បញ្ជាក់ពីការមិនតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់ជនគ្រប់រូប ដែលចូលមកប្រទេសកម្ពុជា នៅពេលចាក់វ៉ាក់សាំងគ្រប់ចំនួន
FN ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់អំពីការមិនតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់ជនគ្រប់រូប (បូកទាំងជនបរទេស) ដែលចូលមកប្រទេសកម្ពុជា។ ការមិនធ្វើចត្តាឡីស័កនេះ សម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនរួចរាល់ប៉ុណ្ណោះ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បានបន្ថែមថា បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងហើយក៏ពិតមែន ប៉ុន្ដែត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍តេស្ដរហ័ស។ ដោយឡែក សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ និងយកសំណាកដោយម៉ាស៉ីន PCR ដដែល មិនមានការផ្ដល់ជូននូវលក្ខខណ្ឌពិសេស សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់នោះទេ។ ការចេញសេចក្ដីប្រកាសព័ត៌មានខាងលើនេះ របស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីមានការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេង ដែលបានអនុញ្ញាតឲ្យផ្សព្វផ្សាយជាសាធារណៈ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ក្រសួងសុខាភិបាល បានបន្ថែមទៀតថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក, សណ្ឋាគារ និងគេហដ្ឋាន នៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឲ្យចេញពីការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។