ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីស្ថានភាពកូវីដ-១៩ នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌ

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! បន្ទាប់ពីភ្ជុំបិណ្ឌ ហើយនៅពេលដែលប្រជាពលរដ្ឋរបស់យើងដើរលេងនៅច្រើនកន្លែង យើងបានសង្កេតឃើញថា ចំនួនឆ្លងគឺពុំមានការកើនឡើងនោះទេ។ ផ្ទុយទៅវិញ ចំនួនឆ្លងគឺមានការថយចុះ ឯចំនួនស្លាប់ឃើញមានចំនួនថេរ ហើយក៏មាននិន្នាការថយចុះផងដែរ​​​។ ចំណុចទាំងនេះគឺជាចំណុចសាកល្បងដ៏ធំ ដូចដែលខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេន និងជម្រាបជូនចំពោះបងប្អូនជនរួមជាតិ អំពីការសាកល្បងរបស់យើងដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។ ទោះបីជាជំងឺឆ្លងបានធ្លាក់ចុះ ការស្លាប់ក៏មិនមានការកើន ហើយមាននិន្នាការថយចុះ ក៏ប៉ុន្តែហានិភ័យក៏នៅតែមានខ្ពស់នៅឡើយ ដូច្នេះការសម្របខ្លួនរៀនរស់នៅជាមួយ កូវីដ-១៩ គឺជាដំណើរជៀសវាងមិនបាន ព្រោះយើងមិនអាចដឹងបានថា កូវីដ-១៩ ត្រូវចប់នៅពេលណា។ ការចាក់វ៉ាក់សាំងរបស់យើងបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដែលមកដល់ពេលនេះប្រជាជន ១៣ លាន ៦ សែននាក់ជាង ត្រូវបានចាក់ ដែលគិតជាអត្រាគ្របដណ្ដប់មានរហូតទៅដល់ជាង ៨៥% នៃចំនួនប្រជាជន ដែលធ្វើឱ្យអ្នកឆ្លងរបស់យើងមួយចំនួនមិននាំទៅរកភាពធ្ងន់ធ្ងរនោះទេ។ អ្នកដែលបានទទួលមរណភាពដោយសារ កូវីដ-១៩ ភាគច្រើនយើងបានសង្កេតឃើញថា ភាគច្រើនជាអ្នកដែលមានជំងឺធ្ងន់កាលពីពេលមុន ហើយដែលពួកគាត់មកដល់មន្ទីរពេទ្យគឺចាប់ផ្ដើមមានបញ្ហាធ្ងន់ធ្ងរ។ ស្ថានភាពទាំងអស់នេះគឺយើងអាចនិយាយបានថា វ៉ាក់សាំងគឺជាគ្រឹះការពារដ៏រឹងមាំសម្រាប់ការពារអាយុជីវិតរបស់ប្រជាជនយើង កាត់បន្ថយការឆ្លង ហើយប្រសិនបើមានការឆ្លងហើយក៏មិននាំទៅដល់គ្រោះថ្នាក់។ ឥឡូវនេះបន្ទាប់ពីការចាក់ដូសទី ២ ដល់ពេលវេលាដែលត្រូវចាក់ដូសទី ៣ ទៅតាមតំបន់ ទៅតាមទីកន្លែងដែលបានចាក់មុនចាក់ក្រោយ ហើយកំពុងធ្វើយុទ្ធនាការនៅក្នុងទីក្រុងភ្នំពេញ ដែលការចាក់នេះត្រូវប្រើរយៈពេលពីដូសទី២ ទៅដូសទៅ៣ក្នុងរង្វង់ ៤-៦ ខែ។ វាជាគុណបុណ្យរបស់យើង ដែលយើងបានមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ជូនប្រជាពលរដ្ឋរបស់យើង តាមរយៈជំនួយពីប្រទេសជាមិត្តពិសេស…