FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិកាសាធារណៈស្តីពី ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ននានា របស់រដ្ឋដៃគូរអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សា សង្គមស៊ីវិល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់។
វេទិការនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។ លោក វង្សី វិស្សុត បានថ្លែងថា គោលបំណងនៃការរៀបចំវេទិកាសាធារណៈ ស្តីពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកា ឆ្នាំ២០១៨ គឺដើម្បីធ្វើការចែករំលែកនូវព័ត៌មាន ដល់តួអង្គពាក់ព័ន្ធទាំងអស់ បានជ្រាប និងស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ របស់ប្រទេសក្នុងពេលបច្ចុប្បន្ន និងទស្សនវិស័យទៅថ្ងៃមុខ ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន នៅរយៈកាល៤ឆ្នាំ កន្លងមក របស់រាជរដ្ឋាភិបាលនីតិកាលទី៥។
ការរៀបចំវេទិកាសាធារណៈនេះ ក៏មានគោលបំណងប្រមូលផ្តុំធាតុចូល និងព័ត៌មានត្រឡប់ពីតួអង្គពាក់ព័ន្ធទាំងអស់ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំថវិកា ឆ្នាំ២០១៨ ដែលនឹងត្រូវវេចខ្ចប់នៅចុងឆ្នាំ ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ដើម្បីបម្រើឱ្យគោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅក្នុងក្របខ័ណ្ឌ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨។
វេទិកាសាធារណៈនេះ ក៏ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់នូវតម្លាភាព ទាំងនៅក្នុងកិច្ចដំណើរការនៃការរៀបចំ និងអនុវត្តថវិកា ក៏ដូចជាការគ្រប់គ្រងសេដ្ឋកិច្ច និងដើម្បីលើកដំឡើងវប្បធម៌នៃការសន្ទនា រវាងរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ នៅក្នុងស្មារតីស្វែងរកនូវបំណងប្រាថ្នារួមរបស់ប្រជាជន ដោយផ្សារភ្ជាប់ជាមួយគោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈថវិកាជាតិ ដែលជាឧបករណ៍សម្រាប់បម្រើឱ្យការអភិវឌ្ឍ និងដើម្បីបម្រើប្រជាជន។
លោក វង្សី វិស្សុត ក៏បានបន្តលើកឡើងថា ការរៀបចំក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៨ គឺត្រូវបានគិតគូរដោយផ្តោតទៅលើបរិការណ៍សំខាន់ចំនួន៣ រួមមាន៖
ទី១៖ កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះ មានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំកន្លងទៅ ពោលក្នុងរង្វង់ ៣.៥% នៅឆ្នាំ២០១៧ និង ៣.៧% នៅឆ្នាំ២០១៨។ ការងើបឡើងនៃកំណើននេះ ធៀបនឹង ៣.១% នៅឆ្នាំ២០១៦ ត្រូវអូសទាញដោយសារភាពប្រសើរឡើងខ្លះ នៃកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសអភិវឌ្ឍន៍ ដូចជា អាមេរិក អ៊ឺរ៉ុប និងជប៉ុនជាដើម។ ក៏ប៉ុន្តែកំណើននេះ នៅតែមានភាពផុយស្រួយ និងអាចមានហានិភ័យខ្ពស់ ក្នុងការធ្លាក់ចុះមកវិញ ដោយសារភាពមិនប្រាកដប្រជាមួយចំនួន ដូចជា គោលនយោបាយដំឡើងអត្រាការប្រាក់ និងគោលនយោបាយគាំពារនិយមរបស់អាមេរិក, ការរឹតបន្តឹងខាងផ្នែកហិរញ្ញវត្ថុជាងការរំពឹងទុក និងភាពមិនច្បាស់លាស់នៃ Brexit ព្រមទាំងភាពថមថយសេដ្ឋកិច្ចរបស់ចិន។ ជាមួយគ្នានេះ ការអនុវត្តគោលនយោបាយជំរុញកំណើន ដោយការប្រើប្រាស់ក្នុងស្រុកជំនួសឱ្យការនាំចេញរបស់សេដ្ឋកិច្ចខ្លះ ក៏បានធ្វើឱ្យបំណុលឯកជន និងគ្រួសារមាននិន្នាកាកើនឡើងខ្ពស់។ លើសពីនេះ ភាពតានតឹងនៅឧបទ្វីបកូរ៉េ ក៏បានក្លាយទៅជាហានិភ័យបន្ថែមទៀតផងដែរ។ តែទោះបីយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់តំបន់អាស៊ានបូកបី ក្នុងការបន្តជំរុញសេរីភាវូបនីយកម្មក្នុងតំបន់ តាមរយៈការធ្វើសុខដុមនីយកម្មគយ ពន្ធដារ និងរបបវិនិយោគ នឹងជួយលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ដែលក្នុងក្របខ័ណ្ឌនេះកម្ពុជាក៏អាចនឹងទទួលបាននូវអត្ថប្រយោជន៍ ពីការធ្វើសុខដុមនីយកម្មនេះផងដែរ។
ទី២៖ ឆ្នាំ២០១៨ ជាឆ្នាំបោះឆ្នោត ដែលរាជរដ្ឋាភិបាលត្រូវធានារក្សាឱ្យបានដាច់ខាត នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាឱ្យមានប្រក្រតីកម្ម នៃសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ធុរកិច្ចគ្រប់ប្រភេទ និងធានាឱ្យបាននូវអនុលោមភាពពន្ធ ក៏ដូចជាដើម្បីរក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ទី៣៖ ការផ្លាស់ប្តូរជារចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ច នៅក្នុងដំណើរឈានឡើងនៃសេដ្ឋកិច្ចកម្ពុជា ពីប្រទេសចំណូលទាបទៅចំណូលមធ្យម ទាមទារនូវការគិតគូរ ហើយដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្មីៗ ដើម្បីឆ្លើយតបនឹងបរិការណ៍ថ្មី នៃសេដ្ឋកិច្ចដែលកាន់តែធំ និងស្មុគស្មាញជាងមុន និងការប្រែប្រួលរចនាសម្ព័ន្ធសង្គម ជាពិសេសរចនាសម្ព័ន្ធប្រជាសាស្រ្ត ដែលសម្បូរដោយកម្លាំងពលកម្មពេញវ័យច្រើន។ ក្នុងក្របខ័ណ្ឌនេះ កម្ពុជាត្រូវបន្តជំរុញការអនុវត្តគោលនយោបាយឧស្សាហកម្មឱ្យកាន់តែខ្លាំងក្លា ការធ្វើទំនើបកម្មវិស័យកសិកម្ម និងជំរុញការអភិវឌ្ឍវិស័យសេវាកម្ម ដូចជាវិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងឡូជីស្ទីក និងវិស័យហិរញ្ញវត្ថុឱ្យកាន់តែខ្លាំងថែមទៀត។ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវបន្តធ្វើកែទម្រង់វិស័យសាធារណៈ និងបន្តលើកកម្ពស់សមត្ថភាពស្ថាប័ន ដើម្បីជាមូលដ្ឋានសម្រាប់ទ្រទ្រង់ការផ្លាស់ប្តូរ នូវរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមខាងលើ ដើម្បីបង្កើនប្រសិទ្ធភាពនៃវិស័យសាធារណៈ ក៏ដូចជាលើកកម្ពស់បរិស្ថានវិនិយោគ និងធុរកិច្ចឱ្យកាន់តែប្រសើរឡើង។
ចំពោះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា លោក វង្សី វិស្សុត បានលើកឡើងថា ទោះបីកម្ពុជាត្រូវទទួលរងនូវសម្ពាធ និងបញ្ហាប្រឈមទាំងពីខាងក្នុង និងពីខាងក្រៅក៏ដោយ ក៏កម្ពុជានឹងនៅអាចសម្រេចបាននូវកំណើននៅ ក្នុងរង្វង់ ៧% នៅក្នុងឆ្នាំ២០១៧ នេះ និងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ខាងមុខ ដោយសារសេដ្ឋកិច្ចកម្ពុជា កាន់តែមានមូលដ្ឋានរឹងមាំ។ កំណើននេះ បានមកដោយសារ៖ (១).ការងើបឡើងវិញរបស់វិស័យកសិកម្មប្រមាណ ២% ដែលទ្រទ្រង់ដោយកំណើនដំណាំ, ជលផល និងការងើបឡើងវិញនៃការចិញ្ចឹមសត្វ, (២).កំណើនរឹងមាំនៃវិស័យឧស្សាហកម្មប្រមាណ ១០.៧% ដោយការលូតលាស់ខ្លាំង នៃវិស័យឧស្សាហកម្ម មិនមែនកាត់ដេរ ដែលរួមមាន ម្ហូបអាហារ និងភេសជ្ជៈ, គ្រឿងបង្គុំអេឡិចត្រូនិច, គ្រឿងសង្ហារឹម, គ្រឿងបន្លាស់ជាដើម ទោះបីវិស័យកាត់ដេរ និងវិស័យសំណង់មានកំណើនថមថយបន្តិចក្តី និង(៣).កំណើនវិស័យសេវាកម្មប្រមាណ ៦.៥% ដោយសារកំណើននៃវិស័យទូរគមនាគមន៍ និងលក់ដុំ និងលក់រាយ ទោះបីការបន្តថមថយកំណើន នៃវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៏ក្តី។
ជាមួយគ្នានេះ ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា នៅបន្តមានស្ថិរភាព និងកាន់តែមានភាពរឹងមាំ។ ជាក់ស្តែង យើងបានគ្រប់គ្រងអត្រាអតិផរណាឱ្យស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ពោលគឺប្រមាណ ៣.៥% ក្នុងឆ្នាំ២០១៧នេះ និងប្រមាណ ៣.៨% នៅក្នុងឆ្នាំ២០១៨ ទោះបីថ្លៃប្រេង និងម្ហូបអាហារមានការកើនឡើងបន្តិចក្តី។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងធ្វើការសិក្សាអំពីការឡើងថ្លៃនៃម្ហូបអាហារនេះ ដើម្បីដាក់ចេញនូវវិធានការដ៏សមស្រប ដើម្បីសម្រាលជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានចំណូលទាប។ អត្រាប្តូរប្រាក់ក៏នៅតែមានស្ថិរភាព ក្នុងខណៈដែលទុនបម្រុងអន្តរជាតិ អាចធានាបានការនាំចូលប្រមាណជាង៥ខែ ហើយតុល្យភាពជញ្ជីងទូទាត់ក៏បានកាន់តែល្អប្រសើរឡើង ដោយសារកំណើននៃការនាំចេញលឿនជាងការនាំចូល។
លើសពីនេះទៀត កម្រិតបំណុលសាធារណៈរបស់កម្ពុជា មានអនុបាតបំណុលទាបបំផុតនៅក្នុងតំបន់ ដែលឆ្លុះបញ្ចាំងពីហានិភ័យទាប និងចីរភាពនៃបំណុលសាធារណៈរបស់កម្ពុជា។
លោក វង្សី វិស្សុត ក៏បានបន្តដែរថា ក្របខណ្ឌគោលនយោបាយថវិកា ឆ្នាំ២០១៨ ឆ្លើយតបទៅនឹងបរិការណ៍រួម ចំនួន៣ខាងលើ ពោលគឺក្នុងគោលដៅទ្រទ្រង់កំណើនផង និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផង ព្រមទាំងត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីធានានូវចលនការនៃការកែទម្រង់សំខាន់ៗផង។ ក្នុងន័យនេះ ក្របខ័ណ្ឌថវិកា ឆ្នាំ២០១៨ គឺជាថវិកាវិត្ថារកម្មដោយប្រយ័ត្នប្រយែង ដើម្បីទ្រទ្រង់កំណើន បង្កើនសមធម៌ បង្កើនប្រសិទ្ធភាព សេវាសាធារណៈ និងធានាចីរភាពថវិកា។ នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជានឹងបង្កើនការចំណាយច្រើនទៅលើ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ វិស័យអប់រំ និងការអភិវឌ្ឍជំនាញ សុខាភិបាល កសិកម្ម ការកែទម្រង់នានា ដែលមានគោលដៅទ្រទ្រង់កំណើនផង និងលើកកម្ពស់ភាពប្រកួតប្រជែងផង ជាពិសេសការសម្រេចឱ្យបាននូវគោលនយោបាយដំឡើងប្រាក់បៀវត្ស ជូនមន្រ្តីរាជការយ៉ាងតិច ១លានរៀល នៅឆ្នាំ២០១៨ ព្រមទាំង ការដោះស្រាយជីវភាពប្រជាពលរដ្ឋ ដែលជួបការលំបាក។ នៅក្នុងផ្នែកចំណូល កម្ពុជាក៏នឹងខិតខំសម្រេចឱ្យបានរហូតទៅដល់ ១៨.៧៨% នៃ ផ.ស.ស តាមរយៈការពង្រឹងអនុលោមភាព និងការកែសម្រួលនីតិវិធី និងសេវាពាក់ព័ន្ធនឹងការបង់ពន្ធ ឱ្យកាន់តែមានភាពសាមញ្ញ និងកាន់តែងាយស្រួល មានយុត្តិធម៌ និងកាន់តែមានអភិបាលកិច្ចខ្ពស់។ កម្ពុជានឹងបន្តគោលនយោបាយបន្ធូរបន្ថយពន្ធ សម្រាប់អ្នកមានចំណូលទាប និងអាជីវករតូចតាចបន្តទៀត។
ការអនុវត្តគោលនយោបាយថវិកាវិត្ថារកម្ម ដោយប្រយ័ត្នប្រយែងខាងលើនេះ នឹងធ្វើឱ្យថវិកាឆ្នាំ២០១៨ អាចមានឱនភាព ក្នុងរង្វង់ប្រមាណ ១% នៃ ផ.ស.ស។ រាជរដ្ឋាភិបាល នឹងប្រើប្រាស់អតិរេកសាច់ប្រាក់ ដែលសន្សំបានមកពីអតិរេកថវិកាប្រចាំឆ្នាំ នៅក្នុងបណ្តាឆ្នាំកន្លងទៅ ដោយនឹងមិនបង្កើនពិដាន នៃការខ្ចីសម្រាប់ធ្វើហិរញ្ញប្បទានឱនភាពនេះទេ។
ការអនុវត្តគោលនយោបាយថវិកាវិត្ថារកម្មដោយប្រយ័ត្នប្រយែង នៅឆ្នាំ២០១៨ គឺក្នុងគោលដៅសម្រេចឱ្យបាននូវអ្វី ដែលជាការសន្យារបស់រាជរដ្ឋាភិបាល នៅក្នុងក្របខ័ណ្ឌ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក៏ដូចជាអាទិភាពគោលនយោបាយ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងផែនយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៤-២០១៨ ក៏ដូចជាធានារក្សាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧% តាមរយៈ៖
ក. ការជំរុញកំណើនតាមរយៈ៖
១៖ ការបន្តទាក់ទាញការវិនិយោគផ្ទាល់មកពីបរទេសឱ្យបានខ្លាំងក្លា
២៖ ការអនុវត្តគោលនយោបាយឧស្សាហកម្ម ដែលជាយុទ្ធសាស្ត្រកំណើនថ្មី ឱ្យកាន់តែខ្លាំងជាងមុន
៣៖ ការបង្កើនចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងជំនាញវិជ្ជាជីវៈបច្ចេកទេស សុខាភិបាល និងកសិកម្ម ព្រមទាំងការបង្កើនប្រសិទ្ធភាពចំណាយ នៅក្នុងវិស័យទាំងនេះ។
ខ. ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈ៖
១៖ ការពង្រឹងបន្ថែមទៀតនូវយន្តការគ្រប់គ្រងវិបត្តិ ទាំងនៅក្នុងផ្នែកយន្តការបញ្ជៀសវិបត្តិ និងទាំងនៅក្នុងផ្នែកយន្តការដោះស្រាយវិបត្តិ
២៖ ការបន្តរក្សាស្ថិរភាពនៃកំណើនឥណទាន ស្របទៅតាមស្ថានភាពសេដ្ឋកិច្ច
៣៖ បង្កើនគុណភាពនៃការផ្តល់ឥណទាន ដោយផ្តោតទៅលើវិស័យផលិតកម្ម និងពាណិជ្ជកម្ម
៤៖ បន្តខិតខំស្វែងរកប្រភពទុនថ្មីៗបន្ថែមទៀត ជាពិសេសការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណ (bond market) និងទីផ្សាររូបិយប័ណ្ណ (money market)
៥៖ បន្តផ្តោតការយកចិត្តទុកដាក់គ្រប់គ្រងវិស័យអចលនទ្រព្យឱ្យកាន់តែល្អ ហើយខិតខំជំរុញការអភិវឌ្ឍលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
៦៖ បង្កើនយល់ដឹងរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ ពាក់ព័ន្ធនឹងកម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ព្រមទាំងគ្រប់គ្រងការអនុវត្តគោលនយោបាយ កំណត់ពិដានអាត្រាការប្រាក់ឱ្យបានរលូន និងមានប្រសិទ្ធភាព។
គ. ជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធតាមរយៈ៖
១៖ ការគិតគូរពិនិត្យឡើងវិញនូវគោលនយោបាយ និងការដាក់ចេញនូវយុទ្ធសាស្រ្តថ្មី ចំពោះវិស័យសំខាន់ៗ មួយចំនួននៅក្នុងសេដ្ឋកិច្ច និងធ្វើពិពិធកម្មក្នុងវិស័យទាំងនោះឱ្យកាន់តែខ្លាំងក្លា ជាពិសេសវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាព ព្រមទាំងភាពប្រកួតប្រជែង
២៖ ការបន្តកែទម្រង់វិស័យសាធារណៈ និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ព្រមទាំងការបន្តកែលំអបរិស្ថាន វិនិយោគនិងធុរកិច្ច ឱ្យកាន់តែប្រសើរឡើង៕