតំបន់ នឹងអាចកើតមានឡើង ដោយសារនិន្នាការរីកធំឡើងនៃគម្លាតបច្ចេកវិទ្យាឌីជីថល។ ក្នុងន័យនេះ, រដ្ឋបាលក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឌីជីថល ក៏ដូចជាការធានាសុខសន្តិសុខ, ស្ថិរភាព និងសោភ័ណភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត, អគ្គីសនី និងសំណល់ ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ, ខ្ញុំសូមស្នើឱ្យមានការតម្រឹមកិច្ចខិតខំប្រឹងប្រែង ជាមួយការរៀបចំ និងជំរុញការអនុវត្តផែនការសកម្មភាពរួមគ្នា ជាក់ស្ដែង ដូចជា ផែនការសកម្មភាពទីក្រុងឆ្លាត(SCAPs) ជាដើម ដើម្បីធានាបរិយាបន្នក្នុងតំបន់យ៉ាងពិតប្រាកដ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំក៏សូមស្នើឱ្យរដ្ឋបាលមូលដ្ឋានអាស៊ាន គាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកម្ពុជា បានស្នើឱ្យមានការរៀបចំឡើង ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ សំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែមានភាពបៃតង និងការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ខ្ញុំសង្ឃឹមថា កិច្ចពិភាក្សានៅតាមប្រធានបទគន្លឹះ នៅថ្ងៃនេះ និងថ្ងៃស្អែក នឹងទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កា ដោយមានការចូលរួមយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរទស្សនាទាន និងបទពិសោធន៍ ដែលនឹងក្លាយជាធាតុចូលយ៉ាងសំខាន់ សម្រាប់ការតម្រង់ទិស និងពង្រឹងកិច្ចសហប្រតិបត្តិការនៅថ្នាក់មូលដ្ឋាន ទាំងទ្វេភាគី, ត្រីភាគី, ពហុភាគី ឬាមវិស័យគន្លឹះនានា។
ជាចុងបញ្ចប់, ខ្ញុំសូមជូនពរឱ្យវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន អាចដំណើរការទៅដោយរលូន និងសូមជូនពរឱ្យ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ, វណ្ណៈ, សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសបើក វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានី អាស៊ាន ឆ្នាំ ២០២២ ចាប់ពីពេលនេះតទៅ៕
សូមអរគុណ!