នាយឧត្តមសេនីយ៍ ប៉ុល សារឿន៖ កងទ័ពកម្ពុជាត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌
FN ៖ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា កងយោធពលខេមរភូមិន្ទជាឆ្អឹងខ្នងដ៏រឹងមាំនៃប្រទេសជាតិ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ មិនឱ្យកើតមាននៅលើទឹកដីកម្ពុជាបានឡើយ។ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ ឆ្នាំ២០១៦ និងដាក់ចេញទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់បញ្ជាការដ្ឋានអង្គរក្ស រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ នាយឧត្តមសេនីយ៍បានថ្លែងថា «យើងជាកងយោធពលខេមរភូមិន្ទជាឆ្អឹងខ្នងដ៍រឹងមាំ នៃប្រទេសជាតិ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទ ត្រូវការពារ ឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌មិនឱ្យកើតមាននៅលើទឹកដី កម្ពុជាបានឡើយ»។ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានបន្តថា កងយោធពលខេមរភូមិន្ទ ត្រូវការពារប្រជាពលរដ្ឋ ឲ្យរស់នៅក្នុងភាពសុខដុមរមនា និងការពារ រាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាលការពារសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចំរើនរបស់សង្គមជាតិ សំដៅប្រមួលផ្ដុំ សក្ដានុពលទាំងឡាយ ការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចំរើនរុងរឿងថែមទៀត។ លោកបានលើកឡើងថា កម្ពុជាជាបាននឹងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើវិថីមួយ ដ៏ត្រឹមត្រូវនិងមានវឌ្ឍនភាពជាលំដាប់។ សន្តិភាពបានធ្វើឱ្យប្រទេសជាតិរីកលូតលាស់ និងមានភាព ខ្ពស់មុខខ្ពស់មាត់ ស្មើរភាព ស្មើសិទ្ធិជាមួយប្រទេសក្នុងតំបន់និងពិភពលោក…