FN ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានថ្លែងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងបន្តបេសកកម្មរបស់ខ្លួន ក្នុងការសម្របសម្រួលធ្វើយ៉ាងណា ឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពអំណោយផល ដើម្បីជំរុញលើកទឹកចិត្ត ដល់អ្នកវិនិយោគក្នុង និងក្រៅប្រទេសធ្វើការបណ្ដាក់ទុន ឱ្យកាន់តែច្រើនឡើងថែមទៀត។
ការថ្លែងការប្តេជ្ញាចិត្តរបស់ របស់អគ្គលេខាធិការរូបនេះ ធ្វើឡើងក្នុងឱកាសដែលលោក និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលវត្តមានអ្នកចូលរួមទាំងអស់ មានចំនួនសរុបប្រមាណ ១០០នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែល Fresh News ទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា ជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនង ឱ្យកាន់តែមានភាពជិតស្និទ្ធរវាង CDC និងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ព្រមទាំងធ្វើបច្ចុប្បន្នភាព ស្តីពីគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីអភិវឌ្ឍន៍ វិស័យឯកជនសំដៅផ្តល់នូវទំនុកចិត្តបន្ថែមទៀត ដល់ផ្នែកឯកជនក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោក សុខ ចិន្តាសោភា បានធ្វើបច្ចុប្បន្នភាព លើប្រធានបទមួយចំនួន ដែលបានដើរតួយ៉ាងសំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច រួមមាន៖
១៖ វេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន
២៖ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញចាប់តាំងពីឆ្នាំ២០១៤ រហូតមកទល់បច្ចុប្បន្ន
៣៖ តួលេខចម្បង និងសំខាន់ៗពាក់ព័ន្ធនឹងធុរកិច្ច និងការវិនិយោគនៅកម្ពុជា
៤៖ វឌ្ឍនភាពនៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។
អ្នកឧកញ៉ា គិត ម៉េង បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួលដោះស្រាយ នូវបញ្ហាប្រឈមរបស់វិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដែលបានធ្វើឡើងចំនួន១៧ដងរួចមកហើយ ចាប់តាំងពីឆ្នាំ១៩៩៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមរយៈភារកិច្ចរបស់ស្ថាប័ននេះ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការពិនិត្យ និងសម្រេចការងារនីតិសម្បទានិងអភិវឌ្ឍន៍ និងការវិនិយោគនានា ដែលតម្រូវឱ្យ CDC ធ្វើការយ៉ាងស្អិតរមួតជាមួយ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកវិនិយោគក្នុង និងក្រៅស្រុក។
អ្នកឧកញ៉ា គិត ម៉េង ក៏បានជម្រាបជូនអង្គប្រជុំថា យោងតាមស្មារតីនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៣ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៨ រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ច ជាអ្នកសម្របសម្រួលផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជូនសភាពាណិជ្ជកម្មកម្ពុជា ដែលពីមុនមកសាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិជាអ្នក ទទួលបន្ទុកលើកិច្ចការនេះ។
អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុស លើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវ បរិស្ថានវិនិយោគបន្ថែម ពីលើកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់កិច្ចសម្រួលការ វិនិយោគប្រកបដោយប្រសិទ្ធភាពកន្លងមក និងបានស្តាប់ពីការលើកឡើង នូវបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងការតភ្ជាប់ចង្វាក់គុណតម្លៃជាមួយ តំបន់ជាមួយនឹងការប្រកួតប្រជែងជាសកល។
អង្គប្រជុំបានកត់សម្គាល់លើបញ្ហាទាំងនោះហើយ នឹងបន្តខិតខំរួមគ្នារកដំណោះស្រាយ ក្នុងទិសដៅពង្រឹង និងពង្រីកវិសាលភាពវិស័យឯកជននៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន។
លោក សុខ ចិន្តាសោភា បានទទួលស្គាល់ថា រាជរដ្ឋាភិបាល និងផ្នែកឯកជនគឺជាដៃគូដ៏ចាំបាច់ និងមិនអាចខ្វះបាន ដែលត្រូវបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពលូតលាស់ និងរីកចម្រើនបន្ថែមទៀត៕