សមទ្ធិផលថ្មីមួយទៀត នៅក្នុងវិស័យការពារជាតិ
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះឧត្តមវង្សា មួងរ៉ា ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ, សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមជាមួយសម្តេច ព្រះតេជព្រះគុណគ្រប់ព្រះអង្គ។ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារហ្វឹកហ្វឺនជំនាញចារកម្មចំនួន ២ ខ្នង ស្មើ ៤០ បន្ទប់ និងការបើកការដ្ឋានសាងសង់អគារសាលប្រជុំថ្មីរបស់អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច។ នេះជាសមទ្ធិផលថ្មីមួយ ទៀត នៅក្នុងវិស័យការពារជាតិរបស់យើង ដែលកន្លងទៅនេះ យើងក៏បានធ្វើជាបណ្តើរៗ រហូតមកដល់ដំណាក់កាលនេះ។ មុននេះ នាយកដ្ឋានស្រាវជ្រាវចារកិច្ចស្ថិតនៅក្នុងចំណុះអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ហើយបន្ទាប់មកក៏មានការកែទម្រង់ កែសម្រួលពីរចនាសម្ព័ន្ធ ក្រោមចំណុះអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ហើយទៅនៅក្រោមចំណុះក្រសួងការពារជាតិវិញ ដែលវិសាលភាពនៃសកម្មភាពនោះ អាចមានភាពទូលំទូលាយ។
ថ្ងៃនេះ ជាមួយនឹងការអបអរសាទរជាមួយនឹងសមទ្ធិផលថ្មី យើងក៏ត្រូវបើកជាមួយនឹងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដទៃទៀត ដើម្បីបម្រើឲ្យវិស័យការពារជាតិ និយាយជារួម និងនិយាយដោយឡែកនៅក្នុងវិស័យចារកម្មរបស់យើង។
ខ្ញុំសូមយកឱកាសនេះ សម្តែងជូននូវការកោតសរសើរចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាគ្រប់ប្រភេទទ័ព។ ក្នុងនោះ ក៏មានពាក់ព័ន្ធជាមួយនឹងការដែលរីកចម្រើនធំធាត់ នៃអង្គភាពចារកម្មរបស់យើង។
ខ្ញុំសូមយកឱកាសនេះ ក៏សុំសម្តែងនូវការអរគុណចំពោះការគាំទ្រទាំងឡាយ នៃសប្បុរសជន ដែលបានចូលរួមក្នុងការគាំទ្រជាមួយនឹងការសាងសង់សមទ្ធិផលទាំងអស់នេះ ហើយចំពោះប្រាក់ដែលជំពាក់គេសុំរកដើម្បីសងគេទៅចុះ … សង្ឃឹមថា សប្បុរសជន និងអ្នកទាំងឡាយដែលបានចូលរួមនៅទីនេះ អាចនឹងចែករំលែកសម្រាប់ការចូលរួម មួយផ្នែកជំពាក់គេផង ហើយមួយផ្នែកទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បន្ត។ អម្បាញ់មិញ នាយកអគ្គនាយកដ្ឋានបានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងសភាពការណ៍ហើយ ហើយខ្ញុំព្រះករុណាខ្ញុំ យល់ថាថ្ងៃនេះ មិនមែនជាការប្រកាសចេញនូវគោលនយោបាយក្នុងវិស័យការពារជាតិរបស់រាជរដ្ឋាភិបាលនោះទេ។
កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា
ប៉ុន្តែអ្វីដែលខ្ញុំព្រះករុណាខ្ញុំចង់រំលឹកគឺនៅត្រង់ថា យើងបានធ្វើដំណើរតាំងពីដំណាក់កាលដំបូង មកដល់ពេលនេះ ហើយក្នុងវេលានេះកងទ័ពនាសម័យនោះ កំពុងធ្វើដំណើរយ៉ាងអង់អាចក្លាហាន ក្នុងការឈានមករំដោះទីក្រុងភ្នំពេញនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩។ ថ្ងៃទី ២ ធ្នូ បានចាប់កំណើត នៃរណសិរ្សដែលជាអង្គការចាត់តាំងខាងនយោបាយមួយ បន្ទាប់ពីកងទ័ពបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៧៨ ដែលជាអង្គភាពរៀបរយដំបូង បន្ទាប់ពីអង្គភាពនេះមានរប៉េះរប៉ោះនៅទីនេះបន្តិចទីនោះបន្តិច។ ខ្ញុំដឹងថាថ្ងៃនេះ ក៏មាននាយទាហាននៅអតីតជំនាន់នោះ ឧត្តមសេនីយ៍ រស់ សំអុល ដែលជានាយទាហានម្នាក់ ក្នុងចំណោមនាយទាហានដែលស្ថិតក្នុងទីនោះ ហើយដែលថ្ងៃនេះ ក៏មានវត្តមាននៅទីនេះ។ បានសេចក្តីថាខ្ញុំបានធ្វើទាហាន ៤០ ឆ្នាំ រួចមកហើយ។ ប៉ុន្តែ ពីដំណាក់កាលមួយ មកកាន់ដំណាក់កាលមួយ យើងបានរីកធំធាត់នៃកម្លាំងកងទ័ពរបស់យើង ដែលស្របជាមួយនឹងការចង់បាន ស្របជាមួយនឹងគោលដៅ ដែលយើងបានដាក់ចេញ គឺការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាពេលនោះ។
អ្វីដែលខ្ញុំព្រះករុណាខ្ញុំ អរបំផុតគឺនៅត្រង់ថា នៅពេលដែលបង្កើតកងទ័ពដំណាក់កាលដំបូងនោះ គឺយើងហៅថា កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា។ វាមិនមែនជាការចៃដន្យទេ នៅពេលដែលយើងរៀបចំរណសិរ្សសាមគ្គី។ យើងរៀបចំឈ្មោះ រណសិរ្ស ក៏បានដើរស្របជាមួយនឹងឈ្មោះកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា។ នេះជាចំណុចចាប់ផ្តើមនៃរបបប្រវត្តិសាស្រ្ត ដែលធ្វើឲ្យអង្គការចាត់តាំងនយោបាយ ដែលបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ មានកងកម្លាំងប្រដាប់អាវុធនៅក្នុងដៃ ហើយដែលពេលនោះ នៅក្នុងពេលនេះ កាលពី ៣៩ ឆ្នាំមុន កំពុងធ្វើដំណើរយ៉ាងអង់អាចក្លាហាន ដើម្បីរំដោះ ហើយកំពុងតែកាន់កាប់បណ្តាខេត្តមួយចំនួនរួចស្រេចទៅហើយ។
កងទ័ព និងនយោបាយឈ្នះឈ្នះ ចូលរួមអភិវឌ្ឍន៍ បង្កើតសុខសន្តិភាព
ជាបន្តទៅទៀត ប្រទេសរបស់យើងនៅមានសង្រ្គាមហែកហួរ នោះហើយជាសោកនាដកម្មដែលធ្វើឲ្យប្រទេសរបស់យើងជួបការលំបាក ប្រទេសមួយតំបន់ត្រួតត្រាបួន មិនមែនជាបញ្ហាសុខស្រួលសម្រាប់ប្រជាជនយើងនោះទេ។ នយោបាយឈ្នះឈ្នះ យើងបានអនុវត្តដោយជោគជ័យ ដែលនាំមកនូវប្រទេសជាតិរបស់យើង មានប្រទេសតែមួយ តំបន់ត្រួតត្រាតែមួយ ដែលជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត បើមិនរាប់រយឆ្នាំទេ ក៏រាប់សិបឆ្នាំដែរ ដែលប្រទេសកម្ពុជាមានប្រទេសមួយ និងតំបន់ត្រួតត្រាច្រើន បន្ទាប់ពីប្រទេសបានសុខសន្តិភាព។ យើងប្រមូលផ្តុំនូវការខិតខំទាំងអស់ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
កងទ័ពក៏បានចូលរួមវិភាគទានយ៉ាងធំធេង នៅក្នុងការស្តារឡើងវិញ ក៏ដូចជាក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច ហើយដែលយើងសម្រេចបានក្នុងរយៈពេលជាង ២០ ឆ្នាំ កន្លងទៅនេះ គឺស្មើនឹង ៧,៧ ភាគរយ ប្រចាំឆ្នាំ ដែលធ្វើអត្រានៃភាពក្រីក្ររបស់យើងធ្លាក់ចុះយ៉ាងឆាប់រហ័ស។ យើងបានរួមគ្នាធ្វើឲ្យប្រទេសរបស់យើង ពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយមហិច្ឆតារបស់យើងក៏ចង់សម្រេចនៅឆ្នាំ ២០៣០ ធ្វើឲ្យប្រទេសកម្ពុជារបស់យើង ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ ២០៥០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
ខឿនការពារជាតិរបស់ប្រជាជន
ប៉ុន្តែយើងក៏ត្រូវមើលឲ្យឃើញ អំពីការចាំបាច់របស់យើង នៃការបន្តភារកិច្ចដើម្បីការពារជាតិ ការពារមាតុភូមិ អ្វីដែលខ្ញុំព្រះករុណាខ្ញុំគួរតែរំលឹក ហើយក៏ជាការដាស់តឿននៅក្នុងកងទ័ពទាំងមូលនោះ គឺខឿនការពារជាតិរបស់ប្រជាជន។ ចំណុចនេះ ជាចំណុចស្នូលនៅក្នុងមាគ៌ាប្រជាធិបតេយ្យប្រជាជន ហើយដោយសារតែខឿនការពារជាតិរបស់ប្រជាជន យើងបានទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ក្នុងការទប់ស្កាត់នៃបដិវត្តន៍ពណ៌ ហើយក៏ជាក្នុងការទប់ស្កាត់នូវការឈ្លានពាន មកពីបរទេសផងដែរ។ ដូច្នេះ សូមឲ្យទាំងអស់គ្នា ទាំងក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ក៏ដូចជាកងទ័ពទាំង ៣ ប្រភេទ ទាំងជើងគោក ជើងទឹក ជើងអាកាស ត្រូវរួមគ្នាបន្តថែរក្សា និងអនុវត្តនូវគោលការណ៍ គោលនយោបាយខឿនការពារជាតិរបស់ប្រជាជន ឲ្យបានជាប់លាប់។
… ត្រូវមើលលើចំណុចទាំងឡាយ ដែលខ្ញុំបានលើកឡើងអំពីខ្លឹមសារស្នូល នៃខឿនការពារជាតិរបស់ប្រជាជន តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្ញុំ កាលពេលដែលខ្ញុំទៅកាន់ខេត្តព្រះវិហារ និងទៅកាន់ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ ២០១០-២០១១។ បើសិនជាគ្មានខឿនការពារជាតិរបស់ប្រជាជន ហើយកងទ័ពនៅដាច់ដោយឡែក គឺវាគ្មានន័យអ្វីទេ។ កងទ័ព គឺជាកូនចៅរបស់ប្រជាជន ដោយកើតចេញពីប្រជាជន។ ដូច្នេះអ្វីៗទាំងឡាយត្រូវធ្វើឲ្យស្របទៅនឹងផលប្រយោជន៍របស់ប្រជាជន។ កងទ័ពមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ក៏ប៉ុន្តែ កងទ័ពគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជនរបស់យើង។
សង្ឃឹមថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តការខិតខំដើរនៅលើផ្លូវនេះជាបន្តទៀត។ មានតែផ្លូវនេះទេ ដែលកងទ័ពរបស់យើងទទួលការគាំទ្រពីសំណាក់ប្រជាជន។ គ្មានកងទ័ព គ្មានអ្នកដឹកនាំណាមួយ ហើយក៏គ្មានកងទ័ពផ្តាច់ការណាមួយ ដែលអាចទទួលជោគជ័យបាន ដោយខ្វះការគាំទ្រពីសំណាក់ប្រជាជននោះដែរ។ លើការជាក់ស្តែងរបប ប៉ុល ពត គឺជារបបសាហាវឃោឃៅ ព្រៃផ្សៃបំផុតនៅលើពិភពលោកនេះ ហើយក៏មានកងទ័ពរហូតទៅដល់ ១៨ ម៉ឺននាក់ឯណោះ។ ប៉ុន្តែទីចុងបំផុត អង្គការចាត់តាំងនយោបាយ និងយោធាមួយនេះ ក៏ត្រូវរលាយក្រោមឥទ្ធិពលនៃខឿនការពារជាតិរបស់ប្រជាជន ដែលក្នុងនោះក៏បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលនាំទៅដល់ការរំលំរលាយ នៃអង្គការចាត់តាំងនយោបាយ និងយោធានៃរបប ប៉ុល ពត។
កងទ័ពនឹងមិននៅស្ងៀម បើមាននរណាម្នាក់ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
នោះជាអ្វីដែលអាចចង្អុលបង្ហាញប្រាប់យើងទាំងអស់គ្នា ហើយក៏ប្រាប់ទៅអ្នកដទៃថា អ្នកមិនអាចនៅចំពោះមុខប្រជាជន ចំពោះមុខកងកម្លាំងប្រដាប់អាវុធបានទេ ប្រសិនបើអ្នកមិនអាចអនុវត្តស្របនឹងមហិច្ឆតារបស់ប្រជាជន ហើយអ្នកកុំមានក្តីស្រមៃ និងញុះញុងអោយកងទ័ពបះបោរចលាចល ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលនោះ។ ផ្ទុយទៅវិញ ខ្លួនអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដែរ ព្រោះកងទ័ពគឺអាចនឹងមិនទុកអ្នកឲ្យនៅស្ងៀមបាននោះទេ។ អ្នកត្រូវយល់ឲ្យបាន។ ប៉ុន្តែប្រហែលជាអ្នកនៅឆ្ងាយពីកម្ពុជារាប់ម៉ឺនម៉ែត្រឯណោះ ទើបអ្នកហ៊ាននិយាយ។ ប្រសិនបើអ្នកនៅជិត អ្នកច្បាស់ជាមិនហ៊ាននិយាយទេ ព្រោះកងទ័ពនឹងធ្វើប្រតិកម្មភ្លាមៗ ចំពោះអ្នកតែម្តង។
… ខ្ញុំគួរតែនិយាយបញ្ជាក់សាជាថ្មីម្តងទៀតថា ក្តាប់ឲ្យជាប់នូវខឿនការពារជាតិរបស់ប្រជាជន។ នៅពេលណាដែលយើងធ្វើសៀវភៅសការពារជាតិ នៅពេលណាដែលយើងដាក់ចេញនូវគោលនយោបាយការពារជាតិ កុំភ្លេចចំណុចគន្លឹះស្នូលទាក់ទងជាមួយនឹងខឿនការពារជាតិរបស់ប្រជាជន។ ដូច្នេះហើយបានជារយៈពេលកន្លងទៅ នៅពេលដែលយើងមានសភាពការណ៍នៅតាមព្រំដែនម្តងៗ ជាពិសេសនៅព្រំដែននៃទិសខាងលិច ប្រជាជនបានចូលរួមច្រើនណាស់ លើកទឹកចិត្តចំពោះកងទ័ពរបស់យើងក្នុងការប្រយុទ្ធនៅឯសមរភូមិខាងមុខ។ ដោះស្រាយពីខាងក្រោម មិនមែនការប្រយុទ្ធមួយ កើតឡើងនៅតំបន់មួយ ហើយមិនប៉ះពាល់ទៅដល់អ្នកដទៃទេ។ ត្រង់នេះហើយ ដែលខ្ញុំមានមោទនភាព ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមទាក់ទិននឹងខឿនការពារជាតិរបស់ប្រជាជននេះឯង។
គ្មានពាក្យអព្យាក្រឹត្យរវាងម្ខាងរដ្ឋ និងម្ខាងបក្សនយោបាយ ឬសង្គមស៊ីវិល
ម្យ៉ាងទៀត ខ្ញុំក៏គួរដាស់តឿនរំលឹកថា កងទ័ព ឬក៏កងកម្លាំងប្រដាប់អាវុធទាំងមូល និយាយជារួម និងនិយាយដោយឡែក គឺកងយោធពលខេមរភូមិន្ទ ជាឧបករណ៍របស់រដ្ឋ ដែលត្រូវការពាររដ្ឋ។ កន្លងទៅបដិវត្តពណ៌នៅគ្រប់ទីកន្លែងទាំងអស់ គេតែងខិតខំធ្វើអព្យាក្រឹត្យតូបនីយកម្មកម្លាំងប្រដាប់អាវុធ ជាពិសេស គឺកងទ័ពនេះតែម្តង។ គេបានទទួលជោគជ័យទៅលើការធ្វើបដិវត្តពណ៌ តាមរយៈនៃការធ្វើអព្យាក្រឹត្យតូបនីយកម្មកម្លាំងប្រដាប់អាវុធ ប៉ុន្តែខ្ញុំអាចជម្រាបជូនអស់លោកនាយទាហាននៅទីនេះ ក៏ដូចជានៅកន្លែងដទៃទៀត ឲ្យបានជ្រាបថា អព្យាក្រឹត្យនៃកម្លាំងប្រដាប់អាវុធ ធ្វើបានតែចំពោះមុខបណ្តាបក្សនយោបាយប៉ុណ្ណោះ នៅក្នុងស្ថានភាពដែលប្រទេសរបស់យើង អនុវត្តនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គឺយើងអព្យាក្រឹត្យចំពោះមុខបណ្តាបក្សនយោបាយទាំងអស់ ដូចជាការដាក់ការការពារ ការពារចំពោះបក្សកាន់អំណាច ឬបក្សមិនកាន់អំណាច គឺការពារឲ្យទាំងអស់ស្មើៗគ្នា។
ប៉ុន្តែកងទ័ព ឬកងកម្លាំងប្រដាប់អាវុធទាំងមូល មិនមែនអព្យាក្រឹត្យចំពោះម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតបក្សនយោបាយទេ។ កងទ័ព ឬកងកម្លាំងប្រដាប់អាវុធ បង្កើតឡើងដើម្បីការពាររដ្ឋ ដូច្នេះគ្មានទេពាក្យអព្យាក្រឹត្យនៅទីនេះ។ បើសិនជាការធ្វើខុស រដ្ឋបញ្ជាកម្លាំងប្រដាប់អាវុធដើម្បីបង្ក្រាប ឬក៏ទប់ស្កាត់នូវអំពើណាដែលលេចចេញមកអំពីឧបាយកលអាក្រក់ និងអំពើខុសច្បាប់ទាំងឡាយ។ គុកគេបង្កើតឡើងដើម្បីដាក់អ្នកខុស ហើយអ្នកទៅដាក់ខ្នោះចំពោះអ្នកខុសគឺកម្លាំងនគរបាល ឬអាវុធហត្ថនេះតែម្តង។ ដូច្នេះចំណុចនេះត្រូវយល់ឲ្យច្បាស់ មិនមែនយល់ច្រលំទៅលើបញ្ហាអព្យាក្រឹត្យចំពោះមុខបណ្តាបក្សនយោបាយ និងមិនអព្យាក្រឹត្យរបស់រដ្ឋ និងបក្សនយោបាយនោះទេ បក្សនយោបាយគ្មានសិទ្ធិបញ្ជាកងទ័ពនោះឡើយ ប៉ុន្តែរាជរដ្ឋាភិបាលដែលចេញមកពីការបោះឆ្នោត បង្កើតជារដ្ឋ មានសិទ្ធិបញ្ជាទៅលើកម្លាំងប្រដាប់អាវុធ។
ខ្ញុំមិនមែនបញ្ជាកងទ័ពនៅក្នុងក្របខណ្ឌ នៃប្រធានគណបក្សប្រជាជននោះទេ ប៉ុន្តែខ្ញុំបញ្ជាកងទ័ពនៅក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នាយឧត្តមសេនីយ៍ ទៀ បាញ់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងអ្នកដឹកនាំដទៃទៀត មិនមែនបញ្ជាទ័ពក្នុងនាមគណបក្សប្រជាជនទេ ប៉ុន្តែបញ្ជាកងទ័ពក្នុងនាមរដ្ឋមន្ត្រីការពារជាតិ និងក្នុងនាមជាអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ។ ចំណុចនេះត្រូវក្តាប់ឲ្យបាន។ គ្មានទេពាក្យអព្យាក្រឹត្យរវាងម្ខាងរដ្ឋ និងម្ខាងបក្សនយោបាយ ឬសង្គមស៊ីវិល។ យើងអព្យាក្រឹត្យតែចំពោះមុខបក្សនយោបាយដែលមានការស្មើគ្នា ការប្រកួតប្រជែងនៅទីលានប្រជាធិបតេយ្យ តាមរយៈនៃការបោះឆ្នោត ឬតាមរយៈនៃការបញ្ចេញមតិទាំងឡាយ ក៏ប៉ុន្តែនៅពេលដែលមានការបំពានទៅលើច្បាប់រដ្ឋ ត្រូវតែចេញមុខភ្លាម ដើម្បីការពាររដ្ឋ មិនអាចបណ្តែតបណ្តោយបានទេ។
ភេរវកម្ម និងបដិវត្តពណ៌ ស្ទើរតែគ្មានអ្វីខុសពីគ្នានោះទេ
ពិភពលោកមានការស្មុគស្មាញខ្លាំងណាស់ ជាមួយនឹងការកើតឡើងនូវភេរវកម្មផង និងការកើតឡើងនូវបដិវត្តពណ៌ផង។ ខ្ញុំបានធ្វើការសិក្សាមើលថា ទម្រង់ពីរនេះ រវាងមួយអ្នកធ្វើភេរវកម្ម និងអ្នកធ្វើបដិវត្តពណ៌ បើនិយាយអំពីផលវិបាក គឺគ្មានអ្វីខុសគ្នាទេ រវាងពួកភេរវកម្ម និងពួកបដិវត្តពណ៌នោះ។ យើងមើលបដិវត្តពណ៌នៅលីប៊ី ស៊ីរី យេម៉ែន ឬក៏ការឈ្លានពាននៅកន្លែងដទៃ វាបង្កើតឡើងនូវសោកនាដកម្មស្ទើរតែលើសពីពួកភេរវកម្ម។ គ្រាន់តែចំណុចខុសគ្នា ពួកភេរវកម្មវាទៅដល់វាដាក់គ្រាប់បែក ដើម្បីបំផ្ទុះបំផ្លាញជីវិតមនុស្ស ទ្រព្យសម្បត្តិ។ ប៉ុន្តែ ពួកបដិវត្តពណ៌ គេធ្វើតាមរបៀបមួយផ្សេង គឺការប្រើប្រាស់នូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីបង្កើតឡើងនូវសង្គ្រាមនោះឯង។ តែលទ្ធផលចុងក្រោយ ទំហំនៃការខូចខាតដែលបណ្តាលមកពីបដិវត្តពណ៌ វាស្ទើរតែលើសនៃការវាយប្រហារភេរវកម្មដោយលួចលាក់ទៀតផង។
នេះជារឿងពិត។ សូមសម្លឹងមើលនៅប្រទេសអ៊ីរ៉ាក់ មើលនៅប្រទេសស៊ីរី សុំសម្លឹងមើលនៅប្រទេសលីប៊ី និងប្រទេសដទៃទៀត តើការខូចខាតដោយសារបដិវត្តពណ៌ ដែលគេធ្វើនោះ ខូចខាតដល់កម្រិតប៉ុណ្ណា? អាចថាជីវិតមនុស្សត្រូវបានបំផ្លាញក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលគេបានធ្វើនោះ។ រឿងនេះវាលំបាកណាស់ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ យើងចាត់ទុកភារកិច្ចទៅលើការប្រយុទ្ធប្រឆាំងភេរវកម្ម នៅតែជាភារកិច្ចចំបងរបស់យើង ដែលយើងត្រូវទុកមួយអន្លើ នូវការខុសគ្នាខាងនយោបាយជាមួយនឹងប្រទេសខ្លះ ប៉ុន្តែ យើងជម្រុញទៅការប្រយុទ្ធប្រឆាំងភេរវកម្ម។
ការប្រយុទ្ធប្រឆាំងភេរវកម្មគឺជាភារកិច្ចចាំបាច់។ វាមិនមែនគ្រាន់តែបម្រើនូវតម្រូវការសម្រាប់សេចក្តីសុខរបស់កម្ពុជាទេ ក៏ប៉ុន្តែ វាជាសេចក្តីសុខរបស់តំបន់ និងពិភពលោកផងដែរ។ ពិតមែនតែខ្ញុំយកទំហំ នៃការខូចខាតដែលចេញពីបដិវត្តពណ៌ និងអំពើភេរវកម្ម វាស្ទើរតែបដិវត្តពណ៌បំផ្លិចបំផ្លាញច្រើនលើសពីភេរវកម្ម។ ប៉ុន្តែ ខ្ញុំមិនចាត់ទុកវាជាកញ្ចប់តែមួយនោះទេ ខ្ញុំចាត់ទុកការប្រយុទ្ធប្រឆាំងភេរវកម្ម គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក៏ជាអាទិភាពនៃវិស័យសន្តិសុខជាតិរបស់កម្ពុជាផងដែរ។ យើងត្រូវទុកការខុសគ្នាខាងនយោបាយមួយអន្លើ ចំពោះប្រទេសខ្លះ ដែលប៉ុនប៉ងយាយីមកលើយើងតាមរយៈបដិវត្តពណ៌ បំផ្លាញផ្ទៃក្នុងយើង។
ចំណុចនេះ គឺជាចំណុចដែលត្រូវតស៊ូជាមួយអ្នក ដែលបានធ្វើបដិវត្តពណ៌មកលើយើង ក៏ប៉ុន្តែ យើងត្រូវសហការជាមួយពួកគេ បើទោះបីមានចំណុចខុសគ្នាទៅលើការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាអង្គការបិសាចនៅលើពិភពលោករបស់យើងនេះ។ យើងមិនអាចឲ្យកើតមាននូវភេរវកម្មកើតមាននៅលើទឹកដីនៃប្រទេសកម្ពុជា ហើយយើងក៏មិនចង់ឃើញប្រទេសនៅក្នុងតំបន់ កើតមាននូវអំពើភេរវកម្មផងដែរ។
ទោះដោយតម្លៃណាក៏ដោយ មិនត្រូវឲ្យមានបដិវត្តពណ៌នៅកម្ពុជាទេ
ម្សិលមិញ នៅសហរដ្ឋអាមេរិក ដូចជាមានអំពើភេរវកម្មកើតឡើងសាជាថ្មីទៀត នៅទីក្រុងញូវយ៉ក។ យើងនៅតែបន្តការខិតខំដើម្បីរួមជាមួយនឹងប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីបន្តការប្រយុទ្ធប្រឆាំងជាមួយភេរវកម្ម។ ប៉ុន្តែ កម្ពុជាក៏ត្រូវមានការងារមួយដែលត្រូវធ្វើបន្តទៀត នោះគឺការទប់ស្កាត់កុំឲ្យកើតមានបដិវត្តពណ៌នៅកម្ពជា។ យើងវាយបំបាក់ឆ្អឹងខ្នង កាត់ក្បាល និងរំលាយដងខ្លួន នៃអង្គការបដិវត្តពណ៌នៅក្នុងប្រទេសរួចស្រេចទៅហើយ។ ប៉ុន្តែ អ្នកដែលគាំទ្រវា មិនទាន់ផុតរលត់ទេ ការប៉ុនប៉ងរបស់គេចំពោះយើងនៅតែមាន។ ដូច្នេះ ទោះដោយតម្លៃណាក៏ដោយ មិនត្រូវឲ្យមានបដិវត្តពណ៌នៅកម្ពុជាទេ។
នេះប្រហែលជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្តនៃបដិវត្តពណ៌ ដែលពួកគេបានបរាជ័យនៅក្នុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ និងក្រោយមកទៀត ហើយប្រហែលជាសម្រាប់យើង និងវេណេហ្ស៊ូអេឡា គឺប្រហាក់ប្រហែលគ្នា។ នេះក៏មកពីមូលហេតុសំខាន់ នៅត្រង់ថា ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល គឺមានការសាមគ្គីភាពខ្ពស់ ដែលចង្អុលបង្ហាញ ទប់ស្កាត់ និងមានភាពរស់រវើកក្នុងការដោះស្រាយបញ្ហា។ ប្រជាជនមិនចង់ឃើញសង្គ្រាមកើតឡើងវិញ ដោយទម្រង់ណាក៏ដោយ ជារដ្ឋប្រហារ ឬជាបដិវត្តពណ៌ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ។ កម្លាំងប្រដាប់អាវុធ គឺនៅឈរជាមួយរាជរដ្ឋាភិបាល ការពាររាជរដ្ឋាភិបាល។ កំណើនសេដ្ឋកិច្ចនៅតែល្អ អតិផរណានៅគ្រប់គ្រងបាន ក្នុងក្របខណ្ឌរក្សានូវសេ្ថរភាពនយោបាយ និងស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ច។
អ្នកចង់ធ្វើបដិវត្តពណ៌ និងអ្នកវិភាគ គួរសិក្សាពីវិស័យការពារជាតិកម្ពុជាឲ្យច្បាស់
ពិតមែនតែក្បាលយើងកាត់ ដងខ្លួនយើងរំលាយ ក៏ប៉ុន្តែ ឧបាយកលពិសពុល នៃអ្នកបញ្ជាពីខាងក្រោយ មិនទាន់បានផុតរលត់នៅឡើយទេ។ យើងត្រូវតែតាមមើលឲ្យជាប់ ហើយបានដឹងរួចមកហើយនូវរចនាសម្ព័ន្ធចាត់តាំង នៃបដិវត្តពណ៌នៅកម្ពុជា។ ទោះដោយតម្លៃណាក៏ដោយ យើងមិនត្រូវឲ្យកើតឡើងនូវបដិវត្តពណ៌ ដែលនាំដល់ការស្លាប់ប្រជាជនរាប់ម៉ឺន រាប់សែន និងរាប់លាននាក់នោះទេ។ ជាប់គុកម្នាក់ ពីរនាក់ ឬក៏ស្លាប់មនុស្សក្នុងរយៈពេលកន្លងទៅ ជាមូលហេតុនៃបដិវត្តពណ៌នោះឯង។ បើសិនជាគេមិនធ្វើរឿងនេះ វាក៏គ្មានរឿងអ្វីកើតឡើងនៅកម្ពុជានោះដែរ។ ខ្ញុំសង្ឃឹមថា អ្នកទាំងឡាយដែលធ្លាប់បានបញ្ជាទៅលើបដិវត្តពណ៌ និងរួមចំណែកក្នុងបដិវត្តពណ៌ នឹងបញ្ឈប់ជាមួយនឹងទង្វើទាំងនេះ ព្រោះថា នៅទីនេះ គឺជាតំបន់ដែលខ្ញុំកំពុងនិយាយជាមួយចារកម្មកងទ័ព ហើយអ្នកបានដឹងហើយថា ឈ្មោះថាខឿនការពារជាតិរបស់ប្រជាជន គឺមិនមែនជាឈ្មោះធម្មតានោះទេ ហើយក៏មិនមែនគ្រាន់តែមានកម្លាំងចារកម្មប៉ុណ្ណេះ និងទូទាំងកងទ័ពនោះដែរ។ ប៉ុន្តែ ប្រជាជនកម្ពុជាមានប្រាជ្ញា ដើម្បីនឹងវិនិច្ឆ័យទៅលើបញ្ហាទាំងឡាយ។
សូមបញ្ជាក់ជូនអ្នក ក្នុងសម័យសង្គ្រាម គ្រាន់តែពាក្យដែលថា «បីមិន មួយរាយការណ៍» ក៏ជាផ្នែកនៃការទប់ស្កាត់នៃការវាយប្រហារដោយត្រីភាគីនាដំណាក់កាលនោះ។ អ្នកប្រហែលជាត្រូវសិក្សាបន្ថែមទៀត ហើយជាពិសេស អ្នកដែលធ្លាប់ធ្វើសេចក្តីថ្លែងការណ៍ វិភាគទាក់ទិននឹងកម្ពុជា អ្នកគួរតែសិក្សាមើលឲ្យច្បាស់ថា ហេតុអ្វីវិស័យការពារជាតិរបស់ប្រជាជន វិស័យការពារជាតិដែលដឹកនាំដោយរាជរដ្ឋាភិបាល ក្នុងនោះ គណបក្ស(ប្រជាជន)ឈ្នះឆ្នោត គណបក្សកាន់អំណាចពីដើមទីមក ហេតុអ្វីបានជាកម្លាំងដ៏ខ្លាំង ហើយការហ៊ុំព័ទ្ធពីខាងក្រៅ មានមហាអំណាចគាំទ្រត្រីភាគី វាយគណបក្ស វាយរដ្ឋាភិបាល សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា មិនដួលរលំ។
អ្នកវិភាគស្ទើរភ្លើង / គោលការណ៍ ៣ ចំណុច ជាយុទ្ធសាស្រ្តនៃការវិភាគ
អ្នកត្រូវសិក្សាឲ្យច្បាស់ បើសិនជាអ្នកស្ទើរភ្លើង អ្នកនឹងទទួលបរាជ័យ ហើយបើសិនជាអ្នកទទួលបរាជ័យ អ្នកនៅក្នុងប្រទេស អ្នកនឹងរងគ្រោះ។ ប៉ុន្តែ អ្នកវិភាគទាំងឡាយច្រើនតែវិភាគនៅឯចុងម្ខាង នៃពិភពលោកឯណោះ។ ប៉ុន្តែ យកល្អកុំឲ្យគេប៉ាន់ស្មានត្រូវជំហានដើររបស់យើង។ ចំណុចចារកម្មគឺនៅកន្លែងនេះ។ តើមានប៉ុន្មាននាក់ដែលនៅពីក្រោយខ្នងរបស់ខ្ញុំនេះ អាចដឹងបានថា តើជំហានដើររបស់ខ្ញុំ ត្រូវទៅស្ដាំ ឬទៅឆ្វេង? នេះជាចំណុចដែលខ្ញុំដឹងថា អស់លោកមានការលំបាក ប៉ុន្តែនៅពេលដែលខ្ញុំចេញហើយ គឺតែងតែអនុវត្តតាម និងត្រឹមត្រូវ។ រឿងធ្វើចារកម្ម រឿងធ្វើយុទ្ធសាស្រ្ដវាលំបាកណាស់។ នៅពេលដែលយើងនិយាយអាថ៌កំបាំងប្រាប់គេ (វា)មិនមែនជាយុទ្ធសាស្រ្ដ ហើយមិនមែនជាអាថ៌កំបាំងទៀតទេ។
ប៉ុន្តែនៅពេលដែលយើងមិននិយាយប្រាប់ផ្ទៃក្នុង អ្នកខាងក្រៅពិតជាលំបាកយល់។ ប្រជុំអាស៊ានថ្ងៃមុន តើប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលណានៅក្នុងអាស៊ាន តើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំម៍ មានចាប់ភ្លឹកថា ហ៊ុន សែន និយាយទៅផ្លូវហ្នឹងទេ? អត់ទេ! មិនមានអ្នកណាចាប់អារម្មណ៍ថា ហ៊ុន សែន អាចនិយាយ របៀបនោះទេ។ នេះហើយគឺជាចំណុចដែលគេមិនអាចប៉ាន់ស្មាននូវជំហានដើររបស់ ហ៊ុន សែន … តែមិនមែនរឿងអ្វីក៏ត្រូវធ្វើតាម ហ៊ុន សែន នោះទេ។ ខ្ញុំមានចំណុចពិសេសរបស់ខ្ញុំ។ អ្នកមិនអាចប៉ាន់ស្មាននូវដំណើររបស់ខ្ញុំបាន។ អ្នកក៏មិនអាចដាក់អន្ទាក់សម្រាប់ខ្ញុំបានដែរ។ អ្នកអាចយល់អំពីបញ្ហានេះ អ្នកអាចចាត់ទុកថាខ្ញុំជាមនុស្សអញ្ចេះ ខ្ញុំជាមនុស្សអញ្ចុះ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកត្រូវយល់ថា ការឈរនៅក្នុងតំណែងជានាយករដ្ឋមន្រ្ដីជិត ៣៣ ឆ្នាំ មិនមែនជាបញ្ហាលេងសើច។ ប៉ុល ពត ខ្លាំងផ្ដាច់ការ ប៉ុន្តែ ប៉ុល ពត បានតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ តែប៉ុណ្ណោះ សម្រាប់ខ្លួនខ្ញុំបានរួមចំណែកជិត ៤០ ឆ្នាំ រួចមកហើយ។
បើគិតចាប់ពីចាប់ផ្ដើមនៃការដែលធ្វើជាមេចលនាតស៊ូដឹកនាំវាយរបប ប៉ុល ពត គឺជាង ៤០ ឆ្នាំរួចមកហើយ ក៏ល្មមគ្រប់គ្រាន់ ដើម្បីនឹងផ្ដល់ការពិសោធន៍ខ្លះៗ មិនមែនគ្រាន់តែជាបញ្ហានាយទាហាននៅក្នុងស្រុកទេ ប៉ុន្តែសម្រាប់អស់លោកដែលតាំងខ្លួនជាបណ្ឌិត ឬតាំងខ្លួនជាសាស្រ្ដាចារ្យនេះ សាស្រ្ដាចារ្យនោះ ខ្ញុំអាចនឹងចែករំលែកបទពិសោធន៍សូម្បីតែនយោបាយឈ្នះឈ្នះ ខ្ញុំអាចនឹងបើកវគ្គបណ្ដុះបណ្ដាលអស់លោកអ្នកបាន។ ប្រសិនបើអស់លោកអ្នកចង់។ ហេតុអ្វីបានជា ហ៊ុន សែន មានលទ្ធភាពហៅទាំងប្រមុខរដ្ឋ នាយករដ្ឋមន្រ្ដី ប្រធានសភា និងគណៈរដ្ឋមន្រ្ដីខ្មែរក្រហមទាំងអស់មកចុះចូលដល់ផ្ទះ។ នេះមិនទាន់មានទេនៅលើលោកិយនេះ។ បើអ្នកមិនច្បាស់ អ្នកកុំចចេស ហើយក៏សុំកុំប្រមាថ ហើយអ្នកដែលប្រមាថ។
… ដូច លឺ ឡាយស្រេង និយាយអញ្ចឹង គាត់និយាយប៉ុន្មាននោះ តែឥឡូវគាត់ភ្លេចហើយ គាត់ថាបើនិយាយពីឆ្លាតលេខ ១ ស្រុកខែ្មរ អាហ្នឹងមួយម៉ាត់ ហើយបើនិយាយពីផ្លូវងងឹតមិនបាច់ទេអាហ្នឹង ចង់និយាយថាពីផ្លូវងងឹតគឺពូកែណាស់។ ខ្ញុំអត់ពូកែទេ តែអ្នកតាមថែរក្សាខ្ញុំពិតជាពូកែ ខ្ញុំអាចមានវិញ្ញាណទី ៦ ដែលអាចដឹងមុននូវសភាពការណ៍ខ្លះ។ អ្នកអាចយល់អំពីបញ្ហានេះ។ … អ្នកមិនអាចធ្វើបានតាមរបៀបខ្ញុំទេ ប៉ុន្តែប្រសិនបើអ្នកព្យាយាមចង់ដឹងខ្ញុំក៏អាចចែករំលែកឲ្យអ្នកអំពីរបៀបវិភាគ ហើយរបៀបវិភាគរបស់ខ្ញុំសាមញ្ញណាស់ តែ ៣ ចំណុចទេ ដែលធ្វើជាមូលដ្ឋានវិភាគតាំងពីដើមរហូតដល់ចប់ ទី ១ ទស្សនៈប្រវត្តិសាស្រ្ដ ទី ២ វិចារវិជ្ជា និងទី ៣ គឺ ឡូហ្ស៊ិក (Logic) គឺតែ ៣ ចំណុចហ្នឹងទេ។
ផ្នែកចារកម្មត្រូវមើលអាហ្នឹងឲ្យច្បាស់ បើចោលអាចំណុច ៣ ហ្នឹងមិនអាចវិភាគឃើញនោះទេ។ ចារកម្មបច្ចុប្បន្ន ចារកម្មថ្មើរជើង ទៅរកឃើញបន្ទាយនេះបន្ទាយនោះ ទាហានប៉ុននេះទាហានប៉ុននោះវាហួសសម័យទៅហើយ។ វាមិនចាំបាច់ទេ គ្រាន់តែបើកទូរស័ព្ទឡើងមើល Google Map គេឃើញទីតាំងទាហានខាងហ្នឹង បន្ទាយយ៉ាងម៉េចអីយ៉ាងម៉េចរួចស្រេចទៅហើយ។ ចារកម្មបច្ចុប្បន្ននេះ វាទៅឆ្ងាយពីនោះ រាប់ទាំងបញ្ហាការប៉ានប្រមាណយើងត្រឹមត្រូវ មិនមែនជាផ្នែកការវិភាគរបស់ផ្នែកចារកម្មទេ ក៏ប៉ុន្តែជាផ្នែកនៃក្រុមវិភាគរបស់ ហ៊ុន សែន ដែលនៅក្បែរខ្លួន ដែលខ្ញុំអាចនិយាយបានថាឈ្មោះ CAP។
ចារកម្មត្រូវក្លាយខ្លួនជាអង្គភាពវិភាគរាល់បញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច និងសង្គម
យើងបានព្យាករថានៅក្នុងចុងឆ្នាំ ២០១៧ និងចូលដល់ឆ្នាំ ២០១៨ នឹងមានការងើបឡើងនៃតម្លៃកសិផល និងតម្លៃស្រូវដោយសារមូលហេតុមួយចំនួន។ ក្នុងហ្នឹងក៏មានមូលហេតុដែលប្រទេសថៃ គឺជាប្រទេសដែលស្តុកស្រូវច្រើនជាងគេ ត្រូវបញ្ចេញស្រូវហ្នឹងអស់ជាច្រើន ជាមួយនឹងការបង្កបង្កើនផលមិនសូវបានល្អ។ ដូច្នេះប្រទេសមួយចំនួនក៏បានបញ្ចេញពីស្តុកអស់ច្រើន។ ដូច្នេះចំណុចនេះមិនមែនចារកម្មគ្រាន់តែវិភាគថា កម្លាំងនេះមានប៉ុណ្ណេះ អានេះមានអាវុធនេះ អានេះមានអាវុធនោះទេ។ ត្រូវក្លាយខ្លួនទៅជាអង្គភាពនៃការវិភាគបញ្ហា រាប់ទាំងបញ្ហាសេដ្ឋកិច្ចសង្គម និងសភាពការណ៍អន្ដរជាតិនានា ដែលខ្ញុំចង់ផ្ដល់ជាគំនិត ថ្ងៃក្រោយអាចប្រែក្លាយនូវអង្គភាពចារកម្មរបស់កងទ័ពបូកនឹងអង្គភាពចារកម្មដទៃទៀត ដែលអ្នកមិនដឹងវានៅតែមិនដឹង។ តែខ្ញុំសុំបង្ហើបថាខ្ញុំមាន CAP ដែលបង្កើតតាំងពីឆ្នាំ ១៩៩៧ មកដល់ពេលនេះមានរយៈពេល ២០ ឆ្នាំហើយនៃអង្គភាពមួយនេះ ដែលផ្ដល់នូវការវិភាគវាយតម្លៃគ្រប់ជ្រុងជ្រោយ។
ខ្ញុំគ្រាន់តែបញ្ជាក់អញ្ចេះ រឿងរ៉ាវទាក់ទិននឹងការបោះឆ្នោតនៅអាមេរិក អ្នកទាំងឡាយអាចយល់បានហើយ ៩៩ ភាគរយនៅស្រុកខ្មែរ វាយតម្លៃថាលោកជំទាវ Hillary Clinton ជាអ្នកឈ្នះ, ១ ភាគរយវាយតម្លៃថា Donald Trump ជាអ្នកឈ្នះ ក្នុង ១ ភាគរយគឺមានខ្ញុំ។ ខ្ញុំបាននិយាយ ២ ដងថា Donald Trump នឹងឈ្នះ រហូតដល់មេបក្សប្រឆាំងបាននិយាយថា សត្វដែលមានរោមដូចគ្នា វានៅក្នុងសំបុកជាមួយគ្នាបាន។ Donald Trump ផ្ដាច់ការដោយសារលុយ ឯ ហ៊ុន សែន ផ្ដាច់ការដោយសារលុយ និងអាវុធ។ ឯម្នាក់ទៀតក៏ឃើញទើបនឹងមានការវិភាគដែរ គេថាប្រសិនបើ Donald Trump ឈ្នះឆ្នោត គឺជាយុគសម័យនៃការរះឡើងនៃពួកអវិជ្ជា។ អញ្ចឹងទេបានជាខ្ញុំបាននិយាយថា ឥឡូវពួកអវិជ្ជាកំពុងត្រួតត្រានៅឯសេតវិមាន ត្រួតត្រាប្រទេសអាមេរិក ហើយគួរតែគេដើរចេញពីអាមេរិក អានេះអត់ហ៊ានដើរចេញផង ហើយគេនិយាយទៅឆ្កុយថាសិទ្ធិបញ្ចេញមតិមិនចាំបាច់ដើរចេញទេ។ អញ្ចឹងប្រសិនបើប្រធានាធិបតីមួយជាពួកអវិជ្ជាទៅហើយ ទៅនៅយ៉ាងម៉េច?
ការរត់ប្រណាំងសព្វាវុធនៅលើពិភពលោក ខ្លាំងជាងដំណាក់កាលសង្រ្គាមត្រជាក់
ពិភពលោកស្មុគស្មាញខ្លាំងណាស់។ ឥឡូវនេះការរត់ប្រណាំងសព្វាវុធនៅលើពិភពលោកវាខ្លាំងហួសក្នុងដំណាក់កាលសង្រ្គាមត្រជាក់ទៅទៀត។ សង្រ្គាមត្រជាក់ ការរត់ប្រណាំងនៅពេលនោះវាគ្រាន់តែមានត្រឹមតែអាមេរិក និងអតីតសហភាពសូវៀតតែប៉ុណ្ណោះ ហើយដែលទាំងសងខាងសុទ្ធតែរៀបចំនូវកំាជ្រួចជាពិសេសកំាជ្រួចនៅអឺរ៉ុបតែម្តង។ កិច្ចព្រមព្រៀង ហែលស៊ីនគី ឆ្នំា ១៩៧៩ ក៏បានផ្តល់អោយអ្នកទំាងពីរចរចាគ្នា បន្ទាប់ពីអតីតសហភាពសូវៀតក៏បានដួលរលំ ក៏ប៉ុន្តែរយៈពេលក្រោយនេះ វាមិនមែនគ្រាន់រត់ប្រណាំងរវាងអាមេរិក និងរុស្ស៊ីទៀតទេ។ តែឥឡូវនេះកូរ៉េខាងជើង អេរ៉ង់ និងប្រទេសដទៃទៀត សុទ្ធតែបង្កើនការផលិតអាវុធ។ កូរ៉េខាងត្បូង និងជប៉ុន ក៏សុទ្ធតែខិតខំបង្កើតសមិទ្ធផលយោធា និងបច្ចេកវិទ្យាយោធា។ មួយថ្ងៃៗមិនដឹងថាមានសមយុទ្ធប៉ុន្មាននៅលើពិភពលោក បង្ហាញអំពីសមត្ថភាពកម្លំាងរៀងៗខ្លួន …។
ប្រធានាធិបតី ដូណាល់ ត្រាំម៍ ទទួលស្គាល់ ហេ្សរ៉ូហ្សាលឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល
ប៉ុន្តែបញ្ហាថ្មីបំផុត គឺបញ្ហាអាមេរិក តាមរយៈប្រធានាធិបតី ដូណាល់ ត្រាំម៍ ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល នេះទើបជារឿងដែលទាមទារអោយការតាមដានបំផុត។ រឿងនេះធំណាស់។ មុននេះមានបញ្ហាកំាជ្រួចរបស់កូរ៉េខាងជើង មានបញ្ហាកំាជ្រួចរបស់អ៊ីរ៉ង់ ឬក៏មានបញ្ហាកំាជ្រួចរបស់ប្រទេសនេះ ប្រទេសនោះ តែចាប់ពីអាទិត្យមុនរហូតមកដល់ពេលនេះ ហាក់បីដូចជាបានបង្កើតឡើងនូវសភាពការណ៍ថ្មីមួយនៅលើពិភពលោក ដែលសភាពការណ៍នោះ វាមិនមែនតែកើតនៅមជ្ឈឹមបូព៌ាទេ វាបានរីករាលដាលស្ទើតែទូទំាងពិភពលោកតែម្តង ទៅលើនៃការបញ្ហាទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ មុននេះ Jerusalem មានការបន្តចរចាគ្នារវាងអ៊ីស្រាអែល និងប៉ាលេស្ទីន ហើយ តែលអាវីវ ទេ ដែលជារដ្ឋធានីរបស់អ៊ីស្រាអែល។ ឥឡូវ ការទទួលស្គាល់មួយនេះ បានក្លាយទៅជាចំណាប់អារម្មណ៍នៃបណ្តាប្រទេសទំាងអស់នៅលើពិភពលោក ហើយប្រទេសខ្លះក៏ចាប់ផ្តើមមានបាតុកម្ម។
ការផ្តំាផ្ញើ និងស្នើអោយមានការយកចិត្តទុក្ខដាក់ដល់កងទ័ពមួកខៀវកម្ពុជា
ខ្ញុំក៏សូមស្នើក្រសួងការពារជាតិ ក៏ដូចជាគណៈកម្មការនៃការបញ្ជូនកងទ័ពមួកខៀវទៅក្រៅប្រទេស អោយមានការប្រុងប្រយ័ត្នចំពោះកងទ័ពរបស់យើងដែលបានកំពុងឈរជើងនៅលីបង់។ ម្សិលមិញ មានការប៉ះទង្គិចរវាងបាតុករ ជាមួយនឹងមន្ត្រីនគបាលការពារស្ថានទូតអាមេរិក នៅឯក្រុងប៉ៃរួតរួចជាស្រេចទៅហើយ។ ជួនកាលអាចនឹងមានការសងសឹកភ្លាមៗរបស់អ៊ីស្រាអែល មកលើប៉ាលេស្ទីន ហើយក៏មកលើតំបន់មួយចំនួននៅក្នុងប្រទេសលីបង់ផងដែរ។ ខ្ញុំសុំស្នើអោយមានការយកចិត្តទុក្ខដាក់ តាមដាននូវការវិវឌ្ឍសភាពការណ៍នៅមជ្ឈឹមបូព៌ា ព្រោះយើងក៏មានកម្លំាងកំពុងឈរជើងនៅប្រទេសលីបង់ផងដែរ។
ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីផ្ញើជូនចំពោះនាយទាហាន ពលទាហានទំាងអស់ នៅកំពុងប្រតិបត្តិការណ៍ នៅលីបង់ នៅស៊ូដង់ ស៊ូដង់ខាងត្បូង នៅអាហ្រ្វិចកណ្តាល និងម៉ាលី។ សូមអោយបងប្អូនបន្តការងារនៅទីនោះអោយបានល្អ ហើយត្រូវគោរពនូវសិទ្ធិរបស់ម្ចាស់ផ្ទះ ត្រូវគោរពបម្រើប្រជាជនដែលនៅទីនោះ កុំធ្វើទង្វើណាដែលខុសនឹងច្បាប់ប្រទេសនោះ និងខុសនឹងបទបញ្ញត្តិដែលអង្គការសហប្រជាជាតិបានដាក់ចេញ។ យើងធ្លាប់បានជួបប្រទះនូវអ្វីដែលជាទង្វើរបស់អ៊ុនតាក់នៅកម្ពុជាហើយ មុនចាកចេញទៅប្រទេសស៊ូដង់ឆ្នំា ២០០៦ ខ្ញុំបានផ្តំាផ្ញើច្រើន។ ឥឡូវខ្ញុំបន្តផ្តំាផ្ញើទោះបីមិនមានរឿងអ្វីកើតឡើង កងទ័ពយើងក្លាយជាកងទ័ពគំរូ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានទៅចូលរួមប្រជុំនៅប្រទេសកាណាដា ពាក់ព័ន្ធជាមួយនឹងការចូលរួមថែរក្សាសន្តិភាពពិភពលោក …។
នៅក្នុងពេលប្រជុំរវាងអង្គការសហប្រជាជាតិ ជាមួយនឹងអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres បាននិយាយមកកាន់ខ្ញុំ នៅក្នុងសម័យប្រជុំថា គាត់បានចូលរួមគោរពវិញ្ញាណក្ខន្ធកងទ័ពរបស់យើងដែលពលីកម្មនៅអាហ្វ្រិចកណ្តាល។ ជាការឆ្លើយតប ខ្ញុំបានប្រាប់គាត់ថា កម្ពុជានឹងមិនរួញរាក្នុងការបញ្ជូនកម្លំាងបន្ថែម ទៅចូលរួមនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិទេ។ ខ្ញុំក៏ទើបនឹងសម្រេចទៅតាមសំណើររបស់សម្តេចពិជ័យសេនា ទៀ បាញ់ ទៅលើគម្រោងនៃបង្កើតប្រតិកម្មរហ័ស ទំាងវិស្វកម្ម និងកម្លំាងការពារបន្ថែមទៀត ដើម្បីផ្តល់នូវវិភាគទានកាន់តែច្រើន ជាមួយនឹងការថែរក្សាសន្តិភាពពិភពលោក។ ខ្ញុំក៏បានរំលឹកទៅដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ អោយយកចិត្តទុក្ខដាក់ ដើម្បីពង្រឹងសមត្ថភាពនាយទាហាន មេបញ្ជាការ និងនាយសេនាធិការ នៃកងទ័ពអង្គការសហប្រជាជាតិ ព្រោះនៅពេលដែលយើងមានឧបទ្ទវហេតុនៅម៉ាលី ឧបទ្ទវហេតុនៅអាហ្វ្រិចកណ្តាល ហាក់ដូចជាមានចំណុចខ្លះ ផ្តើមចេញពីការរៀបចំកម្លំាង ដូចថាមិនសុក្រឹត្យ។ ខ្វះការយកចិត្តទុកដាក់នៃកម្លំាងគាំទ្រ។
នៅក្នុងការឆ្លើយតប គាត់បានសន្យា ជាមួយនឹងការខិតខំបន្ថែមកម្លំាងនៅម៉ាលី … នៅពេលជួបដោយឡែកអគ្គលេខាធិការអង្គការសហប្រជាជាតិជាមួយខ្ញុំ គាត់ក៏បានរំលឹក និងសន្យារៀបចំបន្ថែមកម្លំាង ដើម្បីធានាសុវត្តិភាពនៃកម្លំាងរបស់អង្គការសហប្រជាជាតិ ទៅពីបណ្តាប្រទេសទំាងអស់ ដែលចូលរួមប្រតិបត្តិការណ៍រក្សាសន្តិភាពនៅម៉ាលី យើងត្រូវបន្តកិច្ចការងារនេះបន្តទៅទៀត។ កាលពីពេលមុនយើងទទួលមួកខៀវ តែពេលនេះយើងបញ្ចេញមួកខៀវ។ ចំណុចដែលនៅខ្វះរបស់យើងតែមួយទេ គឺទ័ពស្ត្រីតិចពេក ប៉ុន្តែមានប្រទេសខ្លះ គាត់ដាក់មនុស្សតែ ៦ នាក់ គាត់ដាក់ប្រុស ៣ គាត់ដាក់ស្រី ៣ អញ្ចឹងគេចាត់ទុកថា ប្រទេសនេះបញ្ជូនស្រីបានច្រើន បាន ៥០% ដល់អញ្ចឹងកម្ពុជាក៏ធ្វើបានដែរ សម្តេចពិជ័យសេនា ថ្ងៃក្រោយចំាត្រៀមធ្វើអញ្ចឹងទៅ យើងធ្វើអញ្ចេះ បើបញ្ជូនទៅ ២០ យើងដាក់ស្រី ១២ ប្រុសតែ ៨ បានហើយ បើគង់តែគិតអញ្ចឹងដែរ។
កន្លងទៅ យើងធ្វើច្រើន យើងបញ្ជូនទៅច្រើន ប៉ុន្តែយើងមិនអាចអោយស្រីទៅលើសចំនួនប្រុសទេ ដោយសារតែស្ថានភាពនោះវាដូច្នោះ ប៉ុន្តែបើយើងគិតជាអង្គភាពវិញ ដូចជាមន្ទីរពេទ្យនៅស៊ូដង់ បើយកតែមន្ទីរពេទ្យមកគិត ស្រីច្រើនជាងប្រុសបាត់ហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនដណ្ដើមយកពិន្ទុស្រីច្រើន ប្រុសច្រើននោះទេ សំខាន់បំផុត គឺយើងរួមចំណែកបំពេញនូវកាតព្វកិច្ចជាអន្តរជាតិ ក្នុងឋានៈជាកងទ័ពចេញពីប្រទេសដែលមានឯករាជ្យអធិបតេយ្យភាព និងជាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។ រដ្ឋធម្មនុញ្ញរបស់យើងអនុញ្ញាតអោយបញ្ជូនកម្លាំងចេញតែក្រោមឆ័ត្រអង្គការសហប្រជាជាតិប៉ុណ្ណោះ។ ខ្ញុំធ្លាប់បានទទួលសំណើពីប្រទេសខ្លះដែលខ្ញុំមិនចាំបាច់បញ្ចេញឈ្មោះទេ អោយបញ្ជូនកម្លាំង។ ដំបូងសុំថា មួយកងអនុសេនាតូច បន្ទាប់ទៅថា បញ្ជូនជានិមិត្តរូបនៃកម្លាំងគ្រូពេទ្យ។ បានខ្ញុំបដិសេធថា អត់ទេ គ្មានឆ័ត្រអង្គការសហប្រជាជាតិ ខ្ញុំធ្វើទៅវាខុសនឹងរដ្ឋធម្មនុញ្ញកម្ពុជា។
បង្កើតសាលាហ្វឹកហ្វឺនចារកម្មខ្លួនឯង ដើម្បីចៀសវាងការបែកធ្លាយអត្តសញ្ញាណរបស់អ្នកធ្វើចារកម្ម
ទាក់ទងជាមួយនឹងចារកម្ម ខ្ញុំហាក់ដូចជាមានការស្ទាក់ស្ទើរជាមួយនឹងការចែករំលែក … ខ្ញុំមិនបង្រៀនត្រីអោយចេះហែលទឹកទេ ព្រោះត្រីវាចេះហែលទឹកស្រាប់ហើយ។ ប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ គឺខ្ញុំមិនចង់អោយចារកម្មត្រឹមតែជាអ្នកផ្ដល់ព័ត៌មាននោះទេ។ ចារកម្មក៏ត្រូវមានជម្រើស ដើម្បីយកមកវិភាគព័ត៌មានដែលចេញមកមានលក្ខណៈជាការបំភាន់ ព័ត៌មានចេញជាការបំផ្លើស ឬក៏ព័ត៌មានដែលទាក់ទិននឹងរឿងមិនពិត មិនគួរត្រូវបានយកមកធ្វើការ គេហៅថា នាំធ្ងន់ នាំពិបាកមើល។ យើងត្រូវមានការវិភាគ វាយតម្លៃអោយបានត្រឹមត្រូវ។
ត្រឹមត្រូវហើយ កន្លែងណាក៏មានអង្គភាពស៊ើបការណ៍។ ពាក្យ ស៊ើបការណ៍ បន្ទាប់ទៅគឺពាក្យ ចារកម្ម ប៉ុន្តែការធ្វើចារកម្មរបស់យើងនៅពេលនេះ ក៏ត្រូវធ្វើភារកិច្ចចារកម្មប្រឆាំងនឹងចារកម្មដែរ។ ចំណុចនេះ កាន់តែសំខាន់។ ដូច្នេះហើយ បានជាខ្ញុំគាំទ្រអោយមានសាលាហ្វឹកហ្វឺនចារកម្មនៅក្នុងប្រទេស តាមរយៈចងក្រងនូវបទពិសោធន៍ទាំងអស់ដែលយើងមាន មិនមែនត្រឹមតែក្នុងកងទ័ពទេ ទាំងក្នុងនគរបាល និងអាវុធហត្ថ ដែលមានបទពិសោធន៍ទាំងប៉ុន្មាន ត្រូវចងក្រងប្រមូលផ្ដុំ ហើយបង្កើតនូវការហ្វឹកហ្វឺនដោយឡែករបស់ចារកម្មកម្ពុជា។ ច្រើនណាស់កិច្ចការចារកម្មដែលត្រូវធ្វើ។ ចារកម្មថ្មើរជើង ចារកម្មតាមរបៀបច្រើនប្រភេទ យើងត្រូវមាន។ យើងនៅតែបន្តបញ្ជូនទៅដកពិសោធន៍ ប៉ុន្តែការបញ្ជូនទៅរៀន វាអត់ខុសអីពីក្លាយទៅជាមុខសញ្ញានោះទេ។ គេឃើញតែមុខមនុស្សហ្នឹង អាហ្នឹងកូនសិស្សទាហាន កូនសិស្សចារកម្មតើ។ អញ្ចឹងទេ អានេះមកស្រុកអញ មកធ្វើចារកម្មបណ្ដោយ។
ខ្ញុំមិនចង់អោយទៅសិក្សា(ក្រៅប្រទេស) ដកបទពិសោធន៍បានអាហ្នឹងមេ ប៉ុន្តែទៅក្នុងក្របខណ្ឌជាទាហានសិក្សាពីចារកម្ម មិនគួរទេ ត្រូវហ្វឹកហ្វឺននៅសាលាខ្លួនឯង។ បើមិនដូច្នោះ ចារកម្មនេះ អាចត្រូវគេទិញទុករួចស្រេចទៅហើយ។ បញ្ជូនត្រឡប់មកប្រទេសវិញ ធ្វើចារកម្មអោយគេទេតើ មិនមែនធ្វើចារកម្មអោយប្រទេសខ្លួនឯងឯណា។ មួយទៀត គឺគេស្គាល់មុខសញ្ញានេះបាត់ទៅហើយ ប្រសិនបើមានបញ្ហាអ្វីកើតឡើង។ រឿងនេះលំបាក។ អញ្ចឹងទេ បានជាខ្ញុំគាំទ្រអោយមានសាលាចារកម្មនៅក្នុងប្រទេសរបស់យើង ហើយយើងក៏អាចធ្វើហើយ គ្រាន់តែយើងធ្វើមិនទាន់ដល់។ ឥឡូវល្មមដល់ពេលដែលត្រូវម្ចាស់ការសម្រាប់ខ្លួនយើងហើយ។ បូកសរុបទៅ បទពិសោធន៍នានា ហើយបទពិសោធន៍ដែលយើងយកពីប្រទេសនានាមក ចងក្រងរៀបចំជាសៀវភៅដោយឡែក ជាមេរៀនដោយឡែកសម្រាប់ចារកម្មរបស់កម្ពុជា មិនមែនគ្រាន់តែបម្រើអោយវិស័យយោធាទេ ក៏ប៉ុន្តែវិស័យនយោបាយ ការទូត និងវិស័យសេដ្ឋកិច្ច ក៏ត្រូវទៅព្រមជាមួយគ្នាដែរ។
សង្ឃឹមថា សាលារបស់យើងនេះ នឹងក្លាយទៅជាសាលាខ្នាតសម្រាប់ទូទាំងប្រទេស ដែលយកមកបណ្ដុះបណ្ដាលទៅទីនេះ និងអាចបញ្ជូនពីអាវុធហត្ថ និងពីនគរបាល មកហ្វឹកហ្វាត់នៅទីនេះបន្ថែមទៀត។ ហេដ្ឋារចនាសម័្ពន្ធនៅទីនេះ ក៏ត្រូវតែពង្រីកជាបន្តទៀត ដើម្បីបម្រើអោយនាយទាហានចារកម្មរបស់យើង។ ឯចារកម្មខ្លះ ក៏មិនមានតម្រូវការមកស្គាល់គ្នានៅកន្លែងនេះទេ។ ការប្រើចារកម្មដែលស្គាល់បណ្ដាញច្រើន គឺជាគ្រោះថ្នាក់។ ក៏សុំផ្ដាំ ព្រោះក្នុងឋានៈជានាយទាហាននៃកងអង្គភាពពិសេស ឬហៅថា ស៊ើបការណ៍កាលពីអតីតកាល ខ្ញុំស្គាល់រសជាតិនៃវិធីសាស្រ្តការធ្វើការងារទាក់ទងនឹងស៊ើបការណ៍កាលពីពេលនោះ ហើយទាក់ទងនឹងការស្រាវជ្រាវទាំងឡាយកាលពីជំនាន់នោះ។ បន្តមកទៀត ក្នុងឋានៈជាមេដឹកនាំ យើងមិនអាចគ្មានព័ត៌មានដើម្បីនឹងវិភាគ និងវាយតម្លៃសភាពការណ៍ទេ។ ខ្វះព័ត៌មានយើងមិនអាចសម្រេចចិត្តបានត្រឹមត្រូវទេ។ ព័ត៌មានអោយខុស ក៏មិនអាចសម្រេចចិត្តត្រូវបានដែរ។ ឯអ្នកដែលទទួលព័ត៌មាន ក៏ត្រូវតែយល់ថា ព័ត៌មានណាដែលវាត្រូវ ព័ត៌មានណាដែលវាខុស។ មិនមែនគ្រប់តែព័ត៌មានវាត្រូវទាំងអស់នោះទេ។ ប៉ុន្តែយើងក៏ត្រូវមើលអោយឃើញអំពីចំណុចខ្លះ ដែលវាទាក់ទងជាមួយនឹងចង្កោមបញ្ហារបស់វា ដែលខ្ញុំបានលើកអម្បាញ់មិញ។
គោលការណ៍ ៣ ចំណុច ជាយុទ្ធសាស្រ្តនៃការវិភាគ
ទស្សនៈប្រវត្តិសាស្រ្ត វិចារវិជ្ជា និងឡូហ្ស៊ិក បីនេះជាមូលដ្ឋាន ខ្ញុំប្រាប់អោយអស់ សម្រាប់លោកអ្នកវិភាគ ជាបណ្ឌិត ជាស្អីៗ ខ្ញុំប្រាប់អោយអស់ ពីដើមដល់ចប់ ខ្ញុំប្រើវិធីសាស្រ្ត ៣ នេះ សម្រាប់ការវិភាគនៃសភាពការណ៍ទាំងឡាយ។ យើងបានវាយតម្លៃ ជាទូទៅយើងវាយតម្លៃត្រូវ ហើយយើងតែងតែចាប់យកជំហានត្រៀមទុកជាមុន ដើម្បីបញ្ចៀសនូវអ្វីដែលវាត្រូវកើត។ ប្រសិនបើវាកើត យើងក៏មិនបាត់ម្ចាស់ការនោះដែរ។
បង្កើតសាលាហ្វឹកហ្វឺនចារកម្មខ្លួនឯង ដើម្បីចៀសវាងការបែកធ្លាយអត្តសញ្ញាណរបស់អ្នកធ្វើចារកម្ម
ចំណុចទាំងនេះ ខ្ញុំមិននិយាយច្រើនហួសហេតុពេក ដោយសារវាជាចំណុចរសើបណាស់។ ជួនកាល យើងរស់នៅជាមួយចារកម្ម យើងមិនស្គាល់ចារកម្មគេទៀតផង។ ជួនកាល គេនៅជាមួយចារកម្មរបស់យើង គ្រប់ម៉ោងគ្រប់ពេល ក៏មិនបានដឹងថា នោះជាចារកម្មរបស់យើងដែរ។ ចុះឡើងៗ គេទៅជេរ (ហ្វេសប៊ុកឈ្មោះ) សីហា។ តិចៗ បែកធ្លាយពី សីហា។ មានអ្នកជេរឪពុក សីហា ទៀត។ បានសេចក្ដីថា អ្នកកំពុងរស់នៅជាមួយនឹងចារកម្មហ្នឹង។ សីហា វាដឹង។ សីហា ដឹងតាមរយៈអ្នកចារកម្មនៅក្បែរពួកលោកឯងហ្នឹងតើ …។
ពួកចង្រៃ
ប៉ុន្តែរឿងមួយខ្ញុំផ្ដាំ ២ លើករួចហើយ ប្រយ័ត្នខ្ញុំធ្វើអោយក្លាយទៅជាការពិត ហើយការពិតតែ ២ ម៉ោងទេ។ ថ្ងៃមួយនោះ “សុំចូលរួមមរណទុក្ខផង ដោយលោក ហ៊ុន សែន ទើបនឹងស្លាប់អម្បាញ់មិញដោយធ្លាក់យន្តហោះ ក្នុងពេលធ្វើដំណើរទៅវៀតណាម” អាហ្នឹងមួយទៅ។ មួយទៀត “លោក ហ៊ុន សែន ត្រូវបានធ្វើឃាតនៅម៉ោង ៥ ភ្លឺ ឥឡូវនេះ កំពុងមានការផ្ទុះអាវុធនៅឯបន្ទាយទួលក្រសាំង”។ ឥឡូវអស់លោកគិតមើល អ្នកណាងាប់? ប្រសិនបើរឿងហ្នឹងវាកើតមែនពិត ពេលនោះ មិនមានរាជរដ្ឋាភិបាលទេ អវត្តមាននាយករដ្ឋមន្រ្តី គណៈរដ្ឋមន្រ្តីមួយត្រូវរៀបចំឡើងវិញ។ អស់លោកត្រូវគិតថា នៅក្នុងរយៈពេលនោះ គឺជារយៈពេលដែលអស់លោកត្រូវងាប់ហើយ។ មុខសញ្ញាទាំងឡាយដែលគេគូសទុករួចហើយហ្នឹង ត្រូវងាប់តែម្ដង។ ត្រូវប្រយ័ត្នត្រង់កន្លែងហ្នឹង ប្រយ័ត្នខ្ញុំធ្វើងាប់មែន។ តែ ២ ម៉ោង។ ទុកអោយវាចេញ។ ខ្មោចរស់ឡើងវិញ។ អាអ្នករស់បន្តការងារ។ អាអ្នកងាប់យកទៅកប់។ តែប៉ុណ្ណឹងវាចប់បាត់។ លោកឯងប្រយ័ត្ន កុំលេងបង្ហោះហ្វេសប៊ុកតាមរបៀបហ្នឹង។ ពួកហ្នឹង ជាពួកណា? គឺពួកចង្រៃដែលកាត់ក្បាល រំលាយខ្លួននេះឯង។ ឥឡូវអំពាវនាវអោយកម្លាំងប្រដាប់អាវុធបះបោរ។ អាហ្នឹងកាន់តែមានមូលហេតុ … យើងធ្វើត្រូវហើយ យើងកាត់ក្បាល យើងរំលាយដងខ្លួនវា គឺត្រឹមត្រូវហើយ បើទុកវា សង្រ្គាមនឹងផ្ទុះនៅក្នុងប្រទេសកម្ពុជា …។
អរគុណចំពោះការចូលរួមនូវថវិកា / ខឿនការពារជាតិរបស់ប្រជាជន
សាជាថ្មីម្ដងទៀត អរគុណចំពោះការចូលរួមនូវថវិកាសម្រាប់ការសាងសង់ពីសំណាក់សប្បុរសជននានា។ ថ្ងៃហ្នឹងដូចជាមានសប្បុរសជនមួយចំនួនចូលហើយបណ្ដើរៗ។ អញ្ចឹងទេ ជួយទៅ នេះអ្នករកស៊ីទាំងឡាយ រកស៊ីបាន រកស៊ីមានបាន ក៏ដោយសារកម្លាំងហ្នឹង។ ពេលបុណ្យ ពេលទាន គ្នាអត់បានដេកទេ អត់បានទៅជួបប្រពន្ធកូនទេ។ ពេលចូលឆ្នាំថ្មីគ្រឹប យើងនាំគ្នារាំលេងសប្បាយ ទាហាន ប៉ូលីស ប៉េអឹម នាំគ្នាយាម ដើម្បីអោយយើងសប្បាយ។ សូម្បីតែទៅទទួលទេវតា(ឆ្នាំថ្មី)ជាមួយប្រពន្ធ ក៏អត់ផង។ អញ្ចឹងទេ ខ្ញុំប្រើពាក្យថា ខឿនការពារជាតិរបស់ប្រជាជន។ ពេលដែលកសាងបន្ទាយនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ ពេលនោះ ចលនាពីសប្បុរសជនបានចូលរួមកសាងផ្ទះរាប់ពាន់ខ្នងឯណោះ។ ពេលត្រូវកសាងនូវបន្ទាយកងទ័ពនៅកងពល ១២៨ ក៏មានការចូលរួមពីសប្បុរសជន ដើម្បីកសាងនូវទីតាំងកងទ័ពហ្នឹងទៀត។
រឿងនេះ ជារឿងទាំងអស់គ្នា។ អស្ថេរភាពនឹងនាំទៅដល់បាត់បង់ទាំងអស់ អ្នករកស៊ីទាំងឡាយគឺខ្ទេចខ្ទាំអស់។ ប៉ុន្តែដោយសារតែយើងមានការរួបរួមគ្នាបែបនេះហើយ បានជាបដិវត្តន៍ពណ៌ត្រូវបរាជ័យ។ ខ្ញុំនៅតែនិយាយថា បើយើងពិនិត្យពីទំហំខូចខាតនៃអ្នកធ្វើបដិវត្តន៍ពណ៌បំផ្លាញប្រទេសមួយ និងពួកភេរវកម្មវាយប្រទេសមួយ វាយកន្លែងមួយ ពួកធ្វើបដិវត្តន៍ពណ៌កម្រិតបំផ្លាញធំជាង យើងពិនិត្យមើលទៅ។ ដូច្នេះ អ្នកដែលធ្វើបដិវត្តន៍ពណ៌តាមរយៈការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង មិនគោរពឯករាជ្យ អធិតេយ្យភាពទៅលើប្រទេសដទៃ គួរតែត្រូវបានបញ្ឈប់ហើយ បញ្ចប់វាទៅ ហើយធ្វើការជាមួយគ្នា ក្នុងស្មារតីស្ថាបនា ចាប់យកនូវកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ជាការល្អជាង។ ជៀសវាងនូវដៃម្ខាងសហការប្រឆាំងភេរវកម្ម ដៃម្ខាងផ្ដួលរំលំ។ រឿងនេះវាមិនអាចកើតទៅរួមទេ ហើយវាមិនអាចនឹងកើតនូវការស្មោះត្រង់ណាមួយជាមួយគ្នាបានដែរ។
ខ្ញុំព្រះករុណាខ្ញុំ សុំនិយាយត្រឹមហ្នឹងចុះ។ សង្ឃឹមថា សង្កថាដែលខ្ញុំឥតព្រៀងទុក ហើយមកនិយាយនៅទីនេះ គឺវានឹងផ្ដល់នូវការដាស់តឿនមួយ។ ជាពិសេស ស្ថិតនៅក្នុងក្របខណ្ឌនៃបញ្ហាខឿនការពារជាតិរបស់ប្រជាជន ព្រមទាំងឧបករណ៍របស់រដ្ឋ ដែលមិនត្រូវអព្យាក្រឹត្យរវាងម្ខាងរដ្ឋ និងបក្សនយោបាយ ប៉ុន្តែត្រូវអព្យាក្រឹត្យរវាងបក្សនយោបាយ និងបក្សនយោបាយ។ យើងត្រូវធ្វើភារកិច្ចប្រយុទ្ធប្រឆាំងជាមួយនឹងភេរវកម្ម ហើយទុកការខុសគ្នាអន្លើ ប៉ុន្តែចាប់យកនូវកិច្ចសហប្រតិបត្តិក្នុងការចែករំលែកព័ត៌មាន និងសហការ ដើម្បីប្រឆាំងភេរវកម្ម ដែលជាពួកបិសាចដ៏មានគ្រោះថ្នាក់។
យើងត្រូវកសាងនូវកម្លាំងប្រដាប់អាវុធមួយដែលរឹងមាំ សម្រាប់ប្រទេសរបស់យើង។ យើងក៏ត្រូវបន្តចូលរួម កិច្ចការជាអន្តរជាតិ ដោយបញ្ជូនកម្លាំងកាន់តែច្រើន ទៅចូលរួមប្រតិបត្តិការរក្សាសន្ដិភាពនៅតាមទីកន្លែង ដែលអង្គការសហប្រជាជាតិត្រូវការ ហើយយើងយល់ឃើញថា អាចបញ្ជូនទៅបាន។
ជាមួយនឹងការប្រកាសសម្ពោធដាក់អោយប្រើប្រាស់នូវអគារហ្វឹកហ្វឺនជំនាញចារកម្ម និងការបើកការដ្ឋានសាងសង់អគារសាលប្រជុំថ្មីរបស់អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ។ ជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពល
ៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ និងអរព្រះគុណ៕