FN ៖ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ព្រមទាំងអាជ្ញាធរខណ្ឌច្បារអំពៅ បានសហការរៀបចំកម្មវិធីពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥត់គិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីបានចំនួន២៧១៧នាក់ ដែលកម្មវិធីនេះប្រារព្ធឡើង នៅក្នុងវិទ្យាល័យព្រែកឯង ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពពីសំណាក់លោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ
លោកស្រី កែវ សុខពិសី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ។
លោក ហេង សុខគង់ បានថ្លែងថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី និងដែលមានលោកស្រី យឹម ឆៃលីន ជាប្រធានកិត្តិយស បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជាក្នុងការចុះពិនិត្យ ព្យាបាលជំងឺ និងវះកាត់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី បងប្អូនខ្មែរឥស្លាមនៅតាមទីជនបទ និងសហគមន៍ក្រីក្រដោយមិនគិតពីពណ៌ សម្បុរ ជំនឿ សាសនា និងនិន្នាការនយោបាយឡើយ។
លោក សោម អូន បានគូសបញ្ចាក់ថា យោងតាមអនុសារណៈយោគយល់ MoU សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរខណ្ឌ រៀបចំកម្មវិធីនេះឡើងបានចំនួន៧លើករួចមកហើយ គឺលើកទី១ នៅខណ្ឌដង្កោ បានចំនួនជាង៥០០០នាក់ លើកទី២ នៅខណ្ឌពោធិ៍សែនជ័យបានចំនួនជាង៦០០០នាក់ លើកទី៣ នៅខណ្ឌមានជ័យបានចំនួនជិត៤០០០នាក់ លើកទី៤ នៅខណ្ឌចំការមន បានចំនួនជាង៥០០០នាក់ លើកទី៥ នៅខណ្ឌសែនសុខ បានចំនួនជាង៣០០០នាក់ លើកទី៦នៅខណ្ឌប្ញស្សីកែវ បានចំនួនជាង៤០០០នាក់ និងលើកទី៧នៅខណ្ឌច្បារអំពៅ បានចំនួន២៧១៧នាក់។
លោក សោម អូន បានបន្តថា នៅចុងខែកញ្ញា គំរោងនឹងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលសុខភាពនេះ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយនឹងបន្តខិតខំរៀបចំ កម្មវិធីនេះនៅតាមបណ្តាខណ្ឌ ឬបណ្តាខេត្តផ្សេងៗទៀត ពីព្រោះលោកយល់ថា បញ្ហាផ្តល់សេវាពិនិត្យ និងព្យាបាល សុខភាពមិនបង់ប្រាក់នេះគឺជាយន្តការមួយ បានជួយបន្ថែមមួយផ្នែកទៀត ទៅលើសេវាពេទ្យរបស់រដ្ឋ ក្នុងការជួយពិនិត្យ និងព្យាលសុខភាពប្រជាពលរដ្ឋ និងកម្មករដែលពួកគាត់មានកង្វះខាតថវិកា។
លោក សោម អូន ក៏បានលើកឡើងដែរថា បងប្អូនកម្មករនិយោជិតទាំងអស់បាន និងកំពុងតែយកចិត្តបន្ថែមទៀតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានដាក់ចេញនូវផែនការចុះជួបសំណេះសំណាលជាមួយបងបងប្អូនកម្មករនិយោជិតក្នុងមួយសប្តាហ៏២ដង គឺរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងស្ថានភាពលក្ខ័ណ្ឌការងាររបស់កម្មករ ហើយតាមរយៈជំនួបសំណេះសំណាលនេះសម្តេចតេជោ បានប្រកាសផ្តល់នូវ ផលប្រយោជន៏ថ្មីៗជាច្រើនទៀតដល់កម្មករនិយោជិតដែលកំពុងតែបំរើការងារនៅគ្រប់វិស័យ ។
លោក សោម អូន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា ដែលផ្តួចផ្តើមបង្កើតឡើង និងដឹកនាំដោយលោក ហ៊ុន ម៉ានី ដែលបានយកចិត្ត ទុកដាក់ចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ ជាពិសេសបានចុះទៅពិនិត្យ ដោយផ្ទាល់ដល់ទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនិងកម្មក ៕