ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធទិវាជាតិទីក្រុងស្អាត នៅវិមានសន្តិភាព
FN ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពប្រារព្ធទិវាជាតិ ទីក្រុងស្អាត លើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ ទីក្រុងស្អាតផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងប្រគល់រង្វាន់ជ័យលាភី សម្តេចនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២ អមដោយជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង/ខណ្ឌ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ល្អបរិបូរណ៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយមានកំណើនសេដ្ឋកិច្ចខ្ពស់ គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ សម្តេចបានថ្លែងទៀត កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនសម្រេចបាន តាមបំណង ប្រាថ្នារបស់ខ្លួនសំដៅបន្តកែលម្អជីវភាព និងការរស់នៅរបស់ប្រជាជន និងការរួមចំណែកថែរក្សាភពផែនដីរបស់ សម្រាប់កូនចៅ ជំនាន់ក្រោយៗទៀត។ * សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា វិស័យទេសចរណ៍ចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយ បម្រែបម្រួលអាកាសធាតុនៅលើពិភពលោកផងដែរ។…