FN ៖ នាទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំជាន់ខ្ពស់លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការកម្ម សិទ្ធឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ។ បន្ទាប់ពីកិច្ចប្រជុំខាងលើវ ត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃដដែល លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Daren Tang នាយកប្រតិបត្តិ នៃអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសឹង្ហបុរី បានអញ្ជើញចុះហត្ថលេខារួមគ្នា លើកំណត់ហេតុនៃកិច្ចប្រជុំជាន់ខ្ពស់ ខាងលើដែលមានខ្លឹមសារប្រកប ដោយផ្លែផ្កា។
មុនឈានដល់ពិធីចុះហត្ថលេខា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោក Daren tang បានបង្ហាញនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យកម្មសិទ្ធិបញ្ញា នៃប្រទេសទាំងពីរ ដែលបើកផ្លូវឲ្យកម្ពុជា បានចាប់ដៃគូសហការជាមួយ ប្រទេសដទៃទៀត ដូចជាប្រទេសជប៉ុន និងសហគមន៍អឺរុបជាដើម លើកិច្ចព្រមព្រៀងស្តីពី ការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្ម (Patent) នៃប្រទេសទាំងនោះនៅកម្ពុជា។ ឆ្លងកាត់ការពិភាក្សា និងកែតម្រូវពាក្យពេចន៍ខ្លឹមសារ ក្នុងកំណត់ហេតុនៃកិច្ចប្រជុំជាន់ខ្ពស់លើកទី០៥ ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី រួចមក ភាគីទាំងពីរបានឈានដល់ពិធីចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចប្រជុំ ដែលកំណត់ហេតុនោះ បានបង្ហាញពីវឌ្ឍនភាពការងារ ដោយធ្វើការកត់សំគាល់ថា លទ្ធផលនៃសំណើរសុំការចុះបញ្ជីឡើងវិញ និងការចេញវិញ្ញាបនបត្របញ្ជាក់ ប្រកាសនីយបត្រតក្កកម្មមានលក្ខណៈលឿន ជាងការរំពឹងទុក គឺប្រើរយៈពេលតែ២សប្តាហ៍ប៉ុណ្ណោះ។
ក្នុងនោះនៅឆ្នាំ២០១៦ ក្រសួងបានទទួលពាក្យស្នើសុំចំនួន ១២ បានផ្តល់វិញ្ញាបនបត្របញ្ជាក់ បានចំនួន០៧ ហើយនៅឆ្នាំ ២០១៧ បានផ្តល់ចំនួនពីរ ក្នុងចំណោមការដាក់ពាក្យស្នើសុំចំនួន ០៧ ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានធ្វើការកត់សំគាល់ផងដែរ ពីភាពជឿនលឿនទៅមុខរបស់កម្ពុជា ក្នុងវិស័យកម្មសិទ្ធិបញ្ញា ដែលដើរតួដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងរយះពេលកន្លងទៅថ្មីៗនេះ គឺកម្ពុជាបានចូលជាសមាជិកទី១៥១ នៃសិទ្ធិសញ្ញាកិច្ចសហប្រតិបត្តិការ ប្រកាសនីយបត្រតក្កកម្ម (PCT) កាលពីថ្ងទី ០៨ ខែ ធ្នូ ឆ្នាំ២០១៦។
កម្ពុជា បានចូលរួមក្នុងកិច្ចព្រមព្រៀងទីក្រុងឡាអេ ( Hague Agreement) ទាក់ទង នឹងការចុះបញ្ជីជាអន្តរជាតិ នៃគំនូរឧស្សាហកម្ម ដែលស្ថិតជាសមាជិកទី ៦៦ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅ។ លើសពីនេះ កម្ពុជាបានតែងតាំងអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី (IPOS) ជាអាជ្ញាធរស្រាវជ្រាវអន្តរជាតិ និងត្រួតពិនិត្យផ្តើមមុខគេ ( ISA/IPEA) បន្ទាប់ការចូលរបស់កម្ពុជា ក្នុងសិទ្ធិសញ្ញា PCT ។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយ IPOS ស្តីពីការស្រាវជ្រាវនិងត្រួតពិនិត្យការដាក់ពាក្យស្នើសុំ ប្រកាសនីយបត្រតក្កកម្ម ហើយ IPOS យល់ព្រមផ្តល់នូវការបណ្តុះ បណ្តាលដល់មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីអនុវត្តប្រព័ន្ធPCT។ ជាចុងក្រោយកំណត់ហេតុនៃកិច្ចប្រជុំ បានឯកភាពយកខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ សម្រាប់រៀបចំកិច្ចប្រជុំជាន់ខ្ពស់លើកទី០៦ នៅប្រទេសសឹង្ហបុរី ។
ដោយឡែកក្នុងជំនួបនោះដែរ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់សារៈសំខាន់ខ្ពស់ ចំពោះការលើកឡើងរបស់លោក Daren Tang ដែលជារបត់ថ្មី ដោយចាត់ទុកវិស័យកម្មសិទ្ធិបញ្ញា សម្រាប់ពាណិជ្ជភាវូបនីយកម្ម (IP for Commercialization ) មានន័យថា ការធ្វើពាណិជ្ជកម្មប្រកបដោយជោគជ័យ ត្រូវផ្សារភ្ជាប់នឹងវិស័យកម្មសិទ្ធិបញ្ញា ដែលជាទំនុកចិត្តរបស់អតិថិជន និងអ្នកបញ្ជាទិញ៕