(១) ការបោះឆ្នោតគាំទ្រជាបន្តបន្ទាប់ផ្ដល់ឱកាសឱ្យគណបក្សប្រជាជននិងខ្លួនខ្ញុំ មានឱកាសតបស្នងសងគុណចំពោះប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស
មុននឹងចូលដល់បញ្ហាផ្លូវ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការនឹករលឹកនិងអរគុណចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពត ដែលកាលពីខែមិថុនាកន្លងទៅនេះ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ធ្វើឱ្យគណបក្សប្រ ជាជនឈ្នះភ្លូកទឹកភ្លូកដី។ សង្ឃឹមថា បងប្អូននឹងបន្តបោះឆ្នោតអោយគណបក្សប្រជាជនជាបន្តទៀតនៅក្នុងខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ដោយសារតែការបោះឆ្នោតគាំទ្រជាបន្តបន្ទាប់នោះហើយ ដែលផ្ដល់ឱកាសឱ្យគណបក្សប្រជាជន ឱ្យខ្លួនខ្ញុំ មានឱកាសតបស្នងសងគុណចំពោះប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស និយាយជារួមនិងនិយាយដោយឡែកគឺចំពោះខេត្តកំពត។
(២) ផ្លូវលេខ ៣១និងផ្លូវលេខ ៣៣ ដែលមានប្រវែងសរុបជាង ១០៦ គីឡូម៉ែត្រ របៀងសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ច និងតភ្ជាប់ពីវៀតណាមទៅកាន់ព្រះរាជាណាចក្រថៃ
ថ្ងៃនេះ យើងបើកការដ្ឋានដើម្បីលើកកម្រិតគុណភាពនូវផ្លូវលេខ ៣១និងផ្លូវលេខ ៣៣ ដែលមានប្រវែងសរុបជាង ១០៦ គីឡូម៉ែត្រ ដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ ទាក់ទិនជាមួយការតភ្ជាប់របស់យើង។ ផ្លូវនេះមានសារសំខាន់តភ្ជាប់ទៅទិសនារតី ប៉ែកមាត់សមុទ្រ។ គេអាចមើលឃើញថាផ្លូវនេះបានតភ្ជាប់ចាប់តាំងពីខេត្តតាកែវ មកកាន់ខេត្តកំពត, កែបនិងរហូតតភ្ជាប់ជាមួយវៀតណាម ដែលជារបៀងសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ច និងជាច្រករបៀងតាមមាត់សមុទ្រដែលតភ្ជាប់ពីវៀតណាមទៅកាន់ព្រះរាជាណាចក្រថៃ តាមទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំពិតជាមានការរីករាយដែលមិនដល់មួយសប្ដាហ៍ទេ ដែលខ្ញុំជាមួយឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រមានិតចិន បើកនូវការដ្ឋានស្ថាបនាលើកកំពស់ផ្លូវគឺផ្លូវលេខ ៤១ ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកំពត។ ឥឡូវនេះមកកាន់ខេត្តកំពត ដើម្បីតភ្ជាប់ផ្លូវមកកាន់ខេត្តកំពតខ្លួនឯង តភ្ជាប់ជាមួយតាកែវ តភ្ជាប់ជាមួយកែប និងតភ្ជាប់ជាមួយព្រំដែនវៀតណាម។ នៅពេលដែលមានការលើកកម្រិតរួចហើយ ជាអ្នកនៅខេត្តកំពតទទួលផលប្រយោជន៍ពីផ្លូវនេះ។ ប៉ុន្តែ មិនមែនគ្រាន់តែអ្នកខេត្តកំពតទេ ប្រជាជនកម្ពុជាទាំងអស់គ្នាមានផលប្រយោជន៍ក្នុងការឆ្លងកាត់ផ្លូវនៅទីនេះ។ នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផល ដែលយើងត្រូវដោះស្រាយ ដើម្បីអោយប្រជាពលរដ្ឋរបស់យើងកាន់តែមានស្ថានភាពល្អប្រសើរនៅក្នុងការកសាងជីវភាពរបស់ខ្លួន។
(៣) ចិនកសាងផ្លូវជាង ៣ ពាន់គីឡូម៉ែត្រ និងកំពុងសាងសង់រាប់រយគីឡូម៉ែត្រ
ខ្ញុំសូមយកឱកាសនេះថ្លែងនូវការអរគុណចំពោះការយោគយល់ និងការផ្តល់នូវការឧបត្ថមគ្រប់បែបយ៉ាងពីសំណាក់សាធារណរដ្ឋប្រជាមានិតចិន។ ដូចដែលខ្ញុំបានបញ្ជាក់ ជាង ៣ ពាន់គីឡូម៉ែត្ររួចទៅហើយដែលមិត្តចិនបានកសាងផ្លូវនិងដាក់ឱ្យប្រើប្រាស់ ហើយកំពុងកសាងរាប់រយគីឡូម៉ែត្រទៀត។ ថ្ងៃនេះគឺជាថ្ងៃ៣០ (ធ្នូ ២០២២)។ នៅត្រឹមតែរយៈពេលប្រមាណជាង ១០ ថ្ងៃទៀតប៉ុណ្ណោះ យើងនឹងមានការដ្ឋាន២ ទៀត។ ទី១ គឺការដ្ឋានស្ថាបនាផ្លូវនិងស្ពានឆ្លងកាត់ទន្លេមេគង្គនៅឯខេត្តក្រចេះ ដែលនឹងត្រូវធ្វើនៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ ហើយបន្ទាប់ទៅនៅថ្ងៃ ០៩ ខែមករា ឆ្នាំ២០២៣ ក៏នឹងបើកការដ្ឋានពង្រីកផ្លូវធំមួយដែលភ្ជាប់នៅក្នុងខេត្តកំពង់ចាម គឺផ្លូវជាតិលេខ៧។
(៤) ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា/ចិន មាន ១៤.៥០០ លានដុល្លារអាមេរិក ឬកើនឡើង ១៩%
យើងអនុវត្តបាននូវកិច្ចការទាំងអស់នេះ ដោយសារការជឿទុកចិត្តនិងការពង្រីកនូវទំនាក់ទំនងសាមគ្គីភាព រវាងចិន-កម្ពុជា ដែលដូចដែលឯកឧត្តមអគ្គរដ្ឋទូតចិន បានធ្វើនូវសុន្ទរកថាអម្បាញ់មិញ។ ឆ្នាំនេះ តួលេខនៃទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានរហូតទៅដល់ ១៤.៥០០ (ដប់បួនពាន់ប្រាំរយ)លានដុល្លារអាមេរិក ដែលមានកំណើនរហូតទៅដល់១៩%។ នៅពេលខាងមុខ ខ្ញុំជឿថាយើងនឹងមានសមត្ថភាពដើម្បីនឹងនាំទំនិញចូលទៅកាន់ទីផ្សារចិនកាន់តែច្រើន តាមរយៈនៃកិច្ចព្រមព្រៀងពាជណិជ្ជកម្មសេរី កម្ពុជា-ចិន ដែលមិត្តចិនបានផ្ដល់ភាពអនុគ្រោះសម្រាប់ការនាំទំនិញរបស់កម្ពុជារហូតទៅដល់ ៩៧,៥៣% ដែលជាកម្រិតខ្ពស់បំផុតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសដទៃទៀត។
(៥) ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជោគវាសនារួមចិននិងកម្ពុជា និងជាមិត្តដែកថែប ផ្ដល់ឱ្យតាមតម្រូវការរបស់កម្ពុជា
ការសំរេចបានទាំងអស់នេះ យើងគួរតែរំលឹកទៅដល់នូវចំណងទាក់ទងដែលត្រូវបានកសាងតាំងពីដំណាក់កាលនៃអ្នកជំនាន់មុន ដែលកម្ពុជាដឹកនាំសម្ដេចព្រេះនរោត្តម សីហនុ សម្ដេចព្រះបរមរតនកោដ្ឋ ដែលជាអតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋរបស់យើងនាពេលនោះ ជាមួយនឹងអ្នកដឹកនាំជំនាន់មុនរបស់ចិនដែលបន្សល់ទុក កេរមរតកសម្រាប់យើង ក្នុងការអភិវឌ្ឍទំនាក់ទំនងឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនឹងជោគវាសនារួមរវាងចិននិងកម្ពុជា ហើយក៏ជាមិត្តដែកថែប ដែលតែងតែផ្ដល់ឱ្យយើងទៅតាមតម្រូវការរបស់កម្ពុជា។ អ្វីដែលជាការគោរពរបស់យើងនោះ គឺមិត្តចិនបានផ្ដល់ឱ្យយើងទៅតាមការចង់បានរបស់យើង។ បានសេចក្ដីថា ដូចជាយើងចង់កសាងផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ ប៉ុន្តែម្ចាស់ឥណទានបែរជាចង់កសាងអ្វីនៅកន្លែងផ្សេង។ ខ្ញុំលើកឧទាហរណ៍មួយ ខ្ញុំមិនបញ្ចេញឈ្មោះទេ ដែលទីចុងបំផុតខ្ញុំសម្រេចចិត្តថា ខ្ញុំមិនខ្ចីលុយនោះទេ។
ប្រមាណជា១០ឆ្នាំមុននេះ មានស្ថាប័នហិរញ្ញវត្ថុមួយបានមកជួបធ្វើការជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ហើយបន្ទាប់ទៅជួបជាមួយខ្ញុំ។ គេឱ្យយើងខ្ចីប្រាក់ ប៉ុន្តែគេមិនគោរពទៅតាមសំណូមពររបស់យើងនោះទេ។ គេប្រាប់ថាថវិកាឥណទានដែលផ្ដល់ឱ្យយើងខ្ចីសម្រាប់ប្រើប្រាស់ទៅលើអាហារូបករណ៍ របស់សិក្សបឋមសិក្សា។ ខ្ញុំបានប្រាប់ទៅគេវិញថា ខ្ញុំកំពុងត្រូវការថវិកាដើម្បីកសាងសាលា ព្រោះបើអត់មានសាលា តើអោយអាហារូបករណ៍ទៅរៀននៅឯណា។ ដោយសារភាពមិនត្រូវគ្នានេះ ពេលនោះគឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ ខ្ញុំក៏បានប្រាប់ទៅថាមិនចាំបាច់ខ្ចីលុយនឹងទេ ព្រោះសំណូមពរជាក់ស្ដែងរបស់កម្ពុជាកំពុងខ្វះថ្នាក់រៀនត្រូវការកសាងសាលារៀន ប៉ុន្តែម្ចាស់ឥណទានបែរជាប្រាប់មកយើងថាប្រាក់នេះសំរាប់ជាអាហារូបករណ៍ឱ្យសិស្សនៅថ្នាក់បឋមសិក្សាទៅវិញ។ ទៅរៀននៅឯណា? … អញ្ចឹងទេយើងសម្រេចថាមិនយកថវិកានោះទេ។
(៦) ធ្វើមួយណាមុនធ្វើមួយណាក្រោយ អាស្រ័យលើកម្ពុជា ជាចំណុចពិសេសនៃការប្រើប្រាស់ឥណទានចិន
ប៉ុន្តែ មិត្តចិន(ធ្វើ)ខុសពីនេះ។ យើងជាអ្នកដាក់គម្រោងប្រចាំឆ្នាំ។ យើងខ្លួនឯងជាអ្នកកំណត់អាទិភាពថា អានេះទៅមុនអានេះទៅក្រោយ ក្នុងទំហំឥណទានប៉ុន្មាន។ តម្រូវការឥណទានរបស់យើងពីមិត្តចិនក្នុងរង្វង់ ៥ រយលានទៅ ១ ពាន់លាន ក្នុងមួយឆ្នាំ។ យើងដាក់គម្រោងទៅតាមហ្នឹង។ អ្វីដែលយើងចង់បានមុន យើងដាក់ទៅមុន។ ការសម្រេចចិត្តធ្វើមួយណាមុន ធ្វើមួយណាក្រោយស្ថិតនៅលើកម្ពុជា។ នោះហើយជាចំណុចពិសេសនៃការប្រើប្រាស់ឥណទានរបស់ចិន។ ដូចជាប្រព័ន្ធផ្លូវនេះ យើងត្រូវការពង្រីកផ្លូវជាតិលេខ៣ ដែលមុននេះយើងប្រើឥណទានរបស់សាធារណរដ្ឋកូរ៉េ។ ប៉ុន្តែផ្លូវហ្នឹងវាតូច។ យើងក៏ត្រូវរកថវិកាពីចិនដើម្បីតភ្ជាប់ទីក្រុងភ្នំពេញជាមួយនឹងខេត្តកំពត ពង្រីកវាឱ្យធំនិងធ្វើឱ្យវារឹងមាំ។ ឯផ្លូវលេខ ៣៣ និងផ្លូវលេខ ៣១ នេះ យើងក៏ធ្លាប់ធ្វើរួចម្ដងហើយ តាមរយៈឥណទានរបស់សាធារណរដ្ឋកូរ៉េនិងធនាគារអភិវឌ្ឍអាស៊ី ក៏ប៉ុន្តែវាតូច ដោយពេលនោះយើងប្រើប្រាស់ថវិកាតិចតែធ្វើផ្លូវអោយបានវែង។ ឥឡូវយើងមិនធ្វើយ៉ាងដូច្នេះទៀតទេ យើងត្រូវប្រើ នូវរបៀបធ្វើអោយបានយូរនិងរឹងមាំប្រើបានយូរ ដោយចាក់បេតុងនិងចាក់បេទីម ដែលអាចធ្វើដំណើរបានស្រួល។ ក្នុង ១០៦ គីឡូម៉ែត្រនេះ យើងត្រូវប្រើប្រាស់ថវិកាអស់ ១២១ លានដុល្លារសហរដ្ឋអាមេរិក ដែលជាថវិកាឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនផងនិងថវិកាបដិភាគព្រះរាជាណាកច្រកម្ពុជាផង។
(៧) ការវិនិយោគរបស់ចិនលាតសន្ធឹងពីនីរតី ពាយព្យ ឦសាន និងភាគកណ្តាលកម្ពុជា
តាមរយៈឯកឧត្តម វ៉ាង វិនធៀន អនុញ្ញាតឱយខ្ញុំថ្លែងអំណរគុណទៅជូនប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រមានិតចិន ដែលតែងជួយយើងនៅក្នុងការស្តារអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។ (សូមជំរាប)ឯកឧត្តម វ៉ាង វិនធៀន(ថា) ការវិនិយោគមកកាន់ខេត្តកំពតគឺជាការវិនិយោគត្រូវ ប៉ុន្តែមិនមែនគ្រាន់តែត្រូវនៅត្រឹមកន្លែងខេត្តនឹងទេ។ ប្រទេសចិនបានលាតសន្ធឹងការវិនិយោគដោយចាប់យកទិសនីរតី ទិសពាយព្យនិងទិសឦសានរបស់កម្ពុជា ប៉ុន្តែក៏នៅមានភាគកណ្ដាលរបស់កម្ពុជាផងដែរ ជួយជម្រុញអោយការអភិវឌ្ឍកម្ពុជាកើនឡើង។ ការតភ្ជាប់ទៅកាន់ខេត្តក្រចេះ ការតភ្ជាប់ទៅកាន់ខេត្តរតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែងនិងព្រំដែនឡាវគឺត្រូវបានធ្វើដោយមិត្តចិន។ បើគ្មានមិត្តចិនទេ យើងក៏មិនអាចទៅរកថវិកាធ្វើបានដែរ។ ការតភ្ជាប់មកទិសនារតីរួមមានការកសាងផ្លូវល្បឿនលឿន តភ្ជាប់ទីក្រុងភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ការវិនិយោគផ្លូវជាតិលេខ៣, ៣១, ៣៣។ សង្ឃឹមថាមិត្តចិននឹងបន្តជួយយើងកសាងផ្លូវជាតិលេខ៣ ដែលលំបាកធ្វើបំផុត … មិនដែលមានប្រទេសណាធ្វើ(ផ្នែកមួយនៃ)ផ្លូវហ្នឹងជាប់ទេ។
(៨) កសាងផ្លូវដើម្បីកសាងសេដ្ឋកិច្ចជឿនលឿន កាត់បន្ថយភាពក្រីក្រ បន្ថយការលំបាក/ចំណាយរបស់ប្រជាជន
សង្ឃឹមថាយើងនឹងតភ្ជាប់បានផ្លូវជាតិលេខ៣ ពីកំពតទៅកាន់វាលរេញ ដែលជាផ្លូវកំពុងរងការខូចខាត ហើយដែលមានកន្លែងមួយហ្នឹងធ្វើមិនជាប់។ សង្ឃឹមថាមិត្តចិននឹងធ្វើ។ នេះគឺជាការតភ្ជាប់ដែលយើងនៅតែផ្ដល់អាទិភាព។ បើគ្មានផ្លូវទេ យើងមិនអាចនឹងសម្រេចបាននូវការកសាងសេដ្ឋកិច្ចមួយប្រកបដោយការជឿនលឿននិងបន្ថយការលំបាករបស់ប្រជាជន(បានទេ)។ បើមិននិយាយដល់ការកាត់បន្ថយភាពក្រីក្រទេ និយាយអំពីការលំបាករបស់ប្រជាជនឬក៏បន្ថយការចំណាយរបស់ប្រជាជន ដូចដែលខ្ញុំធ្លាប់ធ្វើការប្រៀបធៀបមុននេះ។ ផ្លូវមិនល្អយើងធ្វើដំណើរអស់ប្រាក់ច្រើននិងពេលវេលាច្រើន។ នៅពេលដែលមានផ្លូវល្អហើយនោះ យើងនឹងចំណាយប្រាក់តិចនិងពេលវេលាតិចជាង ក្នុងការធ្វើដំណើរ។ នោះហើយជាផលចំណេញសម្រាប់ប្រជាពលរដ្ឋ ដែលយើងត្រូវតែប្រឹងប្រែងធ្វើបន្តទៀត។
(៩) ចក្ខុវិស័យអាទិភាព ៤ យ៉ាង នឹងត្រូវមិនតិចជាង ៣០ ឆ្នាំទៅមុខទៀត
ចក្ខុវិស័យអាទិភាព ៤ យ៉ាង ដែលបានប្រកាសនៅឆ្នាំ១៩៨៧ រហូតមកដល់ពេលនេះ មានរយៈពេលជាង ៣០ឆ្នាំ។ វានៅតែត្រូវ។ ឥឡូវនេះខ្ញុំគិតថាវានឹងត្រូវរយៈពេលមិនតិចជាង៣០ ឆ្នាំទៀតទេ។ ដោយសារជានាយករដ្ឋមន្ត្រីមិនដាច់រយៈក្នុងរយៈពេលជិត៣៨ឆ្នាំមកនេះ ខ្ញុំនៅចាំបានច្បាស់ឆ្នាំ១៩៨៧ ខ្ញុំបានដាក់ចេញនូវអាទិភាព៤ យ៉ាងដើម្បីវិនិយោគ។ អាទិភាព៤ យ៉ាងនេះ រួមមាន ទឹក ផ្លូវ ភ្លើង មនុស្ស។ ឥឡូវនេះ យើងគ្រាន់តែដូរមុំតែប៉ុណ្ណោះមកជា “មនុស្ស ផ្លូវ ទឹក និងភ្លើង” ដែលនៅតែនៅជាអាទិភាពដល់ការវិនិយោគ។ បើយើងមិនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់និងផ្នែករឹងគឺយើងមិនអាចធ្វើអ្វីបានទេ។ ទាក់ទងនឹងមនុស្សគឺចង់និយាយអំពីផ្នែកទន់ គឺការបណ្ដុះបណ្ដាលធនធានមនុស្សជាអាទិភាព ប៉ុន្តែផ្នែករឹងមានទឹក ផ្លូវ និងភ្លើង។
(១០) កំពតផ្គត់ផ្គង់អំបិល ស៊ីម៉ង់ត៍ វារីអគ្គិសនី និងជាគោលដៅទេសចរណ៍
ខ្ញុំបាននិយាយថាវិនិយោគមកកាន់ខេត្តកំពតនេះជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដោយសារលក្ខណៈសម្បត្តិនៃខេត្តកំពតនេះ គឺជាខេត្តដែលមានលក្ខណៈពិសេស ជាងគេ (ទី១) នៅត្រង់ថា មានតែក្នុងខេត្តកំពតនេះទេ ដែលអាចផ្គត់អំបិលចេញពីទីនេះទៅកាន់ទីកន្លែងផ្សេង។ រឿងនេះ ខ្ញុំបាននិយាយជាមួយអតីតប្រធានាធិបតីកូរ៉េ Roh Moo-hyun ក្នុងការដែលយើងរកឥណទានពីគាត់នៅក្នុងឆ្នាំ២០០៦ កាលពីពេលដែលគាត់មកធ្វើអង្គរឃ្យុងយូរ ថាសូមឯកឧត្តមជួយខ្ញុំ ដើម្បីស្ដារផ្លូវជាតិលេខ៣ឡើងវិញ ព្រោះជាផ្លូវតែមួយគត់ដែលទាក់ទិនជាមួយការបែងចែកអំបិលផ្គត់ផ្គង់ទៅកាន់ទីកន្លែងផ្សេង។ យើងមិនត្រូវភ្លេចផងទេថា (ទី២) ខេត្តកំពតមានឧស្សាហកម្មធុនធ្ងន់ នោះគឺឧស្សាហកម្មសំភារៈសំណង់ គឺស៊ីម៉ង់ត៍ ដែលមានរោងចក្រ៤ នៅខេត្តកំពត។ មុននេះខ្ញុំ(បាន)ឆ្លងកាត់រោងចក្រមួយគឺរោងចក្រ ចក្រីទីង ដែលមានតាំងពីទសវត្សរ៍៦០ កសាងដោយសារធារណៈរដ្ឋប្រជាមានិតចិន។ ឥឡូវហ្នឹងក៏វិនិយោគដោយក្រុមហ៊ុនចិនផងដែរ។ នៅមានក្រុមហ៊ុន ជីបម៉ុង, ថៃ ប៊ុនរ៉ុង … ផលិតស៊ីម៉ង់ត៍ប្រមាណជា ៧ លានតោន និងដែលត្រូវដឹកចេញពីតំបន់នេះ។ អញ្ចឹងផ្លូវត្រូវតែមានភាពធន់ដើម្បីបម្រើឱ្យការលូតនៅក្នុងប្រទេស។
សព្វថ្ងៃនេះ ប្រទេសយើងផលិតស៊ីម៉ងត៍ខ្លួនឯងនៅក្នុងខេត្តកំពត និងនៅក្នុងខេត្តបាត់ដំបង ដែលមានសរុបប្រមាណជាជាង ៩ លានតោន។ ក៏ប៉ុន្តែយើងប្រើអត់ទាន់គ្រប់ទេ។ យើងប្រើជាង ១០ លានតោន ដោយមានតម្រូវការនាំចូល(មកបន្ថែម)។ អញ្ចឹងបានជាយើងត្រូវធ្វើការពង្រីក។ បើយោងទៅលើការព្យាករណ៍ យើងនៅមានតម្រូវការនៃការប្រើប្រាស់ស៊ីម៉ងត៍នេះតទៅទៀត ដោយសារតែឥឡូវនេះស៊ីម៉ងត៍មិនមែនគ្រាន់តែកសាងផ្ទះសម្បែង អគារនោះទេ ស៊ីម៉ងត៍ចាប់ផ្តើមប្រើប្រាស់សម្រាប់ប្រព័ន្ធផ្លូវផងដែរ ប្រព័ន្ធលូ ស្អីៗ ហ្នឹង … ដូច្នេះឯកឧត្តម អាចពិនិត្យឃើញថា វិនិយោគនេះត្រូវនិងឧស្សាហកម្មធុនធ្ងន់ដែលមាននៅក្នុងទឹកដីខេត្តកំពតនេះតែម្តង ឯឧស្សាហកម្មធុនធ្ងន់មួយទៀត (ទី៣)គឺវារីអគ្គិសនីមាននៅក្នុងខេត្តកំពតនេះមានចំនួន ១៩៣មេហ្គាវ៉ាត់ ដែលបានកសាងនៅកំចាយ វារីអគ្គិសនីដ៏ធំមួយនេះដែលផ្គត់ផ្គង់ជាមួយនឹងភ្លើងសម្រាប់ចូលទៅកាន់ទីក្រុងភ្នំពេញ និងទៅកាន់កន្លែងដទៃទៀត។ (បណ្តា)តំបន់ដែលតភ្ជាប់ ដែលរួមមានកំពតមួយផង ឥឡូវនេះជាគោលដៅទេសចរពេញនិយមសម្រាប់ភ្ញៀវអន្តរជាតិ។ នេះក៏ជាផ្នែកមួយនៃខេត្តដែលជាប់មាត់សមុទ្រ ដែលហៅថា «តារារះនាទិសនិរតី» រួមមានខេត្តកំពតនិងកែប ជាចំណុចនៃការទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
(១១) ផ្លូវលេខ ៥៥ វាលវែង ក្លាយពីសមរភូមិស៊ីសាច់ហុតឈាមមកជាតំបន់ទេសចរ
យើងត្រូវបន្តធ្វើដើម្បីឱ្យខេត្តនេះ មានការរីកចម្រើនជាមួយជាខ្សែសង្វាក់ជំនួញនៃកំណើនសេដ្ឋកិច្ច ជាផ្នែកដ៏សំខាន់មួយនៅក្នុងចំណោមការលូតលាស់របស់ប្រទេស។ ការចាប់យកភូមិភាគឦសានដើម្បីរុញការតភ្ជាប់ទៅទីនោះដោយមិត្តចិនជួយ តាមរយៈការតភ្ជាប់ផ្លូវ ៧៦, ៧៧, ៧៨ និងការតភ្ជាប់ផ្លូវជាតិលេខ ៧ គឺជាការជំរុញនូវកំណើននៅទីនោះ។ តំបន់តាមព្រំដែនកម្ពុជា-ថៃ ត្រូវបានមិត្តជួយស្ថាបនាផ្លូវនៅទីនោះយ៉ាងច្រើន ដែលផ្តល់ឱកាសសម្រាប់ឱ្យយើងតភ្ជាប់។ ដូចជា យើងពិនិត្យមើល ផ្លូវដែលយើងទៅសម្ពោធជាមួយគ្នាគឺផ្លូវលេខ ៥៥ (វាលវែង) ដែលពេលនោះខ្ញុំនិយាយលេងថា «បុប្ផាលាក់ខ្លួន» ឥឡូវក្លាយទៅជាតំបន់ទេសចរណ៍មួយដ៏គួរឱ្យទាក់ទាញ។ គេនាំគ្នាទៅទេសចរនៅតំបន់វាលវែង ដែលជាតំបន់ដែលពីមុនធ្លាប់តែប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម …។
(១២) ហេតុអី រដ្ឋធម្មនុញ្ញចែងត្រឹមតែពីព្រះបាទអង្គឌួង ព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្តិ និងបច្ឆាញាតិរបស់ព្រះបាទអង្គឌួង? ស្តេចជំនាន់មុនទៅណា?
ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ ហើយខ្ញុំក៏បានឃើញនូវការធ្វើបទសំភាសន៍របស់លោក សារាយ ដែលចេញ Fresh News ជាមួយនឹងប្អូនប្រុសម្នាក់និងការធ្វើសំភាសន៍ជាមួយនឹងប្អូនម្នាក់ដែលថាឆ្នាំរោងដូចខ្ញុំដែលនោះ ដូចជាមកពីខាងទូកមាស … នៅក្នុងឡានរបស់ខ្ញុំមានទូរទស្សន៍ដែលអាចមើលផ្ទាល់ក្នុងការផ្សាយតាមរយៈ Fresh News … ម្សិលមិញនេះជាខួបលើកទី ២៤ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហើយជាលើកដំបូងនៃសន្តិភាពនិងការឯកភាពទឹកដី ដែលប្រទេសកម្ពុជាកម្រនឹងជួបប្រទះក្នុងរយៈជាច្រើនសតវត្សរ៍។ មិនមែនច្រើនទសវត្សរ៍ទេ គឺច្រើនសតវត្សរ៍តែម្តង។ បើនិយាយអំពីការបែកបាក់ជាតិរបស់យើងដែលចាប់ផ្តើមធ្ងន់ធ្ងរតាំងពីដំណាក់កាលបន្ទាប់ពីពញ្ញាយ៉ាត នៅក្នុងរង្វង់ឆ្នាំ ១៥៧០ ជាងនោះមក។ ដូច្នេះ វាក៏មានរយៈពេលវែងដែលធ្វើឱ្យប្រទេសរបស់យើងមានការបែកបាក់។ សូម្បីតែឥឡូវនេះ គេចោទសួរថា ហេតុអីបានជារដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាគេសរសេរត្រឹមតែព្រះបាទ អង្គឌួង ព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្តិ និងបច្ឆាញាតិរបស់ព្រះបាទអង្គឌួង? ចុះស្តេចជំនាន់មុនទៅណាអស់ហើយម្តេចមិនសរសេរចូលក្នុងរដ្ឋធម្មនុញ្ញ?
នោះជាចម្ងល់ ហើយក៏ផ្តល់ឱ្យយើងនូវ(ការសិក្សាអំពី)មេរៀនឱ្យយើងអំពីការបែកបាក់ប្រទេសរបស់យើង។ ខ្ញុំគួរតែនិយាយ។ ថ្ងៃមុនខ្ញុំនិយាយអំពីការតភ្ជាប់រវាងពីវត្តវាំងចាស់ឆ្លងកាត់ផ្លូវជាតិលេខ ៥១ និងផ្លូវជាតិលេខ ៤១ ចុះមកខេត្តកំពតនេះ ដែលហៅថាផ្លូវរបស់ព្រះបាទ អង្គឌួង។ បន្ទាប់ពីវាយបានចតុមុខហើយ ពេលនោះ ព្រះអង្គមិនបានកសាងរដ្ឋធានីនៅចតុមុខទេ។ ព្រះអង្គទៅកសាងព្រះរាជវាំងនៅឯវត្តវាំងចាស់សព្វថ្ងៃនេះ។ តើមានមូលហេតុអីទៅ បានជាត្រូវរើរដ្ឋធានីត្រឡប់ទៅទីនោះវិញ? បន្ទាប់ទៅបានមករើរដ្ឋធានីមកនៅចតុមុខ។ (នោះ)គឺបណ្តាលមកពីប្រទេសរបស់យើងបែកបាក់ មានសង្គ្រាមរាំងជល់ និងការដណ្តើមគ្នារវាងប្រទេសជិតខាងមកលើប្រទេសរបស់យើង។ ចំណុចនោះហើយ ដែលធ្វើឱ្យយើង(ត្រូវ)រងគ្រោះ។
(១៣) រដ្ឋប្រហារ ១៨ មីនា ១៩៧០ ធ្វើអោយកើតនូវសង្គ្រាមនិងនាំដល់របប ប៉ុល ពត
ពិសេស ការបែកបាក់ជាតិដោយសាររដ្ឋប្រហារ ១៨មីនា ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ។ (ប្រទេស)យើងបានកើតនូវសង្គ្រាម។ សង្គ្រាមនោះហើយដែលនាំដល់របប ប៉ុលពត កាប់សម្លាប់គ្មានរើសមុខ។ យើងបន្តសង្គ្រាមរហូតមកដល់ឆ្នាំ១៩៩៨។ ម្សិលមិញនេះគឺខួបលើកទី ២៤ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដី ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ ខ្ញុំនៅតែនឹកស្រមៃថា ប្រសិនបើពុំមានរដ្ឋប្រហារឆ្នាំ ១៩៧០ ទុកឱ្យសម្តេចព្រះនរោត្តម សីហនុ សម្តេចដឹកនាំបន្តទៀតមិនដឹងថាប្រទេសកម្ពុជាយើងរីកចម្រើនដល់ណាទេ។ ប៉ុន្តែជាអកុសល ប្រទេសនេះបានទទួលការកសាងក្នុងមួយរយៈជិត ២ ទសវត្សរ៍ គឺថា ១ ទសវត្សរ៍កន្លះ ដោយបានតភ្ជាប់ភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវជាតិលេខ ៤ និងផ្លូវដែក ដែលឆ្លងកាត់ខេត្តកំពតនេះរបស់យើងផងដែរ។
(១៤) មិនមែនជាអ្នកទទួលខុសត្រូវបង្កើតសង្គ្រាម តែជាអ្នកស្រាយចំណងរបស់អ្នកជំនាន់មុន
ផ្លូវដែក ត្រូវបានកសាងនៅក្នុងដំណាក់កាលនៃទស្សវត្សរ៍ ៦០ រោងចក្រស៊ីម៉ងត៍នៅទីនេះក៏ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ដែលបានកសាងរោងចក្រស៊ីម៉ងត៍ ផ្តល់ឱ្យកម្ពុជានូវឱកាសសម្រាប់មានស៊ីម៉ងត៍ប្រើប្រាស់ក្នុងប្រទេសរបស់យើងនេះ។ ប្រសិនបើគ្មានរដ្ឋប្រហារ ១៨មីនា ១៩៧០ ទេ វាក៏មិននាំមកនូវសង្គ្រាមនេះដែរ។ ពេលសង្គ្រាមបានផ្ទុះឡើងនៅឆ្នាំ ១៩៧០ ខ្ញុំទើបមានអាយុ១៨ឆ្នាំទេ។ ខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវទៅលើការបង្កើតសង្គ្រាមនេះឡើយ។ ខ្ញុំក៏អត់នឹកគិតថា អំរែក(នៃការស្រាយ)ចំណងដែលអ្នកជាន់មុនដូចជាពួក លន់ នល់ សិរីមតៈ ចេង ហេង បានចង ត្រូវបាន(ខ្ញុំនិង)អ្នកជំនាន់ក្រោយជាអ្នកស្រាយទៅវិញ។ ប៉ុន្តែទោះបីអ្នកមុន ឬអ្នកក្រោយតែវាជាកាតព្វកិច្ចកូនខ្មែរដែលត្រូវពន្លត់សង្គ្រាមនេះ។
(១៥) ការទទួលមេដឹកនាំខ្មែរក្រហម បញ្ជូនជាសារ ៣
ម្សិលមិញ មានបងប្អូនខ្មែរទាំងនៅកម្ពុជាទាំងនៅអាមេរិក បានធ្វើ Live show មួយ។ គាប់ជួនខ្ញុំបានបើកទៅហើយគេបញ្ចូន Link ចូលមក។ ខ្ញុំក៏ចូលទៅខម្មិនថា កាលពី ២៤ ឆ្នាំមុន នៅម៉ោងនេះហើយដែល ខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមដទៃទៀត កំពុងទទួលទានអាហារនៅផ្ទះរបស់ខ្ញុំ។ រឿងវាយ៉ាងដូច្នេះ។ កាលពី ២៤ ឆ្នាំមុន នៅពេលល្ងាចម្សិលមិញនេះ គឺមេដឹកនាំកំពូលរបស់ខ្មែរក្រហមទាំងអស់បានមកទទួលទានអាហារនៅផ្ទះរបស់ខ្ញុំ ដែលជាការគូសបញ្ជាក់ពីការបញ្ចប់សង្គ្រាម។ ខ្ញុំគួរតែត្រូវរំលឹកត្រង់នេះបន្តិច។ ឥឡូវមានឃើញឯកសារជាវីដេអូដែលបញ្ចាំងតាមទូរទស្សន៍ ដែលគេឃើញវត្តមាន ខៀវ សំផន នួន ជា អៀង សារី និងមេដឹកនាំដទៃទៀតរាប់ទាំង ជួន ជឿន គណៈរដ្ឋមន្ត្រីរបស់ខ្មែរក្រហមមកទទួលទានអាហារជាមួយនឹងខ្ញុំនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅនេះឯង។
កាលហ្នឹងមានការតិទៀនថា ហេតុអ្វីបានជាលោក ហ៊ុន សែន (ទទួលគណៈរដ្ឋមន្ត្រីខ្មែរក្រហម?) … ខ្ញុំបានអោយឧទ្ធម្ភាគចក្រ ២ គ្រឿងទៅដឹក(មេដឹកនាំទាំងនោះ)ចេញមកទទួលទានអាហារនៅផ្ទះខ្ញុំ។ បើលោក ខៀវ សំផន មកទាំងកូនទាំងប្រពន្ធ ទាំងកូនប្រសារនិងទាំងចៅគាត់ទៀតផង។ កាលពីដំណាក់កាលមុននោះក្នុងដំណាក់កាលចរចា បើមិនបានជេរខ្ញុំពី ៣ ទៅ ៥ដងទេ លោក ខៀវ សំផន ដេកមិនលក់។ រឿងហ្នឹង សួរ ចម ប្រសិទ្ធ ជាអ្នកដើរចរចា ហើយសួរ អៀង ម៉ាលី ដែលជាអ្នកចរចា។ គាត់នៅខាង សឺន សាន ប៉ុន្តែឥឡូវមកនៅជាមួយគណបក្សប្រជាជនហើយ ទាំងហ៊្វុនស៊ិនប៉ិច ទាំងខ្មែរក្រហម ខ្ញុំប្រមូលនៅជាមួយគណបក្សប្រជាជនតែទាំងអស់ហ្នឹង ព្រោះខ្ញុំត្រូវការធនធានមនុស្ស។ ឱ្យតែធ្វើបានគឺធ្វើ។
ខ្ញុំគួរតែបញ្ជាក់ថា បន្ទាប់ពី ២៤ ឆ្នាំ ហើយខ្ញុំក៏ធ្លាប់បាននិយាយហើយដែរ ហេតុអីបានជាខ្ញុំត្រូវទទួល ខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមដទៃទៀតមកផ្ទះរបស់ខ្ញុំ។ ខ្ញុំចង់ផ្ញើសារទៅកាន់ ៣ទិស ឬ៣គោលដៅ។
សារទី១ ផ្ញើទៅកម្លាំងខ្មែរក្រហមដែលនៅសេសសល់ថា អ្នកឯងទម្លាក់អាវុធទៅ។ មេរបស់អ្នកឯងបានមកដល់ផ្ទះរបស់ខ្ញុំហើយ។ អាចនិយាយតាមមួយបែបថា បានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាចទៅហើយ នេះជាសារទី១។ សារទី២ ជំរាបជូនទៅប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលបានកើតសង្គ្រាមរយៈពេល ២៨ ឆ្នាំរួចមកហើយនិងកំពុងតែភ័យខ្លាចសង្គ្រាម ថាសង្គ្រាមបានបញ្ចប់ហើយ។ ឯសារទី៣ ប្រាប់ទៅសហគមន៍អន្តរជាតិថា សូមអញ្ជើញមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាបានបញ្ចប់សង្គ្រាមរបស់ខ្លួនរួចស្រេចទៅហើយ។
(១៦) សន្តិភាពតាមនយោបាយឈ្នះឈ្នះមិនអាចកាត់ថ្លៃបាន និងមិនទាន់មាននៅលើពិភពលោក
នេះជាគោលបំណងដែលខ្ញុំទទួល។ មិនមែនធ្វើអ្វីដោយគ្មានគោលដៅគ្រោងទុកនោះទេ។ ខ្ញុំមិននឹកស្មានថា ប្រទេសខ្លះបែរជាតិះទៀនការដែលខ្ញុំទទួលខ្មែរក្រហម។ ខ្ញុំបានតបដោយចង្អុលមុខវិញថា លោកឯងកុំភ្លេចថា កាលពីមុនលោកឯងឱ្យ វីសាឌីប្លូម៉ាទិក ទៅមេខ្មែរក្រហម ហើយក្រាលកម្រាលព្រំទទួលខ្មែរក្រហមទៀតផង។ អ្នកឯងឱ្យខ្មែរក្រហមចូលទៅអង្គុយនៅអង្គការសហប្រជាជាតិ។ គ្រាន់តែខ្ញុំទទួលពលរដ្ឋរបស់ខ្ញុំ ដើម្បីផ្ញើសារទៅកាន់គោលដៅ ៣ នេះ អ្នកឯងបែរជាតិទៀនខ្ញុំ។ នេះជាការគន់គូខុស។ អ្នកឯងតែងតែគិតខុស។ ខ្ញុំគ្រាន់តែបញ្ជាក់ថា តម្លៃនៃសន្តិភាពមួយនេះ(មិនអាចកាត់ថ្លៃបានទេ)។ នៅលើពិភពលោកក៏មិនទាន់មានប្រទេសណាមួយដែលបញ្ចប់សង្គ្រាមតាមបែបកម្ពុជានោះដែរ។ យើងបញ្ចប់តាមរយៈនៃនយោបាយឈ្នះឈ្នះ ដែលមនុស្សទាំងអស់គឺឈ្នះទាំងអស់គ្នា។ វាជាផលប្រយោជន៍នៃមនុស្សទាំងអស់នៅក្នុងទឹកដីកម្ពុជា លើកលែងតែអ្នកល្មោភសង្គ្រាមមួយក្រុមនោះ … ទីបំផុតមនុស្សទាំងអស់ដែលធ្លាប់តែកាន់អាវុធវាយគ្នាមិនចេះចប់មិនចេះហើយលើទឹកដីកម្ពុជា គឺត្រូវទទួលបានផលប្រយោជន៍ទាំងអស់។
(១៧) មានតែរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី ២ ទេ ដែលគ្រប់គ្រងទឹកដីទាំងអស់
យើងត្រូវពិនិត្យមើលពីអតីតកាលរបស់កម្ពុជា។ គ្មានរដ្ឋាភិបាលណាដែលគ្រប់គ្រងបានតំបន់ទាំងអស់នោះទេ ទោះបីរដ្ឋាភិបាលជំនាន់បារាំងគ្រប់គ្រង ឬរដ្ឋាភិបាលជំនាន់ជប៉ុនគ្រប់គ្រង ឬរដ្ឋាភិបាលជំនាន់អាមេរិកគ្រប់គ្រង ឬរដ្ឋាភិបាលដែលសង្គមរាស្ត្រនិយមគ្រប់គ្រង ឬរដ្ឋាភិបាលដែលខ្មែរក្រហមគ្រប់គ្រង ក៏អត់ដែលគ្រប់គ្រងទឹកដីបានទាំងអស់ទេ។ មានតែរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី ២ នេះទេ ដែលគ្រប់គ្រងបានទឹកដីទាំងអស់ដោយគ្មានកម្លាំងប្រដាប់អាវុធប្រឆាំង។ យើងពិនិត្យមើលត្រឹមតែប៉ុណ្ណេះទៅចុះថា ជំនាន់សង្គមរាស្ត្រនិយម តើអាចគ្រប់គ្រងទឹកដីទាំងអស់ទេ? អត់ទេ។ បើមិនអញ្ចឹងព្រះករុណាព្រះអង្គឯងលោកក៏បានតែងរឿងទាក់ទិនជាមួយនឹង ដាប ឈួន នៅឯខេត្តសៀមរាប រឿង “ឆាយាលើអង្គរ”។
(១៨) ២០២៣ ប្រារព្ធខួបលើកទី ៤៥ ឆ្នាំ បង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាស្នូលដ៏សំខាន់នៃរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨
ពេលនោះ (មានខ្មែរជាច្រើនក្រុមដែល)ប្រសិទ្ធនាមថា ខ្មែរស ខ្មែរខៀវ ខ្មែរក្រហម ខ្មែរស៊ីជម្ពូរ ប៉ុន្តែខ្មែរស៊ីជម្ពូរអត់មានប្រដាប់អាវុធទេ។ ខ្មែរក្រហម ខ្មែរស ខ្មែរខៀវ គឺមានប្រដាប់អាវុធ។ ខ្មែរក្រហមគឺនៅពេញព្រៃ។ ខ្មែរខៀវគឺនៅឯជាប់ព្រំដែនកម្ពុជា-ថៃ។ ឯខ្មែរសនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។ ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ប្រទេសយើងបានបែងចែកជា ២ រវាងម្ខាងគ្រប់គ្រងដោយ លន់ នល់ ម្ខាងគ្រប់គ្រងដោយរណសិរ្សរួបរួមជាតិកម្ពុជាដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ។ ដល់ឆ្នាំ ១៩៧៥ ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាមួយក៏ត្រូវធ្លាក់ចូលទៅក្នុងរបបខ្មែរក្រហម ប៉ុន្តែខ្មែរក្រហមក៏អត់មានលទ្ធភាពគ្រប់គ្រងទឹកដីទាំងអស់ដែរ។ គឺមានកម្លាំងប្រដាប់អាវុធប្រឆាំង តួយ៉ាងដូចជាកម្លាំងប្រដាប់អាវុធរបស់ខ្ញុំ ដែលត្រូវបានកសាងឡើងជាស្នូលនៃកម្លាំងរហូតមកដល់សព្វថ្ងៃនេះ។ ឆ្នាំក្រោយនេះ ខ្ញុំនឹងធ្វើខួបលើកទី ៤៥ ឆ្នាំ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាស្នូលដ៏សំខាន់ដើម្បីបង្កើតឡើងនូវរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨។ ខ្ញុំជាអ្នកបង្កើតកម្លាំងប្រដាប់អាវុធនេះឡើង ហើយខ្ញុំនៅរស់នៅឡើយទេ។
ឆ្នាំ ១៩៧៩-១៩៩៣ ប្រទេសកម្ពុជាមួយមានកម្លាំងប្រដាប់អាវុធ ៤ ក្រុម (មាន)តំបន់ត្រួតត្រា ៤ ទៅទៀត។ កម្លាំងមួយគឺអតីតរដ្ឋកម្ពុជា ដែលមានខ្ញុំជានាយករដ្ឋមន្ត្រី ហើយមាននាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ប៉ុន្តែខ្ញុំបន្តនូវកិច្ចការងារនេះ។ មួយទៀតគឺត្រីភាគី។ និយាយតែត្រីភាគីនេះ គឺច្បាស់ហើយមាន ៣ ក្រុមប្រដាប់អាវុធ (ទៅទៀតគឺមាន)ក្រុមខ្មែរក្រហម ក្រុមរណសិរ្យរំដោះប្រជាពលរដ្ឋខ្មែរ និងក្រុមហ្វ៊ុនស៊ិនប៉ិច (និង)មានតំបន់ត្រួតត្រារៀងៗខ្លួន។ ពីឆ្នាំ ១៩៩៣-១៩៩៨ ក្រៅពីកម្លាំងរដ្ឋកម្ពុជា រណសិរ្យហ្វ៊ុនស៊ិនប៉ិច និងរណសិរ្យរំដោះប្រជាពលរដ្ឋខ្មែរ រួបរួមគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញមួយ (ប៉ុន្តែ)ខ្មែរក្រហមនៅបន្តធ្វើសង្គ្រាម ជាក់ស្ដែងនៅក្នុងខេត្តកំពត (នៅតំបន់)ភ្នំវល្លិ៍ ឆ្នាំ ១៩៩៤ គឺជនបរទេស ៣ នាក់ ត្រូវបានសម្លាប់។ ភ្នំវល្លិ៍យើង យកបាននៅឆ្នាំ ១៩៩៦ ហើយទេ។ និយាយរួម តាកែនកោះស្លាអី (ឆ្នាំ) ១៩៩៦ ធ្វើសមាហរណកម្មទេ។
(១៩) ២៩ ធ្នូ ១៩៩៨ កម្ពុជាមានតំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ
តំបន់នេះតភ្ជាប់តាំងពីឱរ៉ាល់ធ្លាក់មក នៅ(ឆ្នាំ) ១៩៩៦ យើងធ្វើពី កែវ ពង្ស មុន។ ប៉ុន្តែ នៅពេលដែលប៉ៃលិនផ្ទុះ (យើង)ធ្វើសមារហរណកម្មពីខាងណោះ។ យើងក៏ធ្វើសមារហរណកម្មនៅតាកែនកោះស្លា។ ខ្ញុំមកផ្ទាល់។ រហូតដល់ថ្ងៃទី ២៩ ធ្នូ ១៩៩៨ ទើបប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ។ នេះជាប្រវត្តិសាស្ត្រពិតរបស់យើង។ បើយោងទៅអ្វីដែលយើងបានឆ្លងកាត់ដ៏លំបាក សន្តិភាពមានតម្លៃធំណាស់ ដែលយើងទាំងអស់គ្នាត្រូវតែការពារវាឱ្យបាន បើការពារសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍន៍អ្វីទាំងអស់។ នេះជាបទពិសោធន៍ (និង/ឬ)ជាមេរៀនប្រាប់យើងឱ្យបានដឹងថា យើងមានកាតព្វកិច្ចការពារនូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ។ ផ្លូវថ្នល់ដែលយើងបានធ្វើនៅទីនេះ ពិតជាបម្រើឱ្យសេចក្ដីត្រូវការ នៃការអភិវឌ្ឍរបស់ប្រជាជន ដែលមានការកើនឡើង។
(២០) ឆ្នាំ ១៩៨៧ ដឹកនាំកែទម្រង់ពីការធ្វើក្រុមសាមគ្គីប្រភេទ ១ ជាការធ្វើឯកជនតាមរបៀបវេរប្រវាស់ដៃ
ខ្ញុំធ្លាប់មកកំពតនេះច្រើនដងណាស់។ ខ្ញុំតែងតែមកចូលរួមពិធីបុណ្យ ៧ មករា នៅខេត្តកំពតនេះ។ ឯណា សោម ចិន អង្គុយនៅត្រង់ណា? នៅចាំបានទេ ល្ងាចមួយនោះ (ថ្ងៃទី) ៧ មករា ដែលយើងមកពីមើលស្ថានីយ៍រទេះភ្លើង (នៅឆ្នាំ) ១៩៨៨។ ពេលហ្នឹងខ្ញុំកំពុងតែដឹកនាំធ្វើការកែទម្រង់ពីការធ្វើក្រុមសាមគ្គីប្រភេទមួយឱ្យទៅជាការធ្វើឯកជនតាមរបៀបវេរប្រវាស់ដៃ។ ប្រសិទ្ធ ប្រហែលជានៅចាំ ព្រោះ ប្រសិទ្ធ ក៏មកដែរ។ យើងអង្គុយលេងជាមួយប្រជាពលរដ្ឋ ស្រាប់តែប្រជាពលរដ្ឋថា “លោកប្រធាន បើថាធ្វើជាឯកជនម៉ោងមិនទាន់ភ្លឺទេ ដេញក្របីទៅស្រែហើយៗ ធ្វើទាល់តែថ្ងៃបានត្រឡប់វិញ”។ ខ្ញុំថា ចុះរាល់ថ្ងៃធ្វើរបៀបម៉េច? គាត់ថា “ទៅតែមួយភ្លែត មិនទាន់ក្ដៅខ្នងត្រឡប់មកវិញ”។ ខ្ញុំងាកទៅសួរ សោម ចិន។ សោម ចិន រត់ទៅកៀនជាមួយ កុយ លួន និងប្រាប់ថាជំនាញការវៀតណាមអត់ឱ្យធ្វើ។ ខ្ញុំបានកោះប្រជុំទាំងយប់។
(២១) ២មិថុនា១៩៨៨ ជំនាញការវៀតណាមគ្រប់ផ្នែកដកពីកម្ពុជា, កងទ័ពវៀតណាមដកខែកញ្ញា ១៩៨៩
ខ្ញុំទៅចរចាជាមួយសម្ដេចព្រះនរោត្តម សីហនុ លើកទី ២ នៅ Saint-Germain-en-Laye។ ខ្ញុំចរចាជាមួយ សម្ដេចព្រះនរោត្តម សីហនុ ថ្ងៃទី ២ ធ្នូ ១៩៨៧។ ពេលដែលខ្ញុំមកដល់ស្រុក ខ្ញុំចុះមកខេត្ត(កំពត)នេះ ដើម្បីធ្វើបុណ្យ ៧ មករា។ ខ្ញុំទៅធ្វើសម្ភាសន៍មួយនៅឯទឹកឈូ ហើយចុះមុជទឹក។ គេថត(រូបបាន)យកទៅដាក់ថា លិចឬអណ្ដែត? កាលនោះដូចជានៅនឹងក្របទស្សនាវដ្ដី Asiaweek។ ខ្ញុំបានប្រជុំយប់នោះ។ ដល់ពេលខ្ញុំឡើងទៅចរចា (ដោយធ្វើដំណើរ)ឆ្លងកាត់ហាណូយ ខ្ញុំក៏បានជួបអគ្គលេខាបក្សកុំម្មុយនីស្តវៀតណាម ង្វៀន វ៉ាន់លីញ និងជម្រាបជូនគាត់ថា ខ្ញុំសុំស្នើដកជំនាញការវៀតណាមទាំងអស់ចេញពីកម្ពុជា។ កងទ័ពវៀតណាមនៅសិន ប៉ុន្តែខ្ញុំសុំស្នើដកជំនាញការវៀតណាមចេញពីកម្ពុជា។ ព្រោះអ្វី? រវាងគ្រូនឹងសិស្សវាអត់ត្រូវគ្នា។ ខ្ញុំកំពុងតែកែទម្រង់ដើម្បីតម្រង់ទៅធ្វើសេដ្ឋកិច្ចឯកជន ឯខាងវៀតណាមកំពុងធ្វើសហករណ៍។ រវាងជំនាញការជាមួយខាងយើងអត់ត្រូវគ្នា។ ពេលនោះវាដូចចិត្តទៅទៀត។ ដោយហៅខ្ញុំជាបង (មិនមែនបានសេចក្ដីថា ខ្ញុំហ្នឹងអាយុបងគាត់ទេ, តែទម្លាប់វៀតណាមគេនិយមប្រើពាក្យថាបងហ្នឹងគឺជាបងរបស់កូនរបស់គាត់) អគ្គលេខាបក្សកុំម្មុយនីស្តវៀតណាម ង្វៀន វ៉ាន់លីញ និយាយថា “បង ហ៊ុន សែន នៅប្រទេសវៀតណាមធ្វើសេដ្ឋកិច្ចចិញ្ចឹមខ្លួនឯងមិនរស់ផង រឿងអីទៅបង្រៀនខ្មែរឱ្យធ្វើសេដ្ឋកិច្ចរស់?” គាត់និយាយយ៉ាងដូច្នេះ។
ដោយហេតុនេះ (យើង)ក៏បានដាក់ចេញនូវផែនការដកជំនាញការវៀតណាមចេញពីកម្ពុជា ហើយដែលប្រធានជំនាញការវៀតណាមបានមករាយការណ៍ឱ្យខ្ញុំ នៅថ្ងៃទី ២ មិថុនា ១៩៨៨ ថា ជំនាញការវៀតណាមទាំងអស់គ្រប់ផ្នែកដកចេញពីកម្ពុជា ឯកងទ័ពវៀតណាមដក(ចេញពីកម្ពុជា) នៅខែ កញ្ញា ១៩៨៩។ ជំនាញការវៀតណាម បានដកចេញពីកម្ពុជា មុនពេលកងទ័ពវៀតណាមដកចេញ។ ដោយសាររឿងហ្នឹងហើយបានជាខ្ញុំប្រាប់ទៅអ្នកដែលមកចរចាក្រោយៗ ថា ពេលដែលកងទ័ពវៀតណាមនៅកម្ពុជា ខ្ញុំមានសិទ្ធិសម្រេចច្រើនជាងអ្វីដែលអស់លោកកំពុងធ្វើជាមួយខ្ញុំ។ ខ្ញុំចង់ធ្វើរឿងនេះ លោកឯងថាធ្វើរឿងនោះ ខ្ញុំចង់ធ្វើរឿងនោះ លោកឯងថាធ្វើរឿងនោះ។ បើខ្ញុំមិនធ្វើ តាមលោកឯងកាត់ជំនួយខ្ញុំ។ ខ្ញុំបានប្រាប់គេត្រង់ៗ បែបនេះ។ អញ្ចឹងទេ បានជាយើងបង្រៀនប្រជាពលរដ្ឋរបស់យើងឱ្យចេះធ្វើ។ ខួរក្បាលរបស់កម្ពុជាក៏មិនធម្មតាដែរទេ។
(២៣) វៀតណាមជួយនិងគោរពតាមការសំរេចរបស់កម្ពុជា
ដូចចិត្តទៅទៀត អតីតប្រធានរដ្ឋរបស់វៀតណាម ពេលនោះគាត់ក៏ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ បន្ទាប់ពីគាត់ធ្វើជាប្រធានជំនាញការវៀតណាមនៅកម្ពុជាខាងផ្នែកគ្រប់គ្រងទូទៅ និយាយថា “វៀតណាមមកកម្ពុជា គឺជួយកម្ពុជាក្នុងការទប់ស្កាត់ការវិលត្រឡប់របប ប៉ុល ពត តែប៉ុណ្ណោះ។ ការសម្រេចចិត្តនានាធ្វើអ្វី ជានយោបាយឬសេដ្ឋកិច្ច សម្រេចអាស្រ័យលើប្រជាជនកម្ពុជា”។ ចំណុចនោះហើយ ដែលផ្ដល់ឱកាសឱ្យយើងធ្វើការទម្រង់ដីធ្លី។ យើងធ្វើការកែទម្រង់មុនពេលវៀតណាមធ្វើការកែទម្រង់។ យើងធ្វើការកែទម្រង់ មុនពេលដែលសូវៀតធ្វើការកែទម្រង់ Perestroika ឬក៏ Glasnost របស់ (Mikhail) Gorbachev។ ខ្ញុំនៅចាំ នៅពេលដែលសម្ភាសន៍នៅទឹកឈូ មុនពេលចុះមុជទឹក គេសួរថាតើកម្ពុជាធ្វើតាម Perestroika ឬក៏ Glasnost របស់ (Mikhail) Gorbachev ឬអត់? ខ្ញុំថា អត់ទេ។ ស្ថានភាពខុសគ្នា។ ខ្ញុំមិនអាចកាត់ក្បាលខ្ញុំតម្រូវមួកទេ។ ខ្ញុំកាត់មួកតម្រូវក្បាល។ ខ្ញុំក៏មិនកាត់ជើងខ្ញុំតម្រូវស្បែកជើងទេ។ ខ្ញុំត្រូវកាត់ស្បែកជើងតម្រូវជើង។ នោះហើយជាស្ថានភាពឯករាជ្យរបស់កម្ពុជា បើទោះបីមានកងទ័ពប្រទេសក្រៅមកជួយនៅក្នុងដំណាក់កាល ដែលយើងត្រូវការចាំបាច់នៅពេលនោះក៏ដោយ។ ខ្ញុំអរគុណជាមួយនឹងវៀតណាម ដែលពេលនោះជួយយើង ប៉ុន្តែគោរពទៅដល់សេដក្ដីសម្រេចចិត្តរបស់កម្ពុជា។
(២៤) មានតែគណបក្សប្រជាជនមួយគត់ មានសមត្ថភាពរកនិងរក្សាសន្តិភាព
ពាក់ព័ន្ធជាមួយសន្តិភាពវិញ។ បើគ្មានសន្តិភាព កុំនិយាយដល់រឿងធ្វើអ្វី។ តើអ្នកណាដែលមានសមត្ថភាពរកសន្តិភាព? តើអ្នកណាមានសមត្ថភាពរក្សាសន្តិភាព? គឺមានតែគណបក្សប្រជាជន(កម្ពុជា)មួយគត់ ដែលមានសមត្ថភាពបែបនេះ។ ក្រុមអ្នកអះអាងខ្លួនថាជាអ្នកប្រជាធិបតេយ្យថាមានលទ្ធភាពធ្វើអញ្ចេះ/អញ្ចុះ។ មិនប្រាកដទេ។ មួយថ្ងៃៗ គិតតែជេរបញ្ចោរៗ … លើការជាក់ស្ដែង នៅលើវេទិការនេះ គឺមានគ្រប់សមាសភាពទាំងអស់។ ខ្ញុំប្រមូលយកទាំងអស់។ សមាសភាពនៅលើនេះ មានតាំងពីអតីតរដ្ឋកម្ពុជា មានតាំងពីហ្វ៊ុនស៊ិនប៉ិច មានតាំងពីរណសិរ្យរំដោះប្រជាពលរដ្ឋខ្មែរ។ អត់តែខ្មែរក្រហមទេ។ អ៊ី ឈាន អត់មក? ម្សិលមិញគេធ្វើសម្ភាសន៍ជាមួយ(អ៊ី ឈាន) វាថា បើអត់ សម្ដេចតេជោ ហ៊ុន សែន ទេ វាមិនដឹងទៅជាស្អីទេ។ តាមពិតវាអញ្ចឹង។ តំបន់ភ្នំវល្លិ៍មិនមែនរឿងងាយទេ។ ភ្នំវល្លិ៍ (និង)តាកែនកោះស្លា គ្រាន់តែម្ដុំហ្នឹងមិនមែន រឿងងាយទេ។ ការចុះចូលដំបូងដូចជានៅភ្នំម្រោម។ នៅទីនេះមានភ្នំមួយ (គេហៅថា) ភ្នំម្រោម …។
(២៥) សូមប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលេខ ៣១ និង ៣៣ យោគយល់, ការជួបជុំត្រកូល “ប៊ុន”, មរណទុក្ខការឆេះកាស៊ីណូនៅប៉ោយប៉ែត, ចាត់ចែងដំណើរការច្រកទេសចរនិងទំនិញប៉ោយប៉ែតឡើងវិញ
ខ្ញុំសូមយកឱកាសនេះ សុំអធ្យាស្រ័យជាមុន ចំពោះសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវលេខ ៣១ និងដងផ្លូវលេខ ៣៣ នៅពេលដែលការដ្ឋានដំណើរការ។ ច្បាស់ណាស់ថាការដ្ឋាននឹងបង្កការរំខានចំពោះប្រជាពលរដ្ឋ។ សុំឱ្យប្រជាពលរដ្ឋរបស់យើងយោគយល់នៅក្នុងដំណាក់(កាល)នៃការសាងសង់នេះ ព្រោះយើងត្រូវការសាងសង់មួយរយៈពេល ដើម្បីឱ្យផ្លូវនេះក្លាយទៅជាផ្លូវដែលផ្ដល់ផលប្រយោន៍សម្រាប់ប្រជាជន។ ធ្វើហ្នឹងមិនមែនខ្ញុំមកជិះ(រាល់ថ្ងៃ)ឯណា? ដំបូងឡើយប្រុងថាមកតាមឡានដែរ ប៉ុន្តែគិតមើលទៅប្រហែលជាធ្ងន់ខ្លួន (ព្រោះ)ថ្ងៃត្រង់នេះវាមានកម្មវិធីមួយ។ កូនវាមិនបានឱ្យដឹង។ វារៀបចំកម្មវិធីជួបជុំ “ត្រកូល ប៊ុន”។ ពីមុនខ្ញុំមានកម្មវិធីមួយជួបជុំ “ត្រកូល ហ៊ុន”។ កូនៗ វាបបួល(គ្នា)រៀបចំកម្មវិធី(ជួបជុំ) “ត្រកូល ប៊ុន”។ “ត្រកូល ប៊ុន” ហ្នឹង គឺ ប៊ុន រ៉ានី។ អញ្ចឹង វាបបួល(គ្នា) រួចហើយគេដាក់ឱ្យ នាងពៅ ជាអ្នកអញ្ជើញខ្ញុំ។
នាងពៅ មកអញ្ជើញខ្ញុំ ២ ថ្ងៃមុនហ្នឹង ហើយលុបកម្មវិធីកំពតម៉េចបាន? (កម្មវិធី)ធ្វើថ្ងៃត្រង់ទៅទៀត។ អត់ធ្វើពេលល្ងាច។ ថ្ងៃត្រង់ធម្មតាយើងរវល់ការងារ។ អញ្ចឹងមានតែម៉ែវាគាត់ទៅជួប “ត្រកូល ប៊ុន” ទៅ បាត់ “ត្រកូល ហ៊ុន”។ យើង “ត្រកូល ហ៊ុន” មិនបាច់ទៅចូលរួមក៏បានដែរ។ បងប្អូនវាអត់ស្គាល់គ្នា។ ខ្លះវាកើតនៅត្រង់នេះ/នោះ (ដូច្នេះ)គេចង់ជួបជុំ គ្នាម្ដង។ ភរិយាខ្ញុំប្រហែលជាទៅចូលរួម(មុន)។ ឯខ្ញុំប្រហែលជាទៅ(ដល់ផ្ទះ)សុំដេកសិនហើយ ព្រោះដល់ដាក់កម្មវិធីទៅខ្លួនឯងអត់មានពេលសម្រាកសោះ។ (ថ្ងៃទី) ៣០ មកទីនេះ ស្អែកជួបពួកក្រុមថតភាពយន្ត(រឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី) សំណេះសំណាលចុងឆ្នាំ និងណែនាំធ្វើការ(ងារ)បន្ត។ ដល់ថ្ងៃទី ១ (មករា ២០២៣) ទៅជួបក្មេងៗ នៅឯអង្គការ AFESIP។ ដល់ថ្ងៃទី ២ (មករា ២០២៣) ឡើងទៅក្រចេះ។ ដូច្នេះ ខ្លួនឯងនេះអត់មានកម្មវិធីសម្រាក។
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការចូលរួមមរណៈទុក្ខជាមួយនឹងឧបទ្ទវហេតុភ្លើងឆេះកាស៊ីណូនៅប៉ោយប៉ែត ដែលមានមនុស្សស្លាប់ជាង ១០ នាក់ និងរបួសរាប់សិបនាក់។ របាយការណ៍របស់ ឯកឧត្តម កែ គឹមយ៉ាន និង ឯកឧត្តម អ៊ុំ រាត្រី បានរាយការណ៍មកព្រឹកមិញនេះ(និង)ជាបន្តបន្ទាប់។ យើងមើលឃើញថាវាត្រូវការបំពាក់សម្ភារបរិក្ខារបន្តទៀត។ អាគារ ១៦ ជាន់ឯណោះ។ យើងមិនអាចគ្រប់គ្រងបាន ដោយសារតែយើងគ្មានកន្លែងបាញ់(ទឹកចូលដល់ក្នុង)។ ឡាន(ពន្លត់អគ្គិភ័យ)តូចៗ របស់យើង បាញ់(ទឹកចូលដល់ក្នុង)មិនបាន។ អញ្ចឹងទេ ត្រូវចល័តឡានបាញ់ទឹកទៅពីចម្ងាយ។ យប់មិញនេះ បងប្អូនធ្វើ(ការជួយសង្គ្រោះ)ទាំងយប់។ យប់មិញផ្អាកសកម្មភាពការរុករកទេ តែការពន្លត់កម្រិតខ្ពស់យកទៅពីក្រសួងមហាផ្ទៃ។ យើងគ្រប់គ្រងបាន។ រលត់ហើយ។
ព្រឹកនេះយើងនឹងបន្តស្វែងរកសាកសពតទៅទៀត។ តាមការប៉ាន់ស្មាន គឺអាចនឹងមាននៅសល់មនុស្សដែលស្លាប់។ មកដល់ពេលនេះ គេប៉ាន់ស្មានថាមានស្លាប់រហូតទៅដល់ ១៦ នាក់ ប៉ុន្តែយើងបានរកឃើញ ១១ នាក់ ឬ ១២ នាក់។ មនុស្សនៅទីនោះមានជាង ១ ០០០ នាក់ និងបុគ្គលិកជាង ៥០០ នាក់ ហើយរបួស ៧៣ នាក់ ទាំងខ្មែរ/បរទេស។ តាមការប៉ាន់ស្មាន មានស្លាប់ ១៦ នាក់ ហើយរកឃើញ ១២ នាក់។ ឥឡូវយើងបន្តរកតទៅទៀត។ នេះជាសោកនាដកម្មមួយដែលបានកើតនៅក្នុងចុងឆ្នាំនេះ។ ជារឿងអាក្រក់។ ឃើញបែបនេះ យើងក៏នឹងបន្តរៀបចំបំពាក់ សំរាប់អាគារខ្ពស់ៗ ត្រូវតែមានឡានបាញ់ទឹកសម្រាប់អាគារខ្ពស់ៗ នោះឯង។ ខ្ញុំសូមអរគុណភាគីថៃ ដែលបានចូលរួមសហប្រតិបត្តិការជួយសង្គ្រោះក្នុងឧបទ្ទវហេតុនេះ។ អរគុណសម្ដេចក្រឡាហោម ស ខេង ដែលម្សិលមិញបានចុះទៅធ្វើការណែនាំ។ អរគុណនិងកើតសរសើរ ឯកឧត្តម កែ គឹមយ៉ាន ឯកឧត្តម អ៊ុំ រាត្រី ក៏ដូចជាកម្លាំងមានសមត្ថកិច្ចទាំងអស់បានចូលរួមដោះស្រាយឧបទ្ទវហេតុនេះ។
ខ្ញុំសុំស្នើឲ្យរៀបចំជាបន្ទាន់នូវសណ្តាប់ធ្នាប់ដើម្បីបើកឲ្យដំណើរការនូវច្រកទ្វារប៉ោយប៉ែតឡើងវិញ ដែលជាច្រកទ្វារទេសចរផងនិងជាច្រកទ្វារដឹកទំនិញឆ្លងកាត់ផងដែរ។ ធ្វើម៉េចសម្រួលឲ្យមានដំណើរការជាប្រក្រតីឡើងវិញ។ ជាមួយនឹងការរុករកនិងរៀបចំធ្វើយ៉ាងម៉េចកុំឲ្យរលំ។ ក៏ត្រូវមើលអគារនោះឲ្យបានច្បាស់ដែរ។ ខ្ញុំបានណែនាំទៅឲ្យមានការប្រុងប្រយ័ត្ន … ក្រែងលោកម្លាំងទៅសង្គ្រោះនោះជួបនឹងគ្រោះថ្នាក់ ដោយសារការបែកបាក់រលំអគារជាដើម ដែលយើងត្រូវតែមានការប្រុងប្រយ័ត្ន។ នេះជារឿងដែលគួរឲ្យសោកស្តាយមួយ ដែលបានកើតនៅក្នុងចុងឆ្នាំនេះ។
(២៦) វ៉ាក់សាំងកូវីដ១៩ ដូសទី៤ សម្រាប់កុមារពី ៣ ឆ្នាំដល់ ៥ ឆ្នាំ, ទី៥ ពី ៥ ឆ្នាំ ដល់ ១២ ឆ្នាំ និងទី៦ សម្រាប់មន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ
ជាមួយនេះដែរ ខ្ញុំក៏សូមយកឱកាសនេះ ជាមួយនឹងការអំពាវនាវរបស់ខ្ញុំកាលពីម្សិលមិញនេះ ទៅតាមរយៈការចាក់ផ្សាយតាមវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធអនឡាញនានា គឺទាក់ទិននឹងការអំពាវនាវឲ្យចាក់វ៉ាក់សាំង។ រឿងនេះ សុំបងប្អូនប្រជាពលរដ្ឋរបស់យើង ប្រុងប្រៀបខ្លួនទទួលយកកិច្ចការពារទុកជាមុន ល្អជាងទុកឲ្យវាកើតហើយ ហើយទើបដោះស្រាយវា។ ចាំបាច់ណាស់ត្រូវតែមានភាពសុំាំនៅក្នុងខ្លួនជានិច្ច ទើបអាចទប់ទល់ជាមួយមេរោគដ៏អាក្រក់កូវីដ-១៩ ដែលវាកំពុងតែមានវត្តមាននៅក្នុងតំបន់របស់យើង ហើយវាក៏មានវត្តមាននៅក្នុងប្រទេសរបស់យើងដែរ។ ប៉ុន្មានថ្ងៃមុននេះ អភិបាលខេត្តក៏កើតដែរ។ ខ្ញុំជានាយករដ្ឋមន្ត្រីក៏កើតដែរ។ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា កើតទាំងអស់ហ្នឹង។ អញ្ចឹងបានខ្ញុំថាអូមីក្រុងរកតែអ្នកធំ។ ប៉ុន្តែទោះបីអូមីក្រុងក៏ដោយ វាក៏អាចសម្លាប់យើងបានដែរ ប្រសិនបើយើងអត់មានភាពសុំាំនៅក្នុងខ្លួន។ អញ្ចឹងទេ បានជាយើងត្រូវតែប្រើប្រាស់ជាបន្តនូវការចាក់វ៉ាក់សាំង។ ឥឡូវបើសិនជាភាពសុំាំនៅក្នុងខ្លួនរបស់យើងមិនមានអីការពារតទៅទៀត ជំងឺដែលកំពុងតែមានវត្តមាន ឬក៏ជំងឺនេះអាចបំលែងរូបរាងទៅជាជំងឺដែលកាចសាហាវជាងនេះ យើងគ្មានអ្វីទប់ទល់ទេ។ ប៉ុន្តែបើសិនយើងចាក់វ៉ាក់សាំងឲ្យទៀងទាត់ និងឲ្យមានជាប់ភាពសុំាំ គេហៅថា ការការពារឲ្យជាប់ជាប្រចាំ ជំងឺនេះមិនអាចសម្លាប់យើងបានទេ។
ម្សិលមិញនេះ ខ្ញុំសម្រេចទៅលើការស្នើរបស់គណៈអចិន្ត្រៃយ៍ គណៈប្រចាំការរបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹង កូវីដ-១៩ ដើម្បីរៀបចំចាក់ … ដូសទី ៤ សម្រាប់កុមារអាយុពី ៣ ឆ្នាំដល់ ៥ ឆ្នាំ, ដូសទី ៥ សម្រាប់កុមារអាយុពី ៥ ឆ្នាំ ដល់ ១២ ឆ្នាំ, ឯដូសទី ៦ សម្រាប់មន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ។ ឥឡូវនេះ ការពិតមានមនុស្សមួយចំនួន បានចាក់ដល់ដូសទី ៦ ស្រេចទៅហើយ ក៏ប៉ុន្តែដោយសារតែរាជរដ្ឋាភិបាលមិនទាន់បានសម្រេច គាត់មិនទាន់ហ៊ានចុះបញ្ជីថាចាក់ដូសទី ៦ នៅឡើយទេ។ ដល់ពេលចាប់ផ្តើមសម្រេចហើយ គាត់នឹងចុះបញ្ជីហើយ។ នៅក្នុងចំណោមហ្នឹងអាចមានមនុស្សមួយចំនួនចាក់ដល់ដូសទី ៦ បាត់ទៅហើយ ប៉ុន្តែមិនទាន់ចុះបញ្ជីតែប៉ុណ្ណឹង។ អ្វីដែលយើងត្រូវយកដើម្បីធ្វើជាគោលនោះ ត្រូវចាក់ទៅជាទម្លាប់ធម្មតា។ អ្វីទៅចាក់ជាទម្លាប់ធម្មតា? បានសេចក្តីថា ប្រសិទ្ធភាពវ៉ាក់សាំងមានរយៈពេល ៦ ខែឡើងលើ។ ក្រោយរយៈពេល ៦ ខែ ត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងបន្តទៅទៀត។
បើទោះបីជា ប្រទេសនេះគេធ្វើអញ្ចេះប្រទេសនោះគេធ្វើអញ្ចុះ ក៏ប៉ុន្តែការចាក់វ៉ាក់សាំងដើម្បីការពារខ្លួនពីការរោគរាតត្បាតនេះជាការចាំបាច់។ ដូចជាកុមារ តម្រូវឲ្យចាក់វ៉ាក់សាំងដូចជា ៩ មុខ … អាយុប៉ុន្មានត្រូវចាក់វ៉ាក់សាំងអីៗ។ ឥឡូវយើងគិតដូចគ្នា។ ក្រោយរយៈពេល ៦ ខែ … ដូចថាឥឡូវយើងចាក់ដូសទី ៤ ក្រោយរយៈពេល ៦ ខែ ត្រូវចាក់ដូសទី ៥ ក្រោយរយៈពេល ៦ ខែទៀត យើងនឹងចាក់ដូសទី ៦។ យើងចេះតែចាក់អញ្ចឹងទៅ។ បើកាលណា កូវីដ-១៩ នេះមិនទាន់ចប់ទេ ហានិភ័យនៅតែមាន ត្រូវតែមានការប្រុងប្រយ័ត្ន។ វាជាការគួរឲ្យសោកស្តាយដែលមានមនុស្សមួយចំនួន មិនទាន់បានយកដូសទី ៣ នៅឡើយទេ។ យើងឃើញថាអាណាព្យាបាលបានគិតគូរអំពីកូនចៅរបស់ខ្លួន ខ្លាចឆ្លង កូវីដ-១៩ បានទាក់ទងសុំចាក់។ ប៉ុន្តែដោយមិនទាន់មានការសម្រេចពីក្រសួងសុខាភិបាលនិងពីរាជរដ្ឋាភិបាល ទើបមានការយឺតយ៉ាវជាមួយនឹងការចាក់ឲ្យកុមារ ដែលមានអាយុ ៣ ឆ្នាំទៅ ៥ ឆ្នាំ ទៅលើដូសទី ៤ និង ៥ ឆ្នាំទៅ ១២ ឆ្នាំ ទៅលើដូសទី ៥ ហើយដូសទី ៦ សម្រាប់មន្ត្រីរាជការ និងប្រជាជនទូទៅ ដែលនឹងត្រូវបន្តការចាក់។
សូមឲ្យរៀបចំយន្តការសម្រាប់ការចាក់វ៉ាក់សាំងនេះ ព្រោះនេះជាកិច្ចការពារខ្លួន ការពារជីវិតរបស់យើង កុំចាំដល់ចូលក្តារមឈូស បាននាំគ្នាសោកស្តាយថាមិនបានចាក់វ៉ាក់សាំង។ យើងត្រូវឃើញថា នៅក្នុងតំបន់របស់យើងនៅមានប្រទេសដែលមានឆ្លង ហើយមានការស្លាប់ តែយើងត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងវត្តមានដែលមិនទាន់បាត់នៅឡើយនៃកូវីដ-១៩ ហ្នឹង។ កូវីដ-១៩ ចេះតែដូររូបរាង។ មើលកាលពីមុននេះ វាចេញជាអាល់ហ្វា បន្ទាប់ទៅដែលតា បន្ទាប់ទៅអូមីក្រុង។ អូមីក្រុងនេះ អូមីក្រុង ២ ខ្ញុំឃើញអូមីក្រុង BA2 ប៉ុន្តែមកដល់ BA4, 5 ហ្នឹងគឺសាហាវជាងមុន ប៉ុន្តែមិនដឹងថា តិចទៀតវាទៅជាអ្វីផ្សេងទៅទៀត …។
(២៧) ចំណូលទាំងផ្នែកគយនិងពន្ធដារ លើសផែនការប្រមាណជាង ២៥% … អាចផ្តល់ឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងធ្វើបដិភាគកម្មគំរោងនានា
ជាមួយនឹងដែរ ខ្ញុំអាចនិយាយបានថា ថ្ងៃនេះខ្ញុំមានការសប្បាយរីករាយជាមួយនឹងជោគជ័យនៃការដែលយើងខិតខំធ្វើក្នុងបញ្ហាវិស័យសេដ្ឋកិច្ច ដែលធ្វើឲ្យមានកំណើន ស្របនឹងការបើកប្រទេសឡើងវិញ។ ចំណូលជាតិរបស់យើងក៏មានការកើនឡើង។ ខ្ញុំគួរតែជម្រាបថា ឆ្នាំនេះទាំងផ្នែកគយនិងពន្ធដារ សំរេចបានលើសផែនការប្រមាណជាង ២៥%។ ម្សិលមិញនេះ ពន្ធដារសម្រេចបាន ៣៤៣៧ លាន ខ្ញុំនិយាយលេខគត់ ស្មើនឹង ១២១,៩៣%។ នៅសល់ថ្ងៃនេះទៀតនិងស្អែកទៀត។ គយរកបាន ២៦៧០ លាន ស្មើនឹង ១០៤,១៥%។ គិតទៅលើសផែនការរហូតដល់ ១២២% នេះ មិនទាន់គិតពីចំណូលមិនមែនសារពើពន្ធ។ ជឿថា ឆ្នាំនេះវាកើន ព្រោះគ្រាន់តែទេសចរ ២ លាននាក់ យើងនឹងមានប្រាក់ ៦០ លានដុល្លារដោយតម្លៃទិដ្ឋាការ។ យើងអាចរកប្រាក់បានច្រើនជាង ហើយដែលនោះហើយផ្តល់ឱកាសសម្រាប់យើងធ្វើការវិនិយោគទៅលើផ្លូវថ្នល់ ទៅលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទៅលើថវិកាបដិភាគនៃគម្រោងនានាដែលមិត្តភក្តិបរទេសជួយមកយើង។
ខ្ញុំសូមអំពាវនាវឲ្យអាជ្ញាធរគ្រប់ផ្នែក គ្រប់ថ្នាក់ទាំងអស់ បន្តគាំទ្រផ្នែកគយនិងពន្ធដារ តទៅទៀត ដើម្បីប្រមូលចំណូល។ សូមបញ្ជាក់ជូនថា ថ្ងៃនេះថ្ងៃទី ៣០ ស្អែកទី ៣១ នៅសល់តែ ៤៨ ម៉ោងទៀតតែប៉ុណ្ណោះ ឥឡូវមើលពីនេះទៅដល់ស្អែក ២៤ ម៉ោង។ នៅសល់តែ ៤៨ ម៉ោងទៀតតែប៉ុណ្ណោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន អតីតយុទ្ធជន នឹងបានទទួលការឡើងបៀវត្សរ៍គ្រប់ៗគ្នា ហើយឡើងហ្នឹង ឡើងតាំងពីមេភូមិ អនុភូមិ សមាជិកភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និវត្តជន អតីតយុទ្ធជន អ្នកដែលអត់ឡើងមានតែខ្ញុំទេ ដែលអត់ឡើងនោះ មានតែពួករដ្ឋមន្ត្រីទេ អត់ឡើង ប៉ុន្តែអ្នកខាងក្រោមៗឡើងទាំងអស់។
(២៨) នឹងមិនចោលការបើកប្រាក់តាមប្រព័ន្ធធនាគារនិងវិលទៅបើកជាសាច់ប្រាក់វិញទេ
ខ្ញុំគួរតែនិយាយបន្តិច។ បងប្អូនមានកង្វល់។ ដោយមិនស្គាល់លេខទូរស័ព្ទរបស់ខ្ញុំ មានខ្លះបាញ់តាម massager មកឲ្យខ្ញុំ ហើយមានខ្លះក៏វាយមកឲ្យខ្ញុំ បន្ទាប់ពីឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ថានឹងស្នើសុំមករាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី បើកប្រាក់ខែជាសាច់ប្រាក់ឡើងវិញ។ បងប្អូនមានការបារម្ភថាក្រែងលោខ្ញុំស្តាប់ សុខ ទូច។ ខ្ញុំសូមជម្រាបថា … (គេអាច)ចាត់ទុក(ខ្ញុំ)ថាជាអ្នកដែលដឹកនាំដែលយូរជាងគេ និងគ្រប់ហេតុការណ៍ គ្រប់កាលៈទេសៈ គ្មានកន្លែងណាដែលមិនមានបាតដៃ ហ៊ុន សែន ក្នុងរយៈពេលជិត ៤៤ ឆ្នាំនេះ។ សុខ ទូច គាត់ជាអ្នកស្រាវជ្រាវម្នាក់ ក៏ប៉ុន្តែគាត់ផ្អែកទៅលើថាគាត់គ្រប់គ្រងបុគ្គលិកខ្លួនឯងអត់បាន គាត់ស្នើឲ្យរាជរដ្ឋាភិបាលរំសាយចោលការបើកលុយតាមធនាគារ។ មានអ្នកបារម្ភថាក្រែងលោខ្ញុំតាម សុខ ទូច។ អត់ទេ។ សុខ ទូច … គ្រប់គ្រងមន្ត្រី ត្រឹមតែរាជបណ្ឌិតសភាមិនបាន បែរជាមកបំផ្លាញផែនការកែទម្រង់ដែលយើងបានប្រឹងធ្វើ ចូលទៅក្នុងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលហើយ អោយមកបើកជាសាច់លុយ។
ខ្ញុំសូមផ្ញើប្រាប់ទៅបងប្អូនថា ខ្ញុំអត់ធ្វើតាម សុខ ទូច ទេ។ សម័យឌីជីថលនេះ សម័យបើកលុយតាមរយៈធនាគារ។ សម័យអត់មានខ្មោច គេហៅថាខ្មោចមន្ត្រីឬខ្មោចទាហាន។ ខ្ញុំសូមជម្រាប បើកលុយផ្ទាល់នេះ បង្កើតនូវបញ្ហាច្រើនណាស់។ រឿងដំណាក់កាលមុនវាផ្សេង ដំណាក់កាលនេះវាផ្សឹង។ ខ្ញុំគ្រាន់តែជម្រាប បើកលុយតាមធនាគារ យើងបានបណ្តេញមន្ត្រីខ្មោចជាង ៣ ម៉ឺននាក់។ ដោយសារអី? បើកលុយតាមធនាគារ ខ្មោចអត់ចេះកាន់ប័ណ្ណទៅបើកលុយតាមធនាគារទេ។ ខ្ញុំសង្ឃឹមថា ឯកឧត្តម សុខ ទូច គាត់ពិចារណាចំណុចហ្នឹង។ ជាង ៣ ម៉ឺននាក់ ដែលយើងរកឃើញ ហើយមានមួយចំនួនយើងចាប់ឲ្យសងទៀត ព្រោះមានករណីមនុស្សម្នាក់ធ្វើការ ៣ កន្លែង … គាត់តែម្នាក់ឯង គាត់ធ្វើការនិងបើកលុយ ៣ កន្លែង ៤ កន្លែង។ ចាប់ឲ្យសង។ រឿងបញ្ហាយកលុយសុទ្ធហ្នឹងទៅទៀត ឯណាសុវត្ថិភាពនៃការដឹកជញ្ជូនលុយពីរតនាគារ ដើម្បីទៅកាន់គោលដៅ ដូចជាដឹកពីភ្នំពេញទៅខេត្ត ឬដឹកពីរតនាគារខេត្តទៅកាន់ស្រុក ហើយដឹកពីស្រុកទៅកាន់បណ្តាអង្គភាព។ វាមិនមែនស្រួលឯណា។ ទៅដល់ហើយរាប់លុយក្រដាស ៥ ម៉ឺនៗ អញ្ចឹងទៅ។ ចូលទៅទស្សវត្សរ៍ ៩០ វិញ? ទៅមិនរួចទេ …។
កំណែទម្រង់មួយនេះធំណាស់ ហើយជំរុញយើងឈានទៅដល់ដំណាក់កាលឌីជីថលអស់ទៅហើយ។ ប្រើតែកាតមួយពីរអាទិត្យទៅបើកម្តងពីធនាគារ។ កាលមុននេះ យើងបើកលុយផ្ទាល់ គ្រាន់តែដូចជាមេទាហាន កាត់លុយសូម្បីតែបោះឆ្នោតឆ្នាំ ២០០០ ប៉ុន្មានឯនោះ នៅកងពលលេខប៉ុន្មាននោះ។ លេងសរសេរក្នុងសន្លឹកឆ្នោតតែម្តង “មេកាត់យកលុយ” … ខ្ញុំប្រាប់ទៅឯកឧត្តម សុខ ទូច ពង្រឹងការគ្រប់គ្រងមន្ត្រីក្នុងរាជបណ្ឌិតសភាទៅ កុំមកទាមទារឲ្យរដ្ឋាភិបាលបើកលុយសុទ្ធឡើងវិញ។ ឥឡូវហ្នឹង គេប្រើតែប័ណ្ណមួយទៅបើកបាន ពីរអាទិត្យទៅបើកម្តងៗ ឬក៏គេលេងតាមទូរស័ព្ទដៃទេ … យើងគ្រប់គ្រងមន្ត្រីខ្លួនឯងតែប៉ុន្មាននាក់មិនបាន មកអំពាវនាវឲ្យរដ្ឋាភិបាលទៅបើកសាច់លុយឡើងវិញ … ខ្ញុំមិនមែនចង់ថាឲ្យឯកឧត្តម សុខ ទូច ទេ តែមន្ត្រីយើងបារម្ភ ក្រែងលោខ្ញុំស្តាប់ សុខ ទូច។ ខ្ញុំមិនមែនជាមនុស្សដែលស្តាប់អ្នកនេះស្តាប់អ្នកនោះ ដោយមិនបានគិតទេ។
នេះជាសមិទ្ធផលជាផ្លែផ្កានៃកំណែទម្រង់។ សូម្បីតែបង់ពន្ធរាល់ថ្ងៃ អត់មានយកលុយទៅផ្ទាល់ទេ។ អ្នកទារពន្ធនិងអ្នកបង់ពន្ធ អត់ជួបមុខគ្នាទេ។ សូម្បីតែទិញលេខឡានរបស់ ស៊ុន ចាន់ថុល អត់មានទៅជួបគ្នាទេ។ គេទិញតាមអនឡាញទេ។ សម័យនេះហើយ ម៉េចបានជាចាំបាច់ទៅជួបគ្នា យកលុយទៅឲ្យគ្នា ដែលវាចំណេញពេលនោះ ចំណេញច្រើនហួសហេតុ។ សម័យនេះ ឌីជីថល មិនមែនសម័យចាប់ផ្តើមនាំគ្នារាប់លុយឡើងវិញ … យើងមិនអាចវិលទៅដំណាក់កាលហ្នឹងវិញទេ … យើងជាមន្រ្តីនៅខេត្តកំពត ក៏ប៉ុន្តែពេលហ្នឹងយើងជាប់បេសកកម្មនៅខេត្តព្រះវិហារ។ យើងអាចបើកនៅខេត្តព្រះវិហារបានតើ។ មានចាំបាច់មកបើកនៅខេត្តកំពតឯណា។ ខ្ញុំសូមបញ្ជាក់ឡើងវិញ សូមមន្រ្តីរាជការ និងបណ្ដាអង្គភាពនានា កុំមានការបារម្ភថាខ្ញុំនឹងតាម សុខ ទូច ឱ្យសោះ។ ឥឡូវប្រាក់ខែជិតឡើង ក្រែងលោនាយករដ្ឋមន្រ្តីសម្រេចឱ្យបើកជាសាច់ប្រាក់ឡើងវិញ។ ខ្ញុំបញ្ជាក់ថា អត់ទេ។
សុខ ទូច គាត់គិតតាមរបៀបរបស់គាត់។ ខ្ញុំគ្រាន់តែប្រាប់ សុខ ទូច ថា ឱ្យពង្រឹងការគ្រប់គ្រងមន្រ្តីនៅក្នុងអង្គភាពរបស់ខ្លួនប៉ុណ្ណឹងបានហើយ កុំពង្រីករឿងហ្នឹងមកទារឱ្យរាជរដ្ឋាភិបាល ហើយក៏ខ្ញុំមិនយល់ព្រមឱ្យកន្លែងណាមួយអនុវត្ត(ដែរ) ទោះបីរាជបណ្ឌិតសភាហ្នឹងក៏ដោយ ខ្ញុំមិនអនុញ្ញាតឱ្យទេ។ មន្រ្តីត្រូវតែមានសិទ្ធិមានកាតសម្រាប់បើកលុយ។ ខ្ញុំសូមបញ្ជាក់អំពីចំណុចនេះបន្ដិច ដើម្បីកុំឱ្យមានការភាន់ច្រឡំ ព្រោះឃើញបាញ់មកច្រើនពេកថា “សម្ដេច! តិចទៅតាម សុខ ទូច, សុខ ទូច ឱ្យយោបល់ហ្នឹងខុសហើយ”។ អត់ទេ! សុខ ទូច មិនទាន់ឱ្យយោបល់ទេ គ្រាន់តែនិយាយនៅវេទិកាណាមួយ ហើយមានគេយកទៅដាក់នៅក្នុង TikTok បានជានាំគ្នាផ្អើលទៅ។
(២៩) ហ៊ុន សែន ជាមនុស្សម្នាក់ ដែលឆ្លងគ្រប់កាលៈទេសៈ និងគ្រប់ហេតុការណ៍
នាយករដ្ឋមន្រ្តីអត់ផ្អើលទេ។ ខ្ញុំនិយាយនេះ ដូចសម្ដេច ទៀ បាញ់ គាត់និយាយអញ្ចឹង “ខ្ញុំជាមនុស្សម្នាក់ ដែលឆ្លងគ្រប់កាលៈទេសៈ ហើយគ្រប់ហេតុការណ៍” បានសេចក្ដីថា គ្រប់ហេតុការណ៍ ទាំងហេតុការណ៍យោធា ទាំងហេតុការណ៍សន្ដិសុខ ទាំងហេតុការណ៍កែទម្រង់ដីធ្លី ទាំងហេតុការណ៍សេដ្ឋកិច្ចសង្គម។ គ្រប់ហេតុការណ៍ទាំងអស់ដែលវាលេចឡើងគឺនៅក្នុង(ដៃនាយករដ្ឋមន្រ្តី)។ អត់មានអីរំលងទេ។ អ្វីដែលខ្ញុំបាននិយាយ ខ្ញុំបានចម្លងជាសៀវភៅហើយ តែខ្ញុំរក្សាសិទ្ធិមិនផ្សព្វផ្សាយទេ។ ខ្ញុំជូនតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ។ ខ្ញុំអត់មានពេលសរសេរនូវហេតុការណ៍ទាំងអស់នោះ អញ្ចឹងខ្ញុំត្រូវនិយាយ។ និយាយចែកចេញជា ៧ វគ្គ។ មួយវគ្គជាង ៤ម៉ោង។ អញ្ចឹងមានជាង ៣០ ម៉ោង។ ខ្ញុំបាននិយាយហើយ ប៉ុន្តែខ្ញុំនឹងយកផ្នែកមួយយកមកលំអិត។ ឧទាហរណ៍ អំពីវិស័យកសិកម្ម តើកែទម្រង់ដីធ្លីរបៀបម៉េច តាមផ្ដើមពីចំណុចណា? ពិបាកយ៉ាងម៉េច? ស្រួលយ៉ាងម៉េចពេលហ្នឹង? មិនមែនជារឿងស្រួលទេណាដើម្បីឈានដល់ការសម្រេចមួយផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឆ្នាំ ១៩៨៩ … ព្រោះមានអ្នកខ្លះ គាត់ដឹងឡើងតែរឿងធ្វើសហករណ៍។ បងប្អូនដែលទៅរៀនភាគខាងជើងវៀតណាម ត្រឡប់ចូលមកប្រទេសវិញ ដឹងតែរឿងធ្វើសហករណ៍។ គាត់អត់ដឹងថាសេដ្ឋកិច្ចទីផ្សារយ៉ាងម៉េចផង …។
(៣០) អភិបាលខេត្តកំពតបន្តដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ
ខ្ញុំសូមលើកទឹកចិត្ត អភិបាលខេត្តកំពត។ ឥឡូវខេត្តកំពត ប្រជាពលរដ្ឋបានស្ងប់ចិត្តច្រើនហើយ។ កូនឯងត្រូវខិតខំធ្វើយ៉ាងម៉េចឱ្យខេត្តកំពតទៅជាខេត្តដែលសុវត្ថិភាពបំផុត ជាខេត្តគ្មានជម្លោះដីធ្លី ជាខេត្តដែលចៅហ្វាយខេត្តឈរដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ។ កូនឯងបន្ដធ្វើទៅ។ បើសិនជាអភិបាលខេត្តគ្រប់ខេត្ត ធ្វើ បានដូច ម៉ៅ ធនិន ធ្វើនៅខេត្តពោធិ៍សាត់ ហើយបន្តមកធ្វើនៅខេត្តកំពត ខ្ញុំគិតថា ជម្លោះដីធ្លីនេះ គឺវានឹងស្ងប់ឯង ព្រោះវាអត់មានអីច្រើនទេ។ កន្លែងខ្លះ(ជម្លោះ)ម៉ែនិងកូន កន្លែងខ្លះ(ជម្លោះ)បងប្អូនឯងសោះ ទាស់គ្នាឡើងតុលាការ ហើយតែឡើងតុលាការហើយ កុំបន្ទោសតុលាការ តុលាការត្រូវតែកាត់ មិនអាចកាត់ឱ្យស្មើទេ គឺដឹងតែម្នាក់ចាញ់ ម្នាក់ឈ្នះ។ អ្នកឈ្នះថាតុលាការយុត្តិធម៌ល្អណាស់ អ្នកចាញ់ថាអយុត្តិធម៌។ អញ្ចឹងបានជាខ្ញុំស្នើលើទឹកចិត្តឱ្យដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។ ខេត្តកំពត កំពុងតែដើរតួនាទីលើបញ្ហាហ្នឹង។ ឥឡូវក្នុងមួយអាទិត្យ កូនឯងដាក់កម្មវិធីមួយថ្ងៃឬពីរថ្ងៃ ជួបដោះស្រាយ ហើយចុះទៅ។ បើសិនជាគាត់ពិបាក យើងចុះទៅ យកទីន្លែងស្រុក ឬកន្លែងឃុំ ដោះស្រាយទៅលើបញ្ហាហ្នឹងទៅ។
សម្របសម្រួលបញ្ហាហ្នឹង … បើគិតអំពីចំនួនប្រជាជន ១៧ លាននាក់។ តើជម្លោះដីធ្លីមានប៉ុន្មានករណី? វាតិចតួចទេ។ ប៉ុន្តែវាមិនមានរឿងធំជាងហ្នឹង។ ដល់អញ្ចឹងគេមើលឃើញថា រឿងដីធ្លីរឿងធំ។ ដោយសារវាអត់មានរឿងអីធំជាងរឿងហ្នឹង។ អញ្ចឹងបើសិនគ្រប់ខេត្តទាំងអស់ធ្វើរឿងហ្នឹង ហើយធ្វើដោយមិនគិតអំពីការលំអៀងទៅខាងណា ហើយរកការសម្របសម្រួលខុសត្រូវគ្នាតិចតួច។ ពីដើម ដីកន្លែងហ្នឹង មិនមែនដីរបស់យើងគ្រប់តែគ្នាហ្នឹង។ អ្នកនេះគាត់លក់ដីឱ្យឈ្មោះ “ក” ដល់បន្ទាប់ទៅគាត់លក់ឱ្យឈ្មោះ “ខ” ទៀត ឬគាត់លក់បន្តគ្នា ឬក៏ខុសព្រំដីគ្នាបន្ដិចបន្ដួច។ ខុសត្រូវគ្នាមួយម៉ែត្រ ឬពីរម៉ែត្រ ឬមួយតឹក ពីរតឹកអី កាត់កងគ្នាទៅ។ គាត់ស្រុះស្រួលគ្នាទៅ។ យើងក៏ធូរ គាត់ក៏រាប់អានគ្នា នៅជិតខាងគ្នារាប់អានស្រលាញ់គ្នា។ ហ្នឹងត្រូវបន្តធ្វើអំពី ការងារហ្នឹង។ មុនដាច់ឆ្នាំ ខ្ញុំគួរតែនិយាយអាហ្នឹង។
[ខ្ញុំចុះមកពីលើឧទ្ធម្ភាគចក្រ ឃើញ ម៉ន។ ដល់ឃើញ ម៉ន សួរថា ក្អួតឈាមនៅប៉ៃលិន។ ម៉ន ឆ្ងល់ ស្អីទៅ ក្អួតឈាមនៅប៉ៃលិន? ថ្ងៃមុន ខ្ញុំទើបនឹងចាប់អារម្មណ៍ ហើយស្អែកនេះ ខ្ញុំនឹងនិយាយជាមួយនឹងក្រុមសិល្បៈ។ ប៉ុន្តែវាមានរឿង(អញ្ចេះ)។ ខ្ញុំឱ្យគេចម្លងឱ្យខ្ញុំ។ ប្រាប់ទៅ អ៊ុក ម៉ារីន ថា កូនឯងចម្លងឱ្យពុកបន្ដិចមើល។ ប៊ុយរ៉ូនៅក្នុង។ “ក្អួតឈាមនៅប៉ៃលិន” ព្រោះអញ្ចេះ។ ខ្ញុំជិះយន្តហោះចេញពីបែលហ្សិក មកចុះនៅហ្សកហ្ស៊ី ដើម្បីចាក់សាំង។ បន្ទាប់ទៅបានជិះបន្តមកចុះនៅដែលី្ល ដើម្បីចាក់សាំងទៀត។ បន្ទាប់ពីដែលី្ល ពេលដែលហោះចេញមកក៏ចេះតែលក់បន្ដទៀតទៅ មិនដឹងថាដល់ណាដល់ណីទេ។ ខ្ញុំពាក់កាសស្ដាប់ចម្រៀង។ ចម្រៀងក្នុងទូរស័ព្ទរបស់ខ្ញុំឬក្នុង iPad របស់ខ្ញុំ ចម្រៀងដល់រាប់ពាន់ចម្រៀង។ ខ្ញុំ download ទុកក្នុងហ្នឹង។ មានកម្មវិធីមួយ គេបោះបង់ចោលទៅហើយ ប៉ុន្តែដល់វានៅក្នុងប្រព័ន្ធទូរស័ព្ទរបស់ខ្ញុំៗ នៅ(download បាន)។ ខ្ញុំស្ដាប់ចម្រៀងហ្នឹង ទើបដឹង។ ខ្ញុំស្ដាប់ច្រើនដងហើយ ប៉ុន្តែអត់យល់ន័យរបស់វា តែចាប់អារម្មណ៍ត្រង់វគ្គមួយ។ ខ្ញុំថា នាងហ្នឹងគិតត្រូវ។ និយាយបន្ដិចទៅចុះ … ព្រោះអញ្ចេះ មិនទាន់បានខ្លួនអីផងទៅរៀបការជាមួយឯងម៉េច។
ត្រង់វគ្គទី២ថា “ស្រលាញ់ប្ដូរផ្ដាច់ជាទីបំផុត ស្នេហ៍មិនរលត់មិនប្រែសៅហ្មង មិនទាន់ទាំងបានស្គាល់ប្រាណស្រីផង អូនបំភ្លេចបងរៀបការគូថ្មី”។ ចុះបើមិនទាន់បានខ្លួនប្រាណ ចាំបាច់អីទៅយកធ្វើអី។ គេសម្រេចចិត្តហ្នឹង វាត្រឹមត្រូវហើយ។ រួចចុះបើសិនជាថា បានខ្លួនប្រាណគេហើយ ស្រាប់តែគេទៅរៀបការជាមួយប្រុសថ្មីទៅ ខាងណោះមិនស៊ីក្រោយគេ។ ខ្ញុំចាប់អារម្មណ៍ត្រង់កន្លែងហ្នឹង។ ចេះតែបើកស្ដាប់ចុះស្ដាប់ឡើង ប្រាប់ទៅ អ៊ុក ម៉ារីន កូនឯងចម្លងឱ្យពុកបន្ដិចមើល៎។ ចាប់អារម្មណ៍កន្លែងហ្នឹង។ ជួនកាល អ្នកប្រុសឯងនេះ យើងស្រលាញ់គេ គេមិនដឹងខ្លួនផង។ ហ្នឹងអាចថាអញ្ចឹង ឬមួយគេក៏ស្រលាញ់យើងដែរ តែយើងមិនហ៊ានជាមួយគេ គេនៅចាំយើងអី គេនឹងទៅរកអ្នកផ្សេង។ បើយើងមិនហ៊ានអីគេផង។ នេះទាក់ទងនឹងផ្នែកអក្សរសាស្រ្ត។ កាលពីដើម គេដាក់យើងរៀនទុំទាវ, កុលាបប៉ៃលិន, ផ្កាស្រពោន ដើម្បីឱ្យយើងពិចារណា។ ឥឡូវមានត្រង់កន្លែងហ្នឹង “មិនទាន់ទាំងបានស្គាល់ប្រាណស្រីផង អូនបំភ្លេចបងរៀបការគូថ្មី” បើអត់ទាន់ស្គាល់ ទៅស្ដាយធ្វើអី]
ឯកឧត្តម វ៉ាង វិនធាន ថ្ងៃនេះ ខ្ញុំនិយាយច្រើនបន្ដិច ដោយសារមានប្រធានបទនេះប្រធានបទនោះ ប៉ុន្តែកង្វល់មួយចំនួនដូចជាកង្វល់ទាក់ទិនជាមួយនឹងការបើកបៀវត្សតាមសាច់ប្រាក់ឡើងវិញ ឬបើកបៀវត្សបន្តតាមធនាគារ ដែលជាកង្វល់របស់មន្រ្តីដឹកនាំមួយចំនួន។ ខ្ញុំបានបកស្រាយហើយ ដើម្បីទប់ស្កាត់នូវការលើកឡើងរបស់ឯកឧត្តម សុខ ទូច អំពីម្ខាងឡើងប្រាក់ខែ ម្ខាងព្រួយអំពី(ការបើកសាច់ប្រាក់ឡើងវិញ)។ សប្បាយនឹងការឡើងប្រាក់ខែ ប៉ុន្តែព្រួយអំពីរឿងខ្លាចនាយករដ្ឋមន្រ្តីតាម សុខ ទូច បើក(ជាសាច់ប្រាក់)។ បើធ្វើតាម សុខ ទូច ឡានដឹកលុយ ត្រូវរៀបចំឡើងវិញ។ ដឹកពីភ្នំពេញមកខេត្ត ពីខេត្តទៅស្រុក អញ្ចឹងប្រព័ន្ធរតនាគារនិងអ្នកអង្គុយរាប់លុយ គឺថាងាប់គ្នាហើយ។ អត់ទេ។ សម័យនេះ សម័យឌីជីថល សម័យបច្ចេកវិទ្យាព័ត៌មាន ដែលយើងបានដើរដល់ប៉ុណ្ណេះហើយ គឺមិនធម្មតាទេ។ អ្វីៗក៏ទៅតាមប្រព័ន្ធឌីជីថលទាំងអស់ មិនអាចវិលត្រឡប់ទៅជំនាន់ អាចារ្យស្វា ពោកំបោរ ឡើងវិញនោះទេ។ ហ្នឹងគឺនិយាយឱ្យច្បាស់។
ថ្ងៃនេះ ខ្ញុំក៏បានពាំនាំមកសម្រាប់សាលាស្រុកទឹកឈូ ២លានរៀល។ មណ្ឌលសុខភាពជុំគ្រាល ២លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងពិធីចំនួន ៣លានរៀល។ និងជូនក្រុមមន្ត្រីសម័យចំនួន ៥លានរៀល។ ម៉ោងប៉ុន្មានហើយ។ ទៅវិញ ប្រហែលជាទាន់ត្រកូល ប៊ុន។ បងៗ វាត្រូវរ៉ូវគ្នា វាប្រើប្អូនពៅ, កូនពៅ ធម្មតា វានៅជិតជាប់នឹងយើង ហើយចៅៗ ខាងពៅហ្នឹង វាទៅជិតយើង។ ដល់ស្រីពៅ វាភ្លេច(ប្រាប់) ហើយយើងចុះកម្មវិធីរួចបាត់ហើយ ទើប(ប្រាប់)។ កូនខ្ញុំមួយគឺរៀបចំចៅ២ខួបហើយ។ ខ្ញុំថា ២ខួប ក៏២ខួបទៅកូន ប៉ុន្តែកូនឯងរៀបចំពេលល្ងាច ហ្នឹងពុកទៅបាន។ ប៉ុន្តែគេរៀបចំ គេចង់រៀបចំនៅកំពត។ បើរៀបចំនៅកំពត ពុកមកថ្ងៃមកកំពត ក្រៅពីហ្នឹងអត់មានពេលមកទេ ព្រោះកម្មវិធីការងាររបស់យើងវាច្រើន។ តែខ្ញុំមិនដឹងថាទៅត្អូញដាក់នរណា។ វាសាច់កម្មអញ្ចេះទៀតថា បើមិនបានធ្វើការទេ ថ្ងៃហ្នឹងត្រូវថ្ងៃសម្រាក ថ្ងៃហ្នឹងដឹងតែមិនសូវខ្លួនតែម្ដង។ វាទៅជាអញ្ចេះ។ ដូចជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ មានអ្នកណាធ្វើការជាមួយយើង។ អញ្ចឹងយើងត្រូវរកការងារ ត្រូវរៀបការងារធ្វើទៀត។ ដល់អត់ធ្វើការហ្នឹង វាទៅជាអត់ស្រួលខ្លួន។ អាហ្នឹងវាទៅជាសាច់កម្មទៅវិញ។ យ៉ាងណាក៏ដោយសាច់កម្ម ឬមិនសាច់កម្ម ជាកាតព្វកិច្ចដែលយើងត្រូវតែធ្វើ។
(៣១) គណបក្សប្រជាជន មិនអោយប្រជាជនកម្ពុជាខកចិត្តអំពីការទទួលខុសត្រូវរបស់ខ្លួនទេ
ខ្ញុំសូមបញ្ជាក់ជូនសាជាថ្មីថា គណបក្សប្រជាជនមិនឱ្យប្រជាជនកម្ពុជាខកចិត្ត ដោយសារតែខ្វះការទទួលខុសត្រូវនោះទេ។ បានរួមរស់នៅជាមួយនឹងបងប្អូនតាំងពីស៊ីអំបិល តាំងពីស៊ីគ្រាប់ពោត។ រដ្ឋមន្រ្តីការបរទេស មានរបបតែ ១៦ គីឡូទេ គឺអង្ករ ១០គីឡូ, ពោត ៦គីឡូ។ ស៊ីមិនឆ្អែតទៅកាប់ចេកយកមកស្ងោរ។ ឥឡូវដល់ប៉ុណ្ណេះហើយ តើទៅណាទៀត។ អ្នកដទៃដែលគេថាគេខ្លាំងជាងយើង តើគេបានធ្វើអី្វហើយឬនៅ? បងប្អូនវិនិច្ឆ័យមើលសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ ហោចណាស់ សមត្ថភាពការពារបងប្អូនមិនឱ្យមានការច្បាំងរាំងជល់។ ហ្នឹងគឺជាសមត្ថភាពពិតប្រាកដ ដែលបងប្អូនបានមើលឃើញហើយ។ យើងបានមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក មិនមែនចំណុះពួកអ្នកនៅខាងក្រៅប្រទេសដែលស្រែកវ៉ូសវ៉ាស។ ឥឡូវស្រែកវ៉ូសវ៉ាសថាបាត់អស់ហើយដី ប៉ុន្តែព្រំដែនព្រែកចាកនៅតែព្រែកចាកហ្នឹង វាដែលរត់ទៅណា។ បើគិតទៅតាមគេនិយាយថា កម្ពុជាមួយថ្ងៃ បាត់ ១០០ម៉ែត្រ ២០០ម៉ែត្រ ៣០០ម៉ែត្រ ឥឡូវហ្នឹងប្រហែលព្រំដែនវៀតណាមនៅឯភ្នំពេញហើយ ឬយ៉ាងហោចណាស់នៅព្រំប្រទល់ខេត្តកណ្ដាលឯណោះ … ប៉ុន្តែព្រំដែនវានៅតែព្រំដែននៅហ្នឹង។ អ្វីដែលគេ(ធ្វើ)នេះគឺជានយោបាយអគុណធម៌ ដែលយើងមិនអាចយោគយល់ និងមិនអាចអត់ឱនដែរ។
ថ្ងៃនេះ ជាមួយនឹងការប្រកាសបើកការដ្ឋានស្ដារ និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ៣១ ប្រវែង ៥៣ គីឡូម៉ែត្រ និយាយលេខគត់ចុះ និងផ្លូវជាតិលេខ ៣៣ ប្រវែង ៥២ គីឡូម៉ែត្រ, បូកសរុប ១០៦ គីឡូម៉ែត្រ ដែលចំណាយថវិកាចំនួនជាង ១២១លានដុល្លារ ដែលជាថវិកាហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ សូមជួបប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងការចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ ខាងមុខនេះ ហើយសូមឱ្យបងប្អូនជួបប្រទះតែនឹងពុទ្ធពរ និងពរទាំង ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕