សេចក្តីដកស្រង់ប្រសាសន៍សង្កថា ក្នុងពិធីប្រកាសបើកបុណ្យទន្លេលើកទី ៥
ស្វាគមន៍ការចូលរួមពីសំណាក់ប្រតិភូថៃ វៀតណាម ជាប្រចាំ និងការចូលរួមនៃឥណ្ឌូនេស៊ីឆ្នាំនេះ ថ្ងៃនេះ ពិតជាទិវាដ៏មហានក្ខត្តឫក្ស ដែលយើងមកជួបជុំគ្នានៅទីនេះ ហើយខ្ញុំ និងភរិយា ក៏បានចូលរួមបើកនូវបុណ្យទន្លេលើកទី ៥ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»។ ខ្ញុំយកឱកាសនេះ សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួម។ ខ្ញុំពិតជាមានការរីករាយដោយបានឃើញថា រៀងរាល់ឆ្នាំ ហើយជាពិសេសនៅឆ្នាំនេះតែម្តង បណ្តាក្រុមហ៊ុន និងវិស័យនានា ក៏បានមករៀបចំសម្តែងនូវសាមគ្គីភាពជាមួយនឹងខេត្តកំពង់ឆ្នាំង តាមរយៈការបញ្ជូនស្តង់មកតាំងពិព័រណ៍នៅទីនេះ ដោយរដ្ឋបាលខេត្ត ឬក៏ដោយស្ថាប័នថ្នាក់ជាតិ និងវិស័យឯកជន។ ខ្ញុំក៏សូមស្វាគមន៍ផងដែរ ជាមួយនឹងវត្តមានជាប្រចាំរបស់ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមជាទៀងទាត់នៅក្នុងបុណ្យសមុទ្រ បុណ្យទន្លេ។ ឆ្នាំនេះ កាន់តែវិសេសវិសាលថែមទៀត ដែលខ្ញុំសូមថ្លែងនូវការស្វាគមន៍ និងអរគុណ ជាមួយនឹងការចូលរួមរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមិនគ្រាន់តែជាការចូលរួមសម្រាប់ការតាំងពិព័រណ៍ម្ហូបអាហារប៉ុណ្ណោះទេ ក៏ប៉ុន្តែ ឆ្នាំនេះ បានបញ្ជូនក្រុមសិល្បៈមកសម្តែង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៦០ ឆ្នាំ នៃការដាក់ទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា…