FN ៖ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់កម្ចីប្រមាណ ២០០លានដុល្លារអាមេរិក សម្រាប់សាងសង់កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ទៅតាមសំណើរបស់កម្ពុជា។
ការព្រមព្រៀងផ្តល់កម្ចីសាងសង់កំពង់ផែទឹកជ្រៅនេះ បានធ្វើក្នុងជំនួបសំណេះសំណាលការងាររវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Keiichi Ishii រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍ នៃប្រទេសជប៉ុន នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ឆ្លើយតបនឹងកំណើតទំនិញឆ្លងកាត់កំពង់ផែខេត្តព្រះសីហនុ កម្ពុជា នឹងសាងសង់កំពង់ផែទឹកជ្រៅមួយទៀត ជម្រៅជាង ១៤ម៉ែត្រនៅឆ្នាំ២០២២ ដោយគ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារ។ តាមសំណើរបស់លោក រដ្ឋាភិបាលជប៉ុន បានព្រមព្រៀងផ្តល់កម្ចីសម្រាប់សាងសង់កំពង់ផែទឹកជ្រៅនេះ។
លោក ស៊ុន ចាន់ថុល បាឲ្យដឹងដែរថា ចំណតកំពង់ផែដែលគ្រោងសាងសង់នេះមានប្រវែង ២៥០ម៉ែត្រ និងមានជម្រៅទឹក ១៤.៥ម៉ែត្រ និងបំពាក់ដោយគ្រឿងចក្រទំនើបៗថែមទៀតផង។ ផែថ្មីនេះ អាចអនុញ្ញាតឲ្យនាវាធំៗចូលចតនៅកម្ពុជាបាន។
បើតាមលោក ស៊ុន ចាន់ថុល ការសាងសង់ផែទឹកជ្រៅនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនទំនិញដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំ។ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផែ្អកលើអត្រាកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ប្រកបដោយស្ថេរភាព និង រឹងមាំ ក្នុងរង្វង់ជាមធ្យម ៧ភាគរយប្រចាំឆ្នាំ បានធ្វើឲ្យបរិមាណកុងតេន័រឆ្លងកាត់កំពង់ផែកើនឡើងជារៀងរាល់ឆ្នាំ ជាក់ស្តែងឆ្នាំ២០១៤ មានកំណើន ១៦ភាគរយ ឆ្នាំ២០១៥ មានកំណើនជាង ១៧ភាគរយ និង ឆ្នាំ២០១៦ មានកំណើនជាង ៣ភាគរយ។
លោកទេសរដ្ឋមន្រ្តី បានព្យាករណ៍ថា បរិមាណកុងតេន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆ្នាំ២០២៣ខាងមុខ នឹងកើនលើស ៧០០,០០០TEUs (TEUs = Twenty Equivalent Units) ដែលលើសពីសមត្ថភាពកំពង់ផែនាពេលបច្ចុប្បន្ន។
លោក ស៊ុន ចាន់ថុល ក៏បានឲ្យដឹងដែរថា មកដល់បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនតាមរយៈ JICA បានផ្តល់កម្ចីប្រមាណ១៧៨.៦លានដុល្លារអាមេរិកហើយសម្រាប់អភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុ។
ក្នុងជំនួបពិភាក្សានៅល្ងាចថ្ងៃម្សិលមិញនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើឲ្យជប៉ុន សិក្សារៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការបំពេញនីតិវិធីទំនិញចេញចូលនៅកំពង់ផែខេត្តព្រះសីហនុនេះផងដែរ ព្រោះបច្ចុប្បន្នការបំពេញបែបបទទាំងអស់នេះ ត្រូវធ្វើឡើងដោយដៃធ្វើឲ្យមានការយឺតយ៉ាវ។ ជប៉ុន ក៏បានឯកភាពជួយសិក្សា ហើយការបង្កើតប្រព័ន្ធគ្រប់គ្រងនេះ ត្រូវចំណាយថវិកាប្រមាណ ៨០០លានដុល្លារអាមេរិក។
ក្រៅពីពិភាក្សាទៅការសាងសង់ និងបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មហើយនោះ លោក ស៊ុន ចាន់ថុល និង លោក Keiichi Ishii ក៏បានពិភាក្សាលើគម្រោងសាងសង់ផ្លូវរថភ្លើងអាកាសពីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិត គម្រោងជួសជុលស្ពានជ្រោយចង្វាទី១ គម្រោងពង្រីកផ្លូវជាតិលេខ៥ ពីពីរគន្លងទៅ ៤គន្លង និងការៀបចំប្រព័ន្ធដឹកជញ្ជូនទំនិញនៅកម្ពុជា ឲ្យមានតម្លៃទាប៕