FN ៖ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប នៅល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប នាពេលនេះមិនប៉ះពាល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាទេ។ គ.ជ.ប មានកញ្ចប់ថវិកាជាតិគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ ហើយពេលនេះ ប្រទេសចិនគឺជាបង្អែកដ៏រឹងមាំ ក្នុងការផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា ក្រៅពីនោះ មានជប៉ុន និងកូរ៉េថែមទៀត។
ការប្រកាសរបស់ គ.ជ.ប បែបនេះធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចព្យួរជំនួយរបស់ខ្លួនសម្រាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ នៅក្នុងសេចក្តីប្រកាសរបស់សហគមន៍អឺរ៉ុប បានគូសបញ្ជាក់ថា ការសម្រេចរំលាយ គណបក្សសង្រ្គោះជាតិ និងការបែងចែកអាសនៈរដ្ឋសភា និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ទៅឲ្យគណបក្សដទៃ គឺជាការបដិសេធចោល ការជ្រើសរើសរបស់ពលរដ្ឋដែលបានបោះ ឆ្នោតជូនគណបក្សនេះ នៅក្នុងការឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧។
លោក សោម សូរីដា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ពេលនេះ គ.ជ.ប បានត្រៀមរៀបចំរួចរាល់ ទាំងថវិកា និងសម្ភារៈ ធនធានមនុស្ស និងការងារផ្សេងៗ ទាក់ទងទៅនឹងការបោះឆ្នោតចំនួន២ នៅឆ្នាំ២០១៨ ហើយយើងគ្រោង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន២លានដុល្លារ និងសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចំនួន៥២លានដុល្លារ ហើយកញ្ចប់ថវិកាមាននៅក្នុងដៃគ.ជ.បរួចហើយ បានន័យថារាជរដ្ឋាភិបាល បានអនុម័តកញ្ចប់ថវិកានេះរួចហើយ»។
លោកបានបន្តថា ថ្វីត្បិតតែសហគមន៍អឺរ៉ុប ប្រកាសផ្តាច់ជំនួយយ៉ាងនេះក្តី ក៏គ.ជ.ប ពេលនេះមានម្ចាស់ជំនួយផ្សេងទៀតនោះគឺ ប្រទេសជប៉ុន តាមរយៈអង្គការ JICA និងប្រទេសកូរ៉េ ហើយពេលនេះផងដែរ ប្រទេសចិន គឺជាបង្អែកដ៏រឹងមាំសម្រាប់ការផ្តល់ជំនួយដល់ការរៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា។
លោក សោម សូរីដាយ៉ាងដូច្នេះថា៖ «ឥឡូវនេះ ចិនដូចជាជំហរមួយដ៏រឹងមាំសម្រាប់គ.ជ.ប ព្រោះអីគាត់កំពុងសិក្សាអំពីតម្រូវការរបស់គ.ជ.ប ហើយប្រហែលជាគាត់នឹងជួយទាំងស្រុងតែម្តង ក្នុងករណីដែលគ.ជ.ប មានតម្រូវការជាក់ស្តែងណាមួយមួយដែលតម្រូវឱ្យជួយ ហើយឥឡូវនេះ មានកិច្ចការជាច្រើនដែលមិត្តចិន បានយល់ព្រម ផ្តល់ជំនួយដល់គ.ជ.បយើងហើយ»។
បើតាមអគ្គលេខាធិការរងរូបនេះ បានឱ្យដឹងថា សហគមន៍អឺរ៉ុប ផ្តល់ជំនួយតិចតួចប៉ុណ្ណោះ ដល់ការបោះឆ្នោតនៅកម្ពុជា ជាក់ស្តែងដូចជាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ នៅឆ្នាំ២០១៧នេះ គឺសហគមន៍អឺរ៉ុប បានផ្តល់លុយតែ៥លានដុល្លារប៉ុណ្ណោះ ខណៈដែលការចំណាយ ក្នុងការរៀបចំការបោះឆ្នោតនេះ មានទំហំទឹកប្រាក់ជាង៥០លានដុល្លារ។
ដោយឡែកករណីសហរដ្ឋអាមេរិក ដែលប្រកាសថា ខ្លួនក៏ផ្តាច់ជំនួយដល់គ.ជ.បនោះ ត្រូវបានអគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា អះអាងថា គឺជារឿងអស់សំណើច ខណៈដែលអាមេរិកមិនដែលផ្តល់ថវិកាដល់គ.ជ.ប ទាល់តែសោះ។ លោកបានបញ្ជាក់ថា អាមេរិកធ្លាប់ផ្តល់រថយន្ត ចំនួន៦គ្រឿង ដល់សល់ពីប្រទេសដទៃមកឱ្យគ.ជ.ប ហើយរថយន្តទាំងនោះហាក់ដូចជាចាស់ណាស់ទៅហើយ៕