ដកស្រង់ប្រសាសន៍ ពិធីអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី បាទី និងជួបសំណេះសំណាលជាមួយនឹងកសិករនៅខេត្តព្រៃវែង
អរគុណឯកឧត្ដម វ៉េង សាខុន ដែលបានធ្វើរបាយការណ៍។ មុននឹងខ្ញុំនិយាយ គឺខ្ញុំចង់អញ្ជើញអ្នកដែលចិញ្ចឹមត្រីមួយរូប និងអ្នកដែលចិញ្ចឹមកង្កែបមួយរូប។ ឱ្យមកខាងលើបន្តិច តើមានទេ? ឥឡូវ សុំថា អ្នកណាដែលបានវោហាបន្តិច។ មិនវោហាក៏បានដែរ ឱ្យតែបានមកឆ្លងឆ្លើយគ្នា … សំណួររបស់ខ្ញុំគឺចាប់ផ្ដើមពីថា តើអី្វទៅជាចំណុចងាយស្រួល អ្វីទៅជាចំណុចលំបាក ហើយតើមានសំណូមពរអ្វី? ឥឡូវសូមឱ្យអ្នកចិញ្ចឹមត្រីនិយាយមុន។ អ្នកចិញ្ចឹមត្រី៖ ចំណុចងាយស្រួល នៃការចិញ្ចឹមត្រី គឺទីមួយ មានជំនាញបច្ចេកទេស ជួយដល់កសិករ ដែលកាលពីមុនធ្លាប់តែចិញ្ចឹមតាមរបៀបធម្មជាតិ។ ឥឡូវនេះ មានខាងមន្រ្តីរបស់មន្ទីរកសិកម្ម ក៏ដូចជាខាងរដ្ឋបាលព្រៃវែងហ្នឹងចុះមកជួយដល់កសិករ។ ឥឡូវ ចិញ្ចឹមតាមបែបពាណិជ្ជកម្មវិញ គឺថាមានការប្រើប្រាស់ថ្នាំ មានការឱ្យចំណីតាមលក្ខណៈបច្ចេកទេស ធ្វើឱ្យមានការរីកចម្រើន។ ចង់និយាយថា កាលពីមុនចិញ្ចឹមបែបលក្ខណៈគ្រួសារ តែឥឡូវជាលក្ខណៈពាណិជ្ជកម្មវិញ។ ចុះចំណុចលំបាកនោះវាស្អី? អ្នកចិញ្ចឹមត្រី៖ ចំណុចដែលលំបាកនោះ ត្រង់ថា ទីមួយទីផ្សាររាងចង្អៀតបន្តិច។ បានហើយ តែលំបាកលក់។ ដូចថាដល់ថ្ងៃលក់ហើយ ត្រូវរង់ចាំ ២ ទៅ ៣ ខែ ទើបឈ្មួញមកចាប់ ហើយតម្លៃក៏រាងធ្លាក់ចុះបន្តិច។ អញ្ចឹងធ្វើឱ្យលំបាកនៃការចំណេញ។ យើងយកទៅលក់ៗនៅឯណា?…