បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់!
បន្ទាប់ពីភ្ជុំបិណ្ឌ ហើយនៅពេលដែលប្រជាពលរដ្ឋរបស់យើងដើរលេងនៅច្រើនកន្លែង យើងបានសង្កេតឃើញថា ចំនួនឆ្លងគឺពុំមានការកើនឡើងនោះទេ។ ផ្ទុយទៅវិញ ចំនួនឆ្លងគឺមានការថយចុះ ឯចំនួនស្លាប់ឃើញមានចំនួនថេរ ហើយក៏មាននិន្នាការថយចុះផងដែរ។ ចំណុចទាំងនេះគឺជាចំណុចសាកល្បងដ៏ធំ ដូចដែលខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេន និងជម្រាបជូនចំពោះបងប្អូនជនរួមជាតិ អំពីការសាកល្បងរបស់យើងដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។ ទោះបីជាជំងឺឆ្លងបានធ្លាក់ចុះ ការស្លាប់ក៏មិនមានការកើន ហើយមាននិន្នាការថយចុះ ក៏ប៉ុន្តែហានិភ័យក៏នៅតែមានខ្ពស់នៅឡើយ ដូច្នេះការសម្របខ្លួនរៀនរស់នៅជាមួយ កូវីដ-១៩ គឺជាដំណើរជៀសវាងមិនបាន ព្រោះយើងមិនអាចដឹងបានថា កូវីដ-១៩ ត្រូវចប់នៅពេលណា។
ការចាក់វ៉ាក់សាំងរបស់យើងបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដែលមកដល់ពេលនេះប្រជាជន ១៣ លាន ៦ សែននាក់ជាង ត្រូវបានចាក់ ដែលគិតជាអត្រាគ្របដណ្ដប់មានរហូតទៅដល់ជាង ៨៥% នៃចំនួនប្រជាជន ដែលធ្វើឱ្យអ្នកឆ្លងរបស់យើងមួយចំនួនមិននាំទៅរកភាពធ្ងន់ធ្ងរនោះទេ។ អ្នកដែលបានទទួលមរណភាពដោយសារ កូវីដ-១៩ ភាគច្រើនយើងបានសង្កេតឃើញថា ភាគច្រើនជាអ្នកដែលមានជំងឺធ្ងន់កាលពីពេលមុន ហើយដែលពួកគាត់មកដល់មន្ទីរពេទ្យគឺចាប់ផ្ដើមមានបញ្ហាធ្ងន់ធ្ងរ។ ស្ថានភាពទាំងអស់នេះគឺយើងអាចនិយាយបានថា វ៉ាក់សាំងគឺជាគ្រឹះការពារដ៏រឹងមាំសម្រាប់ការពារអាយុជីវិតរបស់ប្រជាជនយើង កាត់បន្ថយការឆ្លង ហើយប្រសិនបើមានការឆ្លងហើយក៏មិននាំទៅដល់គ្រោះថ្នាក់។ ឥឡូវនេះបន្ទាប់ពីការចាក់ដូសទី ២ ដល់ពេលវេលាដែលត្រូវចាក់ដូសទី ៣ ទៅតាមតំបន់ ទៅតាមទីកន្លែងដែលបានចាក់មុនចាក់ក្រោយ ហើយកំពុងធ្វើយុទ្ធនាការនៅក្នុងទីក្រុងភ្នំពេញ ដែលការចាក់នេះត្រូវប្រើរយៈពេលពីដូសទី២ ទៅដូសទៅ៣ក្នុងរង្វង់ ៤-៦ ខែ។
វាជាគុណបុណ្យរបស់យើង ដែលយើងបានមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ជូនប្រជាពលរដ្ឋរបស់យើង តាមរយៈជំនួយពីប្រទេសជាមិត្តពិសេស គឺសាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និង COVAX យើងក៏បានទិញដោយខ្លួនឯងនូវចំនួនច្រើន ដែលរហូតមកដល់ពេលនេះយើងទទួល(បាន)ចំនួន ៣៨ លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើងនៅសេសសល់។ ប្រជាជនមួយចំនួនទៀតដែលយើងបានសង្កេតឃើញថា អត្រាស្លាប់ម្សិលមិញនេះមានចំនួន ១២ នាក់ ក្នុង ១២ នាក់(ដែលស្លាប់)នេះមាន ៨ នាក់ រួចទៅហើយដែលមិនបានចាក់វ៉ាក់សាំង។ ជាទូទៅចំនួនអ្នកដែលទទួលមរណភាពដោយសារមិនបានចាក់វ៉ាក់សាំងនេះ គឺជាចំនួនដ៏ធំ ហើយអ្នកដែលមិនបានចាក់វ៉ាក់សាំងមានមូលហេតុខុសៗគ្នា ដែលខ្ញុំសូមស្នើសម្រាប់ក្រុមគ្រូពេទ្យរបស់យើង អាជ្ញាធរ ក៏ដូចជាពលរដ្ឋរបស់យើងគឺខិតខំដើម្បីទទួលបាននូវវ៉ាក់សាំង។ ហើយទោះបីជាបិទបញ្ចប់នូវការចាក់វ៉ាក់សាំង នៅតាមខេត្តមួយចំនួនរួចហើយក៏ដោយ ក៏ប៉ុន្តែយើងទុកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង។ យើងអាចមានកម្មវិធីដើម្បីទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមភូមិតាមផ្ទះតែម្ដង ក្នុងករណីដែលប្រជាពលរដ្ឋរបស់យើងមិនអាចធ្វើដំណើរមកកាន់ទីកន្លែងចាក់វ៉ាក់សាំងបាន។ នេះសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រូពេទ្យរបស់យើងយកចិត្តទុកដាក់សម្រាប់ការអនុវត្តនៅឯមូលដ្ឋាន។
ចំណែកឯការព្យាបាលទៀតសោត យើងបានសង្កេតឃើញថា កន្លងទៅនេះគឺមានការបញ្ជូនអ្នកជំងឺយ៉ាងច្រើនមកកាន់ទីក្រុងភ្នំពេញ ក្នុងពេលដែលរាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពព្យាបាលនៅតាមខេត្ត និង នៅតាមភូមិភាគ ដែលអាចឆ្លើយតបបានជាមួយនឹងការព្យាបាលសម្រាប់ជំងឺ COVID-19 ដែលបានកើតចំពោះប្រជាពលរដ្ឋយើងនៅតាមខេត្ត។ ការរៀបចំពង្រឹងសមត្ថភាពនៅតាមខេត្តនេះ គឺបានធ្វើឡើងយូរ ក្រែលមកហើយ ហើយក៏បានឆ្លើយតបជាមួយនឹងការដោះស្រាយបញ្ហានៅតាមបណ្តាខេត្ត។ ប៉ុន្តែជាទម្លាប់ធម្មតារបស់ប្រជាពលរដ្ឋរបស់យើង មិនទាន់ទុកចិត្តទាំងស្រុងទៅលើមន្ទីរពេទ្យខេត្តនោះទេ ទើបបានជាប្រជាពលរដ្ឋរបស់យើងទើបបានបញ្ជូនក្រុមគ្រួសារ ឪពុក ម្តាយ ញាតិមិត្ត មកកាន់ទីក្រុងភ្នំពេញ ដើម្បីទទួលបាននូវការព្យាបាល។ ការបញ្ជូនអ្នកជំងឺ កូវីដ-១៩ មកកាន់ទីក្រុងភ្នំពេញ គឺមិនមែនវិធីដ៏ល្អសម្រាប់ស្រោចស្រង់អាយុជីវិតរបស់អ្នកជំងឺ ដែលជាសាច់ឈាម សាច់ញាតិរបស់យើងនោះទេ។ តាមការប្រជុំ ដែលខ្ញុំព្រះករុណាខ្ញុំបានធ្វើជាមួយនឹងបណ្តាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំពីម្សិលមិញនេះ បានរកឃើញនូវចំណុចនេះ។ មន្ទីរសុខាភិបាលរបស់ខេត្ត ឬក៏ថ្នាក់ខេត្តមិនបានចាត់បញ្ជូនអ្នកជំងឺទាំងនេះមកកាន់ទីក្រុងទេ ក៏ប៉ុន្តែក្រុមគ្រួសារទេ ដែលជាអ្នកបញ្ជូនអ្នកជំងឺមកកាន់ទីក្រុងភ្នំពេញ។ យើងអាចយល់បានថា ទីក្រុងភ្នំពេញច្បាស់ជាមានសមត្ថភាពលើសខេត្ត ប៉ុន្តែសម្រាប់ករណី កូវីដ-១៩ នេះយើងបានពង្រឹងអស់រយៈពេលជាងមួយឆ្នាំរួចមកហើយ នូវសមត្ថភាពក្នុងការពិនិត្យព្យាបាលនូវ កូវីដ-១៩ នៅតាមខេត្ត ហើយក៏មានការចូលរួមពីសំណាក់គ្រូពេទ្យទៅពីថ្នាក់កណ្តាលផងដែរ។ ដូច្នេះ ប្រសិនបើមានការចាត់បញ្ជូនអ្នកជំងឺពីខេត្ត មកកាន់ភ្នំពេញ នឹងនាំឲ្យមានគ្រោះថ្នាក់នោះទេ។
ខ្ញុំសុំស្នើឲ្យមានការយកចិត្តទុកដាក់ យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្ររបស់គ្រូពេទ្យបានបង្ហាញឲ្យឃើញថា ប្រសិនបើអ្នកជំងឺនេះធ្វើដំណើរឆ្ងាយ ហើយទៅមានរថយន្តដោយមានម៉ាស៊ីនត្រជាក់ទៀតផង គឺធ្វើឲ្យអ្នកជំងឺនេះមានបញ្ហាកាន់តែធ្ងន់វិញ។ មិនត្រឹមតែអ្នកជំងឺទេ សូម្បីតែអ្នកជាធម្មតា ធ្វើដំណើរ ២- ៣ ម៉ោង នៅតាមរថយន្ត មកកាន់មន្ទីរពេទ្យ ពិតជាធ្វើឲ្យអ្នកជំងឺនោះគឺមានភាពធ្ងន់ធ្ងរ។ ហើយមកដល់មន្ទីរពេទ្យពិបាកស្រោចស្រង់តែម្តង។ ចំណុចទាំងនេះ ខ្ញុំព្រះករុណាខ្ញុំ សុំអំពាវនាវចំពោះបងប្អូនជនរួមជាតិរបស់យើង ទុកចិត្តទៅលើមន្ទីរពេទ្យរបស់ខេត្តដែលយើង បានខិតខំកសាងឡើងក្នុងរយៈពេលកន្លងទៅ ជាមួយនឹងការពង្រឹងសមត្ថភាពព្យាបាលរបស់មន្ទីរពេទ្យនៅតាមខេត្ត។ ការធ្វើវិធីបែបនេះ ដើម្បីចៀសវាងការកកកុញអ្នកជំងឺនៅឯទីក្រុងភ្នំពេញ។ ប៉ុន្តែបញ្ហានោះជា បញ្ហាបន្ទាប់បន្សំទេ អ្វីដែលជាបញ្ហាធំជាងគេ គឺបញ្ហាការពារអាយុជីវិតរបស់អ្នកជំងឺ ដើម្បីកុំឲ្យគ្រោះថ្នាក់ ដោយសារការចាត់បញ្ជូនដោយមិនមានការទទួលខុសត្រូវច្បាស់លាស់ ហើយធ្វើឲ្យមានគ្រោះថ្នាក់ទៅដល់អ្នកជំងឺទៅវិញ តាមរយៈការបញ្ជូនមកកាន់ទីក្រុងភ្នំពេញ ដោយគ្មានការចាំបាច់ ហើយដែលនៅឯខេត្តមានលទ្ធភាពក្នុងការព្យាបាលផងដែរ។
ម្ខាងទៀត អំពីការឆ្លងនៅក្នុងកម្រិតបច្ចុប្បន្ននេះ យើងបានឃើញថាការឆ្លង(មានការថយចុះ) ដោយយើងបានបញ្ឈប់នូវការធ្វើតេស្ត ដោយឃើញថា ការឆ្លងមួយភូមិ គឺពីមុននេះ យើងត្រូវបិទភូមិ ហើយយើងត្រូវយកសំណាកទូទាំងភូមិ ឬទូទាំងរោងចក្រ។ ឧទាហរណ៍ ឥឡូវនេះ យើងមិនបានធ្វើដូច្នោះទៀតទេ ប៉ុន្តែយើងដាក់ទីតាំងយកសំណាកនៅពេលដែលមានការសង្ស័យ បុគ្គលម្នាក់ៗត្រូវមានការយល់ដឹង ទទួលខុសត្រូវខ្លួនឯង ដើម្បីនឹងមកយកសំណាកនូវទីតាំងដែលរៀបចំ ដោយផ្នែកសុខាភិបាលនៅគ្រប់ទីកន្លែង។ នៅពេលដែលផ្នែកសុខាភិបាលបានរកឃើញថា មានវិជ្ជមាន កូវីដ-១៩ ផ្នែកសុខាភិបាលក៏ត្រូវពិនិត្យ និងពិភាក្សាជាមួយអ្នកជំងឺផ្ទាល់ ដើម្បីអាចម្ខាងទៅព្យាបាលនៅតាមផ្ទះ ម្ខាងព្យាបាលនៅតាមមន្ទីរពេទ្យកម្រិតធ្ងន់ ឬកម្រិតស្រាល។
ក្នុងចំណុចនេះខ្ញុំព្រះករុណាខ្ញុំបាននិយាយរួចស្រេចទៅហើយទាក់ទងទៅនឹងការព្យាបាលនៅតាមមន្ទីរពេទ្យ នៅខេត្ត ឬនៅទីក្រុងភ្នំពេញ ខ្ញុំព្រះករុណាខ្ញុំចង់និយាយសំដៅទៅលើការព្យាបាលនៅតាមផ្ទះ និងក្រុមគ្រួសារដែលជាភារកិច្ចទទួលខុសត្រូវរបស់ក្រុមគ្រួសារ ក៏ដូចជាក្នុងសហគមន៏ក្នុងការរួមគ្នា។ ចំណុចនេះយើងបានអនុវត្តក្នុងការធ្វើចត្តាឡីស័កដោយមានការចូលរួមពីសហគមន៍ ក្នុងការជួយទៅក្នុងការពិនិត្យមើលក្នុងការការពារព្យាបាលនៅពេលដែលផ្ទះនៃអ្នកជំងឺនោះ ស្ថិតនៅក្នុងភូមិជាមួយគ្នា ហើយជួយយកអាសាគ្នានៅក្នុងគ្រាដ៏លំបាក ចៀសវាងទៅដល់ការរើសអើង ដែលនាំទៅដល់អ្នកជំងឺមានការខ្មាសអៀន។ មានទីកន្លែងមួយចំនួនបានបង្កើតឡើងនូវវប្បធម៌នៃការជួយគ្នា តាំងពីឆ្នាំទៅ ដែលយើងបានកើតនៅក្នុងព្រឹត្តិការណ៍ពេលដែលមានការកើតនៅក្នុងសហគមន៍។ ពេលនោះយើងក៏មានការធ្វើចត្តាឡីស័ក នៅតាមផ្ទះហើយដែលប្រជាពលរដ្ឋរបស់យើងបានរួមគ្នាក្នុងការជួយមើលការខុសត្រូវសម្រាប់អ្នកដែលធ្វើចត្តាឡីស័ក។ ឥឡូវនេះ ក្នុងករណីដែលមានការព្យាបាលតាមផ្ទះ ក៏វាមិនខុសគ្នាជាមួយការធ្វើចត្តាឡីស័កនោះទេ សូមឱ្យបងប្អូនរបស់យើងយកចិត្តទុកដាក់ជួយគ្នានៅក្នុងការរៀបចំឱ្យមានការព្យាបាលនៅតាមផ្ទះ ដោយមានការចូលរួមជួយមើលការខុសត្រូវ និងជួយឧបត្តម្ភពីសំណាក់ក្រុមគ្រួសារនៅក្នុងភូមិឋានដែលអ្នកជំងឺស្នាក់នៅ។ ប្រសិនបើយើងធ្វើបញ្ហានេះបានល្អ ប្រទេសរបស់យើងមានការរួបរួមសាមគ្គីគ្នារវាងអ្នកឈឺ និងអ្នកមិនឈឺ ហើយវាដូចជាកង់ត្រាច កង់ធ្នង់។ ជួនកាលយើងឈឺ ជួនកាលគេឈឺ ការយកចិត្តទុកដាក់ទៅវិញទៅមក វាបង្កើតបាននូវវប្បធម៌នៃការចែករំលែក វប្បធម៌នៃការជួយគ្នាក្នុងគ្រាលំបាក។ ដូច្នេះដោយសារតែយើងលើកទឹកចិត្តឱ្យមានការព្យាបាលនៅតាមផ្ទះគឺជាវិធីមួយដ៏ល្អ នៅក្នុងការកាត់បន្ថយការចូលមកសម្រាកពេទ្យ ហើយឃ្លាតពីក្រុមគ្រួសារ។ ប្រសិនបើមានការលើកទឹកចិត្ត និងជួយយកអាសាពីអ្នកភូមិផងរបងជាមួយគ្នា ច្បាស់ជាធ្វើឱ្យអ្នកជំងឺមានទឹកចិត្ត ហើយឆាប់បានជាសះស្បើយ។
ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ថា អ្នកដែលកើតកូវីដ-១៩ ហើយដែលបានជាឡើងវិញ បានក្លាយទៅជាអ្នកដែលថ្ងៃក្រោយនឹងក្លាយជាអ្នកប្រឆាំងកូវីដ-១៩ដ៏អស្ចារ្យ។ នៅប្រទេសមួយចំនួន គេបានប្រើប្រាស់អ្នកដែលបានកើតកូវីដ-១៩ហើយ គឺយកទៅជួយធ្វើជាសេវាក្នុងការបម្រើឱ្យអ្នកដែលបាននិងកំពុងកើតកូវីដ-១៩ទៅវិញ។ ដោយសារតែអ្នកបានកើតកូវីដ-១៩រួចទៅហើយនោះ មានអង្គបដិបក្ខសម្រាប់ប្រឆាំងកូវីដ-១៩ទៀតផង។ ដូច្នេះការរើសអើងចំពោះអ្នកកើតកូវីដ-១៩គឺច្បាស់ជាខុសតែម្តង អ្នកនោះត្រូវការព្យាបាលឱ្យជា បន្ទាប់ពីគាត់ជាហើយ នោះគាត់នឹងក្លាយជាអ្នកដែលជួយយកអាសាជាមួយអ្នកដែលមិនទាន់បានកើតកូវីដ-១៩ ឬក៏កើតកូវីដ-១៩នៅពេលក្រោយ។
ដូច្នេះសង្ឃឹមថា ការធ្វើទាំងអស់របស់យើង ទាំងការព្យាបាលនៅតាមមន្ទីរពេទ្យភ្នំពេញក្តី ខេត្តក្តី ការព្យាបាលនៅតាមផ្ទះក្តី នឹងប្រព្រឹត្តទៅបានយ៉ាងល្អ ដើម្បីយើងចាប់ផ្តើមរៀនរស់នៅជាមួយកូវីដ១៩ តែម្តង ហើយដែលយើងអាចឈានទៅបើកប្រទេសរបស់យើងនៅក្នុងពេលដែលវិស័យកសិកម្ម និងឧស្សាហកម្មដំណើរការបានយ៉ាងល្អ វិស័យសេវាក៏អាចនឹងបើកឡើងដូចដែលយើងបានបើកសាកល្បងនូវក្នុងពេលភ្ជុំបិណ្ឌ។ ហើយនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យកន្លងទៅនេះ ក៏មានប្រជាពលរដ្ឋរបស់យើងប្រមាណ ១៤ ម៉ឺននាក់ ដែលបានដើរលេង យើងចាប់ផ្តើមបើកផ្នែកសេវាបន្តទៀតដើម្បីឈានទៅបើកប្រទេសរបស់យើងឡើងវិញលើគ្រប់វិស័យ។ សាលារៀនក៏ត្រូវតែចាំបាច់ត្រូវតែបើកឡើងវិញ ដើម្បីឱ្យសិស្ស (ដែលជា)កូនចៅរបស់យើងបានចូលរៀន។ នេះជាវិធីដែលល្អ ដែលយើងត្រូវតែរៀនរស់នៅជាមួយកូវីដ-១៩ ព្រោះថាការបិទក៏នៅតែមានការឆ្លង ការបើកក៏នៅតែមានការឆ្លង។
ក៏ប៉ុន្តែដោយសារយើងបានចាក់វ៉ាក់សាំងចំនួន ២ ដូស និងបន្ថែមទៅដោយដូសទី ៣ ដែលយើងកំពុងមានជាង ១០ លានដូសនៅក្នុងឃ្លាំងដើម្បីបម្រើឱ្យការចាក់ជាមួយនឹងប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់ជាមួយនឹងប្រជាពលរដ្ឋមិនទាន់បានចាក់ដូសទី ៣ ។ ឥឡូវដូសទី ៣ យើងចាក់បានជាង ១ លាននាក់រួចស្រេចទៅហើយនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឡែកភ្នំពេញមានជិតកន្លះលាននាក់ដែលបានចាក់ដូសទី ៣ រួចស្រេចទៅហើយ។
សូមបងប្អូនខិតខំធ្វើនូវកិច្ចការទាំងឡាយដែលខ្ញុំបានលើកឡើងអម្បាញ់មិញ។ ទី ១ ចៀសវាងការនាំអ្នកជំងឺដែលមិនមានការចាំបាច់ដើម្បីមកព្យាបាលនៅទីក្រុងភ្នំពេញនោះទេ ព្រោះវាបង្កើតនូវហានិភ័យសម្រាប់អ្នកជំងឺទៅវិញ ត្រូវផ្តល់ជំនឿទុកចិត្តសម្រាប់មន្ទីរពេទ្យថ្នាក់ខេត្ត ដែលមុននេះទម្លាប់របស់យើងគឺមិនសូវជឿទុកចិត្តមន្ទីរពេទ្យថ្នាក់ខេត្តទេ ច្រើនជឿទុកចិត្តទៅលើមន្ទីរពេទ្យនៅឯទីក្រុងភ្នំពេញ។ ប៉ុន្តែការបញ្ជូនអ្នកជំងឺដោយសារឡានមានម៉ាស៊ីនត្រជាក់ ឬគ្មានម៉ាស៊ីនត្រជាក់ជាហានិភ័យសម្រាប់អ្នកជំងឺទៅវិញទេ។ ដូច្នេះខិតខំព្យាបាលនៅតាមខេត្ត។
ហើយករណីយកសំណាកទៀតសោត គឺយើងមិនប្រើប្រាស់វិធីសាស្រ្តឃើញមួយចាប់ម្តងមួយភូមិ ហៅមួយភូមិធ្វើចត្តាឡីស័ក ឬយកសំណាកនោះទេ។ អ្នកដែលមាន(សង្ស័យ) ត្រូវយកសំណាកទៅធ្វើខ្លួនឯង ដើម្បីមករកគ្រូពេទ្យសម្រាប់ការយកសំណាក។ នៅពេលដែលគ្រូពេទ្យរកឃើញថាវិជ្ជមាន ត្រូវមើលថា គួរបញ្ជូនទៅមន្ទីរពេទ្យ ឬផ្តល់ថ្នាំសម្រាប់ព្យាបាលតាមផ្ទះ។ ហើយការព្យាបាលតាមផ្ទះនេះទៀតសោត ក៏ត្រូវមានការចូលរួមពីបងប្អូននៅតាមភូមិជួយមើលការខុសត្រូវ ដើម្បីចៀសវាងកុំឲ្យអ្នកជំងឺនេះគឺបាក់ទឹកចិត្ត ហើយធ្វើឲ្យអ្នកជំងឺនេះបានឆាប់ជាសះស្បើយដោយមានការលើកទឹកចិត្តពីសហគមន៍ បង្កើតនូវវប្បធម៌ជួយគ្នាក្នុងគ្រាលំបាកនៃកាលៈទេសៈជំងឺកូវីដ-១៩ និងចៀសវាងការរើសអើងចំពោះអ្នក និងក្រុមគ្រួសារដែលមានជំងឺកូវីដ-១៩ ហើយចាត់ទុកអ្នកដែលមានជំងឺកូវីដ-១៩ ហើយព្យាបាលជាត្រឡប់ទៅវិញនេះ ក្លាយទៅជាកម្លាំងនៃការជួយការពារអ្នកកើតកូវីដ-១៩ នៅពេលក្រោយទៅវិញ ដោយសារពួកគេមានអង់ទីគ័រ មានអង្គបដិបក្ខក្នុងការប្រឆាំងនឹងកូវីដ-១៩។
ម្ខាងទៀតសុំអំពាវនាវបងប្អូនទទួលយកទៅចាក់វ៉ាក់សាំង បើមិនទាន់បានចាក់ដូសទី ១ ឬទី ២ ទេ ត្រូវតែទៅចាក់ដូសទី ១ ដូសទី ២ ហើយសុំឲ្យអាជ្ញាធរក៏ដូចជាក្រុមគ្រូពេទ្យរៀបចំពិនិត្យសិក្សាភូមិសាស្រ្តនៅកន្លែងដាច់ស្រយ៉ាលឆ្ងាយដែលមិនទាន់បានចាក់ ឬក៏មានអ្នកជំងឺ ជនពិការដែលមិនទាន់បានចាក់យើងអាចខិតខំទៅចាក់ដល់ទីកន្លែង ដើម្បីឲ្យពួកគាត់បានទទួលភាពស៊ាំនៅក្នុងសហគមន៍របស់យើង។ ទៅចាក់ដល់ភូមិចាក់ដល់ផ្ទះសម្រាប់ពួកគាត់ដែលជាវិធីមួយដ៏ល្អ។
ខ្ញុំសូមកោតសរសើរចំពោះចៅៗទាំងឡាយដែលបានចាក់ក្នុងល្បឿនមួយដ៏លឿន បើប្រៀបធៀបជាមួយនឹងមនុស្សចាស់ ឥឡូវនេះកុមារអាយុពី ៦ ដល់ ១២ ឆ្នាំបានចាក់ចំនួនលើសពី ៩៥ ភាគរយ រួចស្រេចទៅហើយ ដែលជាចំនួនមួយដ៏ខ្ពស់ ហើយនៅពេលដែលយើងចាក់ក្រោយគេផង ប៉ុន្តែបែរជាចាក់ក្នុងចំនួនមួយដ៏ច្រើន។ ដូច្នេះសុំកុំរារែកជាមួយនឹងការចាក់វ៉ាក់សាំងដែលមកដល់ពេលនេះយើងពុំមានអ្នកចាក់វ៉ាក់សាំងណាម្នាក់ទទួលរងគ្រោះដោយសារតែវ៉ាក់សាំងនោះទេ។ សង្ឃឹមថា យើងទាំងអស់គ្នានឹងជំនះបាននូវសភាពការណ៍នេះ ដែលឃើញអត្រាឆ្លងក៏ធ្លាក់ចុះ អត្រាស្លាប់ក៏ធ្លាក់ចុះ យើងត្រូវធ្វើឲ្យការធ្លាក់ចុះនេះបន្តទៅទៀត ទោះបីជាយើងមិនហ៊ាននិយាយថាសូន្យកូវីដ-១៩ ឬ zero កូវីដ–១៩ ក៏ដោយចុះ ក៏ប៉ុន្តែចំនួនឆ្លង និងចំនួនស្លាប់ត្រូវតែមានការធ្លាក់ចុះ ដើម្បីយើងឈានទៅបើកប្រទេសឡើងវិញ ហើយរស់នៅជាមួួយកូវីដ–១៩ ក្នុងដំណើរតាមគន្លងថ្មីជាមួយនឹង ៣ ការពារ និង ៣ កុំ។ ហើយចៀសវាងឲ្យខាងតែបាននូវការរើសអើងជាមួយនឹងអ្នកជំងឺកូវីដ–១៩។ ផ្ទុយទៅវិញត្រូវរួមសាមគ្គីគ្នា នៅក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដើម្បីឆ្ពោះទៅដល់ការបើកសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យជាមួយនឹងការខិតខំដើម្បីអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ និងទទួលយកវ៉ាក់សាំងព្រមទាំងបំបាត់ចោលនូវជំងឺរើសអើង បង្កើតនូវវប្បធម៌សាមគ្គីភាពក្នុងគ្រាដែលយើងឆ្លងកាត់នូវកូវីដ-១៩។
សូមប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខ សេចក្តីចម្រើន។ សូមអរព្រះគុណ សូមអរគុណ៕