សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៨-២០១៩
[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ] ការយឺតយ៉ាវដោយជាប់ដោះស្រាយបញ្ហាអគ្គិសនី ខ្ញុំសូមអភ័យទោសពីសំណាក់អង្គសន្និបាត ដែលខ្ញុំមកយឺតប្រហែលជា ៧ នាទី។ ការយឺតយ៉ាវបញ្ហាធំជាងគេ គឺរឿងការដោះស្រាយអគ្គិសនី។ យប់មិញនេះ ខ្ញុំនៅរហូតទៅដល់ម៉ោងជិត ១ យប់ ដើម្បីឆ្លើយឆ្លងជាមួយប្រធានក្រុមហ៊ុនអគ្គិសនីកម្ពុជា។ ពេលដែលចុះមកអម្បាញ់មិញនេះ ការសម្រេចមួយចំនួនក៏ត្រូវដោះស្រាយធ្វើឱ្យមានការយឺតយ៉ាវនៅទីនេះ។ ក្នុងនោះ ប្រហែលជាមានព្រះរាជាណាចក្រថៃនៅទីនេះហើយ។ ការចុះហត្ថលេខាផ្គត់ផ្គង់បន្ថែម ក៏សុំមេត្តាថាធ្វើម៉េចជួយជម្រុញមកឱ្យកម្ពុជា បើបានមុនកាលកំណត់ក៏ជាការល្អ។ ខាងឡាវក៏បានចុះហត្ថលេខាហើយ បើសិនជាបានបញ្ជូនកាន់តែលឿនកាន់តែល្អ។ អម្បាញ់មិញខ្ញុំចុះហត្ថលេខាជូនទៅនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីស្នើសុំឱ្យមានការផ្គត់ផ្គង់បន្ថែម ក្នុងចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ បន្ថែមទៀត។ គ្រោះរាំងស្ងួត និងកំណើននៃសំណង់ ធ្វើឱ្យជួបបញ្ហាកង្វះអគ្គិសនីមិនធ្លាប់ជួប យើងកំពុងតែធ្វើការជាមួយទួគី ហើយថ្ងៃស្អែកនេះ គណៈប្រតិភូទួគីនឹងមកចរចានៅទីក្រុងភ្នំពេញនេះ។ ប្រហែលជាយើងចៀសមិនផុតពីការត្រូវអូសនាវាផ្ទុកដោយម៉ាស៊ីនភ្លើងដើរដោយប្រេងខ្មៅ ចូលមកកាន់រាជធានីភ្នំពេញតែម្តង ប្រមាណជា ២០០ មេហ្គាវ៉ាត់បន្ថែម។ រឿងនេះ វាជាអកុសលសម្រាប់យើង។ ឆ្នាំនេះ គឺជាឆ្នាំដែលមានការហួតហែង ធ្វើឱ្យអគ្គិសនីរបស់យើងជួបកង្វះ(អគ្គិសនី)ប្រមាណ ៤០០ មេហ្គាវ៉ាត់។ នេះជារឿងយើងមិនធ្លាប់(ជួបប្រទះ)។ ឯរឿងមួយទៀត សំណង់កើនឡើងខ្លាំងណាស់ ដែលធ្វើឱ្យការវាយតម្លៃកាលពីពេលមុនវាអត់ត្រូវទេ។ យើងត្រូវការអគ្គិសនីបន្ថែម តែមុនទៅដល់ការបន្ថែមនោះ គឺមានតម្រូវការយកនាវារបស់ទួគីយកមកដាក់ប្រមាណជា ៣ ឆ្នាំសិន។…