FN ៖ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា (KOICA) នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី៣ នៃគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្តចលនាភូមិថ្មី ដោយមានការចូលរួមជាកត្តិយសចូលរួម បិទក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក គីម វ៉ុនជីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។
សិក្ខាសាលានេះបានរៀបចំធ្វើនៅមជ្ឈមណ្ឌល អភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ ដែលមានទីតាំងស្ថិតនៅភូមិផ្គង់សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ។
លោក អ៊ូ សំអួន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគណៈកម្មការដឹកនាំ និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មី បានបញ្ជាក់អំពីគោលបំណងនៃសិក្ខាសាលានេះថា ជាការចែករំលែងចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) និងប្រជាពលរដ្ឋ ដែលបានរួមគ្នាអនុវត្តគម្រោងខាងលើឲ្យទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។
លោកបានឲ្យដឹងទៀតថា «ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជ(KOICA) បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មី។ គម្រោងនេះមានសមាសភាគចំនួន៣គឺ៖ ការរៀបចំតាក់តែងគោលនយោបាយ ចលនាភូមិថ្មីការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ (CKRDC) និងការអភិវឌ្ឍភូមិគំរូសាកល្បងចំនួន៣០ភូមិ ដោយឈរលើគោលគំនិតនៃចលនាភូមិថ្មី គឺការឧស្សាហ៍ព្យាយាមការចេះជួយខ្លួនឯងនិងកិច្ចសហប្រតិបត្តិការ ព្រមទាំងក្រោមស្មារតី ខ្ញុំអាចធ្វើបាន»។
លោកថា ជាមួយនឹងការអនុវត្តគម្រោងនេះ យើងសង្ឃឹមថា ប្រជាពលរដ្ឋក្នុងសហគមន៍ជនបទ នឹងទទួលបាននូវបទពិសោធន៍ថ្មីទាក់ទងនឹងវិធីសាស្រ្តចលនាភូមិថ្មី ផ្តើមចេញពីការឧស្សាហ៍ព្យាយាម ការចេះជួយខ្លួនឯង និងមានសហប្រតិបត្តិការល្អដែលធ្វើឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
លោក ជុង យ៊ុនគ៊ីល នាយកទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំប្រទេសកម្ពុជា បានថ្លែងថា នៅទស្សវត្សឆ្នាំ៧០ ប្រទេសកូរ៉េបានអនុវត្តគម្រោងចលនាភូមិថ្មី បានជោគជ័យ ហើយបានយកគំរូនោះ មកសាកល្បងអនុវត្តនៅប្រទេសកម្ពុជា នេះគឺជាដំណាក់កាលមួយដែលត្រូវរិះរកវិធីសាស្រ្ត ដែលល្អបំផុត ដើម្បីយកមកអនុវត្តដោយខ្លួនឯង ដោយបែងចែកដាច់ដោយឡែក រវាងគម្រោងដែលជោគជ័យ និងគម្រោងដែលបរាជ័យ។ យើងត្រូវធ្វើយ៉ាងណាបង្កើតឲ្យបាននូវគំរូម៉ូដែលមួយ ដែលល្អបំផុតដើម្បីយកមកអនុវត្តនៅតំបន់ជនបទ នៅទូទាំងប្រទេសកម្ពុជា។ យើងគួរធ្វើការកត់ចំណាំឲ្យបានច្បាស់លាស់នូវដំណាក់កាលនីមួយៗ ដោយធ្វើយ៉ាងណាដើម្បីបង្កើត គំរូម៉ូដែលមួយដែលមានលក្ខណវិទ្យាសាស្រ្តហើយសមស្របនឹងបរិបទប្រទេសកម្ពុជា។
លោក គីម វ៉ុនជីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក៏បានបន្ថែមថា ក្នុងវិស័យកសិកម្មនៅកម្ពុជាគឺជាផ្នែកដ៏សំខាន់មួយ ដែលកំពុងតែមានការចូលរួម ក្នុ្ងងការកាត់បន្ថយអត្រានៃភាពក្រីក្រជាង៦០% ហើយដោយឈរលើស្មារតីដូចនេះ រដ្ឋាភិបាលកូរ៉េកំពុងតែអនុវត្តន៍គម្រោងអភិវឌ្ឍន៍ សហគមន៍ជនបទនៅកម្ពុជា ក្នុងគោលដៅដូចនេះ ដោយបានកំណត់ជាផ្នែកអាទិភាពមួយនូវការអភិវឌ្ឍន៍ជនបទតាមរយៈផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា។ ស្ថានទូតកូរ៉េប្រចាំកម្ពុជា ក៏នឹងបន្តជួយគាំទ្រដោយសហការជាមួយទីភ្នាក់ងារ ក្នុងការកសាងភូមិប្រកបដោយវិបុលភាពថែមទៀត ហើយធ្វើយ៉ាងណាឲ្យអ្នកភូមិទាំងអស់គ្នារស់នៅ ក្នុងជីវភាពដ៏ល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ដោយចីរភាព លើគម្រោងអភិវឌ្ឍន៍សហគមន៍ជនបទកម្ពុជា។
នៅក្នុងកម្មវិធីបិទសិក្ខាសាលានារសៀលថ្ងៃដដែល លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកូរ៉េ និងប្រជាជននៃសាធារណរដ្ឋកូរ៉ ដែលជានិច្ចកាល តែងតែផ្តល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបំពេញអាណត្តិរបស់ខ្លួនក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅជនបទរៀងរហូតមក។
លោកបណ្ឌិតបានលើកឡើងថា «ក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ជាតិ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរៀបចំ និងអនុវត្តសកម្មភាពអភិវឌ្ឍន៍ជនបទចម្រុះ ដែលជាសកម្មភាពប្រទាក់ ក្រឡា និងអន្តរវិស័យ សំដៅប្រែក្លាយទីជនបទ និងស្ថានភាពសេដ្ឋកិច្ច សង្គម របស់ប្រជាពលរដ្ឋនៅជនបទឲ្យ មានភាពប្រសើរឡើង។ លើសពីនេះទៅទៀត ក្នុងនោះក្រសួងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទដូចជា ផ្លូវស្ពានអណ្តូងទឹកស្រះទឹកប្រព័ន្ធស្រោចស្រពខ្នាតតូច បង្គន់អនាម័យផ្សារជនបទនិងការងារអភិវឌ្ឍសហគមន៍ព្រមទាំងផ្ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការឈានឆ្ពោះទៅសម្រេចឲ្យបានជោគជ័យ នូវចក្ខុវិស័យខាងលើរបស់រាជរដ្ឋាភិបាលកម្ពុជា»។
អង្គសិក្ខាសាលាបានបិទបញ្ចប់ដោយបរិយាកាសរីករាយ និងជោគជ័យ ដោយក្នុងនោះមានភូមិដែលអនុវត្តគម្រោងបានល្អប្រសើរមានចំនួន ៥ភូមិ ល្អណាស់ ៨ និងចំណាត់ថ្នាក់ល្អចំនួន ១៧ភូមិ ក្នុងនោះភូមិដែលទទួលបានចំនួនល្អដាច់គេ នឹងទទួលបានថវិកាសម្រាប់អនុវត្តគម្រោងឆ្នាំបន្ទាប់មានចំនួនរហូតដល់ ៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕