សេចក្តីដកស្រង់សង្កថា ពិធីបើកការដ្ឋានផ្លូវខ្សែក្រវ៉ាត់ក្រុង កំណាត់ទី ២ (ពីទឹកថ្លាដល់ព្រែកហូរ) និងសម្ពោធផ្លូវក្រវ៉ាត់ក្រុងកំណាត់ទី ១ មិត្តភាពភ្នំពេញ/ហាណូយ
រីករាយដែលបានមកចូលរួមក្នុងកម្មវិធី ២ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមក្នុងកម្មវិធី ២ កម្មវិធីទី ១ គឺសម្ពោធដាក់អោយប្រើប្រាស់ផ្លូវការនូវផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ដំណាក់កាលទី ១ ដែលតភ្ជាប់ពីទំនប់កប់ស្រូវដល់មហាវិថីសហព័ន្ធរុស្ស៊ី និងទី ២ បើកការដ្ឋានសាងសង់ផ្លូវខ្សែក្រវ៉ាត់ទីក្រុង កំណាត់ផ្លូវទី ២, ១៦ គឺឡូម៉ែត្រ ហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន។ ថ្ងៃនេះ ខ្ញុំក៏សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលនៅទីនេះ អោយបានជ្រាបថា តាមគម្រោងមហាវិថីដែលយើងកំពុងតែស្ថិតនៅទីនេះ នឹងដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៣ ខែ មេសា ប៉ុន្មានថ្ងៃខាងមុខនេះ មិនដល់មួយខែទេ បានសេចក្តីថា យើងដាក់អោយដំណើរការមុនចូលឆ្នំាខ្មែររបស់យើង ហើយកាត់បន្ថយការកកស្ទះ ក្នុងផ្លូវជាតិលេខ ២ ដែលយើងធ្លាប់ប្រើសព្វថ្ងៃនេះ។ ចំណងសាមគ្គីភាពរវាងកម្ពុជា ចិន និងវៀតណាម នៃការកសាងផ្លូវខ្សែក្រវ៉ាត់ក្រុង ថ្ងៃនេះ ក៏ជានិមិត្តរូប នៃចំណងសាមគ្គីភាពរវាងកម្ពុជា ចិន និងវៀតណាម ដែលបានមកធ្វើពិធីរួមគ្នា ជាមួយនឹងការដ្ឋានសំណង់ នៃផ្លូវខ្សែក្រវ៉ាត់ខាងក្រៅក្រុងផងដែរ។ មុននេះ កំណាត់ផ្លូវបានជួបការលំបាកយ៉ាងខ្លំាងទាក់ទងទៅនឹងទំនប់កប់ស្រូវមកដល់ផ្លូវសហព័ន្ធរុស្ស៊ី។ ពេលនោះយើងបានស្វះស្វែងរកថវិកាផ្ទាល់របស់យើងផង និងបានស្វះស្វែងរកថវិកាជំនួយឧបត្ភមពីមិត្តវៀតណាមផងដែរ ដែលទីក្រុងភ្នំពេញមានសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងហាណូយ។ យើងបានធ្វើផ្លូវនេះរួចរាល់ ហើយដាក់អោយដំណើរការនៅថ្ងៃនេះជាមួយគ្នា។…