- ឯកឧត្តម ស៊ី ជីនភីង , ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានអង្គប្រជុំ;
- ឯកឧត្តម, លោកជំទាវ , ជាថ្នាក់ដឹក នាំនៃបណ្តាប្រទេសចូលរួម;
- ឯកឧត្តម , លោកជំទាវ , លោក , លោកស្រី , ជាទីមេត្រី!
ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីរីករាយជាអនេក ដែលបានចូលរួមក្នុង «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តជាតិ» ដ៏សំខាន់នេះ។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ប្រធានាធិបតី ស៊ី ជីនភីង, ក្នុងនាមជាប្រធានអង្គប្រជុំ, ក៏ដូចជាចំពោះរដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ដែលសម្រេចបានវឌ្ឍនភាពគួរកត់សម្គាល់ ក្នុងការអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» និងបានរៀបចំវេទិកានេះឡើង សម្រាប់ការពិភាក្សាក្នុងចំណោមថ្នាក់ដឹកនាំពិភពលោក ដើម្បីកំណត់ទិសដៅសម្រាប់អនុវត្តគំនិតផ្តួចផ្តើមនេះ ឱ្យទទួលបានជោគជ័យបន្តទៀត។
ខ្ញុំសូមអបអរចំពោះសុន្ទរកថាប្រកបដោយខ្លឹមសារដ៏ជ្រាលជ្រៅរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ក្នុងកម្មវិធីបើកវេទិកា ពីម្សិលមិញ និងសូមគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើម និងគម្រោងទាំងឡាយ ដែលឯកឧត្តមប្រធានាធិបតីបានលើកឡើង។ ចិនបាន និងកំពុងដើរតួនាទីដ៏សំខាន់ ក្នុងដំណើរការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងនយោបាយពិភពលោក ជាពិសេស ក្នុងការជំរុញសេរីភាវបូនីយកម្មពាណិជ្ជកម្មអន្តរជាតិ, សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន, ដែលបានរួមចំណែកដល់ការបន្តលើកស្ទួយសកលភាវូបនីយកម្ម និងការកសាងនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោកថ្មី។
ក្នុងបរិការណ៍នេះ, «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង ផ្លូវ» គឺជាការគិតគូរវែងឆ្ងាយ សំដៅលើកកម្ពស់ការតភ្ជាប់ និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ, សេដ្ឋកិច្ច, វិនិយោគ និងហិរញ្ញវត្ថុ ព្រមទាំងរវាង ប្រជាជន និងប្រជាជន ដែលនឹងបង្កើតបាននូវ «ក្បាលម៉ាស៊ីនថ្មីមួយក្នុងការអូសទាញកំណើនសេដ្ឋកិច្ចពិភពលោក»។ ខ្ញុំមានជំនឿមុតមាំចំពោះអនាគតនៃគំនិតផ្តួចផ្តើមនេះ ដែលមានការគិតគូរច្បាស់លាស់អំពីយុទ្ធសាស្ត្រ និងយន្តការ សហប្រតិបត្តិការ, ការរៀបចំផែនការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន ពិសេសតាមរយៈធនាគារអភិវឌ្ឍន៍ BRIC មូលនិធិផ្លូវសូត្រ និងធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឤស៊ី។
សម្រាប់ការពង្រឹងភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះ, ខ្ញុំយល់ថា យើងគប្បីមានក្របខ័ណ្ឌរួមមួយ ដែល សម្រួចលើការតភ្ជាប់វិស័យសំខាន់ៗ ពិសេសភាពប្រទាក់ក្រឡាគ្នារវាងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ប្រព័ន្ធឡូជីស្ទីក និងការតភ្ជាប់ឌីជីថល ជាមួយនឹងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ, ឧស្សាហកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស។ បន្ថែមលើនេះ, យើងត្រូវធានាសង្គតិភាពរវាងផែនការសកម្មភាព និងគម្រោងថ្នាក់ជាតិនីមួយៗ ជាមួយនឹងផែនការសកម្មភាពនៃសហប្រតិបត្តិការទ្វេភាគី និងពហុភាគីទាំងអស់ ជាពិសេស នៅក្នុងក្របខ័ណ្ឌនៃយន្តការ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ហើយក៏ត្រូវធានាឱ្យបាននូវភាពជាក់ស្តែងនិយម និងប្រសិទ្ធភាព ក្នុងការអនុវត្តផងដែរ។ ម៉្យាងទៀត, យើងគប្បីត្រូវមានយន្តការក្នុងស្រុករឹងមាំ ដើម្បីធានាភាពជាម្ចាស់ ក្នុងការរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ និងកិច្ចសហប្រតិបត្តិការតំបន់ផ្សេងទៀត ដោយឈរលើគោលការណ៍សម្របសម្រួលជាយុទ្ធសាស្ត្រ និងការចែករំលែកផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយភាពសុខដុម និងបរិយាប័ន្ន។ ចុងក្រោយ, ដោយយោងលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ, ខ្ញុំសូមស្នើអង្គប្រជុំរបស់យើងពិចារណារៀបចំវេទិកានេះបន្តបន្ទាប់ទៅមុខទៀត ក្នុងចន្លោះពេលមួយជាកំណត់ ដើម្បីធ្វើការតាមដាន, វាយតម្លៃ និងបូកសរុបវឌ្ឍនភាពនៃការអនុវត្ត។
ឯកឧត្តម , លោកជំទាវ , លោក , លោកស្រី!
រដ្ឋាភិបាលកម្ពុជា-ចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីដល់កម្រិតកំពូលមួយ គឺ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់ពីចុងឆ្នាំ ២០១០ មក។ ក្រោម «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កំពុងតែត្រូវបានពង្រីកយ៉ាងលឿនថែមទៀតលើវិស័យសំខាន់ៗមួយចំនួន ជា ប្រយោជន៍ដល់ការកែលម្អការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ រួមមាន ការពង្រឹងផលិតភាពសេដ្ឋកិច្ច, ការបង្កើនពាណិជ្ជកម្ម ព្រមទាំងការលើកស្ទួយឧស្សាហកម្ម, ទេសចរណ៍, ការវិនិយោគ និងកសិកម្ម។ លើមូលដ្ឋាននេះ, រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការទាំងឡាយ នៃ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដើម្បីវឌ្ឍនភាព និងការរីកចម្រើនរួមនៃតំបន់ និងសកលលោក ។
នៅចុងបញ្ចប់, ខ្ញុំសូមជូនពរឱ្យ «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ» នេះ ទទួលបាននូវការពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ តាមការគ្រោងទុក។
សូមអរគុណ !