រដ្ឋមន្ត្រី ម៉ម ប៊ុនហេង៖ ស្ត្រីផ្សព្វផ្សាយនិងលក់បារីនៅកម្ពុជា បានកាត់បន្ថយ ក្រោយមានការព្រមានពីក្រសួង
FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា សព្វថ្ងៃអ្នកលក់បារីនៅតាមហាងមួយចំនួន ជាពិសេសនោះនៅតាមហាងកាហ្វេ ដោយមានស្ត្រីៗជាអ្នកលក់ ត្រូវបានកាត់បន្ថយបានយ៉ាងច្រើន ដោយសារតែទទួលជាព្រមានពីក្រសួងសុខាភិបាល ទៅដល់ក្រុមហ៊ុនមួយចំនួន ដែលផ្សព្វផ្សាយពាណិជ្ជកម្មបារី និងក្រុមហ៊ុនផលិតបារីផងដែរ។ រដ្ឋមន្ត្រីប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំបេសកកម្មរួមគ្នា របស់ក្រុមការងារអន្តរជាតិស្ថាប័ន នៃអង្គការសហប្រជាជាតិ ស្តីពី «ការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងមកកាន់ប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ Sunway ។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងច្បាស់ថា «អ្នកដែលហ៊ុចបារីឲ្យគេជក់នេះ យើងខ្ញុំតែងតែហាមឃាត់ ធ្វើការព្រមានថែមទាំងព្រមានទៅម្ចាស់ក្រុមហ៊ុន ហើយពីមុនយើងឃើញមាន ប៉ុន្តែឥឡូវត្រូវបានកាត់បន្ថយច្រើនហើយ»។ លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងសុខាភិបាលមានច្បាប់ត្រឹមត្រូវ ក្នុងការផាកពិន័យលើក្រុមហ៊ុនណា ដែលនៅតែអនុវត្តន៍នូវទង្វើបែបនេះ ដោយធ្វើការប្រើប្រាស់នារី ទៅលក់ឲ្យអ្នកទិញនៅតាមហាងមួយចំនួន ជាពិសេសនោះ គឺនៅតាមហាងកាហ្វេមួយចំនួន នៅតាមទីសារធារណៈ ហើយច្បាប់ទាំងអស់នេះ ក្រសួងកំពុងទេអនុវត្តសព្វថ្ងៃផងដែរ។ សូមបញ្ជាក់ថា បើតាមរបាយការណ៍ ធ្លាប់បានចេញផ្សាយ របស់អង្គការសុខភាពពិភពលោកបង្ហាញថា នៅទូទាំងពិភពលោក មានមនុស្ស៦លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺ ដែលទាក់ទងនឹងថ្នាំជក់។…