ធនាគារពិភពលោក ផ្តល់កម្ចីឥតការប្រាក់១០០លានដុល្លារដល់កម្ពុជា ជួយលើកកម្ពស់គុណភាពអប់រំ និងស្ថាបនាផ្លូវជនបទ
FN ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក (World Bank) បានអនុម័តរួចហើយនៅថវិកា១០០លានដុល្លារ អាមេរិក សម្រាប់គម្រោងពីរនៅកម្ពុជា ដែលគម្រោងទាំងនេះ នឹងជួយលើកកម្ពស់គុណភាពអប់រំនៅអនុវិទ្យាល័យ និងស្ថាបនាផ្លូវជនបទ ឲ្យមានទំនាក់ទំនងប្រសើរ និងធន់នឹងឥទ្ធពលពីអាកាសធាតុអាក្រក់ផងដែរ។ មន្ត្រីទំនាក់ទំនងសាធារណៈរបស់ធនាគារពិភពលោក ប្រចាំកម្ពុជា លោក ប៊ូ សារឿន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះថា ថវិកាដែលធនាគារពិភពលោក ជួយដល់កម្ពុជាចំនួន១០០លានដុល្លារនេះ ជាប្រភេទកម្ចីគ្មានការប្រាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍន៍។ សេចក្តីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក បានដកស្រង់សំដី លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា «យើងសូមស្វាគមន៍ ចំពោះការគាំទ្ររបស់ធនាគារពិភពលោកក្នុងវិស័យអប់រំ និងដឹកជញ្ជូន ដែលវិស័យនេះ ស្របទៅនឹងអាទិភាពនៃផែនការអភិវឌ្ឍន៍ យុទ្ធសាស្រ្តជាតិឆ្នាំ២០១៤-២០១៨។ គម្រោងនេះនឹង ជួយពង្រឹងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងទំនាក់ទំនងផ្នែកដឹកជញ្ជូន ជាពិសេសការពង្រីកនៃការទទួលបានសេវា និងទីផ្សារនៅតំបន់ជនបទ»។ ធនាគារពិភពលោក បានឲ្យដឹងទៀតថា គម្រោងទី១ ជាគម្រោងលើកកម្ពស់ការអប់រំអនុវិទ្យាល័យ…