FN ៖ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងនឹងជំងឺអេដស៍ បានថ្លែងឲ្យដឹងថា ក្នុងការអនុវត្តការងារប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាល និងការឆ្លងជំងឺអេដស៍ អាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ នៅខ្វះខាតថវិកាប្រមាណ៤លានដុល្លារទៀត ក្នុងមួយឆ្នាំៗ ក្នុងរយៈកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ បើទោះបីជាទទួលបានថវិកាបដិភាគ ពីរាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៤លាន៥សែនដុល្លារ សម្រាប់រួមចំណែកទិញឱសថ ប្រឆាំងនឹងមេរោគអេដស៍ក្ដី។
ការថ្លែងបែបនេះ របស់ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ គឺក្នុងឱកាសដែលលោកបានចូលរួម ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ របស់សហគមន៍ និងសង្គមស៊ីវិល លើសេចក្ដីព្រាងគម្រោង ស្នើសុំថវិកាមូលនិធិសកល សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ដែលបានធ្វើឡើង នាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារ ហ៊ីម៉ាវើរី ដោយមានការចូលរួម ពីតំណាងអង្គការជាដៃគូ និងតំណាងមកពីសហគមន៍ នានាជាច្រើន។
លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានថ្លែងឲ្យដឹងទៀតថា ជោគជ័យដែលកម្ពុជាទទួលបាន ទាំងការប្រយុទ្ធនឹងជំងឺអេដស៍ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បានធ្វើឲ្យដំណាក់កាលចុងក្រោយ នៃការលុបបំបាត់ការឆ្លងមេរោគអេដស៍ កំពុងស្ថិតក្នុងស្ថានភាពអន្តរកាល។ ជំនួយពីដៃគូអភិវឌ្ឍបានបន្តធ្លាក់ចុះ ក្នុងពេលដែលរដ្ឋាភិបាល កំពុងពង្រឹងភាពជាម្ចាស់ តាមរយៈការផ្ដល់ថវិកាបដិភាគ ចំនួន៣លាន៧សែនដុល្លារ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ សម្រាប់រួមចំណែកទិញឱសថ ប្រឆាំងនឹងមេរោគអេដស៍ និងបានឯកភាពជាគោលការណ៍ ក្នុងការផ្ដល់ជាបន្ត ចំនួន៤លាន៥សែនដុល្លារ សម្រាប់រយៈពេល២ឆ្នាំ ពី២០១៨ ដល់ឆ្នាំ២០២០ ខាងមុខនេះ។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា បើទោះបីជាមានការរួមចំណែក ពីរាជរដ្ឋាភិបាលក៏ដោយ ក៏តាមការប៉ាន់ប្រមាណ យើងនៅខ្វះថវិកាប្រមាណ ជា៤លានដុល្លារទៀត ក្នុងមួយឆ្នាំ ក្នុងការអនុវត្តការងារប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាល និងការឆ្លងជំងឺអេដស៍។ ក្នុងឋានៈជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ លោកបានដឹកនាំ និងកៀរគរ ឲ្យមានការប្រមូលថវិកា ដើម្បីអនុវត្តការងារ ប្រយុទ្ធនឹងជំងឺអេដស៍នៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ ដែលពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមុខងារសាធារណៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងផែនការ ជាដើម។ ក្នុងនោះឃុំសង្កាត់ ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ នឹងដើរតួនាទីកាន់តែសកម្ម នៅពេលដែលជំនួយពីដៃគូអភិវឌ្ឍ ដល់អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារប្រយុទ្ធនឹងជំងឺអេដស៍ នៅកម្ពុជាត្រូវបានបញ្ចប់។
យ៉ាងណាមិញ ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា នៅចំពោះមុខនឹងបញ្ហាខ្វះខាតថវិកានេះ លោកបានស្នើឲ្យអ្នកពាក់ព័ន្ធ ក្នុងការពិភាក្សាពីគ្រោះយោបល់ រវាងសហគមន៍ និងអង្គការសង្គមស៊ីវិល លើសេចក្ដីព្រាងគម្រោង ស្នើសុំថវិកាថ្មី សម្រាប់មូលនិធិសកល ពិនិត្យ និងសម្របសម្រួលបន្ថែមទៀត ជាមួយនឹងអ្នកជំនាញ ក្នុងការរៀបចំគម្រោងថវិកា ដោយរកឲ្យឃើញអាទិភាពជាក់ស្ដែង ដើម្បីឲ្យយើងឆ្លងផុត ដំណាក់កាលអន្តរកាល នៃការឈានទៅលុបបំបាត់ ការចម្លងមេរោគអេដស៍ នៅកម្ពុជា៕