សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រនិស្សិត នៃវិទ្យាស្ថាន ខ្មែរជំនាន់ថ្មី

ដូចដែល ឯកឧត្តម ណុប នរិន្ទ បានលើកអម្បាញ់មិញ នេះគឺជាលើកទី ៧ ដែលខ្ញុំមានវត្តមាន​ជាមួយនឹងសិស្សនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ហើយថ្ងៃនេះ ដែលមានសិស្ស និងនិស្សិត ចំនួន ១ ៧០៩ នាក់ សម្រាប់ទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រ សម្រាប់ជ័យលាភីនៅថ្ងៃនេះ។ មានការឧបត្ថម្ភ តែមិនប្រឹងខ្លួនឯង ក៏មិនអាចដំណើរការទៅមុខ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងនូវការអបអរសាទរជាមួយនឹងវឌ្ឍនភាព នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលអម្បាញ់មិញ លោក ណុប នរិន្ទ បានលើកអម្បាញ់មិញថា ប្រសិនបើគ្មានការឧបត្ថម្ភពីខ្ញុំព្រះករុណាខ្ញុំទេនោះ គឺវានឹងមានការលំបាក។ ក៏ប៉ុន្តែ ខ្ញុំក៏គួរត្រូវនិយាយត្រឡប់ទៅវិញថា​ បើទោះបីជាខ្ញុំជួយលើសហ្នឹង ១ ពាន់ដងទៀត តែបើសិនជាវិទ្យាស្ថានគ្មានគំនិតខ្លួនឯង វាមិនអាចទៅរួចទេ។ បទពិសោធន៍កន្លងទៅនេះ បានឃើញច្បាស់ហើយ សូម្បីតែគ្រួសារមួយ ឬក៏មនុស្សម្នាក់ នៅពេលដែលយើងផ្តល់ការឧបត្ថម្ភអោយ ប៉ុន្តែពួកគេមិនអាចឡើងទៅរួច។ មកដល់ពេលនេះ ខ្ញុំមានការការអៀនខ្មាសខ្លះ ជាមួយនឹងទង្វើខ្លះ ដែលអ្នកទាំងនោះបានធ្វើចំពោះខ្ញុំ។ ឧទាហរណ៍៖ ទទួលប្រាក់ពីខ្ញុំដោយផ្ទាល់ដៃ ប៉ុន្តែ យើងថាជូនទៅផ្ទះ​ គេមិនអោយយើងជូនទេ។…