[សុន្ទរកថា]
ឯកឧត្តម មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក!
ឯកឧត្តម ប្រ៊ូណូ បូដាដ (Bruno Bodard) សហស្ថាបនិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក!
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍!
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីបើកមហាសន្និបាត លើកទី ១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម” ដ៏មានសារសំខាន់។
ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងការស្វាគមន៍ប្រកបដោយភាពកក់ក្ដៅជូនចំពោះ ឯកឧត្តម មីឆែល ប៊ូសូល (Michel Bujold) និងគណៈប្រតិភូក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកទាំងអស់ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍នេះ។ ការរៀបចំមហាសន្និបាតនាពេលនេះ គឺជាការបំពេញតាមការសន្យា រវាងខ្ញុំ និងឯកឧត្តម ប្រ៊ូណូ បូដាដ (Bruno Bodard) សហស្ថាបនិកក្លឹប នាឱកាសជំនួបរវាងយើងទាំងពីរ កាលពីឆ្នាំ ២០១៨ ហើយដែលខ្ញុំនៅចាំបានថាប្រើអស់រយៈពេលជាង ៣ ម៉ោង។
ក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងទៅ យើងមានសេចក្ដីរីករាយយ៉ាងក្រៃលែង ដែលពិភពលោកទាំងមូលខិតខំប្រឹងប្រែង និងរួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះការរាតត្បាត នៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក ជាពិសេស បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹង ជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និងចាប់ផ្ដើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ។
ដើម្បីជំរុញការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់នូវ ផែនទីចង្អុលផ្លូវ ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ ទេសចរណ៍ឆ្នេរ គឺជាសសរស្ដម្ភមួយ ក្នុងចំណោមសសរស្ដម្ភទាំង ៤ រួមមាន៖ ទេសចរណ៍វប្បធម៌ ទេសចរណ៍ឆ្នេរ អេកូទេសចរណ៍ និងភាពជាខ្មែរ។ ឈរលើមូលដ្ឋានទាំងអស់នេះ យើងរំពឹងថាអាចទទួលបានភ្ញៀវទេសចរណ៍ផ្ទៃក្នុងប្រមាណ ១១ លាននាក់ ក្នុងឆ្នាំ ២០២៣ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៧ លាននាក់ រហូតដល់ឆ្នាំ ២០២៦ ឬឆ្នាំ ២០២៧។
ដោយឡែក ដូចបានគូសបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានបញ្ជូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងអង្គមហាសន្និបាត លើកទី ៧ របស់ក្លឹប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា (Tobacouta) ប្រទេសសេណេហ្គាល់ (Senagal) ក្រោមឈ្មោះរួមតែមួយ គឺ “ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay)” ហើយត្រូវបានប្រសិទ្ធនាម “ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនិរតី”។
ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និងសមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និងបានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជាសមាជិក និងបានបន្តគាំទ្រការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាតាមរបៀបកម្ពុជា ពិសេសបានបោះឆ្នោតគាំទ្រកម្ពុជាកាន់តំណែងជាអនុប្រធានក្លឹប ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ២ អាណត្តិជាប់គ្នា និងបន្តជាអគ្គនាយករងក្លឹបរហូតមកដល់បច្ចុប្បន្ន។
ដើម្បីអបអរសាទរ នៃការចូលជាសមាជិកក្លឹបនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការរៀបចំពិធីបុណ្យសមុទ្រ ដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង ៤ ដែលយើងនឹងប្រារព្ធពិធីបើកផ្លូវការនាល្ងាចនេះ និងបានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយមានរដ្ឋមន្ត្រីដល់ទៅ ៣ ជាប្រធាន និងអនុប្រធាន រួមជាមួយអភិបាលខេត្តតំបន់ឆ្នេរទាំង ៤ និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក ដែលជាយន្តការស្ថាប័នដ៏សំខាន់ សម្រាប់ជាការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ក្នុងន័យនេះ ការចូលជាសមាជិកក្លឹបនេះ ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មី នៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិ នៃឆ្នេរសមុទ្រកម្ពុជា។ កិច្ចការនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ ព្រមទាំងជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រសៀមរាបអង្គរ និងរាជធានីភ្នំពេញ។
ឈរលើកត្តាអំណោយផលទាំងអស់នេះ និងក្រោមចក្ខុវិស័យហ្មត់ចត់ វែងឆ្ងាយ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ កម្ពុជាបានផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី ២ របស់ប្រទេស ជាពិសេសខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍន៍ “ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង”។ ជាក់ស្ដែង រាជរដ្ឋាភិបាល បានសម្រេចកសាងបណ្ដាញផ្លូវ ៣៧ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាអាងប្រព្រឹត្តិកម្មទឹកខខ្វក់ និងការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈ ដែលចំណាយថវិការបស់ជាតិសរុបប្រមាណជាង ៣០០ លានដុល្លារអាមេរិក និងដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែធ្នូ ឆ្នាំ២០២១។
ប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម” នៃមហាសន្និបាតនេះ គឺសមស្របនាពេលបច្ចុប្បន្ន ដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងវិបត្តិសកលជាច្រើន បន្ថែមពីលើវិបត្តិជំងឺកូវីដ-១៩ វិបត្តិសង្គ្រាមអ៊ុយក្រែន រួមជាមួយវិបត្តិសកលលោកផ្សែងៗទៀត ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោក ទាំងលើផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងសណ្ដាប់ធ្នាប់ពិភពលោក។ ប្រធានបទនេះ ក៏សមស្របជាមួយនឹងបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំ សម្រាប់ប្រជាជនទាំងមូល។ សន្តិភាព គឺពិតជាមិនអាចខ្វះបាន សម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើន សម្រាប់អនាគត បាននិងកំពុងបង្កើតជាកាលានុវត្តភាពច្រើន ផ្តើមចេញពីសន្តិភាពនេះ។ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបលើកទី ១៦ នេះ រំពឹងចែករំលែកនូវបទពិសោធ និងការអនុវត្តល្អៗរបស់ខ្លួន ទៅកាន់សមាជិកក្លឹបទាំងអស់ និងពិភពលោកទាំងមូល ទាំងលើការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដោយផ្តើមចេញពីសន្តិភាពដែលខ្លួនរកបានដោយកម្រ ជាមួយក្តីសង្ឃឹមប្រកបដោយ សុទិដ្ធិនិយម សម្រាប់អនាគត។
ដើម្បីចូលរួមដល់កិច្ចពិភាក្សាក្នុងអង្គមហាសន្និបាតលើកទី ១៦ នេះ ក៏ដូចជា រួមចំណែកដល់ការគ្រប់គ្រងនិងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ខ្ញុំសូមលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖
ទី១៖ ត្រូវរក្សាវត្តមានជាអចិន្រៃយ៍ នៃសន្តិភាព ដែលជាចំណុចធំជាងគេ ក្នុងចំណោមចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍ នៃបណ្តាប្រជាជាតិនៅលើពិភពលោក។ គ្មានទេសចរណាប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាមនោះទេ។
ទី២៖ កម្ពុជាប្តេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទាំង ៤ ក៏ត្រូវរក្សាឱ្យបាននូវខ្សែក្រវាត់ និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ យើងត្រូវប្តេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់យើងមាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរគឺ៖
- ខេត្តព្រះសីហនុ៖ ជាគោលដៅសម្រាប់ទេសចរណ៍សម្រាកលំហែ និងជាតំបន់សេដ្ឋកិច្ចពហុបំណង
- ខេត្តកែប៖ ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណិត
- ខេត្តកំពត៖ ជាគោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ
- ខេត្តកោះកុង៖ ជាគោលដៅអេកូទេសចរណ៍ តំបន់ទេសចរណ៍លំដាប់ពិភពលោក
ទី៣៖ ខ្ញុំស្នើឱ្យមានការរៀបចំវេទិកាជាតំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំពិភាក្សា និងផ្លាស់ប្តូរយោបល់ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយយើងអាចកំណត់ ថ្ងៃទី២៦ ខែឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃដែលកម្ពុជាបានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកាជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង ៤។
ទី៤៖ខ្ញុំសូមស្នើរឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំ សារៈមន្ទីរឆ្នេរ ( Maison de le Baie )។ ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យឯកឧត្តមប្រធានក្លឹប និងសមាជិកក្លឹបទាំងអស់ ជួយចែករំលែក អំពីបទពិសោធ និងដំណើរការ នៃការរៀបចំសារមន្ទីរឆ្នេររបស់ខ្លួន។
ទី៥៖ ខ្ញុំសូមស្នើឱ្យក្រសួងទេសចរណ៍ សហការជាមួយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក សិក្សារៀបចំឱ្យមាននូវ ស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ (Coastal Tourism Observatory)
ដើម្បីជាយន្តការស្ថាប័នមួយបន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកផ្សេងទៀតបានរៀបចំ។
ទី៦៖ ដើម្បីបញ្ជាក់អំពីការបេ្តជ្ញាចិត្ត ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជាត្រៀមរៀបចំខ្លួនរួចជាស្រេចក្នុងការធ្វើជាលេខាធិការដ្ឋាន សម្រាប់ធានាដំណើរការរដ្ឋបាល និងកិច្ចការទូទៅរបស់ក្លឹប ហើយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឱ្យមានកន្លែងបំពេញការងារអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍ និងមួយទៀតនៅក្រុងព្រះសីហនុ សម្រាប់ដំណើរការលេខាធិការដ្ឋាននេះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចំពោះការរៀបចំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹបនៅឆ្នាំ ២០២៣ ឬពេលខាងមុខណាមួយ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀតរបស់ក្លឹប នៅលើទឹកដីឆ្នេរសមុទ្រកម្ពុជា។
ទី៧៖ ជាមួយនឹងការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិ សម្រាប់អាណត្តិបន្ទាប់ នាឱកាសបិទមហាសន្និបាត កម្ពុជាសូមគាំទ្រចំពោះបេក្ខភាព ឯកឧត្តម ប៊្រូណូ បូដាដ (Bruno Bodard) ជាប្រធានក្លឹប សម្រាប់អាណត្តិបន្ទាប់ និងសូមឱ្យគណៈប្រតិបត្តិ និងសមាជិកក្លឹបទាំងអស់ គាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាភិបាលក្លឹប សម្រាប់អាណត្តិ ( ២០២៣-២០២៥ ) ក្រោមការដឹកនាំរបស់ ឯកឧត្តម ល្វីស ធើបុល ( Louis Thébault ) ដែលនឹងចូលកាន់ដំណែងនាអាណត្តិបន្ទាប់។
ទី៨៖ជាមួយក្តីរំពឹងថា អង្គមហាសន្និបាតនឹងអនុម័តដាក់ចេញនូវ ធម្មនុញ្ញឆ្នេរ ( Charter of Bay ) ខ្ញុំសូមស្នើឱ្យអង្គមហាសន្និបាត រួមទាំងកម្ពុជាផងដែរ យកឯកសារនេះជាគោល ដើម្បីជាត្រីវិស័យមួយបន្ថែមទៀត ក្នុងការតម្រែតម្រង់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួន។
ជាថ្មីម្តងទៀត ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចពិភាក្សានៅក្នុងមហាសន្និបាតលើកទី ១៦ នេះ យើងនឹងអាចទាញយកនូវទស្សនាទានល្អៗបន្ថែមទៀតយកមកធ្វើជាមូលដ្ឋាន ក្នុងការរៀបចំបទដ្ឋានគតិយុត្តិចាំបាច់នានា ដើម្បីជំរុញការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយការទទួលខុសត្រូវ។
ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា សមាជិកភាពក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះ នឹងបន្តផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ទាំងប្រយោជន៍សេដ្ឋកិច្ច និងការផ្លាស់ប្តូរបទពិសោធល្អៗរវាងគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍ និងអភិរក្សតំបន់ឆ្នេរសមុទ្រលើបញ្ហានគរូបនីយកម្ម បរិស្ថាន សង្គម និងសេដ្ឋកិច្ច។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាភ្ញៀវជាតិ អន្តរជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសបើកមហាសន្និបាតលើកទី ១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីពេលនេះតទៅ៕