សហមេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណី ស្នើតុលាការខ្មែរក្រហម ទទួលស្គាល់ការបង្ហាញភស្ដុតាងរបស់ដើមបណ្ដឹងក្នុងរឿងក្ដី នួន ជា និង ខៀវ សំផន
FN ៖ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែក្រហម ទទួលស្គាល់ ការបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងការរងទុក្ខវេទនារបស់ជនរងគ្រោះ និងសម្រេចផ្តល់សំណងនៅក្នុងករណីជនជាប់ចោទរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្ម ដែលចោទប្រកាន់។ ការស្នើសុំនេះ ត្រូវបានធ្វើឡើងនៅអំឡុងពេលសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ បិទបញ្ចប់ការពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧នេះ។ មេធាវីការពារក្តីជនរងគ្រោះបានលើកឡើងថា ខ្មែរក្រហមបានធ្វើទុកបុកម្នេញប្រជាពលរដ្ឋ និងបានសម្លាប់មនុស្សជាច្រើន និងបានលើកឡើងថា ផែនការទាំងនេះ ត្រូវបានដាក់ចុះ និងបានដឹងដោយជនជាប់ចោទ នួន ជា និង ខៀវ សំផន។ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចាប់ផ្តើមបើកសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់បិទបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន និង នួន ជា នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។ ជនជាប់ចោទ នួន ជា មានអាយុ៩១ឆ្នាំ និងខៀវ សំផន មានអាយុ៨៦ឆ្នាំ…