ឯកឧត្តម ម៉ូន ចេអ៊ិន (Moon Jae In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ !
ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្ដិយស ទាំងអស់នៅទីនេះជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានចូលរួមពិធីអាហារថ្ងៃត្រង់ នាឱកាសវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។
ក្នុងឱកាសដ៏សែនមនោរម្យនាថ្ងៃនេះ ខ្ញុំសូមសម្ដែងការស្វាគមន៍ដ៏កក់ក្ដៅបំផុតជូនចំពោះវត្តមានឯកឧត្តម មូន ចេអ៊ិន (Moon Jae-In)ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម និងប្រតិភូធុរជន និងអ្នកវិនិយោគកូរ៉េ ដែលបានអមដំណើរ និងសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចំរើនរបស់កម្ពុជា។
វេទិកានាថ្ងៃនេះ ផ្ដល់ឱកាសឲ្យខ្ញុំចែករំលែកព័ត៌មានអំពីការវិវឌ្ឍសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្ដានុពលធុរកិច្ច និងការវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នសំដៅធ្វើឲ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាមួយគ្នាជាយូរយារណាស់មកហើយ ប៉ុន្ដែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈដោយបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា។ ទំនាក់ទំនងការទូតនេះត្រូវបានតភ្ជាប់ឡើងវិញនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៩៧ បន្ទាប់ពីខ្ញុំបានធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ នៅ ខែ កក្កដា ឆ្នាំ ១៩៩៦ និងបានសម្រេចឲ្យមានទំនាក់ទំនងឡើងវិញរវាងប្រទេសយើងទាំងពីរ។ ផ្ដើមចេញពីការតភ្ជាប់ទំនាក់ទំនងឡើងវិញនេះ មិត្តភាព និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសយើងទាំងពីរកាន់តែមានភាពរីកចំរើនគួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមក របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កំណើននៃការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន កំណើនវិនិយោគ និងទេសចរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែចូលរួមស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈហិរញ្ញប្បទាន សហប្រតិបត្ដិការ និងការវិនិយោគផ្ទាល់។ ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្ដិការគិតពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៨ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទាន ប្រមាណ ៦៣២ លានដុល្លារអាមេរិក។ ក្នុងនោះហិរញ្ញប្បទានឥតសំណាងមានប្រមាណ ៣០០ លាន ដុល្លារអាមេរិក។ ជាងនេះទៅទៀតពីឆ្នាំ ២០១៩ ដល់ ២០២៣ សាធារណរដ្ឋកូរ៉េផ្តល់ឥណទានសម្បទានសរុបចំនួន ៧០០ លាន ដុល្លារអាមេរិក ដែលរដ្ឋាភិបាលយើងទាំងពីរទើបចុះហត្ថលេខាលើកិច្ចសម្របសម្រួលលើក្របខណ្ឌ ស្ដីពីការផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្ដិការមុននេះបន្ដិច។
ហិរញ្ញប្បទាន សហប្រតិបត្ដិការ សាធារណរដ្ឋកូរ៉េបានផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ ធនធានទឹក និងសុខុមាលភាពសាធារណៈ វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទ មានជាអាទិ៍ គំរោងបង្កើតមជ្ឈមណ្ឌលអាកាសចរស៊ីវិល គំរោងស្ដារផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២។ ជាមួយទំហំនៃវិភាគទានដ៏ច្រើនរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយស្ដារ និងកសាង និងអភិវឌ្ឍកម្ពុជា ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគកូរ៉េ ដែលមិនទាន់បានមកកម្ពុជា សូមអញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបណ្ដាក់ទុនវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាមួយយើងខ្ញុំ និងទាញយកប្រយោជន៍ជាអតិបរមាពីលទ្ធផលនៃកិច្ចសហប្រតិបត្ដិការទាំងអស់នេះ។
កម្ពុជាជាប្រទេស ដែលបើកចំហជាងគេក្នុងតំបន់ ដែលផ្តល់អោយអ្នកវិនិយោគបរទេស រួមទាំងអ្នកវិនិយោគកូរ៉េអាចវិនិយោគលើគ្រប់វិស័យ ដូចគ្នាជាមួយអ្នកវិនិយោគក្នុងស្រុក។ បន្ថែមលើក្របខណ្ឌអំណោយផលនេះ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះកិច្ចព្រមព្រៀងទ្វេភាគី ស្ដីពីការជម្រុញការគាំពារវិនិយោគនៅឆ្នាំ ១៩៩៧ ហើយមុននេះបន្ដិច កិច្ចព្រមព្រៀងមួយចំនួនទើបតែត្រូវបានចុះហត្ថលេខា ក្នុងនោះមានអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងទីភ្នាក់ងារជម្រុញការវិនិយោគពាណិជ្ជកម្មកូរ៉េ ស្ដីពីសហប្រតិបត្ដិការសម្របសម្រួលវិនិយោគ ដែលនឹងផ្តល់ភាពងាយស្រួល និងលទ្ធភាពកាន់តែខ្ពស់ដល់ធុរជន និង អ្នកវិនិយោគកូរ៉េ ក្នុងការមកបណ្ដាក់វិនិយោគបន្ថែម និងធ្វើឲ្យប្រតិបត្ដិការរបស់ខ្លួននៅកម្ពុជាកាន់តែរីកលូតលាស់។
ថ្មីៗនេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ជម្រុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែលំអបរិស្ថានធុរកិច្ច និងវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅ ដើម្បីកាត់បន្ថយថ្លៃដើមនៃថ្លៃប្រតិបត្ដិការធុរកិច្ច។ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ ក្នុងន័យនេះ យើងបានបង្កើតយន្តការសន្ទនាមួយ ហៅថា វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ខ្ញុំ ដោយមានការចូលរួមពីរដ្ឋមន្ដ្រីគ្រប់ក្រសួងស្ថាប័ន អភិបាលគ្រប់រាជធានីខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យប្រមាណ ៣០០ នាក់ ឯកឧត្តម លោលជំទាវអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។ យន្តការនេះផ្តល់ឱកាសឲ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរ ជូនរាជរដ្ឋាភិបាលពិនិត្យ និងមានវិធានការសមស្រប ដើម្បីដោះស្រាយ។ រាល់ការសម្រេចចិត្តក្នុងវេទិការនេះ ត្រូវចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ដ្រី។
នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ ខ្ញុំនឹងដឹកនាំវេទិការាជរដ្ឋាភិបាល និង ផ្នែកឯកជន លើកទី ១៨ នៅក្នុងអគារនេះ។ នៅក្នុងឱកាសនោះខ្ញុំនឹងចេញនូវវិធានការមុតស្រួចមួយចំនួនសំដៅ (១)បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា (២)កែលំអ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច (៣) ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀតជូនពលករកម្ពុជា។
មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្ដិភាព សន្ដិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕