សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អំពាវនាវដល់មន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ត្រូវបន្ដយកចិត្ដទុកដាក់ និងចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទាំងពេលទឹកឡើង និងស្រកទៅវិញ
FN ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ មន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្ដទុកដាក់ខ្ពស់ និងចុះជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្ដាខេត្ដឲ្យបានទាន់ពេលវេលា ហើយពេលទឹកស្រកទៅវិញ ក៏ត្រូវតែបន្ដជួយផ្គត់ផ្គង់សម្ភារមួយចំនួន ទៅដល់ពួកគាត់បន្ថែមទៀត ទៅតាមតំរូវការ។ ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងឱកាសសម្ដេចអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់ចំនួន១,៤៤២គ្រួសារ ដែលរស់នៅ ភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ដែលធ្វើឡើងនៅទួលសុវត្ថិភាព ឧកញ៉ា អាន ម៉ារឌី នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «ចំពោះគ្រោះធម្មជាតិ ដោយទឹកជំនន់នេះ បានធ្វើឲ្យប្រជាពលរដ្ឋយើងជាច្រើនគ្រួសារ ទទួលរងការលំបាក ដូច្នេះសូមមន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែបន្ដយកចិត្ដទុក្ខដាក់ គ្រប់គ្រងស្ថានការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយ ពិសេសត្រូវចុះជួយសង្រ្គោះ និងជន្លៀសបងប្អូនដែលរងគ្រោះទាំងអស់ ទៅរកទីទួលមានសុវត្ថិភាព…