ត្រៀមធ្វើអត្តឃាត មិនឲ្យ ប៉ុល ពត សម្លាប់ បើសិនវៀតណាមមិនជឿ ហើយបញ្ជូនមកវិញ
ទីតាំងដែលខ្ញុំចាកចេញគឺនៅខាងនោះ ប៉ុន្តែយើងយកកន្លែងនេះធ្វើជានិមិត្តរូប។ នៅទីកន្លែងនេះហើយដែលខ្ញុំ ងាកបែរក្រោយ ហើយគិតក្នុងចិត្តថា អាយុ ១៣ ឆ្នាំ បែកពីគ្រួសារ ដោយអត់សាលារៀន អាយុ ២៥ ឆ្នាំត្រូវបែកពីស្រុកកំណើត ពីប្រទេស។ នេះជាការមើលមកក្រោយដ៏ឈឺចាប់បំផុត។ មុនមកដល់ទីនេះ សំណួរចាក់ស្រេះសម្រាប់ខ្លួនខ្ញុំ ក៏អាចថាអ្នករួមដំណើរជាមួយខ្ញុំផងដែរ។ ពេលនេះ ២ នាក់ បានស្លាប់ទៅហើយ ហើយ ២ នាក់នៅរស់នៅឡើយ។ សម្រាប់ខ្ញុំ ខ្ញុំគិតថា តើខ្ញុំអាចស្លាប់ដោយគេបាញ់សម្លាប់នៅតាមផ្លូវ ឬស្លាប់ដោយការផ្ទុះមីន ឬត្រូវវៀតណាមចាប់បញ្ជូនត្រឡប់មក ប៉ុល ពត វិញ ឬត្រូវជាប់គុក ឬវៀតណាមមិនជឿយ៉ាងណានោះ។ សួរថា ហេតុអ្វីបានជាខ្ញុំជំនះឆ្លងកាត់ទល់ដែន ដើម្បីទៅរកប្រទេសវៀតណាម ក្នុងពេលដែលកន្លែងមួយចំនួន ប៉ុល ពត បានវាយប្រហារទៅលើវៀតណាមរួចស្រេចហើយក៏ដោយ រាប់ទាំងម្តុំទន្លេចាម ដែលជាការរំកិលបង្គោលព្រំដែនមួយចូលទៅក្នុងទឹកដីវៀតណាម។ ខ្ញុំជំនះឆ្លងកាត់ចូលទៅក្នុងប្រទេសវៀតណាម ក្នុងពេលដែលជម្លោះប្រដាប់អាវុធបង្កដោយពួក ប៉ុល ពត បានបង្កើតជាហូរហែ ក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងជាមួយកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។ ខ្ញុំបានត្រៀមបម្រុងម្ជុល ១២ ដើម្បីត្រៀមធ្វើអត្តឃាត បើសិនជាវៀតណាមចាប់បញ្ជូនខ្ញុំមក ប៉ុល ពត។ ម្ជុលនោះទើបនឹងបាត់ក្រោយចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលខ្ញុំត្រូវរើផ្ទះ មិនដឹងថាម្ជុលនៅទីណា កំពុងស្វែងរក។ ការធ្វើអត្តឃាតគឺជាជម្រើសចុងក្រោយ នៅពេលដែលវៀតណាមមិនព្រមទទួល ហើយចាប់បញ្ជូនខ្ញុំមកកម្ពុជា។
មិនអាចនាំកម្លាំងធំចូលទឹកដីវៀតណាមបានទេ
… បើទោះបីដឹងថា មានរឿងរ៉ាវបានកើតឡើងបង្កដោយពួក ប៉ុល ពត និងវៀតណាមក៏ធ្លាប់បញ្ជូនជនជាតិកម្ពុជាត្រឡប់មក ប៉ុល ពត វិញ ហើយស្លាប់ តែយើងនៅតែជំនះ។ ការតាំងចិត្តមួយនេះ វាបាននាំមកនូវផលប្រយោជន៍ធំណាស់សម្រាប់កម្ពុជា។ ថ្នាក់ដឹកនាំវៀតណាមទទួលបានព័ត៌មាននេះ ការចាកចេញពីកោះថ្មមកដល់កន្លែងនេះ។ យើងធ្វើដំណើរអម្បាញ់មិញត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ យើងបានមកដល់។ ក៏ប៉ុន្តែ រាត្រីថ្ងៃទី ២០ (៤០ ឆ្នាំមុន) នៅពេលដែលចាកចេញពីបន្ទាយ ខ្ញុំដើរផ្លូវវាង។ ហេតុអីបានជាខ្ញុំត្រូវធ្វើផ្លូវវាង? បន្ទាយអម្បាញ់មិញដែលបានឃើញ គឺទីតាំងសាលានោះ ប៉ុន្តែបន្ទាយមាន ៤ ជ្រុងទ្រវែង។ បងប្អូននៅក្នុងអង្គភាព មួយចំនួនទារ(ទៅ)តាម។ ត្រូវគិតយ៉ាងច្បាស់ថា កម្លាំងធំមិនអាចនាំចូលទឹកដីវៀតណាមបានទេ។ ខ្ញុំបានប្រាប់បងប្អូនទាំងនោះថា … ខ្ញុំទៅរៀន។ នៅពេលដែលធ្វើដំណើរចេញទៅផ្លូវលេខ ៧ ខ្ញុំក៏បានឆ្លៀតពេល ដោយសារបន្ទាយវាវែងធំ … មើលក្នុងផែនទី អាចយល់អំពីចំណុចដែលយើងត្រូវឆ្លងកាត់នៅទីនេះ។
ដំណើរឆ្លងទៅប្រទេសវៀតណាម
ការធ្វើដំណើរផ្លូវវាងនេះ ឆ្កែដែលកសិដ្ឋានភូមិទា … វាព្រុសយ៉ាងខ្លាំង។ ឆ្កែនេះវាធ្លាប់ខាំជើងខ្ញុំ ដែលសំឡាកដល់សព្វថ្ងៃ ដោយសារវាការពារកូនរបស់វា។ ពេលដែលឆ្កែខាំជើងខ្ញុំហើយ ដែលខ្ញុំបាននិយាយថា ឆ្កែមានសិទ្ធិជាងមនុស្ស។ ឆ្កែមានសិទ្ធិការពារកូនរបស់វា ក៏ប៉ុន្តែខ្ញុំគ្មានសិទ្ធិស្មើនឹងឆ្កែនោះទេ។ … ការធ្វើដំណើរប្រហែលជាម៉ោង ១០ យប់ យើងបានមកដល់ទីតាំងមួយ … ភ្លៀងក៏ចាប់ផ្តើមធ្លាក់។ ភ្លៀងធ្លាក់នោះ វាក៏ជាឧបសគ្គ តែវាក៏ជួយបិទបាំងយើងផងដែរ។ ខ្ញុំនៅអាឡោះអាល័យចំពោះពាក្យសម្តីរបស់មិត្តខ្ញុំ ៤ នាក់ផ្សេងទៀត។ មកដល់ផ្លូវបំបែក ដំបូងពួកគាត់បាននិយាយថា «បងទៅយកបងស្រីសិន បើសិនជាគាត់មិនអាចដើរបានទេ ពួកខ្ញុំជួយសែង»។ នេះជាសំដីដែលចេញពីបេះដូងយុទ្ធមិត្តខ្ញុំ ៤ នាក់ផ្សេងទៀត។ ខ្ញុំបានប្រាប់ពួកគេថា មិនបានទេ ពេលនោះភរិយារបស់ខ្ញុំនៅឯមន្ទីរពេទ្យយោធានៅឯសំរោងឯណោះ។ ឆ្ងាយណាស់។ វាជាគ្រោះថ្នាក់មួយបើសិនជាយើងធ្វើតាមសំណូមពររបស់យុទ្ធមិត្ត។ តែនេះជាសំណូមពរដ៏ស្មោះត្រង់មួយរបស់មិត្តរបស់ខ្ញុំ។ ពេលនេះពួកគេចែកឋានទៅអស់ ២ នាក់ បន្សល់ទុកនូវកូន ដែលជាអ្នកបន្តវេន។
បន្ទាប់ទៅ យើងក៏បានពិភាក្សាគ្នា តើយើងត្រូវទៅតាមផ្លូវណា? នុច ថន នៅទីនេះស្រាប់។ គាត់ចង់ទៅតាមខ្សែត្រៀម ដែលពេលនោះកំាភ្លើងរបស់ នុច ថន ទុកនៅឯខ្សែត្រៀមឯណោះទេ បានជាដំណើររបស់ នុច ថន ពុំមានកំាភ្លើងជាប់នៅនឹងខ្លួនទេ គឺមានកំាបិតផ្គាក់ទៅវិញ។ មិនមែនបានសេចក្តីខ្វះកំាភ្លើងទេ។ អង្គភាពកងអនុសេនាធំគាំទ្រ មិនមែនគ្រាន់តែត្រឹមអាវុធតូចតាចទេ គឺមានរហូតទៅដល់ក្បាល ១២០ មីលីម៉ែត្រ ក្បាល ៨២ មីលី្លម៉ែត្រ និងកំាភ្លើង BK75។ ខ្ញុំបានប្រាប់អ្នកទំាងអស់គ្នាថា មិនបាន។ ទោះបីយើងកាត់ផ្តាច់ខ្សែទូរស័ព្ទទំនាក់ទំនងភ្ជាប់មកកាន់ខ្សែត្រៀមជួរមុខក៏ដោយ ក៏គេក៏អាចមានលទ្ធភាពដើម្បីតភ្ជាប់ ដើម្បីទប់ស្កាត់យើងជាមុន។ តែរឿងនេះខ្ញុំមិនបារម្ភខ្លំាងពេកទេ … អ្វីដែលខ្ញុំបារម្ភធំជាងគេនៅពេលនោះ គឺការឆ្លងកាត់។ បងប្អូនតាមទៅជាមួយជៀសមិនផុត … ដូច្នេះ គ្មានជម្រើសអ្វីផ្សេងក្រៅពីឆ្លងកាត់នូវចម្ការមីន។ ខ្ញុំអាចនិយាយបានថា នៅតំបន់នេះ គឺជាតំបន់សម្លាប់ភូមិសាស្រ្តតែម្តង ប៉ុន្តែមានពេលមួយ ខ្ញុំបានធ្វើដំណើរមកតាមផ្លូវ តាមតំបន់នេះ ពិនិត្យខ្សែព្រំដែន បែរជាឃើញដានជើងរបស់សត្វខ្ទីង គោព្រៃ វាមិនដែលផ្ទុះមីននៅតាមហ្នឹងទេ រាប់ទាំងប្រើស ឬក៏ឈ្លូស។
ខ្ញុំបានប្រាប់ថា ឥឡូវ យើងត្រូវឆ្លងកាត់នូវតំបន់ដែលគ្មានកងទ័ព ប៉ុន្តែ វាលំបាកទៅលើបញ្ហាការដោះមីននេះឯង។ យើងធ្វើដំណើរពីចំណុចដែលយើងពិភាក្សាគ្នានេះមកកាន់ទល់ដែន ឆ្លងកាត់ព្រំដែន ខ្ញុំស្រណោះសម្តីរបស់មិត្តខ្ញុំ ជាពិសេស ញឹក ហួន, សន សាញ់ ដែលគាត់បានរៀបចំថា គាត់ទាំង ២ នាក់ នៅជួរមុខ ប៉ោអ៊ាន នៅក្រោយខ្នងខ្ញុំ។ នុច ថន នៅខាងក្រោយគេ។ អ្វីដែលព្រួយ នុច ថន លីកាំបិត តែកាលណាទាក់ជើង គឺច្បាស់ជាកាំបិតផ្គាក់ហ្នឹងមកកាប់យើងហើយ។ នេះជារបៀបដាស់តឿន កុំដើរជិតអ្នកដែលមានកាំបិតពីក្រោយ។ អញ្ចឹងឲ្យ នុច ថន នៅក្រោយ បើសិនជា នុច ថន ទាក់ជើង ត្រូវកាប់ ប៉ោអ៊ាន ខ្ញុំនៅកណ្តាល។ សម្តីរបស់ពួកគេបាននិយាយថា បើទោះបីពួកខ្ញុំស្លាប់ ក៏សូមចម្លងបងឲ្យចេញផុតពីព្រំដែន។ នេះជាសម្តីនៃយុទ្ធមិត្តទាំងអស់ដែលរួមដំណើរជាមួយខ្ញុំ ទោះស្ថានភាពបែបណាក៏ដោយ។ ដំណើររឿងបែបនេះ តើមានប៉ុន្មានទៅដែលអាចមានរឿងបែបនេះកើតឡើង?
នៅក្នុងការធ្វើដំណើរនេះ អ្នកទាំងអស់គ្នាមានអាយុច្រើនជាងខ្ញុំ។ ញឹក ហួន និង នុច ថន គាត់មានអាយុប្រហាក់ប្រហែលគ្នា ដែលពេលនោះ គេមានអាយុប្រហែលជា ៣០ ឆ្នាំជាង។ សម្រាប់ សាញ់ ខ្ញុំនៅចាំបានថា សាញ់ កើតឆ្នាំខាល។ ទោះបីជាខ្ញុំក្មេង ក៏ប៉ុន្តែ ពួកគេគោរពខ្ញុំ ស្រឡាញ់ខ្ញុំ តាមខ្ញុំ។ សម្តីអម្បាញ់មិញ តើអ្នកដែលមិនបានឆ្លងកាត់ដូចពួកខ្ញុំ គឺរន្ធត់ក្នុងចិត្តបែបណា? សម្រាប់ខ្ញុំ ខុសពីយុទ្ធមិត្តដទៃទៀត នៅត្រង់ថា … ខ្ញុំនេះ (មាន)ទុក្ខធ្ងន់លើសអ្នកណាទាំងអស់ ក្នុងចំណោមអ្នកដែលត្រូវធ្វើកិច្ចការងារនេះ។ ខ្ញុំមិនស្វះស្វែងរត់ ដើម្បីទៅរកជីវភាពឲ្យបានប្រសើរទេ ហើយខ្ញុំក៏មិនបានរត់ចោលមាតុភូមិជារៀងរហូតនោះដែរ។ តែនេះគឺជាការរៀបចំ ទោះបីជារបៀបផ្សងព្រេង ក៏ត្រូវតែទៅ។ ការស្លាប់លែងគិតដល់ហើយ។ ការជាប់ចំណង ឬជាប់គុក ក៏លែងគិតដែរ។ សេចក្ដីត្រូវការធំជាងគេរបស់ខ្ញុំ គឺជូនសារអោយដល់មេដឹកនាំវៀតណាម យ៉ាងហោចក៏កុំអោយវៀតណាមចាប់បញ្ជូនជនជាតិកម្ពុជាយើង ដែលភៀសខ្លួនទៅវៀតណាម ត្រឡប់មកកាន់កម្ពុជាវិញ។ ខ្ញុំគិតថា បើសិនជាចង(ដៃ)ខ្ញុំទៅក្រោយ ខ្ញុំមានលទ្ធភាពលូកហោប៉ៅយកម្ជុល ១២ ដើម មកចាក់បំពង់ករបស់ខ្ញុំ។ ក្នុងស្ថានភាពនោះ តិច ឬច្រើន មេដឹកនាំវៀតណាមនឹងទទួលនូវសារដែលចេញពីការធ្វើអត្តឃាតមួយ។
យកជីវិតជាដើមទុន ដើម្បីសង្រ្គោះប្រទេស មិនមែនដើម្បីយករួចខ្លួនម្នាក់ឯង
យើងមកដល់ទីនេះ ម៉ោងប្រហែលជិត ១២ ហើយ។ ប៉ុន្តែការត្រូវដោះមីន គឺមិនមែនជារឿងត្រូវប្រញាប់ប្រញាល់នោះទេ។ ពេលនោះហើយ ខ្ញុំមានឱកាសឈរបែរក្រោយ ដោយក្ដីឈឺចាប់ គេចពីប្រទេស និងក្នុងពេលដែលភរិយាមានផ្ទៃពោះ តើជីវិតរបស់ភរិយាខ្ញុំនឹងទៅជាយ៉ាងណា?
អស់លោក និងជនរួមជាតិកម្ពុជា ដែលបានរួចផុតពីការកាប់សម្លាប់របស់ ប៉ុល ពត សុំជ្រាបថា ដំណើររឿងវាមិនងាយស្រួលទេ។ ខ្ញុំពិតជាបានយកជីវិតនេះ ធ្វើដើមទុន។ បើគ្រាន់តែយកមួយរួចខ្លួន អត់លំបាកទេ។ វៀតណាមមិនបានជឿខ្ញុំភ្លាមទេ។ គ្រាន់តែជឿត្រឹមតែកម្រិតថា មិនមែនជាកងវាយឆ្មក់តែប៉ុណ្ណោះ។ វៀតណាមក៏ធ្លាប់បានបញ្ជូនថ្នាក់ឧត្តមសេនីយម្នាក់ និងវរសេនីយមួយចំនួន មកបញ្ចុះបញ្ចូលពួកខ្ញុំនៅឯខេត្តសុងប៊ិញ។ នេះមិនមែនជារឿងលេងសើចទេ។ នៅចាំទេ នៅក្នុងទីបញ្ជាការមួយនៅខេត្តសុងប៊ិញ គេបានមកប្រាប់យើង អស់លោកចង់ទៅអូស្រ្តាលី ចង់ទៅជប៉ុន ចង់ទៅថៃ ទៅអាមេរិក កាណាដា ឬបារាំង គេនឹងរៀបចំអោយទៅ។ ចម្លើយរបស់ខ្ញុំ ខ្ញុំបានប្រាប់ថា ខ្ញុំមកនេះ ដើម្បីស្វែងរកជំនួយសង្រ្គោះប្រទេសរបស់ខ្ញុំ ប្រសិនបើអស់លោកមិនអាចជួយខ្ញុំបានទេ សុំប្រគល់អាវុធអោយខ្ញុំៗ មកស្លាប់ជាមួយប្រជាជនរបស់ខ្ញុំ។ ខ្ញុំមិនបានស្វះស្វែងរកសេចក្ដីសុខផ្ទាល់ខ្លួននោះទេ។
ហេតុអ្វីបានជាយើងរកឃើញនូវទីតាំងនេះ? អរគុណអ្នកទាំងឡាយដែលបានធ្វើកិច្ចការងារនេះ។ ឧត្តម ណុប សុវត្ថិ រួមជាមួយសហការី, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់។ នៅក្នុងចំណុចនេះ យើងឆ្លងដែនផុតទល់ដែន អាចនិយាយបានថាក្នុងរង្វង់ម៉ោង ១ ព្រោះយើងត្រូវធ្វើការដោះមីន … ចូលទៅខាង(វៀតណាម) ប្រមាណ ២០០ ម៉ែត្រ យើងត្រូវប្រើពេលដល់ទៅ ២ ម៉ោង ព្រោះបញ្ហាធំរបស់យើង គឺមីន។ ម្ខាងទៀត យើងក៏ត្រូវគិតទៅដល់ថា តើមានកងទ័ពវៀតណាម ឬអត់? ពេលយប់មិនអាចមើលគ្នាឃើញទេ។ ចូលផុតទៅខាងវៀតណាម ខ្ញុំក៏នាំយុទ្ធមិត្តសម្រាកនៅក្បាលដំបូកមួយ។ នុច ថន គ្មានប្រពន្ធទេ ក៏ប៉ុន្តែគឺជាអ្នកដែលយំច្រើនជាងគេ។ ខ្ញុំឯណេះទៅវិញ ជាអ្នកត្រូវយំ តែខ្ញុំមិនអាចអោយអ្នកទាំងឡាយបានឃើញទឹកភ្នែកខ្ញុំ បង្កើតជាការបាក់ស្មារតីនោះទេ។ ខ្ញុំអាយុ ១៣ ឆ្នាំ បែកពីស្រុកកំណើត ព្រោះអត់សាលា ពេលនោះ បើគិតតាមពេលវេលា ខ្ញុំមិនទាន់គ្រប់អាយុ ២៥ ឆ្នាំទេ។ គំនិតផ្ដួចផ្ដើមអំពីការសង្រ្គោះជាតិ ហើយអញ្ជើញអ្នកទាំងឡាយមកជួយ (ហើយដែល)ពួកគេបានប្រគល់ជីវិតអោយអង្គការទៅហើយ បានប្រាប់ថា នេះជាអំពើក្បត់ជាតិ ក្បត់ប្រជាជន ជាការសម្លាប់ផ្ដាច់ពូជ។ ពេលនោះ ខ្ញុំមិនទាន់ប្រើពាក្យ ប្រល័យពូជសាសន៍ទេ។ ខ្ញុំដកខ្លួនចេញ និងរៀបចំការតស៊ូឡើងវិញ ក្រោយការឯកភាព ទើបយើងចាកចេញមកទីនេះ គោលដៅរបស់យើងគឺឆ្ពោះទៅវៀតណាម។
ខ្ញុំនឹងទៅនិយាយខាងក្នុងបន្តទៀត ពិតមែនតែបងប្អូនមួយចំនួន រាប់ទាំងអ្នកការទូតនឹងវិលត្រឡប់ តែបន្តិចទៀត (យើងនឹង)ទៅដល់ទីតាំងដែលយើងបានសម្រាកនៅទីនោះ ចាប់ពីម៉ោង ២ រហូតដល់ម៉ោង ៨ ព្រឹក។ ហេតុអ្វីបានជាត្រូវរង់ចាំបែបនេះ? យប់ហ្នឹងវាភ្លៀង មានផ្គរ មានផ្លេកបន្ទោរ។ ផ្លេកបន្ទោរនោះហើយ ធ្វើអោយខ្ញុំឃើញដើមទ្រយឹង។ ការពិតយើងឆ្លងនៅខាងណោះទេ តែយើងយកកន្លែងនេះធ្វើជានិមិត្តរូបទៅចុះ។ ក្នុងឋានៈជានាយទាហានកងពិសេសម្នាក់ បានហ្វឹកហាត់សព្វគ្រប់អំពីរបៀបវាស់វែង តាំងពីរវាងល្បឿននៃសំឡេង តើមួយវិនាទីប៉ុន្មានម៉ែត្រ នៅពេលដែលយើងឃើញគ្រាប់ហោះឡើង។ យើងហ្វឹកហាត់តាំងពីការមើលចម្ងាយ។ នៅពេលដែលយើងមើលឃើញទាំងកែវភ្នែក ទាំងឡេវអាវរបស់មនុស្ស តើវាមានចម្ងាយប៉ុន្មានម៉ែត្រ? បច្ចេកវិទ្យាបច្ចុប្បន្ន ចុចភ្លាមដឹងថានៅកន្លែងណា ហើយចម្ងាយប៉ុន្មាន ប៉ុន្តែ ពេលនោះ គឺអត់ដូច្នេះទេ។ ដោយសារផ្លេកបន្ទោរនោះ យើងបានឃើញដើមទ្រយឹងដ៏ធំមួយ។ អញ្ចឹង ការប៉ាន់ស្មានរបស់ខ្ញុំ យើងបានឆ្លងឃ្លាតពីដើមទ្រយឹងនេះប្រមាណ ១០០ ទៅ ១២០ ម៉ែត្រ …។
ការចាកចេញពោរពេញដោយការឈឺចាប់ និងទឹកភ្នែករាប់លានដំណក់
ខ្ញុំចាកចេញពោរពេញទៅដោយការឈឺចាប់ និងទឹកភ្នែករាប់លានដំណក់ ហើយក៏មិនដឹងថា តើខ្ញុំនឹងជួប ប្រទះអ្វីទេ? ត្រង់នេះហើយដែលនៅក្នុងអត្ថន័យនៃលិខិត នៃការចាប់ផ្តើម ខ្ញុំបានប្រាប់ភរិយាខ្ញុំថា បងនៅសែនឆ្ងាយៗ រហូតដល់ខ្លួនងាប់ មិនដឹងថានៅទីណាផង។ ភាសានេះវាត្រឹមត្រូវណាស់ នៅពេលដែល យើងធ្វើដំណើរគ្មានគោលដៅ។ ខុសពីថ្ងៃនេះ។ ភរិយាខ្ញុំអាចកំពុងមើលការផ្សាយបន្តផ្ទាល់ តាមរយៈនៃ Page Facebook របស់ខ្ញុំ ឬក៏អាចតាម Fresh News និង Page ដទៃទៀត។ ប៉ុន្តែ ពេលនោះ បើសិនផ្ទុះមីនតើយើងហ៊ានប្រាប់នៅក្នុងលិខិតថា យើងស្លាប់ដោយសារផ្ទុះមីន បើយើងមិនទាន់ទាំងចេញដំណើរផងនោះ។ ឈឺចាប់ណាស់បងប្អូន។ ការបែកប្តីប្រពន្ធក្នុងប្រទេសវាជារឿងមួយហើយ តែការបែកប្តីប្រពន្ធ ជាពិសេស ប្រពន្ធដែលកំពុងមានផ្ទៃពោះ មិនដឹងថាជោគវាសនារបស់ខ្លួនយ៉ាងណាទៀតផង។ ប្រជាជននៅទូទាំងប្រទេសកំពុងស្ថិតនៅក្នុងជ្រោះមរណៈ។ ការសម្លាប់រង្គាលដោយគ្មានរើសមុខ កំពុងប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង តើយើងសុខចិត្តសម្ងំអោយពួកគេសម្លាប់យើងតទៅទៀត ឬយើងរកផ្លូវតស៊ូ? គ្មានជម្រើសទេបងប្អូន ជម្រើសមានតែពីរទេ គឺស្លាប់ ឬរស់។
មូលហេតុយកអាវុធតាមខ្លួន និងមិនយកអាវុធតាមខ្លួន
… ជាភ័ព្វសំណាង ដែលពួកខ្ញុំបានធ្វើដំណើរដោយសុវត្ថិភាព។ ពេលចាប់ផ្តើមភ្លឺរហូតដល់ម៉ោង ៨ ក្រោយការភ្លៀង ពេលនោះ គឺមេឃចុះអ័ព្ទខ្លាំងណាស់។ យើងគ្មានត្រីវិស័យជាប់នឹងខ្លួនទេ ដូច្នេះ តើយើងធ្វើដំណើរទៅទិសណា? មុនពេលយើងសម្រាក យើងអត់បានកំណត់ទិសដៅច្បាស់លាស់នោះទេ។ ម៉ោង ៨ ព្រឹក បានយើងបន្តដំណើរតទៅទៀត ដោយមានកាំភ្លើងជាប់នឹងខ្លួន។ ហេតុអ្វីបានជាត្រូវយកអាវុធតាម? តំបន់ទាំងនេះ គឺជាតំបន់ដែលពួកខ្មែរក្រហមបានគ្រោងនឹងទន្ទ្រានទៅហើយ ដូច្នេះភាពចាំបាច់ នៃការកាន់អាវុធចូលក្នុងទឹកដីវៀតណាម នៅតែចាំបាច់។ តែទៅដល់ទីកន្លែងមួយ ដែលខ្ញុំនឹងឧទ្ទេសនាមបន្ថែម អាវុធបានលាក់ទុកនៅទីនោះ ដោយសារគ្មានពួក ប៉ុល ពត ណា តាមទៅដល់ទីនោះទៀតទេ ហើយក៏មិនត្រូវអោយខាងវៀតណាមភ័ន្តច្រឡំដែរ… ខ្ញុំមិនប្រយុទ្ធជាមួយកងទ័ពវៀតណាមទេ តែនោះគឺជាអាវុធដើម្បីការពារកុំអោយពួក ប៉ុល ពត តាមវ៉ៃប្រហារដោយគ្មានអ្វីតដៃ។
អរគុណ! អារុក្ខអារក្សអ្នកតាព្រៃភ្នំក្រំថ្ម ដែលបានជួយថែរក្សាពួកយើងខ្ញុំ។ ការជួយនោះ មិនមែនគ្រាន់តែជួយ អោយខ្ញុំរស់ទេ ឥឡូវ កូនចាប កូនព្រាប ដែលអារុក្ខអារក្សអ្នកតា ទេវតាព្រៃភ្នំក្រំថ្ម បានជួយកាលពីពេល ៤០ ឆ្នាំមុននេះ ក៏បានជួយដល់ប្រជាជនកម្ពុជារាប់លាននាក់។ កូនចាប កូនព្រាប ដែលលោកអ្នកមានគុណទាំងឡាយបានជួយ ក៏បាននាំប្រទេសនេះអោយចាកផុតពីសង្គ្រាម និងការបែកបាក់ ហើយកូនចាប កូនព្រាបនេះ ក៏បានរួមចំណែកដើម្បីកសាងនូវប្រទេសនេះ។ មិនមែនជាតួនាទីផ្តាច់មុខរបស់ខ្ញុំទេ តែនេះជាចំណែកដ៏សំខាន់មួយ ដែលយើងបានកសាងកងទ័ព។ ២៣ កងវរសេនាតូច ដែលក្នុងនោះ ខ្ញុំក៏គួរតែបង្ហាញអោយហើយ ព្រោះមិនមានពេលបង្ហាញទេ។
ការចាប់ផ្តើមនៃក្រុមប្រតិបត្តិការប្រដាប់អាវុធដំបូង
សូមអញ្ជើញមេបញ្ញាការ និងមេបញ្ជាការរងវរសេនាតូចរបស់នារី មាស សំអាន, ឆាយ វ៉ាន់នី, រ៉េត ស៊ីណា។ ពួកយើងខ្ញុំមិនមែនមានត្រឹមតែកងទ័ពជាបុរសទេ ក៏ប៉ុន្តែយើងមានកងទ័ពជានារីមួយកងវរសេនាតូច…។ ក្រៅពីវរសេនាតូចប្រយុទ្ធ យើងនៅមាន ១០០ ក្រុមប្រតិបត្តិការប្រដាប់អាវុធជួរផ្ទៃក្នុងប្រទេស។ ប៉ោអ៊ាន គឺជាមនុស្សម្នាក់ ក្នុងចំណោមអ្នកដែលចូលផ្ទៃក្នុងប្រទេសជាមួយនឹង សាញ់។ អ៊ុង សំខាន់ ថ្ងៃនេះ មិនដឹងថាមកឬអត់? អ៊ុង សំខាន់ បានចូលរួមជាអគ្គបញ្ជាការរងបច្ចុប្បន្ននេះ។ នេះហើយគឺជាក្រុមប្រតិបត្តិការប្រដាប់អាវុធដំបូង ដែលចូលផ្ទៃក្នុងប្រទេស ដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍នៅពេលនោះ។ ក្រៅពីកម្លាំងប្រយុទ្ធ ២៣ កងវរសេនាតូចនេះ យើងនៅមានកងអនុសេនាធំផ្សេងទៀត ហើយរហូតទៅដល់មានក្រុមសិល្បៈ ដែលសិល្បៈកងទ័ពបច្ចុប្បន្ននេះជាការបន្តវេន នៃសិល្បៈពេលនោះ។
ខ្ញុំសូមបង្ហាញនាយឧត្តមសេនីយ ម៉ឹង សំផន ដែលទទួលបន្ទុកភស្តុភា ហិរញ្ញវត្ថុពេលនោះ ហើយក៏បន្ដទទួលរហូតដល់ពេលខ្លួនចូលនិវត្តន៍។ អ្នកដទៃទៀត ជា ផន, សៅ សុខា ពួកគេក្មេងណាស់ … ខ្ញុំគ្រាន់តែបង្ហាញត្រួសៗ តែប៉ុណ្ណោះ ហើយក៏ខ្ញុំសុំបង្ហាញ សុទ្ធតែអ្នកក្មេងៗ ដែលទៅនៅជាមួយខ្ញុំ។ ខ្ញុំសុំបង្ហាញអ្នកបើករថយន្តរបស់ខ្ញុំ នួន សុភា ហើយរថយន្តនោះកំពុងរក្សាទុកនៅឯទីបញ្ជាការដ្ឋានអង្គរក្ស ដាក់ក្នុងសារមន្ទីររបស់កងទ័ព។ នៅមានម៉ាញ៉េតូហ្វូនមួយ ដែលនៅរក្សាទុក។ នេះ សៅ សុខា ពួកគេនៅក្មេងៗណាស់ ដោយសារតែក្មេងហ្នឹងហើយបានយើងមិនអនុញ្ញាតអោយទៅណា។ ខ្ញុំបានគិតទុកថា ពួកគេនៅថ្ងៃក្រោយនឹងមានអនាគតល្អ។ នៅពេលរណសិរ្សចាប់ផ្ដើម យើងក៏បានបញ្ជូនពួកគេទៅតាមវរសេនាតូច។ ឥឡូវពួកគេរីកធំធាត់អស់ហើយ។
អណ្ដាតអ្នកវិភាគផ្ដេសផ្តាស គឺជាមូលហេតុនៃសង្រ្គាម
ខ្ញុំបានប្រាប់តាមអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីពេលនោះ ប្រាប់ទៅសម្ដេចក្រុមព្រះថា កុំសាកល្បងកម្លាំងយោធាជាមួយខ្ញុំអោយសោះ។ អ្នកវិភាគខ្លះគិតថា លោក ហ៊ុន សែន និយាយពីសង្រ្គាម ប្រហែលក្នុងយោធាបែកបាក់។ ខ្ញុំអាចជំរាបជូនអស់លោកថា បើអស់លោកស្ទើរភ្លើង មិនយល់ការ អស់លោកកុំវិភាគផ្ដេសផ្ដាសអោយសោះ។ កម្លាំងប្រដាប់អាវុធបច្ចុប្បន្នជាកម្លាំងប្រដាប់អាវុធដើម្បីការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ។ បើអស់លោកអ្នកវិភាគមិនយល់ការទេ បិទមាត់អោយជិតទៅ។ សេរីភាពរបស់អស់លោកពិតប្រាកដហើយ ប៉ុន្តែអស់លោកនឹងធ្លាក់ទៅជាមនុស្សអវិជ្ជា។ នាយទាហានបែបខ្ញុំ មិនមែនជានាយទាហានលម្អទីក្រុងទេ តែគឺជានាយទាហានដែលបានកសាងទាហានតែម្ដង។ ឆ្នាំ ១៩៧០ នៅពេលដែលខ្ញុំមានអាយុ ១៨ ឆ្នាំ ខ្ញុំគ្រាន់តែធ្វើទាហានតែប៉ុណ្ណោះ និងធ្វើនាយទាហានក្រោមបញ្ជា ក៏ប៉ុន្តែចាប់ពីថ្ងៃទី ២០ ខែ មិថុនា ១៩៧៧ ខ្ញុំមិនស្ថិតនៅក្រោមបញ្ជារបស់គេទេ។
ពិតមែនតែខ្ញុំកាន់រដ្ឋមន្រ្តីការបរទេសនៅពេលនោះ ក៏ប៉ុន្តែគេមិនត្រូវភ្លេចថា ទាហានទាំងឡាយ គេស្គាល់ ហ៊ុន សែន ជាមេរបស់គេពិតប្រាកដ។ ការចាប់ផ្ដើមពីកម្លាំងតូចតាច ក្លាយទៅជាកម្លាំងដ៏ធំ។ កងវរសេនាតូចសម្រាប់ការពារទីក្រុងភ្នំពេញ ពេលនោះមាន ៤-៥ វរសេនាតូច។ ដូច្នេះ គ្រាន់តែអ្នកវិភាគដែលចូលចិត្តថា ហ៊ុន សែន និយាយពីសង្រ្គាម ប្រហែលក្នុងកងទ័ពមានការបែកបាក់ តែខ្ញុំនៅតែបញ្ជាក់ថា អណ្ដាតរបស់ពួកអ្នក គឺជាមូលហេតុនៃសង្រ្គាមហើយ។ បើសិនជាអស់លោកនៅតែនិយាយអំពីការប្រមាថ ការគំរាមសម្លាប់ អស់លោកត្រូវត្រៀមក្ដារមឈូសទុកអោយហើយ។ ខ្ញុំសុំព្រមាន។ កម្ពុជាមិនអោយរបូតផុតពីដៃនូវសន្ដិភាពទេ ដោយតម្លៃណាក៏ដោយ កម្លាំងប្រដាប់អាវុធត្រូវក្ដាប់អោយជាប់។
អ្នកណាចង់បំផ្លាញសន្ដិភាព អ្នកនោះជាអ្នកដែលត្រូវកម្ចាត់
មានអ្នកអោយខ្ញុំបញ្ជាក់ថា តើគេជាមនុស្សស្ថិតនៅក្នុងចំណោម ១០០ ឬ ២០០ នាក់ ដែលត្រូវកម្ចាត់ឬទេ? ខ្ញុំបាននិយាយថា ដើម្បីការពារសន្ដិភាព ការពារប្រជាជនរាប់លាននាក់ បើចាំបាច់ត្រូវកម្ចាត់ ១០០ ឬ ២០០ នាក់ ក៏ត្រូវតែកម្ចាត់ដែរ។ អញ្ចឹងសុំអ្នកស្ដាប់អោយច្បាស់។ បើអ្នកមិនចូលរួមបំផ្លាញសន្ដិភាពទេ អ្នកមិនមែនជាគោលដៅនៃការកម្ចាត់ទេ។ អ្នកណាក៏ដោយ អោយតែមានគោលដៅបំផ្លាញសន្ដិភាពរបស់ប្រទេសនេះ អ្នកនឹងទទួលផលតាមអ្វីដែលអ្នកចង់។ អ្នកដកខ្លួនចេញទៅ។ អ្នកចង់មកប្រទេស ខ្ញុំបានដកបទបញ្ជាហើយ។ មិនបាច់ថា តើជាអ្នកណាទេ ប៉ុន្តែបញ្ជាក់បានថា អ្នកណាក៏ដោយ អោយតែចង់បំផ្លាញសន្ដិភាព គឹទទួលរងទាំងអស់។ អ្នកស្ដាប់អោយបាន អ្នកប្រកាសទៅថា អ្នកអត់បាន ឬអត់ចង់បំផ្លាញសន្ដិភាពទេ អ្នកមិនស្ថិតនៅក្នុងបញ្ជីទេ។ តែបើអ្នកប្រកាសថា អ្នកនឹងដណ្ដើមអំណាចតាមរបៀបបដិវត្តពណ៌ គឺខ្លួនអ្នកនៅក្នុងបញ្ជីនោះហើយ។ តម្លៃនៃសន្ដិភាពធំណាស់។ ការសង្រ្គោះជាតិ គឺលំបាកណាស់។ មនុស្សប៉ុន្មាននាក់ទៅដែលស្លាប់។ យុទ្ធមិត្តរបស់ខ្ញុំ ៤៩ នាក់ ឥឡូវនេះ កំពុងសិ្ថតនៅក្នុងផ្នូរក្នុងទឹកដីវៀតណាមនៅឡើយ ក្រៅពីយុទ្ធមិត្តផ្សេងទៀតដែលបានពលីជីវិត។ ទម្រាំយើងសព្វថ្ងៃ មិនមែនជារឿងលេងសើច។ ការសង្រ្គោះដំណាក់កាលនៃរបប ប៉ុល ពត គឺជាដំណាក់កាលត្រឹមត្រូវ។
មានអង្គការចាត់តាំងនយោបាយ យោធា និងអន្តរាគមន៍ពីវៀតណាម ដើម្បីរំដោះប្រទេស
ខ្ញុំសប្បាយរីករាយជាមួយនឹងអ្វីដែលជាការគិតទុករបស់ពួកខ្ញុំ។ កងទ័ពកើតមុន រណសិរ្សកើតក្រោយ សុំមើលអោយច្បាស់។ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកណាអ្នកផ្តើមគំនិត គឺ ហ៊ុន សែន។ ខ្ញុំបារម្ភក្រែងលោក្រុមដទៃទៀត ដែលចូលរួមជាមួយគ្នាក្នុងការបង្កើតរណសិរ្ស មិនព្រមទទួលយកនូវឈ្មោះរណសិរ្ស ដែលខ្ញុំបានត្រៀមបម្រុងទុក ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ មិនមែនជារឿងច្នៃប្រឌិតទេ តែនេះគឺជាប្រវត្តិសាស្រ្ត។ សូមមើលក្នុងរូបភាព រូបថត គឺពាក្យកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា អង្គភាព ១២៥។ យើងប្រើពាក្យនេះ។ នោះគឺជាការចាប់ផ្តើមនៃអង្គភាពផ្លូវការយើងទាំងមូល។ អញ្ចឹងទេ ដែលខ្ញុំនិយាយថា ឆ្នាំ ១៩៧០ មានអង្គការចាត់តាំងខាងនយោបាយមុន ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ប៉ុន្តែ (លើកនេះ)អង្គការចាត់តាំងខាងយោធា មានឈ្មោះថា កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាប់កំណើតមុន ហើយជាមូលដ្ឋានសម្រាប់ឲ្យរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កាន់ទង់ខាងនយោបាយ មានកម្លាំងដើម្បីធ្វើសកម្មភាព។
នោះហើយ គឺជាការចាប់ផ្តើមដ៏ល្អសម្រាប់ប្រជាជនកម្ពុជារបស់យើង។ យើងមានអង្គការចាត់តាំងខាងនយោបាយ ហើយមានអង្គការចាត់តាំងខាងយោធា និងការសុំអន្តរាគមន៍ពីកងទ័ពវៀតណាម។ គ្មានអ្វីខុសទេ។ អាមេរិកធ្លាប់វាយចូលស្រុកយើងតើ។ យើងមានបានសុំទេ? យើងអត់បានសុំទេ ប៉ុន្តែម៉េចបានគេមកវាយយើង? ខាងបារាំងមកត្រួតត្រាប្រទេសយើង យើងមានបានសុំប្រទេសបារាំងទេ? ព្រះករុណាបិតា ព្រះអង្គបានធ្វើព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ ទោះបីថា ព្រះបាទនរោត្តម បានស្នើសុំឲ្យបារាំងជួយការពារ ពីការការពារទៅជាអាណានិគម។ ប្រទេសដទៃម៉េចក៏គេធ្វើបាន? អាមេរិកលើកកងទ័ពវាយអ៊ីរ៉ាក់ ក្រោមហេតុផលថា សាដាម ហ៊ូសេន មានអាវុធប្រល័យលោក ដែលនាំទៅដល់សង្គ្រាមនៅអ៊ីរ៉ាក់សព្វថ្ងៃ។ ហេតុអ្វីក៏គេធ្វើបាន? ឯកងទ័ពវៀតណាមដែលជួយរំដោះប្រជាជនកម្ពុជា ហេតុអ្វីបានក្លាយទៅជាអ្នកមានទោស រាប់ទាំងចោទខ្ញុំដែលជាអ្នកកសាងកងទ័ព (ថា)នាំវៀតណាមចូលស្រុក។
នាំគ្នាគិតទៅមើល អ្នកទាំងឡាយដែលរស់រានមានជីវិត រាប់ទាំងអ្នកដែលបានជេរយើង តើអាចរស់បានទេ បើសិនជាគ្មាន ៧ មករា។ ២៣ កងវរសេនាតូច បូកជាមួយនឹងកម្លាំងដទៃទៀត ដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម ដឹកនាំដោយឯកឧត្តម សាយ ភូថង និងឯកឧត្តម ទៀ បាញ់ ដឹកនាំដោយ ឯកឧត្តម ប៊ុន នី, ប៊ូ ថង និង សឺយ កែវ ក៏មានត្រឹមតែជាង ១ ម៉ឺននាក់តែប៉ុណ្ណោះ មិនគ្រប់គ្រាន់ទេ។ កងទ័ពរៀបរយ ដែលហ្វឹកហាត់តាមរបៀបកងទ័ពស្រួច ២៣ កងវរសេនាតូច បានចែកទៅទីក្រុងភ្នំពេញ ៤ កងវរសេនាតូច, ខេត្តកំពង់ចាមគឺជាខេត្តធំ ទទួលបាន ២ កងវរសេនាតូច, ខេត្តដែលមិនមានកងទ័ពដែលកសាងដោយខ្ញុំ មានខេត្តកោះកុង រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង។ សុទ្ធតែមានកងកម្លាំងប្រដាប់អាវុធទៅតាមបណ្តាខេត្តទាំងអស់ …។
សំណូមពរវិទ្យុបាយ័នផ្សាយ ដំណើររឿងទាំង ១៨ ភាគ ១ អាទិត្យពេញ
រំលឹកឡើងវិញ ការឈឺចាប់នៃការព្រាត់ប្រាស់ពីប្រទេសជាតិរបស់ខ្លួន ពីភរិយាដ៏គួរឲ្យអាណិត ដើម្បីរកផ្លូវរំដោះសង្គ្រោះជាតិនេះ គឺឈឺចាប់ខ្លោចផ្សា។ ទោះបី ៤០ ឆ្នាំ បានកន្លងផុត តែនៅពេលនឹកដល់រឿងនេះ ខ្ញុំត្រូវតែស្រក់ទឹកភ្នែក។ វិទ្យុបាយ័នបានចាក់ផ្សាយ ៣ ថ្ងៃ រួចមកហើយ នូវវគ្គចុងក្រោយដែលមាន ១៨ ម៉ោង។ ថ្ងៃខ្លះ អ្នកនិពន្ធបានបញ្ចូលរឿងត្រឹមត្រូវនៅក្នុងទីនោះតាមរបៀបសិល្បៈ។ វិទ្យុបាយ័នមិនបានផ្សាយអ្វីផ្សេង ហើយខ្ញុំស្នើឲ្យផ្សាយគ្រប់មួយអាទិត្យតែម្តង ទាំង ១៨ ភាគនេះ។ រឿងរ៉ាវវាឈឺចាប់ប៉ុណ្ណា នោះគ្រាន់តែជាផ្នែកតូចមួយនៃការឈឺចាប់នៅក្នុងដំណើររឿង ប៉ុន្តែ រឿងធំជាងនេះ វាលើសលប់ជាងអ្វីដែលមាននៅក្នុងរឿងភាគនិទាន ដែលលោក ហ៊ុយ វាសនា បានធ្វើ។ សង្ឃឹមថា នឹងលឺទៅដល់វិទ្យុបាយ័ន ចាក់បន្ថែម ៤ ថ្ងៃទៀត ដដែល ពីម៉ោង ៥ ភ្លឺ ទៅដល់ម៉ោង ២ យប់ ព្រោះវាត្រូវដំណើរដល់ទៅ ១៨ ភាគ គេមានដំណើររឿងរបស់គេ។
ខ្ញុំអរគុណព្រះជាម្ចាស់ អរគុណសាជាថ្មីម្តងទៀតនូវព្រះធរណី អារុក្ខ អារក្ស អ្នកតា គុណបុណ្យទាំងឡាយដែលមាននៅក្នុងតំបន់នេះ ឲ្យយើងខ្ញុំបានឆ្លងផុតពីគ្រោះថ្នាក់ ជាពិសេសគឺចម្ការមីននៅតំបន់នេះតែម្តង ផ្តល់សុវត្ថិភាពដល់ខ្ញុំ ហើយឲ្យខ្ញុំបានរួមវិភាគទានជាមួយនឹងប្រជាជនកម្ពុជា មេដឹកនាំគណបក្សប្រជាជន នាំប្រទេសចេញពីសង្គ្រាម ចេញពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាម និងកំពុងអភិវឌ្ឍ។ ទោះបីថាអ្នកខ្លះគាត់មិនជឿអបិយជំនឿ តែខ្ញុំគិតថា សូម្បីតែអ្នកតានៅកោះថ្ម ក៏បានស្រែកលឺចូលក្នុងត្រចៀករបស់ខ្ញុំ ឲ្យខ្ញុំចាកចេញ …។
អរគុណណាស់ដែលបានរៀបចំនៅកន្លែងនេះ។ ប្រិយមិត្តបរទេស និងបងប្អូនខ្លះក៏ត្រូវវិលត្រឡប់។ សម្តេចក្រឡាហោម ស ខេង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងបងប្អូនមួយចំនួនទៀត វិលត្រឡប់ តែមួយចំនួនទៀត គឺបន្តដំណើរជាមួយខ្ញុំទៅមុខទៀត ដើម្បីយើងអាចដឹងបានថា តើប្រវត្តិសាស្រ្តវាយ៉ាងម៉េច។ កងទ័ពបានយកចំណុចថ្ងៃ ២០ ជាការចាប់ផ្តើមនៃដំណើរសង្គ្រោះជាតិ ក៏ព្រោះតែបានទទួលស្គាល់តួនាទីប្រវត្តិសាស្រ្តរបស់ខ្ញុំ របស់មិត្តខ្ញុំ របស់កងទ័ពដែលខ្ញុំបានកសាងដោយផ្ទាល់ដៃ។ នេះជាចលនាដ៏ធំមួយ នៅក្នុងចលនាដើម្បីសង្គ្រោះប្រទេស ដោយគួបផ្សំកម្លាំងទាំងអស់នេះ មានគោលដៅរួមគឺរំដោះប្រទេស។ សូមមិត្តបរទេសមានការអធ្យាស្រ័យ ព្រោះការធ្វើដំណើរនេះហាក់ដូចជាគ្រាន់តែបង្ហាញតួនាទីរបស់ ហ៊ុន សែន ម្នាក់ទេ។ តែរឿងរ៉ាវវាចាប់ផ្តើមពីអ្វី? បើគ្មានអង្គការចាត់នយោបាយ និងយោធានោះទេ វៀតណាមមិនអាចធ្វើអន្តរាគមន៍ក្រៅប្រទេសនោះទេ។
សូមអរគុណជាថ្មីម្តងទៀត ហើយសូមគោរពលា។ តែលាលើកនេះខុសពីលាលើកមុន ដែល ៤០ ឆ្នាំមុន ខ្ញុំបែរទៅក្រោយលាហើយ លាទាំងទឹកភ្នែករាប់លានតំណក់ លាដើម្បីជួបវិញដោយគ្មានពេលកំណត់។ ប៉ុន្តែ លាលើកនេះ ថ្ងៃស្អែកខ្ញុំនឹងជិះយន្តហោះពិសេសពីព្រលានយន្តហោះទីក្រុងហូជីមិញទៅកាន់ទីក្រុងភ្នំពេញ។ នេះជាស្ថានភាពខុសគ្នា៕