ភូមិហ័រលី បានស្វាគមន៍ និងផ្ដល់បាយលើកដំបូង លើទឹកដីវៀតណាម
ឯកឧត្តម ង្វៀក វ៉ាន់ដា លេខាគណៈកម្មាធិការបក្ស ខេត្តប៊ិញ ហ្វឿក។ ឯកឧត្ត ហ្វៀន វ៉ាន់ចាន់ ប្រធានគណៈកម្មាធិការខេត្តប៊ិញហ្វឿក ឯកឧត្តមឧត្តមសេនីយមេបញ្ជាការយុទ្ធភូមិភាគទី ៧។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ថ្ងៃនេះ ខ្ញុំបានវិលត្រឡប់មកកាន់ទីកន្លែង ប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលទាក់ទងទៅនឹងជីវិតមនុស្សរាប់លាននាក់ កាលពី ៤០ ឆ្នាំ មុននោះ។ ដំណើរមកកាន់ទីនេះ ខ្ញុំបានរៀនរាប់ជាបណ្តើរៗ តាំងពីពេលនៃការចាប់ផ្តើមចេញពីទីតាំងនៅឯទឹកដីកម្ពុជា និងការឆ្លងដែនរហូតមកដល់កន្លែងទុកអាវុធ និងដាំបបរទទួលទាន។ ការមកដល់ភូមិហ័រលី ដែលត្រូវបានស្វាគមន៍ និងផ្តល់បាយជាលើកដំបូងសម្រាប់ខ្ញុំ។
កន្លែងនេះកាលពីមុន ខុសប្លែកពីថ្ងៃនេះ កាលពេលនោះកម្មករចំការកៅស៊ូ ដែលពួកខ្ញុំបានធ្វើដំណើរដោយថ្មើរជើងពីភូមិហ័រលី ចំងាយប្រមាណជាង ៤ គីឡូម៉ែត្រ ទើបបានមកដល់ ឡាងជីន។ ខ្ញុំត្រូវបានអញ្ជើញពីកន្លែងដែលស្នាក់នៅខាងក្រោយ មកកាន់ទីកន្លែងនេះ ដោយអនុសេនីយឯកបម្រុងម្នាក់ ខ្ញុំមិនចាំឈ្មោះ ជាការគួរឲ្យសោកស្តាយ។ ក្រោយមក គាត់ជាវរសេនីយឯក ហើយគាត់ទៅធ្វើជាទីប្រឹក្សា ឬជំនួយការកងទ័ពវៀតណាមនៅខេត្តក្រចេះ។ ឥឡូវនេះ បានទទួលព័ត៌មានថា គាត់មរណភាពហើយនៅក្នុងកន្លែងនោះ។ ពីភូមិហ័រលី មកឡាងជីង យើងធ្វើដំណើរដោយថ្មើជើង ខុសប្លែកពីថ្ងៃនេះ។ ពេលនោះខ្ញុំគ្រុន ហើយអ្នកដែលទទួលបន្ទុកខាងកងឈ្លបរបស់វៀតណាមនៅភូមិហ័រលីនេះ ជួយមើលខ្ញុំ។ វាអាចជាគ្រុនចាញ់ ដែលនៅសេសសល់ក្នុងខ្លួនរបស់ខ្ញុំផង។ ម្យ៉ាងទៀត ប្រហែលការទទួលទានបាយច្រើនហួស ដោយសារតែយើងមិនមានបាយក្នុងពោះច្រើនរយៈពេលយូរ ហើយថ្ងៃទី ២០ មិនមានគ្រាប់បបរណានៅក្នុងពោះមួយគ្រាប់ទាល់តែសោះ។ ព្រឹកម៉ោង ១១ មុនចូលដល់ភូមិហ័រលី យើងគ្រាន់តែបានទទួលទានបបរ ដែលដាំមួយកាមែលតូច ហើយចែកគ្នាហុត។ ដូច្នេះ ការទទួលទានអាហារលើកដំបូង បាយលើកដំបូង នៅភូមិហ័រលី ជាបាយមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតរបស់ខ្ញុំ និងមិត្តខ្ញុំដទៃទៀត ហើយក៏វាផ្តល់នូវកម្លាំង ដើម្បីឲ្យខ្ញុំ បានធ្វើដំណើរ ៤ គីឡូម៉ែត្រ ដោយថ្មើជើង មកកាន់ ឡាងជីន នេះ។
ឡាងជីន បើយោងទៅលើទម្លាប់ បារាំង គឺតែងដាក់ភូមិ ដូច្នេះហើយ នៅក្នុងចំការកៅស៊ូ ដែលបារាំងគ្រប់គ្រង។ កាលពីពេលមុន បារាំងដាក់ឈ្មោះ ចំការកៅស៊ូ នៅកម្ពុជា មានសូមូត្រ សូហៃ សូបា សូបូន អញ្ចឹងទៅ។ ហ្នឹងជាទម្លាប់ដែលបារាំងគ្រប់គ្រងនៅកម្ពុជា។ សូម្បីតែនៅក្នុងទឹកដីកម្ពុជា ដែលបារាំងត្រួតត្រាកាលពីមុន បារាំងបានយកកម្មករវៀតណាមទៅដាំដុះ និងធ្វើចំការកៅស៊ូ បានជាមានចំការកៅស៊ូ ទាំងនៅមេមត់ ទាំងនៅស្នួល ទនៅជប់ ទាំងនៅខាងបឹងកេត ស្ទឹងត្រង់ គឺសុទ្ធតែមានឈ្មោះជាភាសាវៀតណាម។ ពេលនោះគេហៅឡាងជីន ប៉ុន្តែ ឥឡូវខ្ញុំមិនដឹងថា ផ្លាស់ឈ្មោះទៅជាអ្វីទេ។ តែយ៉ាងណាក៏ដោយ ៤០ ឆ្នាំ មុននេះ ឡាងជីន ជាភូមិទី ៩។ ឡាងមានន័យថាភូមិ, ជីន មានន័យថា ៩ គឺភូមិទី ៩ ឡាងជីន។
បានជួបអ្នកមុខអ្នកការវៀតណាមជាលើកដំបូង
… មកដល់ពេលនេះ វាជ្រុលម៉ោង បន្តិចទៅហើយ ប៉ុន្តែយ៉ាងណាក៏ដោយ ពេលនោះខ្ញុំត្រូវបានអញ្ជើញមកបន្ទប់ខាងណេះ។ ហើយដោយមានអនុសេនីយឯកបម្រុងជាអ្នកសួរ។ ជាលើកដំបូងដែលខ្ញុំបានជួបជាមួយនឹងអ្នកមុខអ្នកការរបស់កងទ័ពប្រជាជនវៀតណាម។ នៅឯភូមិហ័រលី យើងបានជួបត្រឹមតែភូមិ និងកងឈ្លប ប៉ុន្តែអ្នកដែលមានឋានន្តរសក្តិនៅក្នុងជួរកងទ័ពប្រជាជនវៀតណាមគឺនៅឡាងជីននេះ មុនពេលទៅដល់ ឡុកនីញ ដែលជាទីកន្លែងមួយទៀត សម្រាប់ការភ័យខ្លាច។ អ្នកទាំង ៤ នាក់ ដែលធ្វើដំណើរជាមួយខ្ញុំ ដោយសារការបាត់បង់ការទាក់ទងយូរពេក ពួកគាត់គិតថា ខ្ញុំត្រូវបានសម្លាប់ ឬក៏យកទៅណា …។ ខ្ញុំបានត្រូវសួរនាំអំពីគោលបំណងមកកាន់ប្រទេសវៀតណាមដើម្បីអ្វី។ ពេលនោះពុំទាន់មានការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់របស់ខ្ញុំនៅឡើយទេ។ ឥរិយាបថរបស់ប្រជាជនវៀតណាម កងសេនាជនរបស់វៀតណាម និងកងទ័ពវៀតណាម មិនបានប្រព្រឹត្តនូវកាយវិការណាមួយដែលបំពានទៅដល់សិទ្ធិមនុស្សទេ។ ទោះបីថា ខ្ញុំបានឆ្លងដែនខុសច្បាប់ គ្មានលិខិតស្នាម ហើយគឺជាកងទ័ពទៀតផង។
វាលំបាកបែងចែកណាស់ ថាតើអ្នកណាជាពួក ប៉ុល ពត ដែលធ្លាប់វាយឆ្មក់ចូលប្រទេសវៀតណាម ហើយតើអ្នកណាគឺជាអ្នកដែលស្វះស្វែងរកការរស់នៅដោយមានជីវភាពល្អប្រសើរជាង រួចផុតពីការកាប់សម្លាប់ និងអ្នកណាទៅដែលស្វះស្វែងរកការជួយឧបត្ថម្ភពីបក្សរដ្ឋាភិបាល និងកងទ័ពវៀតណាមដើម្បីសង្រ្គោះ ប្រជាជនកម្ពុជា? ពិតជាលំបាកបែងចែក។ ប៉ុន្តែវៀតណាមទាំងគ្រប់កម្រិត គ្រប់ផ្នែក មិនបានប៉ះពាល់រូបកាយរបស់ខ្ញុំ មិត្តភក្តរបស់ខ្ញុំទេ កុំថាឡើយដល់ខ្លួនប្រាណធ្វើការឆែកឆែរ សូម្បីតែបាឡូរបស់ពួកយើង ក៏មិនត្រូវបានប៉ះពាល់ផង។ វាជាការគិតខុសរបស់ខ្ញុំ ដែលមុនពេលចូលភូមិ ហ័រលី បានប្រាប់ឲ្យបងប្អូនទាំងឡាយសម្រួលបត់ជើងតូច ឬបត់ជើងធំ ហើយបានប្រាប់ថា ប្រសិនបើខាងភាគីវៀតណាមចាប់ចង ឬដាក់ខ្មោះ ក៏សូមឲ្យចាប់តាមសម្រួល។ ខ្ញុំបានសម្លឹងមើលនូវនាឡិការបស់ខ្ញុំ។ គួរឲ្យសោកស្ដាយ នាឡិកានោះមិនដឹងថាឥឡួវវានៅឯណា។ នាឡិកាម៉ាក TITONI បួនជ្រុង ហើយជានាឡិកាដែលខ្ញុំពាក់កាលពេលពីចូលព្រៃដំបូងនៅឆ្នាំ ១៩៧០។ ខ្ញុំដូរនាឡិកាហូរហែ ប៉ុន្តែចុងក្រោយក៏នៅតែម៉ាក TITONI ដដែល។
គ្រូផែនទី
ពេលនោះខ្ញុំគិតថានាឡិកានេះ មុខតែត្រូវបានវៀតណាមដកហូតហើយ។ ផ្ទុយទៅវិញ នាឡិកានេះត្រូវបានពាក់ជារៀងរហូត រហូតដល់ពេលរំដោះទីក្រុងភ្នំពេញ ក្លាយទៅជារដ្ឋមន្រ្ដីការបរទេស ខ្ញុំនៅតែពាក់នាឡិកានោះឯង។ នៅទីកន្លែងនេះ អនុសេនីយ៍ឯកបម្រុង ដែលខ្ញុំមិនចាំឈ្មោះ បានសួរពីគោលបំណងជាក់លាក់ ហើយក៏ឲ្យខ្ញុំចង្អុលលើផែនទី ដែលផែនទីនោះមានទាំងខាងវៀតណាម និងខាងកម្ពុជា។ ខ្ញុំចង្អុលផែនទីអំពីទីឈរជើងនៃកងទ័ពរបស់កម្ពុជា ចំណុចឈរជើងកងទ័ពរបស់ភូមិភាគ ២០៣ ពិសេសគឺតំបន់ ២១ តភ្ជាប់ទៅតំបន់ ២០ របស់ខេត្តកំពង់ចាមត្រើយខាងកើតទន្លេមេគង្គ ដោយផ្សារភ្ជាប់នូវបណ្ដាកងវរសេនាតូចរបស់ខ្ញុំនៅចំណុះឲ្យកងវរសេនាធំ និងបណ្ដាអង្គភាពនៃកងពលទីបួនរបស់ភូមិភាគបូព៌ាទិស។
បន្ទាប់ពីការចង្អុលផែនទី ឆ្លងកាត់តាមរយៈអ្នកបកប្រែជាស្រ្ដីម្នាក់មានវ័យប្រហាក់ប្រហែលជា ៦០ ឆ្នាំ ហើយដែលជាអតីតកម្មករចំការកៅស៊ូនៅខ្ជាយ មេមុត ខ្ញុំបានលឺសំលេងជាលើកដំបូងណយឡាវ។ ខ្ញុំអត់ចេះពាក្យណយឡាវទេ។ ក្រោយមកបានខ្ញុំចេះ។ អនុសេនីយ៍ឯកគាត់បាននិយាយថា ណយឡាវ មានន័យថា និយាយភូត។ ខ្ញុំក៏ប្រឹងស្ដាប់អ្នកបកប្រែថា អ្វីពិតប្រាកដ។ គាត់បាននិយាយថា លោកឯងមិនមែនធ្វើប៉ុណ្ណឹងទេ ឋានៈលោកឯងខ្ពស់ជាងហ្នឹងឆ្ងាយណាស់ ព្រោះលោកឯងចេះច្រើន។ ចំណុចនេះ ខ្ញុំត្រូវបកស្រាយជូនគាត់ថា ខ្ញុំទើបមានវ័យ ២៥ ឆ្នាំ ហើយចូលតស៊ូក្រោយពេលដែលសម្ដេចព្រះ នរោត្តម សីហនុ អំពាវនាវនៅឆ្នាំ ១៩៧០ ឋានៈរបស់ខ្ញុំនេះ វាខ្ពស់ណាស់ទៅហើយ ប៉ុន្តែការចេះដឹងរបស់ខ្ញុំនេះ ដោយសារតែខ្ញុំជាគ្រូផែនទី ហើយក៏ជាគ្រូនៃការគូសចម្លងផែនទី និងគូសផែនទី។ ម៉្យាងទៀតខ្ញុំក៏ជានាយទាហានសេនាធិការ ដូច្នេះការចង្អុលផែនទីបែបនេះ វាមិនលំបាកសម្រាប់ខ្ញុំទេ។ ការចង្អុលផែនទីនៅពេលនោះ ខ្ញុំឲ្យទាំងនិយាមការថែមទៀតផង …។
ដំណើរឆ្ពោះទៅឡុកនីញ ដោយឡាន GMC
ឡាន GMC និង Jeep មួយបានមកដល់រង់ចាំទៅហើយ។ យើងជិះឡាននៅខាងក្រោមនេះ ពេលនោះប្រជាជននៅភូមិឡាងជីននេះ ចោមរោមមើលយើងដូចជាអ្វីមួយមិនដែលបានឃើញ។ មិត្តភក្តិរបស់ខ្ញុំនៅហ្នឹងកន្លែងនោះ។ ខ្ញុំមិនបញ្ហាទេ ព្រោះខ្ញុំមកផុតមកដល់ណេះ។ ប៉ុន្តែ ពេលត្រឡប់ទៅវិញនោះ ក៏បានឃើញប្រជាពលរដ្ឋ កំពុងតែមើលតាមបង្អួចផង តាមទ្វារផង។ ខ្ញុំក៏ត្រូវឡើងជិះឡាន GMC។ ថ្ងៃនេះ ខ្ញុំសុំជិះឡានហ្នឹងឡើងវិញ បើទោះបីថា រថយន្តទាំងខាងមិត្តវៀតណាមរៀបចំយ៉ាងច្រើន ឡានរបស់ខ្ញុំ ដែលខ្ញុំជិះធ្វើការនៅទីក្រុងភ្នំពេញ ក៏បានបញ្ជូនមក។ តែខ្ញុំសុំឲ្យខ្ញុំបានជិះឡាន GMC ទៅកាន់ ឡុកនីញ ហើយឲ្យមានកងទ័ពវៀតណាម។ ឥឡូវដោយសារតែ ញឹក ហួន និង សាន សាញ់ គាត់ស្លាប់ទៅហើយ ខ្ញុំសុំស្នើឲ្យកូនគាត់តំណាងគាត់ ជិះឡានជាមួយខ្ញុំ ៥ នាក់ម្ខាង។ ឯម្ខាងទៀត កងទ័ពវៀតណាម ៤ នាក់។ ខ្ញុំនៅចាំឡាន JEEP មួយនាំមុខដោយមានបើកសារ៉ែនផង នាំខ្ញុំឆ្ពោះទៅកាន់ ឡុកនីញ … យើងចេញពីឡាងជីន ទៅកាន់ ឡុកនីញ នៅម៉ោង ៥ និង ១៥ នាទី ប៉ុន្តែ យើងធ្វើកម្មវិធីមុនចុះ ខុសម៉ោង តែវាត្រូវថ្ងៃ។
ខ្ញុំអរគុណជាមួយបងប្អូនកម្មករចំការកៅស៊ូមុននេះ ហើយនិងអង្គភាពដែលឈរជើងនៅទីនេះ ដែលក្រោយមកខ្ញុំបានជួបគាត់ឡើងវិញនៅ សុងប៊ែ ហើយក៏ជួបគាត់ឡើងវិញនៅខេត្តក្រចេះ។ ចំណោទចោទសួរពេល ដែលខ្ញុំចេញដំណើរមកនោះត្រូវបានកាត់បន្ថយជាបណ្តើរៗ ដូចជា តើខ្ញុំត្រូវគេបាញ់សម្លាប់ បានសេចក្តីថា រឿងនេះបានផុតរហូតហើយ ខ្ញុំត្រូវផ្ទុះមីនស្លាប់នៅទល់ដែន ត្រូវបានផុតហើយ។ ត្រូវកងទ័ពវៀតណាមបាញ់ ឬចាប់ចង ក៏បានផុតហើយ ប៉ុន្តែ មានអ្វីកើតឡើងទៀតនោះ វានៅតែជាសំណួរ នៅក្នុងខួរក្បាលរបស់ខ្ញុំជាពិសេសគឺ តើវៀតណាមចាប់បញ្ជូនខ្ញុំទៅឲ្យកម្ពុជាវិញឬទេ? ដូច្នេះ ឧបករណ៍សម្រាប់ធ្វើអត្តឃាត គឺម្ជុល ១២ ដើម នៅក្នុងហោប៉ៅនេះ គឺបម្រុងជាប់នៅក្នុងហោប៉ៅ មិនមានអ្នកណាអាចយកចេញបានទេ ព្រោះវានៅក្នុងកាបូបរបស់ខ្ញុំ។ អ្វីដែលជាការគិតថា វៀតណាមមិនចាប់យើងចង ឬដាក់ខ្នោះ ក៏បានរសាត់បាត់មុនពេលចូលដល់ភូមហ័រលី។ ខ្ញុំបានប្រាប់មិត្តភក្តិអ្នកដែលរួមដំណើរ យើងអាចត្រូវគេចង ឬដាក់ខ្នោះ សុំឲ្យដាក់តាមសម្រួល ជនរងគ្រោះដែលភៀសខ្លួន មករកជំនួយដើម្បីសង្គ្រោះប្រទេស បានតាំងចិត្ត រួចជាស្រេចថានឹងស្លាប់ច្រើនយ៉ាងដែលខ្ញុំបាននិយាយអម្បាញ់មិញ តែចេះតែកាត់បន្ថយបណ្តើរៗ។
ពី ឡាងជីន ទៅដល់ ឡុកនីញ ក៏ត្រូវតាមមើលផ្លូវបង្គោល … ជិះឡានដឹកអុស ក្នុងរង្វង់ម៉ោង ២ រសៀល ថ្ងៃទី ២២ ក៏ត្រូវឲ្យលោក ប៉ោ អ៊ាន ជួយមើលបង្គោលគីឡូម៉ែត្រ តើផ្លូវនេះវាទៅណា? ប្រយ័ត្នទៅខាងកម្ពុជា។ មកដល់ទីនេះ ពិតមែនតែយើងបានឆ្លងផុត នូវគ្រោះថ្នាក់ នូវសំណួរជាច្រើន ប៉ុន្តែ ចំណុចសេសសល់ គឺអម្បាញ់មិញខ្ញុំបាននិយាយ មួយបន្តទៅទៀត តើវៀតណាមជឿនូវអ្វីដែលខ្ញុំបាននិយាយឬអត់? នេះជាបញ្ហាធំ។ ហើយវៀតណាមជួយឬអត់? នេះជាបញ្ហាធំ។ ឯធ្ងន់ជាងនេះទៅទៀត តើពេលនេះប្រពន្ធខ្ញុំដែលកំពុងតែមានផ្ទៃពោះ ៥ ខែ តើគេសម្លាប់គាត់ទេ? តើគាត់ក្លាយទៅជាអ្វីទៅហើយ? សម្រាប់យុវជនម្នាក់ដែលមិនទាន់ដល់គ្រប់អាយុ ២៥ ឆ្នាំផងនោះ ខ្លោចចិត្តយ៉ាងម៉េច? រឿងនេះ វាជារឿងជីវិត ជារឿងសាច់ឈាម បើទោះបីជាខ្លួនបានសុខ មិនទាន់ច្បាស់ថាវានឹងទៅយ៉ាងម៉េច តែរឿងគិត។
ពេលដែលគ្រោះថ្នាក់បំផុត ការបារម្ភជាងគេ គឺភរិយា
ក្នុងចំណោមនៃការគិត ការបារម្ភ តើភរិយាខ្ញុំនៅពេលនេះ យ៉ាងម៉េច(ទៅហើយ)? រឿងនេះ ចាប់ផ្ដើមពីការចេញដំណើររហូតទៅដល់ពេលដែលខ្ញុំត្រឡប់ទៅដល់ប្រទេស ខ្ញុំតែងស្រក់ទឹកភ្នែកជារៀងរហូត (ដោយសារតែ)ព័ត៌មានផ្ដល់ថា ភរិយារបស់ខ្ញុំបានស្លាប់ហើយ ស្លាប់កូនមុន ម្ដាយស្លាប់ក្រោយ។ សូម្បីតែខ្ញុំក្លាយខ្លួនជារដ្ឋមន្រ្តីការបរទេសហើយ ក៏ខ្ញុំនៅតែស្រក់ទឹកភ្នែកតទៅទៀត ដោយសារតែភរិយារបស់ខ្ញុំត្រូវលាក់ខ្លួនសិន ព្រោះសភាពការណ៍នៅច្របូកច្របល់។ ថ្ងៃទី ២៤ ខែកុម្ភៈ ទើបភរិយាខ្ញុំនាំកូនប្រុសរបស់ខ្ញុំ មកជួបខ្ញុំ។ ដូច្នេះ ចាប់តាំងពីរាត្រីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ រហូតដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៩ ទឹកភ្នែករបស់ខ្ញុំមិនដឹងថាស្រក់ប៉ុន្មានលានដំណក់ទេ។ ការបែកគ្នាក្នុងស្ថានភាពជីវិតខ្លួនឯងមិនច្បាស់លាស់ ជីវិតប្រពន្ធដែលមានផ្ទៃពោះមិន(ដឹង)ច្បាស់លាស់ វាធ្វើអោយយើងឈឺចាប់ ប៉ុន្តែវាក៏បានផ្ដល់នូវកម្លាំងចិត្តថា យើងត្រូវតែខិតខំឈានឆ្ពោះទៅមុខ ដើម្បីសង្រ្គោះប្រទេស និងប្រជាជនរបស់យើង។
រឿងរាវដែលបានកើតឡើងនេះ ខ្ញុំអរគុណជាមួយនឹងក្រសួងការពារជាតិកម្ពុជា ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយកឧត្តមសេនីយ ទៀ បាញ់ និងថ្នាក់ដឹកដទៃទៀត ដែលបានទទួលស្គាល់នូវប្រវត្តិសាស្រ្តដ៏សំខាន់មួយនេះ។ ហើយក៏សូមអរគុណចំពោះបក្សរដ្ឋាភិបាល និងកងទ័ពវៀតណាម ដែលបានទទួលស្គាល់នូវសច្ចធម៌ប្រវត្តិសាស្រ្តមួយនេះ ទាក់ទងទៅនឹងដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិ ហើយបានរៀបចំនូវកម្មវិធីនេះឡើង។ អគារនេះ វាក្លាយទៅជាអគារវប្បធម៌ ដែលខ្ញុំផ្ដល់ជូនសម្រាប់ប្រជាជននៅទីនេះ។ ខ្ញុំអរគុណចំពោះឧត្តមសេនីយ ង្វៀន ជីវីង អរគុណក្រុមហ៊ុន Metfone ដែលបានចេញថវិកាសាងសង់នូវសំណង់ជាប្រវត្តិសាស្រ្ត។ ដើមឈើដែលយើងដាំមួយដើមអម្បាញ់មិញ ខ្ញុំសូមស្នើសុំថា ដាក់ជាដើមឈើមិត្តភាពកម្ពុជាវៀតណាម ដើម្បីអោយសមជាមួយនឹងអ្វីដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្រ្ត។ អ្នកណាចង់ថាអ្វី ក៏ថាទៅ តែរឿងពិតវាបានកើតឡើងយ៉ាងដូច្នោះ។
ការកសាងកងទ័ពនៅក្រៅប្រទេស មិនមែនមានតែ ហ៊ុន សែន
បើគ្មានការជួយឧបត្ថម្ភពីបក្សរដ្ឋាភិបាលនិងកងទ័ពវៀតណាម តើខ្ញុំអាចកសាងកងទ័ពលើទឹកដីវៀតណាមបាន ឬទេ? សុំកុំបន្ទោស ហ៊ុន សែន។ មិនមែនគ្រាន់តែ ហ៊ុន សែន ទេដែលកសាងកងទ័ពនៅលើទឹកដីប្រទេសជិតខាង។ សូម្បីតែត្រីភាគីក៏បានកសាងកងទ័ពនៅក្នុងប្រទេសថៃដែរ នៅពេលវេលាដែលមានការច្បាំងគ្នានោះ។ ប៉ុន្តែន័យទាំងអស់នៃការដែលយើងធ្វើ ទាំងអស់គ្នាសុទ្ធតែក្រោមហេតុផលសេ្នហាជាតិ។ បើក្រោមហេតុផលស្នេហាជាតិ ហើយទៅទីពឹងពាក់បរទេស ខ្ញុំកាន់តែលែងខុសហើយ។ បច្ចុប្បន្ននេះ ក៏មានមនុស្សខ្លះទៅពឹងពាក់បរទេសអោយមកគាបសង្កត់ខ្មែរ ក្នុងពេលដែលខ្មែរកំពុងតែងើបឈរឡើងនៅក្នុងដំណើរការកសាងប្រទេស។ ប៉ុន្តែគេបំភ្លេចចោលនូវប្រវត្តិឈឺចាប់ ដែលយើងបានកសាងកងទ័ព ដើម្បីរំដោះជីវិតប្រជាជនរាប់លាននាក់។ រំដោះរួចហើយ ប្រជាជនកម្ពុជាមានប្រមាណជាង ៥ នាក់ប៉ុណ្ណោះដែលសល់ពីការស្លាប់។ តែឥឡូវ កម្ពុជាបានឈានឆ្ពោះទៅរក(អភិវឌ្ឍប្រទេស) និងមានប្រជាជនជាង ១៥ លាននាក់រួចស្រេចទៅហើយ។
ខ្ញុំនិយាយទៅឯកម្ពុជា និងនៅព្រំដែនកម្ពុជា អំពី ដឺហ្គោល និងក្រោយមកជាប្រធានាធិបតីបារាំង ក្នុងពេលដែលរដ្ឋាភិបាលបារាំងបានចុះចាញ់ ហើយបង្កើតរដ្ឋាភិបាលរណប។ ឧត្តមសេនីយ ដឺ ហ្គោល បានភៀសខ្លួនទៅប្រទេសអង់គ្លេស ដើម្បីកសាងកម្លាំងនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៤០ ហើយវិលត្រឡប់ទៅបារាំងវិញ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៤៩៤។ គាត់ប្រើពេលរយៈពេល ៤ ឆ្នាំ ហើយបានវាយរំដោះទីក្រុងប៉ារីសនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ១៩៤៤។ បើជេរ ហ៊ុន សែន ក៏ត្រូវជេរ ដឺហ្គោល ដែរ។ សម្ដេច ព្រះ នរោត្តម សីហនុ ក៏ធ្លាប់បានពឹងវៀតណាមជួយវាយចក្រពត្តិអាមេរិក និងរបបវៀតណាមខាងត្បូង។ លន់ នល់ ខ្លួនឯង ធ្លាប់ពឹងវៀតណាមខាងត្បូង និងអាមេរិក ចូលទៅវ៉ៃនៅកម្ពុជា។
ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តមួយ បើយោងទៅលើអ្វីដែលខ្ញុំដឹងនៅត្រង់ថា ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ លោកប្រធាន ហូ ជីមិញ បានបង្កើតកាសែតយុវជន។ តើថ្នាក់ដឹកនាំវៀតណាមនៅចាំរឿងនេះទេ? ឬក៏ខ្ញុំនិយាយខុស? ឥឡូវនេះ មកដល់ពេលនេះ មានអាយុកាល ៩២ ឆ្នាំ ដែលនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ ដល់ថ្ងៃទី ២១ ខែមិថុនា ២០១៧ គឺជារយៈពេលនៃទិវាសារព័ត៌មានរបស់វៀតណាម។ តើអ្នកសារព័ត៌មានរបស់វៀតណាម យល់យ៉ាងម៉េច? យល់ដែរ ឬទេ? ឬក៏ខ្ញុំនិយាយខុស? ប៉ុន្តែយ៉ាងណាក៏ដោយ សូម្បីតែប្រធាន ហូ ជីមិញ ប្រជាជនវៀតណាមគោរពដូចព្រះ ក៏គង់ទៅប្រកាសចលនាតស៊ូពីក្រៅប្រទេសមកដែរ រាប់ទាំងនៅខេត្តក្វាងទុង ប្រទេសចិន។ ដូច្នេះ ហ៊ុន សែន មកកាន់ប្រទេសវៀតណាម គ្មានអ្វីដែលត្រូវខុសនោះទេ ហើយខ្ញុំក៏មិនមែនរត់ចោលស្រុកទេស ដើម្បីស្វែងរកនូវជីវភាពល្អជាងនោះទេ។ ខ្ញុំមិនមែនជាអ្នកភៀសខ្លួនសម្រាប់ស្វែងរកឱកាសខាងសេដ្ឋកិច្ចនោះទេ។
អញ្ចឹងនេះជារបត់ប្រវត្តិសាស្រ្ត ដែលមេដឹកនាំជាន់មុនធ្លាប់ធ្វើ(ដើម្បីរំដោះប្រទេស)។ សម្រាប់កម្ពុជា សម្ដេច ព្រះនរោត្តម សីហនុ ធ្លាប់បានបង្កើតរណស្សិរ ហើយអំពាវនាវអោយយុវជនចូលព្រៃម៉ាគី។ លោកប្រធាន ហូ ជីមិញ ក៏ធ្លាប់បានធ្វើដំណើរយ៉ាងវែងឆ្ងាយរហូតដល់ប្រទេសបារាំង និងប្រទេសដទៃទៀត … តើថ្ងៃហ្នឹង ជាថ្ងៃសិទ្ធិសារព័ត៌មានរបស់វៀតណាម មែនទេ ដែលជាខួបលើកទី ៩២? បើសិនជាខុស ក៏សុំអធ្យាស្រ័យអោយខ្ញុំ … ប៉ុន្តែខ្ញុំសិក្សាឃើញយ៉ាងដូច្នេះ (ដែលថ្ងៃនេះជា)ខួបលើកទី ៩២ ដែលលោកប្រធាន ហូ ជីមិញ ប្រកាសពីខេត្ត ក្វាងទុង ប្រទេសចិន បង្កើតកាសែតយុវជន អង្គការព័ត៌មានរបស់សមាគមយុវជនបដិវត្តន៍វៀតណាម។
ដើម្បីប្រជាជនកម្ពុជារស់រាន មានសន្ដិភាព ស្ថិរភាព និងសហប្រតិបត្តិការ
… ខ្ញុំបានបំពេញនូវភារកិច្ចសម្រាប់ប្រជាជនកម្ពុជា ដើម្បីការរស់រានមានជីវិត ហើយផ្ដល់នូវផលដ៏ធំមួយសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលក្នុងរយៈពេល ៣៨ ឆ្នាំកន្លងផុតទៅនេះ យើងបានរួមគ្នាប្រែក្លាយតំបន់ដែលធ្លាប់មានការប្រយុទ្ធ អោយទៅជាតំបន់ព្រំដែនដែលមានសន្ដិភាព សិ្ថរភាព និងសហប្រតិបត្តិការ។ ពីព្រំដែនមកដល់ភូមិហ័រលើ កាលពេលដែលខ្ញុំធ្វើដំណើរ ៤០ ឆ្នាំមុន គ្មានដើមកៅស៊ូមួយដើមណាទេ តែឥឡូវមានដើមកៅស៊ូ មានផ្លូវថ្នល់ចាក់កៅស៊ូ។ សូម្បីតែពី ៤០ ឆ្នាំមុនពីភូមិហ័រលើ មកឡាងជីននេះ មិនមែនផ្លូវចាក់កៅស៊ូទេ គឺផ្លូវដីក្រហម។ ម្យ៉ាងទៀត ការបញ្ចប់របប ប៉ុល ពត វាក៏ការបញ្ចប់អស្ថិរភាពក្នុងតំបន់ផងដែរ ដែលគេត្រូវឃើញនូវកិច្ចការ(នេះ)។
សង្រ្គាមកម្ពុជាមិនមែនដាច់ដោយឡែករបស់កម្ពុជាទេ។ កាលសម័យសង្រ្គាមឥណ្ឌូចិន ក៏មិនមែនរឿងដាច់ដោយឡែករបស់ឥណ្ឌូចិនទេ គឺជារឿងតំបន់ ក៏ប៉ុន្តែនៅពេលដែលប្រទេសទាំងនេះមានសន្ដិភាព យើងបានរួមគ្នានៅក្នុងក្របខណ្ឌអាស៊ាន។ ពេលនេះ កម្ពុជាក៏ជាប្រទេសមួយនៅក្នុងក្របខណ្ឌអាស៊ាន ដែលជួយរួមចំណែកសម្រាប់សន្ដិភាពក្នុងតំបន់។ ពិតហើយ យើងទទួលស្គាល់ថា សង្រ្គាមកំពុងតែក្ដៅយ៉ាងខ្លាំងនៅឯហ្វីលីពីន នៅកោះមីនដាណាវ។ សង្រ្គាមមិនទាន់ចប់នៅហ្វីលីពីន។ សង្រ្គាមមិនទាន់ចប់នៅមីយ៉ាន់មា និងការប្រទូសរ៉ាយនៅភាគខាងត្បូងប្រទេសថៃ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ អតីតប្រទេសដែលមានសង្រ្គាមហែកហួរ គឺវៀតណាម ឡាវ និងកម្ពុជា (ឥឡូវ)គឺជាប្រទេសដែលមានសន្ដិភាព ដែលជាការរួមចំណែកនៅក្នុងតំបន់។
ខ្ញុំអរគុណជាមួយនឹងការឧបត្ថម្ភទាំងឡាយ ដែលធ្វើអោយខ្ញុំមានលទ្ធភាពដឹកនាំប្រទេសកម្ពុជា ចូលកាន់ដំណាក់កាលថ្មី ដំណាក់កាលសន្ដិភាព និងការអភិវឌ្ឍ។ ទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ ទោះបីមិនសម្រេចគោលដៅ ៥០០០ លានដុល្លារ ប៉ុន្តែយើងក៏មានចំណែកប្រហាក់ប្រហែលប្រមាណ ៣៥០០ លានដុល្លារសហរដ្ឋអាមេរិក។ ពីដើមព្រំដែនរបស់យើងសុទ្ធតែជាកន្លែងវាយគ្នា។ តែឥឡូវ ព្រំដែនរបស់យើងគឺជាព្រំដែនសន្ដិភាព និងសហប្រតិបត្តិការ។
មេដឹកនាំសំខាន់មួយរូបរបស់កម្ពុជា
កូនចៅយើងជំនាន់ក្រោយ គេមិនរងទុក្ខវេទនាដោយសារកំហុសនយោបាយណាមួយទៀតទេ។ ប្រហែលជានៅការចាប់ផ្ដើមរបស់ខ្ញុំ មានមនុស្សមិនច្រើនទេដែលគិតថា ខ្ញុំនឹងក្លាយទៅជាមេដឹកនាំសំខាន់មួយរូបរបស់ប្រទេសកម្ពុជា ហើយក៏ក្លាយទៅជានាយករដ្ឋមន្រ្ដីដែលយូរជាងគេនៅលើពិភពលោក។ ពីនាយក រដ្ឋមន្រ្ដីដែលក្មេងជាងគេនៅលើពិភពលោក ក្លាយទៅជានាយករដ្ឋមន្រ្ដីដែលយូរជាងគេនៅលើពិភពលោក។ នោះក៏មានចំណែកនៃការជួយឧបត្តម្ភ ដើម្បីការរស់រានរានរបស់ប្រជាជនកម្ពុជា។ ដំបូងការរស់រានរបស់ខ្លួនខ្ញុំ និងមិត្តភក្ដរបស់ខ្ញុំដែលផ្ដល់ឱកាសឲ្យពួកខ្ញុំកសាងកម្លាំងប្រដាប់អាវុធ។ យើងពិតជាឃ្លានបាយរៀងខ្លួនហើយៗ នឹងមានឱកាសថ្ងៃនេះ ជិះឡាន GMC ឡើងវិញ។ បើទោះបីជាខ្ញុំមិនអាចស្លៀកពាក់ដូចកាលពីសម័យមុន ហើយថ្ងៃនេះខ្ញុំពាក់ឯកសណ្ឋាននាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ប៉ុន្តែការបានជិះដដែលពីទីកន្លែងដដែលទៅកាន់ទីកន្លែងមួយទៀត ជាមួយនឹងការដើរឆ្លងកាត់ព្រំដែន ចាត់ទុកថាសំណាងណាស់សម្រាប់ខ្ញុំ។ សម្រាប់កូនចៅជំនាន់ក្រោយ សូមឲ្យចងចាំថាកុំធ្វើសង្គ្រាម ត្រូវគោរពជីវិតមនុស្ស ត្រូវគោរពតម្លៃមនុស្ស ត្រូវយកចិត្តទុកលើបញ្ហាសេដ្ឋកិច្ច និងសង្គម។ ខ្ញុំសូមឧទ្ទិសឲ្យអាគារវប្បធម៌នេះ ជាអាគារនៃការចងចាំ អាគារទាក់ទងទៅជាមួយនឹងប្រវត្តិសាស្រ្ដនៃការសង្រ្គោះជាតិ អាគារដែលទាក់ទងទៅនឹងចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាម។
អរគុណសារជាថ្មីម្ដងទៀត ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានទទួលដំណើរ ជូនពរមានជោគជ័យគ្រប់ៗគ្នា សូមអរគុណ៕