គោលនយោបាយល្អ! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានលុបបំណុលពីអតិថិជន អស់ជិត២លានដុល្លារ
FN ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) បានលុបបំណុលអស់ជាង៧ពាន់លានរៀល ដែលស្មើប្រមាណជិត២លានដុល្លារអាមេរិក ចំពោះអតិថិជនប្រាក់កម្ចី ដែលទទួលមរណភាព នេះបើគិតចាប់តាំងពីឆ្នាំ២០១០ មកដល់បំណាច់ឆ្នាំ២០១៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ AMK ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមីនានេះ។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ឆ្នាំ២០១៦ អេ អឹម ខេ បានលុបបំណុល ពីអតិថិជនប្រាក់កម្ចីរបស់ខ្លួន ដែលទទួលមរណភាព ដោយសារជំងឺ និង គ្រោះថ្នាក់ផ្សេងៗ មានទំហំទឹកប្រាក់ជាង ២ពាន់លានរៀល ដែលស្មើនឹងជិត៦០ម៉ឺនដុល្លារអាមេរិក។ ទាំងនេះ គឺជាការរួមចំណែករបស់ អេ អឹម ខេ ដើម្បី សម្រាលបន្ទុកក្នុងក្រុមគ្រួសារអតិថិជនរបស់ខ្លួន ពោលគឺ អ្នកដែលជាប្តី ឬ ប្រពន្ធ ឬ កូន ដែលនៅរស់មិនមានកាតព្វកិច្ច ក្នុងការបង់សងជំនួសឡើយ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា «ជាទូទៅបំណុលដែលនៅសល់របស់អតិថិជន ដែលបានទទួលមរណភាពជាយថាហេតុ បានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរ សម្រាប់អ្នកដែលនៅរស់ក្នុងការបង់សងជំនួស។…