[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]
ខ្ញុំគួរតែរំលឹកចំពោះអ្នកសារព័ត៌មាន ក៏ដូចជាខុទ្ទកាល័យរបស់ខ្ញុំ … ដោយសារតែមួយរយៈពេលកន្លងទៅ ខ្ញុំចេះតែឆ្ងល់ថានៅ(មុន)ពេលដែលខ្ញុំបានថ្លែងចប់ (ក៏ឃើញថា)អត្ថបទសុន្ទរកថារបស់ខ្ញុំទាំងស្រុង (ត្រូវបាន)ផ្សាយលើគេហទំព័រនៃបណ្តាស្ថានីយវិទ្យុ ទូរទស្សន៍ និង(ប្រព័ន្ធសង្គម)អនឡាញស្រេចទៅហើយ។ អញ្ចឹងខ្ញុំសុំឲ្យបញ្ចប់បញ្ហានេះ ជាពិសេសខុទ្ទកាល័យរបស់ខ្ញុំ ក៏ដូចជាស្ថាប័នដែលមានការទទួល(សុន្ទរកថា)។ ខ្ញុំមិនមែនអាននូវសុន្ទរកថាដែលបានព្រាងទុកទាំងស្រុងនោះទេ។ ជួនកាលខ្ញុំមានអត្ថាធិប្បាយ។ ខ្ញុំក៏មិនយល់ដែរថា ហេតុអ្វីបានសុន្ទរកថារបស់ខ្ញុំនេះធ្លាក់ទៅក្នុងដៃអ្នកសារព័ត៌មានលឿនម្ល៉េះ? តើខុទ្ទកាល័យហ្នឹង ឬក៏អ្នកធ្វើការឲ្យខ្ញុំហ្នឹង វាយ៉ាងម៉េច? … ខ្ញុំគ្រាន់តែបញ្ជាក់។ សារព័ត៌មានទាំងអស់ គ្មានសិទ្ធនឹងយកសុន្ទរកថារបស់ខ្ញុំ ដែលខ្ញុំត្រូវអាន និយាយនៅទីនេះឬនៅកន្លែងណាក៏ដោយ បន្តការផ្សាយទៀតទេ … លើកលែងតែជាសារ គេហៅសារ ដូចជាសារបើកបវេសនកាលអីជាដើម អាចយកទៅផ្សាយចុះ។ ប៉ុន្តែនៅ ពេលដែលខ្ញុំមកនិយាយអញ្ចឹង គឺ(ខ្លឹមសារ)វាខុសគ្នារវាងយើងកំពុងតែនិយាយជាមួយនឹងអត្ថបទដែលយើងបានព្រាងហើយស្រេច។ ខ្ញុំមិនមែនចេះតែអានទៅតាមអ្វីដែលគេសរសេរនោះទេ។ ខ្ញុំសុំឲ្យបញ្ឈប់អំពីករណីហ្នឹង មុននឹងពេលដែលខ្ញុំចាប់ផ្តើម។
[ចប់សេចក្តីអធិប្បាយ ១]
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ “ អគារមន្ទីរពិសោធន៍ជាតិសំណង់ ” ដែលជាសមិទ្ធផលថ្មីមួយទៀត សំដៅពង្រឹងការអនុវត្តច្បាប់សំណង់ បង្កើនគុណភាព សុវត្ថិភាព និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ។
ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច និងបេសកកម្មឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់គួរជាទីមោទនៈ ក្នុងការ ងារកែទម្រង់នានា និងការផ្តល់សេវាសាធារណៈជូនជាតិមាតុភូមិ និង ប្រជាជន ។
ក្នុងរយៈពេល ២៤ ឆ្នាំ ដែលនយោបាយឈ្នះ-ឈ្នះ បានបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំងមូល ។
ក្រោមម្លប់នៃសន្តិភាព សមិទ្ធផលថ្មីៗជាច្រើនរបស់ រាជរដ្ឋាភិបាលសម្រេចបានជាអាទិ៍ ១).ធានាបានស្ថិរភាពនយោបាយនិងសណ្ដាប់ធ្នាប់សង្គមនាំមកនូវការអភិវឌ្ឍ ពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩ ២).ជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ៣). ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ៤). ជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី ១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ៥). ការសម្រេចនូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ ខ្សែ នៅខេត្តព្រះសីហនុ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៨ ខ្សែ នៅខេត្តសៀមរាប និងការស្តារ និងកែលម្អដងស្ទឹងសៀមរាប ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ៦).ការ វិនិយោគផ្ទាល់ពីបរទេសសម្រាប់គម្រោងធំៗសំខាន់ៗ ដូចជា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ អាកាសយានដ្ឋានខេត្តសៀមរាប អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ) គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះ-សីហនុ និងបណ្តាការដ្ឋានសំណង់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ ស្ពានធំៗ រួមទាំងសំណង់ប្រព័ន្ធស្រោចស្រព ខ្សែបណ្តាញ អគ្គិសនី ។ ល ។ នៅទូទាំងប្រទេស ។
ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបណ្តាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគ ដែលបានផ្តល់នូវទំនុកចិត្តដល់កម្ពុជា ព្រមទាំងបានផ្តល់នូវជំនួយទាំងផ្នែករឹង និងផ្នែកទន់ ទាំងសម្ភារៈនិងបច្ចេកទេស រួមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗលើវិស័យនានា ដែលទាំងអស់នេះ គឺជាកត្តាដ៏សំខាន់ក្នុងការសម្រេចបាននូវជោគជ័យ និងលទ្ធផលជាផ្លែផ្កាជាច្រើន ស្របតាមចក្ខុវិស័យ និង បេសកកម្មរបស់រាជរដ្ឋាភិបាល ។
សមេ្តច ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីជាទីមេត្រី !
ដូចដែលឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីបាន គូសបញ្ជាក់នៅក្នុងរបាយការណ៍អម្បាញ់មិញ ការងារកែទម្រង់ដីធ្លី គឺជាអាទិភាពមួយដែលបានពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី តាមរយៈការបង្កើតប្រព័ន្ធចុះបញ្ជីដីប្រកបដោយភាពជឿជាក់ និងបានធ្វើឱ្យជម្លោះដីធ្លីមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។ ដោយឡែក វិស័យសំណង់ ក៏បានក្លាយទៅជាសសរស្តម្ភមួយ ដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិស័យកសិកម្ម ទេសចរណ៍ និងវាយនភ័ណ្ឌ ។ គុណភាព និងសោភណភាពនៃសំណង់ ក៏ត្រូវបានពង្រឹងឱ្យស្របតាម បទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ ។ ប្រជាពលរដ្ឋក្រីក្រ យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អតីតកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅតាមព្រំដែន អ្នកមានចំណូលមធ្យម និងចំណូលទាប ទទួលបានដី និងលំនៅឋានសមស្របសម្រាប់រស់នៅ និងធ្វើកសិកម្ម ស្របតាមគោលនយោបាយសម្បទានដីសង្គមកិច្ច និងគោលនយោបាយជាតិស្តីពីលំនៅឋាន ។ ការរៀបចំដែនដី និងនគរូបនីយកម្មបានចូលរួមធានាការការពារ ការគ្រប់គ្រង និងការប្រើប្រាស់ដី និង ធនធានធម្មជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីរក្សានិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកប- ដោយសមធម៌នៅទីប្រជុំជន និងជនបទ ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មីនៅ តំបន់អភិវឌ្ឍរុនតាឯក និងតំបន់ពាក់ស្នែង ដែលធានាបានទាំំងការអភិរក្សតំបន់អង្គរ និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ។ ជាមួយនេះ ការអនុវត្តវិធានការបង្រ្កាបការទន្រ្ទានដីព្រៃលិចទឹក នៅតំបន់ទន្លេសាប ក៏ទទួលបាននូវលទ្ធផលឱ្យកត់សម្គាល់ ដោយបានដកហូតដី ដែលចូលទន្ទ្រានព្រៃលិចទឹកខុសច្បាប់ និងបានកែសម្រួលព្រំប្រទល់តំបន់៣ និងតំបន់ ២ នៃបឹង-ទន្លេសាប ដើម្បីជូនជាកម្មសិទ្ធិ ឬ ជាសិទ្ធិកាន់កាប់និងអាស្រ័យផលដល់ប្រជាពលរដ្ឋ ដែលមានភូមិឋានតាំងពីយូរយាណាស់មកហើយ ។
ដើម្បីពង្រឹងប្រសិទ្ធភាព និងការទទួលខុសត្រូវលើការងារ ជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខ្ញុំសូមផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម៖
១. សូមបន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និង បង្កើនប្រាក់ចំណូល
[ចាប់ផ្តើមសេចក្តីIអធិប្បាយ ២]
ចំណុចនេះ … ក្នុងរបាយការណ៍របស់ឯកឧត្តម ជា សុផារ៉ា បានរំលេចថា មកដល់ពេលនេះ បានចេញប័ណ្ណកម្មសិទ្ធចំនួន ៦ លាន ៧ សែន ប័ណ្ណ ស្មើនឹង ៩៦,២% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង ៧ លានក្បាលដី ហើយនឹងខិតខំដោះស្រាយឲ្យបាន ១០០%។ ខ្ញុំទទូចឲ្យធ្វើកិច្ចការងារនេះឲ្យបានសម្រេចដូចដែលបានគ្រោងទុកនៅក្នុងនេះ នៅឆ្នាំ ២០២៣។ ចំណុចសេសសល់របស់យើង វានៅមិនច្រើនទេ វានៅតិចណាស់ ប៉ុន្តែយើងហាក់ដូចជាកន្លែងខ្លះពន្យានូវការធ្វើកិច្ចការនេះ។ ទោះបីការចុះបញ្ជី ឬធ្វើកម្មសិទ្ធជាលក្ខណៈប្រព័ន្ធក្តី ជាលក្ខណៈដាច់ដោយដុំក្តី គឺហាក់ដូចជានៅទ្រឹង ឬធ្វើដែរ ក៏ប៉ុន្តែធ្វើដោយមិនមានការជំរុញ មិនមានសន្ទុះ ដែលធ្វើឲ្យប្រជាជនរង់ចាំរឿងនេះ។
មានការលើកឡើងមួយចំនួន ស្នើសុំត្រង់មកខ្ញុំ តាមរយៈហ្វេសប៊ុកក្តី ហើយហ្វេសប៊ុកនោះទៀត ជួនកាលធ្វើទៅតាមរយៈនៃការបញ្ជូនតាម messagerដែលគេមិនអាចមើលឃើញក្រៅតែពីអ្នកដែលបញ្ជូនមក។ ខ្ញុំសុំស្នើឲ្យឯកឧត្តម ជា សុផារ៉ា បញ្ជាទៅមន្ទីររៀបចំដែនដីនគរូបនីយកម្មនៅតាមបណ្តាខេត្ត និងឯកឧត្តម លោកជំទាវ អស់លោកអភិបាលខេត្ត គឺត្រូវយកចិត្តទុកដាក់ធ្វើទៅលើ កិច្ចការនេះ ព្រោះរឿងនេះគឺជារឿងចាំបាច់ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ នេះជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីចៀសវាងការកើតឡើងនូវបញ្ហានានាជាបន្តទៀត។ ចំណុចនេះ យើងត្រូវធ្វើ។ ខ្ញុំមិនប្រើយុទ្ធនាការបែបគោលនយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លី ដូចជាឆ្នាំ ២០១២ នោះទេ ក៏ប៉ុន្តែខ្ញុំសុំឲ្យអស់លោកយកចិត្តទុកដាក់ជំរុញ ជាពិសេសអភិបាលខេត្ត ប្រធានសុរិយោដី ប្រធានគណៈកម្មាធិការដីថ្នាក់ខេត្ត មើលកិច្ចការងារនេះ ឲ្យបានខ្ជាប់ខ្ជួន។ ដោះស្រាយបញ្ហាទាក់ទងជាមួយនឹងដីធ្លី ដោយដីរដ្ឋក៏ត្រូវមើល ដីសហគមន៍ក៏ត្រូវមើល ហើយដីប្រជាជនដែលមិនទាន់បានចុះបញ្ជីហ្នឹង ក៏ត្រូវធ្វើឲ្យពួកគាត់ ចាត់ទុកថា នេះជាសេវាចាំបាច់ ឬជាសេវាតម្រូវការ។ បើមិនដូច្នោះទេ នៅអង្អែលៗហ្នឹង ទំពាអៀងហ្នឹង។ រឿងហ្នឹងក៏សុំដាស់តឿនសម្រាប់ខាងក្រោមយកទៅអនុវត្ត។
[ចប់សេចក្តីIអធិប្បាយ ២]
២. ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ
[ចាប់ផ្តើមសេចក្តីIអធិប្បាយ ៣]
ចំណុចនេះ ខ្ញុំតែងតែមានសំណូមពរជាបន្តបន្ទាប់ឱ្យយកចិត្តទុកដាក់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ការដោះស្រាយបញ្ហាវិវាទដីធ្លីមិនមែនជាបញ្ហាថ្មីថ្មោងទេ បើយើងពិនិត្យអំពីសារបានដែលខ្ញុំគួរតែត្រូវលើកបន្តិច រឿងជំលោះដីធ្លីដែលវាលេចធ្លោឡើងគឺចាប់ផ្ដើមនៅពេលដែលប្រទេសមានសន្តិភាព។ នោះអាចនិយាយបានថាក្នុងឆ្នាំ ១៩៥៩។ ឥឡូវថាបោះឆ្នោតឆ្នាំ១៩៥៥ ក្រោយសន្និសីទហ្សឺណែវឆ្នាំ ១៩៥៤ និងក្រោយឯករាជ្យឆ្នាំ ១៩៥៣ ពេលនោះបញ្ហាជំលោះដីធ្លីវាមិនទាន់កើតទេ ប៉ុន្តែបើយោងទៅលើប្រវត្តិសាស្ត្រដែលវាបានកើតពិត នៅក្នុងប្រទេសរបស់យើង ជំលោះដីធ្លីវាចាប់ផ្ដើមនៅពេលដែលប្រទេសមានសន្តិភាពនោះឯង។ (ជំលោះ)ដែលតានតឹងខ្លាំងជាងគេ ដែលគេតែងតែលើកមកនិយាយ គឺជំលោះនៅតំបន់សំឡូតនាឆ្នាំ១៩៥៩, ១៩៦០ ដែលបង្កើតបានជាចលនាប្រឆាំងរដ្ឋាភិបាលដ៏ខ្លាំងនៅពេលនោះ ពេលដែល អ៊ិន តាំ ទៅធ្វើជាអភិបាលខេត្តបាត់ដំបង។
អំពីជំលោះដីធ្លីនេះដែរគឺមានលាតសន្ធឹង(សឹងតែទូទាំងប្រទេស)។ សូម្បីតែខ្លួនខ្ញុំក៏ធ្លាប់ដឹកនាំបាតុកម្មប្រឆាំង លោកជំទាវ តុប ជាប្អូនរបស់សម្ដេចចក្រី ជូឡុង នៅចំការថ្មី មេមុត ដែលបំពានមកលើដីធ្លីរបស់ខ្ញុំ។ ខ្ញុំក៏ត្រូវប៉ូលីសដេញតាមចាប់ ហើយបានរត់ធ្លាក់ដល់ខេត្តក្រចេះ។ បានសេចក្ដីថា ពេលនោះប្រទេសរបស់យើងមានសន្តិភាព។ ប្រជាពលរដ្ឋបានស្វះស្វែងទៅរកដីនៅកន្លែងនេះ/នោះ ទន្ទឹមនឹងនោះអ្នកដែលមានគេក៏ពង្រីកសកម្មភាពដីធ្លីរបស់គេ មន្ត្រីរាជការធំៗក៏ដើររកដីដែរ។ នោះវាបង្កើតជាជំលោះដីធ្លីនៅច្រើនកន្លែង។ រឿងនេះគឺជារឿងពិតដែលបានកើតឡើង ដោយសារតែកត្តាសន្តិភាពនៅពេលនោះ ក៏មានការអភិវឌ្ឍន៍ឡើង ដល់មានការអភិវឌ្ឍន៍ឡើងគឺជំលោះដីធ្លីវាចាប់ផ្ដើម។ មិនមែនជារឿងថ្មីថ្មោងទេ។
ប៉ុន្តែដីនេះត្រូវបានបោះបង់ចោលនៅពេលដែលប្រទេសបាត់បង់សន្តិភាព គឺរត់ចោលដីតែម្ដង រត់ចោលដីទាំងអស់ អត់មានទេ។ នៅឆ្នាំ ១៩៧០ ពេលដែលសង្គ្រាមផ្ទុះភ្លាម គឺគ្មានអ្នកណាចង់បានដីទៀតទេ មានតែរត់ចោលដី។ ឆ្នាំ ១៩៧៩ នៅចាំទេ យើងត្រូវជូនលុយប្រជាជនដើម្បីឱ្យប្រជាជនគាត់ទៅធ្វើស្រែ។ ប្រហែលជានៅលើពិភពលោកនេះមិនមានប្រទេសច្រើនទេ។ ប្រហែលកម្ពុជាគឺជាប្រទេសតែមួយគត់ ដែលបានអោយប្រជាជនទៅពង្រីកដីមួយហិកតា ដោយត្រូវជូនលុយប៉ុន្មានដើម្បីអោយគាត់ទៅ។
បន្ថែមលើនោះ ប៉ុល ពត ក៏បានធ្វើបដិរូបដីស្រែ/ចំការ ដីទាំងអស់ទៅដីរបស់រដ្ឋ ហើយរឿងនេះយើងត្រូវធ្វើការ១០ឆ្នាំដើម្បីធ្វើការកែទម្រង់។ ខ្ញុំគឺជាអ្នកនាំមុខ អ្នកណាមិនអាចបដិសេធអំពីតួនាទីរបស់ ហ៊ុន សែន លើបញ្ហាការកែទម្រង់ដីធ្លីទេ។ ឆ្នាំ ១៩៧៩–១៩៨៩ ទើបយើងបានដកហូតចេញពីរដ្ឋធម្មនុញ្ញរបស់យើងដែលដីជារបស់រដ្ឋ ហើយចាប់ផ្ដើមពីឆ្នាំ ១៩៨៩ បានយើងផ្ដល់កម្មសិទ្ធឱ្យប្រជាជន។ ចាប់ពីពេលនោះមកជំលោះដីធ្លីវាចេះតែកើតបន្តិចម្ដងៗ ប៉ុន្តែជំលោះដីធ្លីដែលវាកើតឡើងធំ គឺកើតឡើងពេលដែលប្រទេសកម្ពុជាបញ្ចប់សង្គ្រាម។ ដោយសារវត្តមាននៃសន្តិភាពជំនួសដោយសង្គ្រាមនេះគឺធ្វើឱ្យដី នៅកន្លែងណាក៏មានតម្លៃដែរ ចេះតែទៅប៉ះទង្គិចគ្នាទៅ ចេះតែទៅហើយ។ សង្គ្រាមរត់ចោលអស់ យើងមិនចង់បានសង្គ្រាមទេ យើងចង់បានសន្តិភាព តែយើងក៏ត្រូវតែ ដោះស្រាយនូវបញ្ហាឱ្យបានទៅលើបញ្ហាវិវាទដីធ្លីនេះ។
វិវាទដីធ្លីខ្លះ (ត្រូវបានយក)ចូលមកក្នុងហ្វេសប៊ុករបស់ខ្ញុំ។ ខ្ញុំឃើញតែជំលោះរវាងគ្រួសារគ្នាឯង។ ជំនួយការរបស់ខ្ញុំម្នាក់ទៅដោះស្រាយរឿងដីធ្លី តែរឿងម្ដាយជាមួយនឹងកូន, ប្អូនថ្លៃជាមួយបងថ្លៃ អញ្ចឹងទាស់គ្នាវល់ពេញហ្នឹងទៅ។ ជួនកាលដីចេញសាលក្រមពីតុលាការឱ្យម្ដាយចាញ់ទៅ ឱ្យកូនចាញ់ទៅ ទាស់គ្នាអញ្ចឹងទៅ បង្កើតរឿង។ ហើយជំលោះខ្លះគឺវាអញ្ចេះ ខ្ញុំគួរតែនិយាយត្រង់ៗទៅ ឧទាហរណ៍ជំលោះកើតឡើងនៅតំបន់ណាមួយ តំបន់នៅក្នុងខេត្តរតនគិរីទៅចុះ។ ខេត្តរតនគិរីពីដើមមានមនុស្សប៉ុន្មានទៅទីនោះ? បានឥឡូវទៅបង្កើតជំលោះដីធ្លី ហើយអ្នកណាទៅបង្កើតជំលោះដីធ្លីនៅកន្លែងនោះ? មិនមែនបងប្អូនជនជាតិភាគតិចនៅកន្លែងនោះទេ គឺអ្នកដែលទៅពីក្រៅ។ អ្នកដែលទៅកន្លែងនោះគេលក់ដីឱ្យទៅអ្នកនេះទៅ ដល់ម្នាក់ទៀតទៅទិញលើដីនោះទៀតទៅ ទិញតគ្នា អ្នកលក់វាឆ្លាតដែរ។ លក់ឱ្យទី១ឈ្មោះ ខេង អញ្ចឹងទៅ។ លក់ឱ្យលើកទី២ឈ្មោះ បាញ់ អញ្ចឹងទៅ។ លក់ឱ្យលើកទី៣ឈ្មោះ កែ គឹមយ៉ាន អញ្ចឹងទៅ។ ដោយរបៀបនេះ បានជាកើតជំលោះ។ ដល់កើតជំលោះ … កាត់វាយ៉ាងម៉េច? វិធីតែមួយគឺសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ។ រឿងវាកើតអញ្ចឹង។
យើងនៅចាំកាលពីឆ្នាំ ១៩៨៩(?) ប្រជាជនយើងប៉ុន្មាននាក់ ហើយយើងធ្វើប៉ុន្មានហិកតា។ ពេលនោះប្រជាជនយើងនៅតិចណាស់ធ្វើមិនទាំងអស់ដីធ្លាប់ធ្វើកាលពីសម័យសង្គមរាស្ត្រនិយមផង ប៉ុន្តែឥឡូវនេះវាទៅហួសពីហ្នឹងឆ្ងាយហើយ។ អ្នកខ្លះ ជាពិសេសក្រុមប្រឆាំងនិយាយថា ធ្វើយូរៗទៅបាត់អស់ដីធ្លី។ ឥឡូវ(បើ)បាត់អស់ដីធ្លី មានតែដកដីធ្លីពីពួកឯងហ្នឹងតែម្ដង។ ដកមុនគេ។ ថ្ងៃក្រោយស្រែកអញ្ចឹង ដីឯងនៅកន្លែងណាទៅដកយកតែម្ដង ព្រោះដីឯងយកដែរហ្នឹង។ សួរមើល? ឥឡូវខ្ញុំដឹងថា អ្នកនៅក្នុងបក្សនយោបាយមួយ ដែលខ្ញុំមិនបញ្ចេញឈ្មោះទេ នៅខេត្តកំពង់ស្ពឺវាមានដី ៤ កន្លែង … ពួកអ្នកឯងបានដីមកពីណា? បើពួកអ្នកឯងដើរតែនាំគ្នាយកដីដែរហ្នឹង។ មិនមែនជាដីក្បែរភ្នំពេញឬក្បែរក្រុងកំពង់ស្ពឺ(ឯណា) អញ្ចឹង(តើវាជា)ដីដូនតារបស់អ្នកឯង អ្នកឯងទើបទៅរក។ ថាទិញគេទៅចុះ។ វាដដែល។ ថាកាប់អស់ហើយព្រៃ បើមិនកាប់ព្រៃ (ធ្វើម្តេចនឹងបានដី)។
ប្រជាពលរដ្ឋរបស់យើងកាលពីមុនប្រជាជនជាង ៥ លាននាក់ យើងថាប៉ុននឹងចុះ។ យើងធ្វើដីប៉ុន្មាន? ពីមុនយើងចែកឱ្យនៅឆ្នាំក្រោយពេលដែលយើងរំដោះ។ ពិតមែនតែពេលនោះយើងអត់ទាន់ផ្ដល់កម្មសិទ្ធ តែយើងចែកជូននៅឆ្នាំ ១៩៨២ គិតមកដល់ពេលនេះវារយៈពេល ៤០ឆ្នាំ។ យើងចែកដីឱ្យគ្រួសារមួយគឺមានមនុស្សតែ៣ នាក់ទេ ឪពុក ម្ដាយ និងកូនម្នាក់។ ប៉ុន្តែឥឡូវសួរថា គ្រួសារហ្នឹងនៅបានប៉ុន្មាននាក់ទៀតហើយ? វាច្រើនណាស់ អញ្ចឹងពេលនោះយើងឱ្យដីមួយហិកតាវាគ្រប់គ្រាន់សម្រាប់ប្រជាជនយើងពេលនោះ តែឥឡូវវាអត់គ្រប់ទេ ត្រូវរុករានដីថ្មី។ រឿងវាអញ្ចឹង។ អ្នកជេរចេះតែជេរ តម្រូវការរបស់យើងចេះតែមានតម្រូវការ។ អញ្ចឹងបានខ្ញុំថាពេលខ្លះត្រូវតែលេងពួកអ្នកជេរដែរ។ ចាប់អោយជាប់ ប្ដឹងអ្ហែងម្ដង។ ដីនៅត្រង់ណា ឯងជេរអញ អញយកដីហ្នឹងវិញ។ ដីអត់យកទៅណាទេ យកមកដាក់រដ្ឋវិញដើម្បីឱ្យឯងដឹងថាជេរវាខុស។ ហួសហេតុពេក។
ម្នាក់ៗមានដីមិនតិចទេ ខ្លះដូចនៅកំពង់ធំ មានរាប់រយហិកតា។ មិនមែននៅក្នុងគណបក្សប្រជាជនទេ។ មានអាមួយហ្នឹង ធ្លាប់ចូលមកបក្សយើងម្តង មានដីគគោកនៅកែបនិងកំពត។ ធ្លាប់ចូលមកគណបក្សយើងម្តងហើយ ជាអ្នកតំណាងរាស្ត្រ។ ខ្ញុំនិយាយប៉ុណ្ណឹងអាចដឹងហើយ។ អញ្ចឹងទេ បើគង់ហ្អែងតិះទៀនអញរឿងដី អញដកដីហ្នឹងត្រឡប់មកវិញមើល។ នេះយើងគ្រាន់តែលើកអញ្ចឹងទេ ប៉ុន្តែឲ្យធ្វើពិតប្រាកដមិនធ្វើទេ។ វាច្បាស់ជាមិនធ្វើទេ។ ប៉ុន្តែវាជេរយើង ជេរអត់ឈប់។ យើងត្រូវទទួលស្គាល់នូវការពិតមួយថា វាមានបញ្ហាវិវាទដីធ្លីកើតឡើង។ បើវិវាទដីធ្លីកើតឡើង គួរណាតែដោះស្រាយក្រៅប្រព័ន្ធតុលាការ បានវាស្រួល តែចូលដល់តុលាការហើយ គឺវាមានតែឈ្នះនិងចាញ់តែប៉ុណ្ណឹង អត់ដែលតុលាការកាត់ឲ្យស្មើគ្នានោះទេ។ អញ្ចឹងអ្នកដែលបានទទួលយុត្តិធម៌ ថាតុលាការយុត្តិធម៌ អ្នកដែលមិនបានយុត្តិធម៌ថា តុលាការអយុត្តិធម៌។
[… មានករណីមួយកើតឡើងនៅទូរទស្សន៍បាយ័ន ដែលខ្ញុំបញ្ជូនសារទៅចូលក្នុងគ្រុប។ មានបុគ្គលិកបាយ័នម្នាក់ត្រូវបានចាប់ខ្លួន ហើយខ្ញុំធានាឲ្យនៅក្រៅឃុំសិន ហើយខ្ញុំបញ្ជូនមេធាវីរបស់ខ្ញុំទៅការពារក្តីឲ្យ។ ហេតុអ្វីបានជាគេថាអ្នកហ្នឹងចូលរួមជាមួយនឹងអ្នកណានោះ លក់ដីខ្យល់អីមិនដឹងទេ។ ប៉ុន្តែបើរវល់តែរឿងចាប់រឿងចងហ្នឹង (តើយើងស្រាយកិច្ចការ)យ៉ាងម៉េច។ ឥឡូវខ្ញុំបញ្ជូនមេធាវីរបស់ខ្ញុំទៅជួយការពារផង ហើយវាទាក់ទងជាមួយនឹងអ្នកឧកញ៉ា ដែលគេមានប្រាក់កាសនោះ។ រួចហើយខាងយើងផ្នែកតុលាការផ្នែកអីហ្នឹង អាងឡើងចាប់ៗ។ រឿងរដ្ឋប្បវេណី យើងកោះហៅទៅបានទេ ដើម្បីទៅពិភាក្សាទៅមើល … គេមើលពីក្រៅមកគឺគេមិនដឹងតុលាការ(អោយចាប់ឯ)ណា។ គេដឹងតែពី ហ៊ុន សែន តែម្តង ក្នុងពេលដែលយើងអត់ដឹងផង។ (ករណី)បុគ្គលិកបាយ័នម្នាក់ត្រូវបានគេចាប់ថ្ងៃមិញហ្នឹង ខ្ញុំបានអន្តរាគមន៍ទៅមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ថាឲ្យនៅក្រៅឃុំសិនទៅ។ ខ្ញុំបានណែនាំឲ្យរកមេធាវីរបស់ខ្ញុំចូលការពារ។ រឿងថាលក់ដីខ្យល់ដីអីណា … ធ្វើទៅតាមច្បាប់តាមទម្លាប់ទៅ។ ប៉ុន្តែពួកយើងហ្នឹងកុំប្រញាប់ប្រញាល់រឿងចាប់ពេក។ ខ្ញុំសូមអង្វរករ។ បើអស់លោកធ្វើតែអញ្ចឹង មានគុកឯណាយកទៅដាក់។ រួចហើយទៅកៀបគ្នាសួរចម្លើយនៅកន្លែងហ្នឹង។
ខ្ញុំមិនជឿ។ ខ្ញុំមើលនៅក្នុងកន្លែងនេះ។ ដំបូងថា មានអ្នកលក់ដី។ អញ្ចឹងអ្នករកស៊ី … ថ្នាក់ដល់មានប្រាក់រហូតដល់ជាង ៣០ លានដុល្លារ ក្នុងពេលដែលមនុស្សរកបាយស៊ីមិនបានផង។ ឆបោកប្រាក់ចំនួន ៣៦ លាន ១ សែន ៥ ម៉ឺន ១២០ ដុល្លារ យកទៅរៀបចំដី។ ក្នុងហ្នឹងមានបុគ្គលិករបស់បាយ័នម្នាក់។ ប៉ុន្តែបុគ្គលិកបាយ័ននេះ នៅពេលដែលគេត្រូវចាប់ មេធាវីទៅបង្គាប់ទារប្រពន្ធ ៥ ពាន់ដុល្លារមុនទៀត។ គ្នាអត់មានលុយទៅទៀត។ ចុះបើ ៣៦ លាន ចាំបាច់ទៅវេទនា ទៅអានទូរទស្សន៍បាយ័នធ្វើអី។ អញ្ចឹងបានថា យើងមើលករណីដូចនេះផងមើល។ កុំអាងតែមានអំណាច ចេះតែចាប់ ចេះតែចង រួចហើយគឺថា អ្នកដែលវេទនាជាងគេ គឺនាយករដ្ឋមន្ត្រី។ ម្ខាងត្រូវគេចោទថារដ្ឋបាលអាងអីអាងតែចាប់ (តែការពិតគឺ)តុលាការអ្នកបញ្ជាចាប់។ មើលខ្ញុំសុំអស់លោកដែលទទួលបន្ទុកជានគរបាលយុត្តិធម៌ កុំចេះតែទៅទាំងងងឹតងងុលបានទេ? កើត រិទ្ធ ក៏ទទួលបាន ហើយឆ្លើយតបមកខ្ញុំហើយ ដែលខ្ញុំ voice សម្លេងទៅតែម្តង។
ខ្ញុំចង់មើលករណីហ្នឹង ខ្ញុំនឹងតាមមើលករណីហ្នឹងឲ្យដិតដល់។ តើករណីហ្នឹងជាករណីពិត ឬក៏មិនពិត? ហើយអ្នកណាជាអ្នកបោកលុយ ៣៦ លានដុល្លារនេះ ហើយ ៣៦ លានដុល្លារ ក្នុងពេលដែលមនុស្សហ្នឹងរកតែមួយគ្រប់ៗ បានបាយ័នជួយចិញ្ចឹម … រឿងអស់អញ្ចឹងៗ ដូចជាហួសហេតុពេកហើយ។ ហ្នឹងខ្ញុំនិយាយជាសាធារណៈ ព្រោះរឿងវាកើតថ្ងៃហ្នឹង។ នេះចេះខ្ញុំដឹងទាន់ កុំអីដេកគុក។ រួចហើយឯងចាំមើលគេវិភាគ។ ធម្មតាខ្ញុំតាមដានណាស់ BTV ហ្នឹង។ វិភាគអន្តរជាតិហ្នឹង ខ្ញុំតាមដានណាស់។ បាត់អ្នកហ្នឹងទៅណាទៅ។ ដល់ពេលចុះឡើង ស្រាប់តែឃើញសារមួយថាមនុស្សហ្នឹងកំពុងជាប់។ អញ្ចឹងក៏ទាក់ទងទៅ រ័ត្ន ស្រៀង (អោយ)ជួយដោះស្រាយ (ដោយខ្ញុំ)សុខចិត្តធានា។ ឥឡូវហ្នឹង គី តិច បានទទួលហើយ។ ចាត់វិធានការដើម្បីការពារ។ ខ្ញុំចង់ដឹងថា រឿងហ្នឹង រឿងពិតឬមិនពិត។ បើសិនជារឿងពិត យើងក៏មិនខ្លាចជាមួយនឹងឲ្យមនុស្សហ្នឹងអនុវត្តទៅតាមច្បាប់។ ប៉ុន្តែហេតុអ្វីបុគ្គលដែលចេះរកស៊ីនេះ ឲ្យគេបោកលុយបាន ៣៦ លានដុល្លារ។ ខ្ញុំមិនជឿ។ ៣៦ លានដុល្លារច្រើនណាស់ណា ហើយលុយយ៉ាងម៉េចអីយ៉ាងម៉េច ហើយងាយចាប់ខ្លួនអីសម្បើមម្ល៉េះ។ កុំអាងតែមានសក្តិ]
ខ្ញុំសូមព្រមានប្រាប់អស់លោកឲ្យហើយ កុំថាអស់លោកពាក់ត្រឹមផ្កាយ ពាក់លោកខែក៏ខ្ញុំដកចេញបានដែរ ខ្ញុំសុំឲ្យហើយ។ ផ្នែកនគរបាលយុត្តិធម៌ ជានគរបាលក្តី ជាអាវុធហត្ថក្តី ខ្ញុំអាច(មានវិធានការណ៍បាន) ហើយកុំចេះតែបណ្តោយតាមតែចិត្តចង់។ ត្រូវមើលបញ្ហាហ្នឹងឲ្យបានដិតដល់ ហើយធ្វើម៉េចឲ្យមានការរួមរួបរស់នៅសាមគ្គីគ្នាទៅបានទេ? ហ្នឹងជាសំណូមពរ។ ប្រជាពលរដ្ឋត្រូវទទួលរងអយុត្តិធម៌ តែងតែនោះ ម្ខាងត្រូវគេចោទថា តុលាការជាអ្នកចេញបញ្ជាចាប់ ហើយគេចោទថានាយករដ្ឋមន្ត្រីឲ្យចាប់ ព្រោះយើងរាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋគាត់ដឹងថា តុលាការមានអំណាចផ្សេងណា។ ដល់ពេលអ្នករងគ្រោះ ក៏មកពឹងនាយករដ្ឋមន្ត្រីទៀត ឲ្យជួយធ្វើម៉េចគេចាប់ខ្លួនទៅហើយ។ រឿងពិបាកណាស់ណា … អញ្ចឹងបានខ្ញុំមិនចង់ឲ្យផ្សាយសុន្ទរកថាព្រាងទុករបស់ខ្ញុំនេះ ព្រោះខ្ញុំត្រូវយកសម្លេងខ្ញុំជាគោល មិនមែនយកសុន្ទរកថានោះទេ។ ខ្ញុំត្រូវនិយាយពាក់ព័ន្ធជាមួយរឿងហ្នឹងបន្ថែម។ បើមិនចឹង ចុះ(ផ្សាយតែសុន្ទរកថាព្រៀងទុក)ទៅ … ខ្ញុំមិនចង់ឲ្យផ្សាយអាហ្នឹង។
អញ្ចឹងទេ ខ្ញុំសូមបញ្ជាក់អំពីរឿងហ្នឹង។ ធ្វើម៉េច យើងរៀបចំការដោះស្រាយវិវាទ។ មានក្រុមការងារដោះស្រាយវិវាទ ហើយក្រុមដោះស្រាយការងារវិវាទ បើចង់ដោះស្រាយវិវាទបាន ទាល់តែយើងកុំលំអៀងទៅផ្នែកណាមួយ អាហ្នឹងបានយើងដោះស្រាយវិវាទបានល្អ ក្រៅប្រព័ន្ធតុលាការ ហើយបើយើងធ្វើអាហ្នឹងបាន គឺកាត់បន្ថយបានច្រើនណាស់ នូវអយុត្តិធម៌សង្គម …។
[ចប់សេចក្តីIអធិប្បាយ ៣]
៣. ត្រូវបន្តពង្រីកវិសាលភាពនៃការអនុវត្តគម្រោងសាងសង់ស្ថានីយវាស់វែងអចិន្រ្តៃយ៍ ដោយផ្កាយរណបសម្រាប់ ការគ្រប់គ្រងដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យបានទូទាំងប្រទេស ។
៤. ត្រូវពង្រឹងការអនុវត្តច្បាប់សំណង់ ទាំំងលើការងារសាងសង់និងការត្រួតពិនិត្យសំណង់ ដើម្បីធានាបង្កើនគុណភាព សុវត្ថិភាព និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ។ ទន្ទឹមនោះ ត្រូវបន្តការយកចិត្តទុកដាក់ការពារសំណង់អគារបេតិកភណ្ឌ និងជំរុញការចុះបញ្ជីទីតាំងតំបន់ការពារបុរាណដ្ឋានជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៥. សូមបន្តលើកទឹកចិត្ត និងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យសំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋានសមរម្យ ។ បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះដី និងបន្តអនុវត្តចែកដី និងផ្ទះជូនកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅតាមព្រំដែន
[ចាប់ផ្តើមសេចក្តីIអធិប្បាយ ៤]
ចំណុចនេះ … ចែកចេញជា៖ ទី ១ លើកទឹកចិត្តជាមួយនឹងការសាងសង់លំនៅឋានតម្លៃទាប ព្រោះមន្ត្រីរាជការ ឬក៏ប្រជាពលរដ្ឋរបស់យើង ដែលមានប្រាក់ចំណូលទាប មានតម្រូវការលំនៅឋាន ដោយតម្លៃថោក។ រកគ្រប់វិធីដើម្បីនឹងធ្វើ ដើម្បីដោះស្រាយលំនៅឋាននៅក្នុងប្រទេសរបស់យើង សំរាប់អ្នកដែលមានប្រាក់ចំណូលមធ្យមឬក៏តូចតាច ដែលពុំមានលទ្ធភាពទិញផ្ទះបានតម្លៃខ្ពស់។ យើងក៏បានលើកទឹកចិត្តហើយដែរ ជាមួយនឹងការលើកលែងពន្ធដារនៃតម្លៃផ្ទះដែលតម្លៃក្រោម ៧ ម៉ឺនដុល្លារ គឺយើងបានលើកលែងពន្ធ ហើយក្នុងផ្នែកនេះ គឺយើងមិនមានការជាប់ពន្ធទេ។ សំណូមពរ អំពាវនាវឲ្យអ្នកសាងសង់ផ្នែកអចលនទ្រព្យ កសាងនូវលំនៅឋានដែលមានតម្លៃទាប ដើម្បីលក់ជូនប្រជាពលរដ្ឋរបស់យើង។
មួយទៀត ត្រូវបន្តអនុវត្តនូវនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច ជូនចំពោះប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយធ្វើអត្តសញ្ញាណកម្ម គេហៅថាកំណត់មុខសញ្ញានៃការផ្តល់ដីឲ្យ ដើម្បីឲ្យពួកគាត់មានដីពិតប្រាកដ ក្នុងការកសាងជីវភាព។
មួយទៀតគឺ យើងបន្តកសាងផ្ទះជូនកម្លាំងប្រដាប់អាវុធរបស់យើង ដែលឈរជើងនៅតាមព្រំដែន ក្រុមគ្រួសារនៅតាមព្រំដែន។ ជាមួយនោះ យើងក៏នឹងបន្តកសាងផ្ទះសម្រាប់អតីតយុទ្ធជន ដែលឯកឧត្តម គន់ គីម ដឹកនាំការងារនេះ ហើយខ្ញុំក៏ផ្តល់ថវិកាតាមក្រោយ ជូនកន្លែងនេះបានបន្តិច ជូនកន្លែងនោះបានបន្តិច ធ្វើបានច្រើនល្អជាងធ្វើបានតិច ធ្វើបានតិច គ្រាន់បើជាងអត់បានធ្វើ។ មួយផ្នែកជូនចំពោះអ្នកគេហៅថា កងទ័ព ឬនគរបាល ឬក៏អាវុធហត្ថដែលឈរជើងតាមព្រំដែន ឲ្យពួកគាត់មានដី មានធ្លី នៅតាម កន្លែងដែលការពារទល់ដែនបានល្អបំផុត គឺកន្លែងដែលប្រជាជនរស់នៅនោះឯង។
កាលពីដើម យើងអត់មានទេ ប៉ុន្តែឥឡូវតំបន់ព្រះវិហារតំបន់ស្អីហ្នឹង យើងមានផ្ទះសំបែងរាប់រយរាប់ពាន់រាប់ម៉ឺនខ្នងចែកជូនឲ្យហើយ។ សូម្បីនៅខាងស្វាយរៀង ខ្ញុំឲ្យឯកឧត្តម ជា សុផារ៉ា ទៅធ្វើបានប៉ុន្មាន កន្លែងដែលយើងដោះស្រាយបានរួចហើយនោះ ទៅធ្វើកន្លែងនោះ។ កន្លែងណាដែលមានលទ្ធភាពធ្វើបានគឺធ្វើ ដើម្បីឲ្យបងប្អូនរស់នៅក្បែរទល់ដែនបង្កបង្កើនផល ហើយធ្វើការងារនៅកន្លែងនោះ។ សម្រាប់អតីតយុទ្ធជនយើងក៏នៅតែបន្តដោះស្រាយបញ្ហានេះឲ្យពួកគាត់មានផ្ទះសំបែង មានភូមិ បង្កើតជាភូមិ។ រឿងបង្កើតជាភូមិក៏បង្កើត កន្លែងខ្លះគាត់មានដី តែគាត់ខ្វះលុយសាងសង់ផ្ទះ យើងទៅសាងសង់ផ្ទះឲ្យកន្លែងហ្នឹង ដោយមានកម្មវិធីជាក់លាក់ សម្រាប់បំរើឲ្យគោលដៅនេះ។
[ចប់សេចក្តីIអធិប្បាយ ៤]
៦.ត្រូវជំរុញការអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ ស្របគ្នានឹងការអភិវឌ្ឍនៅតំបន់អភិវឌ្ឍរុនតាឯក និងតំបន់ពាក់ស្នែកជូនបងប្អូនប្រជាពលរដ្ឋដែលស័្មគ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅតាំងទីលំនៅថ្មីនៅតំបន់នោះ ដោយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយគាំទ្រផ្នែកសង្គមកិច្ច និងផ្នែកហេដ្ឋារចនសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។
[ចាប់ផ្តើមសេចក្តីIអធិប្បាយ ៥]
ចំណុចនេះ ខ្ញុំគួរតែបញ្ជាក់ តំបន់រុនតាឯក និងតំបន់ពាក់ស្នែង គឺជាតំបន់ដែលយើងទទួលខុសត្រូវ នៅក្នុងការកសាងនូវតំបន់នេះ។ ខ្ញុំសង្ឃឹមថា ថ្ងៃខាងក្រោយនៅពេលមិនយូរប៉ុន្មាន តែពាក្យថាមិនយូរប៉ុន្មាន គឺប្រហែលជាពេលដែលយើងចាស់ជរា ឬក៏យើងស្លាប់ទៅហើយ វានឹងក្លាយទៅជាកូនក្រុងនៅកន្លែងនោះតែម្តង ដោយយើងធ្វើម៉េច ដោះស្រាយបានទាំងពីរ មួយផ្នែកគឺយើងរក្សាបាននូវលក្ខណៈសម្បត្តិ ដែលជាបេតិកភណ្ឌរបស់ពិភពលោក ដែលមិនត្រូវបានបណ្តេញចេញនោះទេ តែទី ២ យើងក៏ដោះស្រាយបានចំពោះប្រជាពលរដ្ឋ ដែលចាកចេញពីតំបន់ហ្នឹង។ ឥឡូវមានការកសាង ហើយឯកឧត្តម អូន ព័ទ្ធមុនីរ័ត្ន ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក៏បានត្រៀមរៀបចំថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ យើងក៏រៀបចំប្រព័ន្ធផ្លូវទឹក បណ្តាញទឹកទាំងពីរកន្លែង។ ឯកឧត្តម ចម ប្រសិទ្ធ ក៏បានធ្វើកិច្ចការហ្នឹងបានច្រើនហើយដែរ។ តម្រង់ទាញទឹកយកទៅរុនតាឯក តម្រង់ទាញទឹកយកទៅពាក់ស្នែង សុទ្ធតែទឹកស្អាតទៀត។ ប្រព័ន្ធអគ្គិសនីក៏ទៅដល់ ផ្លូវថ្នល់ក៏ទៅដល់ សាលារៀន មានតាំងពីបឋម អនុវិទ្យាល័យ វិទ្យាល័យ មានមន្ទីរពេទ្យ មានស្អីសព្វបែបយ៉ាងទាំងអស់។ យើងត្រូវតែបន្តការយកចិត្តទុកដាក់តទៅទៀត។ ឯកឧត្តម ជា សុផារ៉ា តម្រង់ទិសកន្លែងហ្នឹង។ ត្រូវបន្តដោះស្រាយកិច្ចការហ្នឹងឲ្យបានជោគជ័យ។ ខ្ញុំនឹងបន្តតាមមើលរឿងហ្នឹងតទៅទៀត។ នៅពេលអ្នកចាប់ឆ្នោតក្រោយនោះ បើមានតទៅទៀត ចាំដល់ពេលណាមួយ ខ្ញុំនឹងទៅសួរសុខទុក្ខទៀត ដូចលើកមុនអញ្ចឹង។ ប្រសិនបើមានតទៅទៀត ខ្ញុំនឹងទៅសួរសុខទុក្ខពួកគាត់ ហើយខ្ញុំក៏នឹងខិតខំទៅមើលពួកគាត់ដែរ ប្រសិនបើមានពេលវេលា។ ប៉ុន្តែវាត្រូវតែមាន បើយើងខិតខំ វានៅតែមានហ្នឹង គ្រាន់តែថាហត់បន្តិច។ តែហត់យើងក៏គ្មានសិទ្ធដើម្បីនឹងត្អូញត្អែរប្រាប់អ្នកណាថាយើងហត់នោះទេ។
[ចប់សេចក្តីIអធិប្បាយ ៥]
៧. ត្រូវបន្តដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់ ៣ ព្រំប្រទល់តំបន់ ២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពី យូរលង់មកហើយក្នុងតំបន់ ៣ និងតំបន់ ២ ឱ្យចប់មុនពេលបោះឆ្នោតសកលឆ្នាំ ២០២៣
[ចាប់ផ្តើមសេចក្តីIអធិប្បាយ ៦]
ខ្ញុំសូមដាក់ការកំណត់ថា ដោះស្រាយ(បញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់ ៣ ព្រំប្រទល់តំបន់ ២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់ ៣ និងតំបន់ ២) ឲ្យចប់ នៅចុងខែឧសភា ឆ្នាំ ២០២៣ … កុំឲ្យអូសបន្លាយតទៅទៀត។ បណ្តាខេត្តដែលខ្ញុំបានដើរគ្រប់ខេត្តហើយ ខ្ញុំជំរុញឲ្យខេត្តម្តងនេះអត់ធ្វើផែនទីរួមទេ។ ផែនទីរួម យើងឡើងរួមហើយ ប៉ុន្តែខេត្តមួយៗ បញ្ចេញផែនទីតាមខេត្តមួយៗ។ កន្លែងណាកាត់ឲ្យប្រជាជន ឆ្វៀលឲ្យប្រជាជនរបៀបម៉េច កាត់តំបន់ ៣ ផ្ទេរមកតំបន់ ២ ឬកាត់តំបន់ ២ ផ្ទេរមកតំបន់ ១។ ប៉ុន្តែអ្នកដែលរស់នៅក្នុងតំបន់ ៣ មិនអាចកាត់បាននោះ ដែលមិនអាចផ្ទេរអោយគាត់បាន គឺយើងត្រូវឆ្វៀលឲ្យគាត់យ៉ាងម៉េច។ ហ្នឹងជាបញ្ហា។ ត្រូវធ្វើបញ្ហាហ្នឹងឲ្យស្រូត។ រៀបចំកម្លាំង ដើម្បីនឹងធ្វើកិច្ចការងារនេះ។ ឯកឧត្តម ជា សុផារ៉ា ម្សិលម្ង៉ៃដូចជាទៅខេត្តកំពង់ធំ ដើម្បីទៅមើលកិច្ចការងារហ្នឹង ត្រូវធ្វើកិច្ចការងារហ្នឹង។
ខ្ញុំសូមដាក់កំណត់ កុំអូសបន្លាយយូរពេក ព្រោះឆ្នាំនេះ ខ្ញុំបានចេញបញ្ជាលើបញ្ហាហ្នឹង នៅក្នុងខែ ៥ ដើម្បីឲ្យពិនិត្យមើលឡើងវិញ ទាក់ទងនឹងបញ្ហាហ្នឹង។ ខ្ញុំបានចេញបញ្ជាតាមសារសម្លេងរបស់ខ្ញុំ នៅចុងខែ ៥។ ឥឡូវខ្ញុំសូមដាក់កំណត់ថា នៅចុងខែឧសភា ឆ្នាំ ២០២៣ ត្រូវធ្វើឲ្យរួចរាល់គ្រប់ខេត្តនិងទូទាំងប្រទេសទាំងអស់ នៅក្នុងតំបន់ទន្លេសាបនេះ។ នេះជាផលប្រយោជន៍របស់ប្រជាពលរដ្ឋរបស់យើង។ យើងដោះស្រាយបានទិសទាំងពីរ ទិសម្ខាងយើងរក្សាបានទន្លេសាប និងទិសម្ខាងទៀត គឺប្រជាពលរដ្ឋដែលរស់នៅ(ពីយូរលង់មកហើយ)។ វាមិនមែនទើបនឹង ២ ៣ ឆ្នាំ គឺខ្លះរស់នៅតាំងពីយើងអត់ទាន់កើតនោះ។ ខ្លះរស់នៅ ៣ ជំនាន់ ៤ ជំនាន់ហើយនៅកន្លែងហ្នឹង។ យកពួកគាត់ទៅទុកនៅត្រង់ណា។ ហ្នឹងជាបញ្ហាដែលយើងត្រូវដោះស្រាយឲ្យសមហេតុសមផលនិងជាក់ស្តែងនិយម។ រឿងហ្នឹងគ្រាន់តែបញ្ជាក់អំពីចំណុចនេះ ហើយកំណត់ពេលវេលាឲ្យចប់នៅក្នុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។
[ចប់សេចក្តីIអធិប្បាយ ៦]
៨. គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តទាំង ៤ ត្រូវជំរុញរៀបចំផែនការអភិរក្ស ការពារ និងអភិវឌ្ឍតំបន់ឆ្នេរដើម្បីគាំទ្រដល់ការអភិរក្ស និងការអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និង សមធម៌ ឱ្យស័ក្តិសមជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល-លោក និងជាតារារៈនៅទិសនិរតី
៩. សូមរួមគ្នាបន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក “ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព“ ក្នុងការផ្តល់សេវា-សាធារណៈជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន ។
[ចាប់ផ្តើមសេចក្តីIអធិប្បាយ ៧]
រឿងផ្នែកដីធ្លីនេះ ចាត់ទុកថាជាផ្នែកការផ្តល់សេវាសាធារណៈ ហើយការផ្តល់សេវាសាធារណៈនៅទីនេះ គឺជាការផ្តល់សេវាសាធារណៈគេហៅថា សេវាចាំបាច់ ឬជាសេវាតម្រូវការតែម្តង។ យើងត្រូវការប័ណ្ណកម្មសិទ្ធដីធ្លី អាហ្នឹងជាសេវាតម្រូវការ ព្រោះបើមិនអញ្ចឹងគាត់ បើអ្វីដែលគាត់អត់ទាន់ច្បាស់ គាត់អត់ហ៊ានវិនិយោគទេ ហើយវាអត់មានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីទេ។ ដូច្នេះអស់លោកត្រូវមើលឃើញផលហ្នឹង។ នៅសល់តែប៉ុន្មានភាគរយទៀតទេ។ រុញបញ្ហាហ្នឹងចេញមើល។ ការផ្ទេរកម្មសិទ្ធស្អីៗហ្នឹង យើងមានហើយ ទាក់ទិននឹងគោលនយោបាយរបស់យើង។ យើងមានហើយ ផ្ទេរពីឪពុកទៅកូន ផ្ទេរពីជីដូនទៅចៅ។ អីចឹងយើងមានហើយ គោលនយោបាយសម្រាប់ដោះស្រាយបញ្ហាហ្នឹង។ ការផ្ទេរកម្មសិទ្ធ(កម្ម)ក្នុងការលក់ ការដូរអីនេះ … យើងក៏ត្រូវធ្វើឲ្យរហ័សរហួន ជាមួយគ្នាយើងក៏បានពន្ធបង់ប្រថាប់ត្រាដែរ។ បើនៅស្រុកគេ គេបន់ឲ្យតែអ្នកឯងលក់តឲ្យបានលឿន លក់ម្តងពន្ធម្តងៗ លក់ទៅ មានស្អី … ជាពិសេស ខ្ញុំក្តាប់បានពីហុងកុង។ នៅហុងកុងគេបន់ឲ្យតែលក់ទេ ព្រោះអី? ថាខ្ញុំទិញផ្ទះហ្នឹង រួចហើយខ្ញុំលក់ឲ្យគេ។ អញ្ចឹងពន្ធម្តង។ ខេងឯង លក់ឲ្យ សំអន ពន្ធម្តងទៀត។ សំអន លក់ឲ្យ សុផារ៉ា ពន្ធម្តងទៀត។ មួយឆ្នាំផ្ទេរ ៥ ម្ចាស់ បានពន្ធ ៥ ដង … រឿងហ្នឹងត្រូវធ្វើអាហ្នឹងឲ្យស្រូត …។
[ចប់សេចក្តីIអធិប្បាយ ៧]
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួង ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ“អគារ– មន្ទីរពិសោធន៍ជាតិសំណង់” និងក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៣ ដែលនឹងឈានចូលមកដល់នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមទទួលបាននូវពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕