FN ៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា លើកទី១ ឆ្នាំ២០១៧ (CAMBODIA TRAVEL MART 2017) នឹងរៀបចំលើកដំបូងនៅក្នុងទឹកដីខេត្តសៀមរាប នាចុងឆ្នាំ២០១៧ ខាងមុខនេះ ក្នុងគោលបំណងជំរុញដល់វិស័យធុរកិច្ចទេសចរមកកាន់ដែនសុវណ្ណភូមិឱ្យកាន់តែផុសផុលឡើង។
ពិព័រណ៍នេះ ត្រូវបានផ្តួចផ្តើមដោយក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន Slickbooth ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៍ និងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិក្នុងប្រទេសកម្ពុជា ដែលគ្រោងនឹងប្រារព្វឡើង នៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ក្រោមអធិបតីភាពរបស់ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពីតំណាងសាលាខេត្ត អជ្ញាធរ ពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ជាច្រើនទៀត។
ថ្លែងនៅក្នុងពិធីប្រកាសពីពិព័រណ៍ CTM ឆ្នាំ២០១៧ នៅសណ្ឋាគារ SokhaSiem Reap Resort & Convention Center ខេត្តសៀមរាប នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ លោក ឱម ផារិន នាយកក្រុមហ៊ុន SlickBooth Holding Co., LTD បានបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ (CTM 2017) ជាវេទិការជួបជុំក្នុងការធ្វើធុរកិច្ច ទេសចររវាងក្រុមហ៊ុនទេសចរណ៍ជាតិ និងអន្តរជាតិ ពាណិជ្ជករ អ្នកផ្តល់សេវាកម្ម អន្តរជាតិប្រមាណ ៥០០ ក្រុមហ៊ុន ក៏ដូចជា ស្ថាប័នទេសចរណ៍ជាតិនានា របស់ប្រទេសជាសមាជិកអាស៊ាន អ្នកជំនាញទេសចរណ៍ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនទៀត ដើម្បីទិញលក់កញ្ចប់ទស្សនកិច្ច ផលិតផលនៃសេវាកម្មទេសចរណ៍ ផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងបង្កើតភាពជាដៃគូរក្នុងធុរកិច្ចជាមួយគ្នាសំដៅចូលរួមផ្សព្វផ្សាយអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
ព្រឹត្តិការណ៍នេះមានការកម្មវិធីដ៏សំខាន់ៗជាច្រើនដូចជា ការណាត់ជួបមុនតាមរយៈប្រព័ន្ធ online សិក្ខាសាលាអំពីប្រធានបទផ្សេងៗពាក់ព័ន្ធ និងវិស័យទេសចរណ៍ដំណើរកំសាន្ត និងការដាក់តាំងបង្ហាញអំពីផលិតផល និងសេវាកម្មទេសចរណ៍នានា។ ពិព័រណ៍ CTM នឹងមានអ្នកផ្តល់សេវាកម្មជាតិនិងអន្តរជាតិប្រមាណជាង ២០០ក្រុមហ៊ុនពាណិជ្ជករជាអ្នកទិញ អន្តរជាតិប្រមាណជាង ១៥០ក្រុមហ៊ុន និងសារពត៌មានជាតិ និងអន្តរជាតិប្រមាណ ៥០នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏មហាអស្ចារ្យមួយនេះ។
លោក ឱម ផារិន បានបន្ថែមថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ក៏មានរួមសហការរៀបចំដោយ ក្រុមហ៊ុន TTG Asia Media & Events មកពីប្រទេសសិង្ហបុរី ដែលមានជំនាញរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញនៅលើពិភពលោកជាង៣០ឆ្នាំផងដែរ។
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ក្រោមម្លប់សន្តិភាពដ៏រឹងមាំរបស់កម្ពុជា ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា មានការអភិវឌ្ឍទៅមុខឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រកម្ពុជា ។
លោកបានថ្លែងថា នៅឆ្នាំ ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិ ជាង៥លាននាក់ កើនឡើង ៥% ហើយនៅឆ្នាំ២០១៧ កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរអន្តរជាតិ ៥,៤ លាននាក់ និងឆ្នាំ២០២០ រំពឹងថាទទួលបានទេសចរអន្តរជាតិ ៧លាននាក់។ លោកថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍ CTM លើកទី ១ នៅខេត្តសៀមរាបនេះ ជាកត្តាចលករដ៏សំខាន់ រួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា មានការអភិវឌ្ឍនិងសម្រេចបាននូវគោលដៅគ្រោងទុក។
ខេត្តសៀមរាប ជាគោលដៅទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក ហើយកន្លងមកធ្លាប់ទទួលបានពានរង្វាន់គោលដៅទេសចរណ៍លំដាប់ទី ១ ក្នុងពិភពលោកពី TripAdvisor, ក្រុមព្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអ៊ឺរ៉ុប ដូចនេះខេត្តសៀមរាបគឺជាជម្រើសដ៏ល្អមួយសម្រាប់ប្រារព្ធ CTM, ដើម្បីបង្ហាញ និងបង្អួតពិភពលោក នូវមន្តស្នេហ៍នៃទឹកដី អង្គរដ៏អច្ឆរិយៈ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិនិងពិភពលោក ។
ពិព័រណ៍ CTM នេះ ក៏ជាការបង្ហាញអំពីគោលជំហររបស់កម្ពុជាក្នុងការ ចូលរួមជ្រោមជ្រែងផ្សព្វផ្សាយគោលដៅទេសចរណ៍អាស៊ាន ទៅកាន់ពិភពលោក ដើម្បីអបអរឆ្នាំទស្សនាអាស៊ានខួបលើកទី ៥០ ASEAN «Visit ASEAN @50 (Golden Celebration)» ផងដែរ៕