ដើមអំពិល៖ … សុំទោសសម្ដេចចំពោះកំហុសឆ្គងម្សិលមិញ។ ខ្ញុំបាទមានសំណួរ ២ ទាក់ទងនឹងបញ្ហានេះ ១. តើរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈកញ្ចប់ថវិកាចំនួនប៉ុន្មាន ដើម្បីទប់ស្កាត់ ដែលយើងមិនអាចដឹងរយៈពេលនៃការរីករាលដាលនៃជំងឺនេះនៅក្នុងប្រទេសកម្ពុជា? ទី ២ តើសម្ដេចអាចមានការបង្កើតគណៈកម្មការចំពោះកិច្ចណាមួយ ដើម្បីតាមដាន និងវាយតម្លៃទៅលើផលប៉ះពាល់ ដែលអាចកើតមានទៅលើសង្គម សេដ្ឋកិច្ច ទេសចរណ៍ នៃប្រទេសកម្ពុជា នៅពេលយើងជួបនូវបញ្ហា ដែលសកលលោកកំពុងប្រឈម?
សម្តេចតេជោ៖ អរគុណ! ដែលចេះសុំទោសហ្នឹងត្រឹមត្រូវហើយ ព្រោះខ្លួនយើងវាផ្សាយខុស។ ថ្ងៃក្រោយបទពិសោធន៍ ដើមអំពិល ហ្នឹងក៏ល្មមសមរម្យហើយ សារព័ត៌មានល្បីនឹងគេដែរ ប៉ុន្ដែផ្សាយព័ត៌មានខុស។ … អរគុណដែលចេះដឹងកំហុស។
ឥឡូវ សំណួរទី១ សួរថាថវិកាប៉ុន្មាន? ខ្ញុំមិនបញ្ជាក់ថាថវិកាប៉ុន្មានទេ ក៏ប៉ុន្ដែដើរដល់ណា? គឺរាជរដ្ឋាភិបាលនឹងចំណាយដល់នោះ។ ហ្នឹងខ្ញុំបញ្ជាក់តែប៉ុណ្ណឹងគ្រប់គ្រាន់ មិនចាំបាច់បញ្ជាក់ទំហំទេ ថាត្រូវចាយ ១០០ លាន ២០០ លាន ៣០០ លាន ឬ ១០០០ លាន រដ្ឋាភិបាលមានលុយក្នុងដៃ ដើម្បីនឹងចាយ ព្រោះមិនអាចទុកឱ្យប្រជាជនស្លាប់ដោយខ្វះការទទួលខុសត្រូវទេ។ រដ្ឋាភិបាលមានលុយ ប៉ុន្ដែ ឥឡូវនេះមិនទាន់ដល់ពេលដែលរដ្ឋាភិបាលត្រូវចំណាយលុយនោះទេ។ ថវិកាក្រសួងសុខាភិបាលវាគ្រប់គ្រាន់សម្រាប់នឹងចំណាយបែបនោះហើយ អាហ្នឹងខ្ញុំសូមបញ្ជាក់អំពីបញ្ហានេះ។
ចំណុចទី ២ ខ្ញុំមិនចង់បង្កើតរឿងច្រំដែលទេ ម៉េចបានខ្ញុំមិនចង់និយាយដល់រឿងច្រំដែល? មុននេះយើងបង្កើតគណៈកម្មការច្រើនណាស់ ដែលនៅដើមអាណត្ដិទី ៥ ខ្ញុំបានរំលាយចោលគណៈកម្មការស្ទើរតែទាំងអស់ ដោយសារការបង្កើតគណៈកម្មការនោះវាបានធ្វើឱ្យបាត់បង់នូវការទទួលខុសត្រូវចំពោះស្ថាប័នដែលចាត់តាំងដោយច្បាប់ និងមានលិខិតបទដ្ឋានប្រគល់ភារកិច្ចត្រឹមត្រូវ។ ដូច្នេះ ក្រសួងសុខាភិបាលនៅតែជាអ្នកនាំមុខ ដើម្បីនឹងដោះស្រាយបញ្ហានេះ ដោយមានកិច្ចសហការទៅតាមវិស័យ ដែលមានការទទួលខុសត្រូវពីស្ថាប័នផ្សេង។ ឧទាហរណ៍ ផ្នែកបរិស្ថានក៏មានចំណែក គេត្រូវធ្វើកិច្ចការរបស់គេ ផ្នែកនគរបាលក៏មានការទទួលខុសត្រូវ។ ឧទាហរណ៍នៅខេត្តព្រះសីហនុ នៅពេលដែលត្រូវមានទំនាក់ទំនងជាមួយស្ថានទូតចិន(ដើម្បី)ផ្ដល់ព័ត៌មាន តែប៉ុន្មានម៉ោងក្រោយមកទេ ស្នងការនគរបាលខេត្តព្រះសីហនុបានរកឃើញមនុស្សទាំងបីនាក់ ដែលក្នុងនោះម្នាក់ត្រូវចម្លង។ នៅឯខេត្តកោះកុង ដែលអស់លោកផ្សាយខុស ការពិត ដោយដឹងថាមានរឿងហ្នឹង អ្នកដែលជិះយន្ដហោះមកជាមួយ ម្ចាស់ការស្នើសុំជំនួយពីយើង។ អភិបាលខេត្តកោះកុងក៏បានរាយការណ៍មកខ្ញុំ អញ្ចឹងយើងទុកឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ តាមលិខិតបទដ្ឋានគតិយុត្តិទៅចុះ។
អំពីផលប៉ះពាល់ដទៃទៀត ទាក់ទងវិស័យសេដ្ឋកិច្ច យើងមានយន្ដការខាងផ្នែកសេដ្ឋកិច្ចដើម្បីនឹងវាយតម្លៃទៅលើផលប៉ះពាល់ទៅលើបញ្ហាសេដ្ឋកិច្ចនោះឯង។ ថាតើក្នុងស្ថានភាពដែលបានកើតឡើងរបៀបនេះ អត្រាកំណើនមានការធ្លាក់ចុះឬទេ? ហើយបើធ្លាក់ចុះ ធ្លាក់ចុះក្នុងវិស័យណា? យើងមានក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច ដែលដឹកនាំដោយឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន វាយតម្លៃ។ បើផលប៉ះពាល់ទាក់ទងជាមួយនឹងបញ្ហាណា គឺ(ក្រសួង)នោះវាយតម្លៃ ហើយរាជរដ្ឋាភិបាលដែលជាតួអង្គរួម គឺត្រូវវាយតម្លៃទៅលើបញ្ហានេះ ព្រោះស្ថាប័នទាំងអស់ជាសេនាធិការ និងជាអ្នកអនុវត្ដនូវការងារ ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ។ គេត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល មិនចាំបាច់បង្កើតគណៈកម្មការចំពោះកិច្ច ឬកិច្ចមិនកិច្ចស្អីទេ អាហ្នឹងនាំរញ៉េរញ៉ៃទេ។
បទពិសោធន៍របស់ខ្ញុំជាង ៣៥ ឆ្នាំ នៃការកាន់មុខដំណែង គឺចុងក្រោយនេះ យើងរកឃើញវិធីសាស្រ្តដែលល្អជាងគេ គឺបន្ទាប់ពីដើមអាណត្ដិទី ៥ គឺរំលាយចោលទាំងអស់នូវស្ថាប័នគណៈកម្មការដ៏ច្រើននៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ កំណែទម្រង់ប្រព័ន្ធយុត្ដិធម៌ ប្រគល់ឱ្យក្រសួងយុត្ដិធម៌ទទួល។ កំណែទម្រង់រដ្ឋបាលសាធារណៈ បង្កើតរដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈមួយទទួលខុសត្រូវ។ កំណែទម្រង់កងទ័ពប្រគល់ឱ្យរដ្ឋមន្ដ្រីការពារជាតិ កំណែទម្រង់ណា គឺប្រគល់ឱ្យក្រសួងហ្នឹងទទួលខុសត្រូវ។ ដូច្នេះ លទ្ធផលវាចេញមក កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ គ្រាន់តែចំណូលពន្ធគយខ្វះតែប៉ុន្មានលានទេ គ្រប់ ១ ពាន់លាន។ លើសផែនការ វាផ្ដើមចេញពីការទទួលខុសត្រូវរបស់រដ្ឋមន្ដ្រីមួយៗ។
ខ្ញុំមិនចាំបាច់ទៅណែនាំ ម៉ម ប៊ុនហេង ថាត្រូវទៅដាក់ម៉ាស៊ីនស្កែននៅស្អីៗនោះទេ។ ម៉ម ប៊ុនហេងត្រូវទទួលខុសត្រូវលើមុខងាររបស់ខ្លួន ត្រូវតែដាក់ អត់ចាំបាច់មករាយការណ៍ថាសុំយោបល់យ៉ាងម៉េចអីយ៉ាងម៉េចទេ។ ការសុំយោបល់ត្រូវទាក់ទងនឹងទិដ្ឋភាពនយោបាយ រឿងអាវីរុសហ្នឹង គឺគាត់ស្នើសុំយោបល់ថា សុំផ្សព្វផ្សាយ ខ្ញុំថាឱ្យផ្សព្វផ្សាយ ព្រោះអាហ្នឹងវាទាក់ទងនឹងទិដ្ឋភាពរួមនៃអំណាចរបស់នាយករដ្ឋមន្ដ្រីវានៅឯណោះ។ ប៉ុន្ដែអំណាចបច្ចេកទេស អំណាចទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់គាត់ ឯកឧត្តម ម៉ម ប៊ុនហេង ធ្វើទៅ។ ឥឡូវរឿងលុយប៉ុន្មានអីប៉ុន្មាន កុំទៅនិយាយថាកញ្ចប់ថវិកាប៉ុន្មាន បើសិនវាឈានទៅដល់ណា យើងមានលុយចាយដល់ហ្នឹង ខ្ញុំនិយាយប៉ុណ្ណឹងអាចងាយស្ដាប់។
(អ៊ីរ៉ង់)គេបាញ់ច្រឡំធ្លាក់យន្ដហោះ(អ៊ុយក្រែន)មួយគ្រឿង សំណងបានតែ ២ ម៉ឺន ៥ ពាន់ ទេម្នាក់ ប៉ុន្ដែបាក់អគារនៅកែបយើងជួយឧបត្ថម្ភគ្រួសារសព ក្នុងសពមួយជូនទៅគ្រួសារ ៥ ម៉ឺនដុល្លារ។ បាក់អគារនៅកំពង់សោម សពមួយ(ទទួលសំណង)ជាង ១០ ម៉ឺនដុល្លារ។ ដូច្នេះលទ្ធភាពរបស់យើងមានប៉ុណ្ណា យើងធ្វើដល់ប៉ុណ្ណឹង យើងមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្ដែ យើងមានការទទួលខុសត្រូវ(ចំពោះ)ពលរដ្ឋរបស់យើង។ ជាធម្មតា ថវិកាគេមានកញ្ចប់មិនទាន់បែងចែក។ កញ្ចប់មិនទាន់បែងចែកនោះហើយដែលមានថវិកាបម្រុងនៅទីនោះ ហើយថវិកានោះត្រូវបានបែងចែកបន្ទាប់ពីផុតរលត់ទៅនៃទឹកជំនន់ និងគ្រោះរាំងស្ងួត គឺចែកនៅចុងខែវិច្ឆិកា និងខែធ្នូ។ លោកអាចយល់ពីការចាត់ចែងថវិកានៅទីនេះ។ តើអ្នកណាចង់សួរសំណួរអ្វីទៀត?
Fresh News៖ … តើមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាមានបានត្រៀមលក្ខណៈសម្បត្ដិអី ដើម្បីចូលរួមសហប្រតិបត្ដិការជាមួយនឹងរដ្ឋាភិបាលចិន ដើម្បីរួមចំណែកនូវការជួយដោះស្រាយនូវបញ្ហាលំបាកចំពោះរដ្ឋាភិបាលចិននៅពេលនេះ?
សម្តេចតេជោ៖ បញ្ហានេះ យើងនឹងតាមដានមើលតទៅទៀត ប៉ុន្តែ ខ្ញុំគិតថា រដ្ឋាភិបាលចិនមានការទទួលខុសត្រូវខ្ពស់ណាស់។ នាយករដ្ឋមន្ត្រី Li Keqiang បានចុះទៅផ្ទាល់ដល់ទីកន្លែង (កើតហេតុនៅឯ Wuhan) ហើយយើងឃើញហើយថា មានរូបភាព នៃការប្រជុំចម្រុះ ដែលកម្រឃើញរបស់គណៈរដ្ឋមន្ត្រីរបស់ចិន ដែលដឹកនាំដោយប្រធានាធិបតី Xi Jinping និងនាយករដ្ឋមន្ត្រី Li Keqiang តែម្តង។ ចំពោះសួរថា តើយើងចូលរួមចំណែកជាមួយចិនរបៀបម៉េច? ការចូលរួមចំណែកជាមួយចិន គឺយើងបន្តកិច្ចការ ដែលយើងកំពុងធ្វើនេះ។ កុំទៅបិទ(ជើង)យន្តហោះ ដែលមកពីចិន កុំទៅបិទការដឹកជញ្ជូនផ្លូវទឹកមកពីចិន កុំបិទទេសចរចិន ហើយកុំជម្លៀសអ្នកការទូត/កុងស៊ុលខ្មែរ និងនិស្សិតខ្មែរចេញពីស្រុកចិន ហ្នឹងជាការរួមចំណែកហើយ ដែលមិនបំភ័យបន្ថែមទៅដល់ប្រជាជនចិន។ ខ្ញុំគិតថា នេះជាការរួមចំណែកគ្រប់គ្រាន់របស់កម្ពុជា។ យើងនឹងពិនិត្យមើល … តើយើងអាចនឹងធ្វើអ្វីបាន? ជាក់ស្តែង យើងបានជួយព្យាបាលប្រជាជនចិន កំពុង(ស្នាក់)នៅស្រុកយើងនេះឱ្យជាសះស្បើយ ក៏ជាផ្នែកមួយ នៃការចូលរួមចំណែកទៅដល់ប្រជាជន(ចិន)ផងដែរ។ យើងខិតខំការពារប្រជាជនចិន ដែលនៅស្រុកយើង កុំឱ្យឆ្លងរាលដាល ក៏ជាផ្នែកមួយ នៃការចូលរួមរបស់យើង។
ខ្ញុំគិតថា ចិនមិនត្រូវការលុយយើង ដើម្បីទៅជួយដល់ស្រុកចិនទេ? យើងគ្រាន់តែធ្វើម៉េចសហការជាមួយស្ថានទូតចិននៅកម្ពុជា ធ្វើឱ្យបានល្អនូវអ្នកវិនិយោគចិន តំបន់សេដ្ឋកិច្ចពិសេសរបស់ចិន និងពលរដ្ឋចិន (ឬ)ទេសចរចិន ដែលមកលេងស្រុកខ្មែរឱ្យល្អទៅ។ ខ្ញុំគិតថា វាជាការរួមចំណែកហើយ។ កុំរើសអើងប្រជាជនចិន។ សូម្បីតែអាមេរិក ក៏ប្រកាសចង់ជួយដល់ប្រជាជន/រដ្ឋាភិបាលចិនដែរ ទោះបីជាសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើង រវាងអាមេរិក និងចិន ក៏ប៉ុន្តែ ប្រធានាធិបតីអាមេរិក Donald Trump ក៏គង់តែប្រកាសចង់ជួយដល់ប្រធានាធិបតី Xi Jinping លើបញ្ហាមួយចំនួនផងដែរ។ អញ្ចឹង ខ្ញុំគិតថា ទាំងអស់នេះ វាជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការ និងការចូលរួមចំណែករបស់យើង ចំពោះប្រជាជន/រដ្ឋាភិបាលចិនដែរ។ ប៉ុន្តែ បើសិនជាយើងបែរជានាំគ្នាបិទជើងហោះហើរពីចិនមកកាន់កម្ពុជា វាមិនខុសពីការដែលយើង ម្ខាងសម្លាប់ផ្នែកមួយ នៃសេដ្ឋកិច្ចខ្លួនឯង មួយផ្នែកទៀត គឺយើងទម្លាក់ទំនាក់ទំនងកម្ពុជាជាមួយចិន។ ប៉ុន្តែ អ្វីដែលយើងបានធ្វើកន្លងទៅនេះ វាជាការរួមចំណែកក្នុងការដោះស្រាយបញ្ហារបស់ចិនហើយ។
ហង្សមាស៖ … ទៅលើការផ្សាយព័ត៌មានមិនពិត ដូចដែលមានព័ត៌មានខ្លះលើកឡើងពីយុវជននៅកោះកុង ក៏បានមកធ្វើកិច្ចសន្យាពីរឿងផ្សាយព័ត៌មានមិនពិតហ្នឹង ដូច K01 ឬក៏មានបុរស/ស្ត្រីនៅសៀមរាបជាដើម។ ដោយឡែក សម្រាប់បុគ្គលឃើញថា ឱ្យគាត់មកធ្វើកិច្ចសន្យាហើយៗចំពោះរាជរដ្ឋាភិបាលយើង តើមានការស្រាវជ្រាវ អ្នកដែលលេងប្លុក(blog) ឬក៏អ្នកដែលបង្កើត channel ណាមួយ ដែលបំពុលនូវព័ត៌មានមិនពិតនេះដែរ ឬទេ?
សម្តេចតេជោ៖ ចំណុចនេះ ខ្ញុំគិតថា ដំបូងយើងយកវិធានការអប់រំ ជាការប្រសើរជាងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ អ្វីដែលខ្ញុំថាចាត់វិធានការ មិនសំដៅទៅលើគុកច្រវាក់នោះទេ។ ខ្ញុំពិតជាផ្តល់ឱកាស សម្រាប់អ្នកសារព័ត៌មានទាំងអស់ រហូតទៅដល់ខ្ញុំហ៊ានផ្តល់នូវមេធាវី ដើម្បីការពារក្តីឱ្យអ្នកសារព័ត៌មានតាមអង្គហេតុ/ច្បាប់សមស្រប។ ប៉ុន្តែ ផ្នែកហ្វេសប៊ុក ឬ channel នេះ/នោះ វាមិនមែនតួអង្គសារព័ត៌មានពេញលេញនោះទេ។ យើងក៏មិនមានការចាំបាច់ ដើម្បីនឹងធ្វើទោសទណ្ឌនោះដែរ ប្រសិនបើគេសារភាពទទួលស្គាល់នូវការខុសឆ្គងរបស់គេ។ ជាវិធានការ គឺយើងអប់រំគេ ឱ្យគេផ្សាយព័ត៌មានត្រឹមត្រូវ។ ប៉ុន្តែ សម្រាប់អ្នកដែល(ចេញនូវព័ត៌មាន)បំពុល(សង្គម) ខ្ញុំគិតថា ភាគច្រើននៅក្រៅប្រទេសទេ។ អ្នកនៅក្នុងប្រទេសច្បាស់ជាមិនទទឹងទិសរហូតទៅដល់បង្កើត Blog នេះ/នោះ ដើម្បីរុញមក ហើយរុញមកនេះ ក៏វាមិនមានឥទ្ធិពល ស្អីជ្រុលហួស បើក្បាលម៉ាស៊ីនរបស់យើងប៉ុនមេឃ/ដី … ពេលដែលជួបជាមួយអ្នកសារព័ត៌មាន ខ្ញុំថា ខិតខំផ្សាយព័ត៌មានពិត ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ។ អ្វីដែលគួរខ្លាច គឺព័ត៌មានដែលចេញពីស្ថាប័នព័ត៌មានដូចជា អាដើមអម្ពិល … យើងគ្រាន់តែផ្តល់ការណែនាំល្អជាងវិធានការផ្លូវច្បាប់ …
រឿងមួយទៀត ព្រះគោ/កែវ នៅឯព្រៃនប់ មិននាំគ្នាទៅនៅក្រោមគោ ចាក់ទឹកពីលើ ហើយទៅដេកក្រោមគោ គ្រាន់តែឆ្លងអាមេរោគពីគោហ្នឹងល្មមងាប់ហើយ។ មនុស្សមិនឈឺក៏គួរតែឈឺដែរ។ សម័យពីមុន ខ្ញុំធ្លាប់តែស៊ីពងទាប្រៃហើយនិងសណ្តែកដីលីង។ ជំនាន់គេថាថ្នាំពុលនៅតាមផ្សារ តាំងពីទសវត្សរ៍ ៨០។ តា សាយ ភូថង ក៏គាត់ទទួលទានតែអាហ្នឹងជាមួយសណ្តែកដីលីងដែរ ព្រោះទៅទិញអីពីផ្សារមកសុទ្ធតែថ្នាំពុលទាំងអស់។ ហ្នឹងហើយចាញ់សង្គ្រាមចិត្តសាស្ត្រ។ សូម្បីតែផ្ទះខ្ញុំក៏ធ្លាប់ចាញ់សង្គ្រាមចិត្តសាស្ត្រដែរ។ អញ្ចឹងទេ ចំណុចដែលលោកសួរអម្បាញ់មិញ ខ្ញុំសរុបឡើងវិញថា វិធានការផ្លូវច្បាប់មិនគួរត្រូវបានប្រើប្រាស់នៅ ពេលដែលពួកគេទទួលយកនូវការខុសឆ្គង ហើយកែតម្រូវនោះទេ។ យកវិធានការអប់រំវិជ្ជាជីវៈ និងផ្តល់ព័ត៌មានពេញលេញពីស្ថាប័នសុខាភិបាល និងក្បាលម៉ាស៊ីនព័ត៌មានអស់លោកទាំងអស់ ក្លាយទៅជាអ្នកជូនព័ត៌មានចំពោះប្រជាពលរដ្ឋ ដើម្បីបំបាត់ចោលនូវព័ត៌មានអាក្រក់។ នេះជាចម្លើយរបស់ខ្ញុំ។ មានអីទៀត?
ថ្មីថ្មី៖ … តើកម្ពុជាមានបច្ចេកទេសបែបណាដែរ ដើម្បីព្យាបាលពួកគាត់ឱ្យជា? … ហើយប្រជាពលរដ្ឋហាក់ដូចជាមិនមានជំនឿលើការព្យាបាលរបស់ក្រសួង …?
សម្តេច៖ កុំអាលទៅណា។ ខ្ញុំសួរត្រឡប់ទៅវិញ ប្រជាពលរដ្ឋមិនជឿទុកចិត្ត តើប្រជាពលរដ្ឋណាខ្លះបានឈឺជំងឺហ្នឹងហើយ? ខ្ញុំសួរនាង។ នាងឆ្លើយសំណួរខ្ញុំសិន។ តើប្រជាពលរដ្ឋណាខ្លះឈឺ ហើយមិនជឿទុកចិត្ត ឈឺហើយ ឬនៅ? (…សំណួរ…) ហើយចុះបើមិនទាន់មានអ្នកជំងឺម៉េចបានថាមិនជឿ។ ហ្នឹងមកពីយើងបន្ថែមតើ? ការពិតអត់ទាន់មនុស្សឈឺផងហ្នឹង រួចចេះតែថាមិនជឿ ហើយចុះមិនទាន់ទាំងឈឺផង អ្នកណាទៅព្យាបាលកើត។
ឥឡូវ ខ្ញុំឆ្លើយ។ ដល់ម៉ោងនេះ អង្គការសុខភាពពិភពលោក និងសកលលោកទាំងមូលអត់ទាន់រកឃើញថា វាជាជំងឺអី ហើយផ្តើមចេញពីអីទេ។ អាហ្នឹងបើតាមខ្ញុំដឹង ខ្ញុំមិននិយាយជំនួស ឯកឧត្តម ម៉ម ប៊ុនហេង នោះទេ។ ក៏ប៉ុន្តែ សូម្បីតែនៅប្រទេសចិន សូម្បីតែនៅអាមេរិក សូម្បីតែអង្គការសុខភាពពិភពលោក អត់ទាន់ដឹងថា អាហ្នឹងវាជាអីទេ ហើយក៏មិនទាន់មានការផលិតវ៉ាក់សាំងណាឱ្យវាត្រូវទេ។ ប្រទេសនៅលើលោកនេះ គឺអត់ទាន់មានប្រទេសណាដែលអះអាងថា មានវ៉ាក់សាំង ដើម្បីសម្លាប់អាមេរោគហ្នឹងភ្លាមៗទេ។ ដូច្នេះវិធីរបស់យើងនៅក្នុងទីនេះ គឺមានវិធី ២ ដែលបានអនុវត្តរួចហើយ។ វិធីទី ១ គឺវិធីការពារ កុំឱ្យវាឆ្លង តាមរយៈដែលយើងបាននិយាយហើយ តាំងពីម៉ាស តាំងពីស្អីណា លាងដៃស្អីណាគ្រប់បែបយ៉ាងស្អីហ្នឹង អាហ្នឹងវិធីធម្មតា នៃអនាម័យទូទៅ។ អាហ្នឹងវិធីទី ១ ជាវិធីដែលពាក្យនៅក្នុងវិស័យសុខាភិបាល គេថា «ការពារប្រសើរជាងព្យាបាល»។
វិធីទី ២ នៅពេលដែលរកឃើញ គឺត្រូវយកគាត់ទៅទុកដោយឡែក ស្អីគេហៅ isolated room យកគាត់ទៅទុកដោយឡែក ថែបំប៉នគាត់ទុកនៅទីនោះ ព្រោះយើងមិនដឹងថា ត្រូវយកថ្នាំអីទៅចាក់ឱ្យគាត់ ប៉ុន្តែប្រហែលជាគ្រូពេទ្យគេអាចដឹងហើយថា ថ្នាំអី ត្រូវការធម្មតាដូចជាផ្តាសាយអីៗ ត្រូវការថ្នាំអីៗ ប្រហែលជាវាមិនទើសទាល់អីជាមួយនឹងបង្កើតជំងឺបន្ថែមទេ ប្រហែលជាអាហ្នឹងផ្នែកវេជ្ជសាស្ត្រ។ ប៉ុន្តែសួរជាសំណួរថា ប្រជាជនអត់ទុកចិត្ត សួរប្រជាជនហ្នឹងមានអ្នកណាឈឺឬនៅ? ហ្នឹងជាសំដីរបស់អ្នកកាសែតសួរខ្លួនឯងតើ បង្កើតខ្លួនឯងមកសួរនាយករដ្ឋមន្ត្រីតើ។ បើអត់ទាន់ឈឺផង ឧទាហរណ៍ បើនាងឯងឈឺទៅ សួរពូមក ថាខ្ញុំកំពុងឈឺអាហ្នឹង តើលោកពូមានថ្នាំ ឬអត់? ឬសម្តេចមានថ្នាំ ឬអត់? ហ្នឹងទើបពូឆ្លើយបាន ប្រាប់ថា អត់ទាន់មានថ្នាំទេ … ខ្ញុំជាមួយអ្នកកាសែត តែសួរមិនត្រូវ ខ្ញុំសួរវិញ សួរឱ្យឆ្លើយតែម្តង។ ១៦ លាននាក់ អត់ទាន់មានមនុស្សណាម្នាក់ឈឺទេ។ អញ្ចឹង អត់ទាន់មានសំណួរថា ទុកចិត្ត ឬមិនទុកចិត្តទេ។ ក្នុងពេលដែលអង្គការសុខភាពពិភពលោក អត់ទាន់រកឃើញថា ហ្នឹងជាវីរុសអីផង ចេញមកពីអីផង គ្រាន់តែប្រើពាក្យបណ្ដោះអាសន្នថា ណូវែលកូរ៉ូណា ឬក៏ កូរ៉ូណាថ្មី ឬក៏វីរ៉ុសវូហាន ប្រើពាក្យអញ្ចឹង តែប៉ុណ្ណឹងតើ។ យកពាក្យដែលថា អត់ទុកចិត្ត បើអត់ទុកចិត្ត អាហ្នឹងកុំទុកទាំងអស់លើពិភពលោកនេះ ត្រូវទុកចិត្តខ្លួនឯងទៅ ទុកចិត្តខ្លួនឯងថា កុំឱ្យឆ្លងជំងឺហ្នឹង ខិតខំកុំឱ្យឆ្លងជំងឺហ្នឹងទើបអាចការពារខ្លួនបាន អាហ្នឹងរឿងប៉ុណ្ណឹងទេ ហើយមានអីទៀតសួរមក?
PNN៖ … មុននេះសម្តេចបានមានប្រសាសន៍ថា វីរុសកូរូណានេះមិនមានអីគួរឱ្យភ័យខ្លាច ដូចការផ្សាយព័ត៌មានមិនពិតដែលកើតឡើងប៉ុន្មានថ្ងៃមុននេះទេ ប៉ុន្តែពលរដ្ឋមួយចំនួនធំក្នុងនោះគាត់នៅតែខ្វះព័ត៌មានដែលថា តើមកទល់ពេលនេះរដ្ឋាភិបាលកម្ពុជា ជាពិសេស វិស័យសុខាភិបាលកម្ពុជាយើងមានសមត្ថភាពគ្រប់គ្រាន់ ឧបករណ៍សម្ភារៈដូចបណ្តាប្រទេសលើពិភពលោកយ៉ាងម៉េចដែរ ក្នុងការប្រយុទ្ធប្រឆាំងក៏ដូចជាការបង្ការឆ្លងមេរោគនេះសម្តេច?
សម្តេច៖ ចំពោះបញ្ហានេះ យើងបាននិយាយគ្នាច្រើនហើយ ប្រហែលជាលោកចាប់ចុងជួនមិនជាប់ហើយធ្វើជាអ្នកសារព័ត៌មានមួយដែរ គួរតែបើកវគ្គសិក្សាខ្លួនឯងបន្តិចទៅ គេនិយាយមួយព្រឹកហើយ។ ប្រជាជនចិន ១.៤០០ លាននាក់ យើងថាប៉ុណ្ណឹងចុះ គឺក្នុងរង្វង់ថាក្នុងមួយ Hebei ហ្នឹង ដែលរាប់ទាំង Wuhan ទាំងស្អីហ្នឹង យើងថាឱ្យ ៤០ លានចុះ។ សម្រាប់យើងវាមានតែមួយករណីទេ ឯក្រៅពីនោះបម្រុងទុកមន្ទីរពេទ្យ។ ស្ទើរតែគ្រប់កន្លែងទៅហើយ និយាយរួមថាមិនស្ទើរទេ វាគ្រប់កន្លែងទៅហើយ ដែលបម្រុងទុកនូវវិធានការដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រាប់ទាំងបញ្ហាដែលខ្ញុំនិយាយអម្បាញ់មិញ រឿងទៅមុខទៀត ត្រូវទាក់ទងជាមួយនឹងរោងចក្រដើម្បីដេរម៉ាសបន្ថែមបម្រុងទុកចែកឱ្យប្រជាពលរដ្ឋ អាហ្នឹងវាមិនជាផ្នែកមួយនៃវិធានការទេលោក? ចេះធ្វើអ្នកសារព័ត៌មានស្តាប់ឯងមិនយល់? បើអញ្ចឹងទៅពន្យល់អ្នកណាទៀត បើសូម្បីតែអ្នកសារព័ត៌មានមកស្តាប់នាយករដ្ឋមន្រ្តីមួយព្រឹកហើយ មកសួរឯងត្រង់ហ្នឹងទៀត។ ទេ! វាត្រូវតែឱ្យសួរអញ្ចឹងហើយអាអន្ទិត។ ឯងវាមិនយល់បានឯងសួរ។ និយាយឯងៗ ថាអសុរសទៀត។ ប៉ុន្តែ ចៅឯងវាស្មើនឹងចៅទេ …។
អញ្ចឹងទេ វិធានការដែលយើងបានរៀបចំបម្រុងទុក ហើយដែលយើងបានធ្វើកន្លងទៅនេះ បានសេចក្តីថា ដំណើរការរបស់យើង ការគ្រប់គ្រងសភាពការណ៍របស់យើងវាបានជាប់លាប់ហើយ វាមិនទៅផុតពីសមត្ថភាពជាក់ស្តែងរបស់យើងទេ។ បើសិនជាប្រជាពលរដ្ឋរបស់យើងម្នាក់ៗ កុំយកការភ័យខ្លាចដាក់នៅពីមុខ ហើយយកការជាក់ស្តែង នៃសុខភាពផ្ទាល់ខ្លួនដាក់ពីមុខ ប្រហែលជាវាមិនមានរឿងអីកើតឡើងទេ ព្រោះប្រជាជនម្នាក់ៗខិតខំការពារខ្លួនឯងកុំឱ្យឆ្លងអាវីរុសហ្នឹង អញ្ចឹងវាជាការចូលរួមចំណែក មិនចាំបាច់គ្រូពេទ្យទៅឯណា សូម្បីតែម៉ាស ក៏គាត់ចេះដេរខ្លួនឯង គាត់ម្នាក់ៗចេះការពារខ្លួនឯងទាំងអស់។ ដូច្នេះគឺវាមិនដាច់អាជីពរបស់ពេទ្យទេ ក៏ប៉ុន្តែ វាបានរួមចំណែកផ្ទាល់ពីប្រជាជនម្នាក់ៗមកកាន់កិច្ចការពារមួយ ដែលយើងបានធ្វើរួមគ្នា។ ហើយខ្ញុំឆ្លើយប៉ុណ្ណឹងចុះ។
អភ័យទោសចំពោះនាង ចំពោះក្មួយ ដែលពូមានសំដីចោទសួរភ្លាមៗ … ព្រោះប្រជាជនមិនទាន់ឈឺផង ប្រើពាក្យមិនទុកចិត្តវាអត់យល់អាភាសាហ្នឹងយល់វាមិនកើត។ យើងជាអ្នកបង្កើតនូវសំណួរហ្នឹងមក។ ពិភពលោកអត់មានអ្នកណាទាន់រកឃើញថាអាហ្នឹងជាជំងឺអីផង ហើយបើផលិតវ៉ាក់សាំងវិញមិនមែនត្រូវការតែ ១ ថ្ងៃ ២ ថ្ងៃទេ, ១ ខែ ២ ខែប្រហែលជាមិនទាន់ផង។ វាត្រូវតែយកទៅពិសោធន៍ ពិសោធន៍ហ្នឹងអាចដំបូងពិសោធន៍ជាមួយនឹងសត្វ បន្ទាប់ពីពិសោធន៍ជាមួយសត្វ ពិសោធន៍ជាមួយមនុស្ស ពិសោធន៍ជាមួយមនុស្ស តើជាឬមិនជា? វាត្រូវឆ្លងកាត់(ច្រើន)។ អញ្ចឹងដំណាក់កាលរបស់យើងនេះ ជាដំណាក់កាលដែលយកកិច្ចការពារជាសំខាន់ ប្រើយុទ្ធសាស្រ្តការពារជាសំខាន់ ហើយបើមានការកើតហើយគឺខិតខំធ្វើដូចកន្លងទៅ។
ឥឡូវតាមព័ត៌មាន អ្នក(ចិន)នៅកោះកុងបានចេញដំណើរទៅប្រទេសវិញបាត់ហើយ។ អ្នកនៅកោះកុងដែលលោកឯងថាងាប់ ថារកឃើញគេទៅប្រទេសវិញបាត់ទៅហើយ។ លោកឯងមកផ្សាយនៅនេះ។ អភិបាលខេត្តកោះកុងបានវាយឱ្យខ្ញុំម្សិលមិញនៅម៉ោងដូចជា ម៉ោង ៦:៣៣ នាទីល្ងាច ដែលគាត់វាយមក ហើយខ្ញុំឆ្លើយតបទៅគាត់វិញម៉ោង ៦:៤៦ នាទី។ រឿងអស់នេះបានសេចក្តីថានាយករដ្ឋមន្រ្តីតាមជាប់។ នេះជាមេបញ្ជាការកំពូលរបស់ប្រទេសលើគ្រប់វិស័យ មិនមែនអង្គុយលេងសើច ដេកលេងសើចទេណា។ តាមជាប់ទៅលើព្រឹត្តិការណ៍អស់ទាំងនេះ ប៉ុន្តែ ស្ថាប័នទទួលបន្ទុកគឺជាអ្នកចេញអនុវត្ត។ គ្រាន់តែអញ្ចេះ ថ្មីថ្មី … ផ្សាយទៅថាប្រជាជនត្រូវតែជឿទុកចិត្ត ហើយជឿទុកចិត្តមុនគឺជឿទុកចិត្តផ្ទាល់ខ្លួនឯង ថាកុំឱ្យខ្លួនឯងមានជំងឺហ្នឹង អាហ្នឹងឆាប់ចប់រឿង។ បើមិនទាន់ឈឺផង យើងការពារកុំឱ្យឈឺទៅ មិនចាំបាច់មកជឿលើក្រសួងសុខាភិបាលធ្វើអី។ ជឿទុកចិត្តលើខ្លួនឯងទៅ វាចប់រឿងហើយ …។
រកឃើញការបំភ្លៃព័ត៌មានចេញពីប្រភពណាក៏ដោយ ត្រូវវាយប្រហារតបទៅវិញភ្លាមៗ
បានហើយប៉ុណ្ណឹងចុះ ឈប់ឱ្យសួរហើយ។ សង្ឃឹមថា បណ្តាស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមនៅក្នុងដំណើរការនេះ។ ពិសេសបណ្តាញសារព័ត៌មានរបស់យើងត្រូវធ្វើសកម្មភាព ហើយសារព័ត៌មានរបស់យើង ខ្ញុំសុំផ្តល់ជាអនុសាសន៍ សារព័ត៌មានណាដែលរកឃើញ ការបំភ្លៃព័ត៌មានចេញពីកន្លែងណា សារព័ត៌មានណាអាចរកឃើញមុន ត្រូវវាយប្រហារលើប្រភពបំភ្លៃនោះភ្លាម។ ត្រូវហ៊ានធ្វើអាហ្នឹង ខ្ញុំម្សិលខ្ញុំពេញចិត្ត ខ្ញុំឃើញនៅពេល K01 ធ្វើអញ្ចឹង ឃើញអ្នកបង្ហោះហ្វេសប៊ុកមួយថា ម៉េចបានរដ្ឋាភិបាលមិនចាត់ការមនុស្សបែបហ្នឹង? មានហ្វេសប៊ុកគេចេញមកវាយប្រហារភ្លាម ជាមួយ K01។ ខ្ញុំមើលភ្លាមៗ ព្រោះខ្ញុំជាមនុស្សរពឹសដៃ រពឹសភ្នែក ប៉ុន្តែរពឹសភ្នែករបស់ខ្ញុំ មិនមែនរពឹសភ្នែកមើលស្រីស្អាតទេ រពឹសមើលព័ត៌មាន រាប់ទាំងបណ្តាញសង្គមផងដែរ។ អញ្ចឹងបានជាខ្ញុំដឹងរឿងច្រើន ហើយពេលដែលអ្នកវាយមកបញ្ជូនមកខ្ញុំ នៅពេលដែលខ្ញុំទទួលបានហើយ ខ្ញុំតែងតែប្រាប់ថាទទួល ដើម្បីឱ្យអ្នកខាងនោះ បើទោះបីថាមានសញ្ញា WhatsApp មានសញ្ញាលោតឱ្យឃើញថា បានបើកមើល ហើយ Telegram ក៏មានសញ្ញា ប៉ុន្តែខ្ញុំត្រូវតែវាយថា បានទទួល ប្រើពាក្យ ទទួល គឺខ្លី។
អញ្ចឹងទេ សារព័ត៌មានយើងគគោក ប៉ុន្តែ បណ្តោយឱ្យហ្វេសប៊ុកមួយពីរកំប៉ិកកំប៉ុកតូចតាច យកមកបំភ័យប្រជាជន ១៦ លាននាក់ តើសក្តិសមជាក្បាលម៉ាស៊ីនព័ត៌មាន ដែលចំណាយលុយរាប់លានដុល្លារមកវិនិយោគទេ? មួយស្ថានីយៗមិនចេះតិចទេណា លុយច្រើនណាស់ទើបវិនិយោគផ្នែកសោតទស្សន៍ វិទ្យុ ទូរទស្សន៍។ បុគ្គលិកត្រូវចាយលុយរាប់លានដុល្លារក្នុងមួយឆ្នាំៗ … ពេលរកឃើញអាហ្នឹង យើងវាយប្រហារតបវិញភ្លាម។ ស្ថានីយណាដែលចេញប្រតិកម្មមុនគេ ខ្ញុំនឹងផ្តល់លិខិតសរសើរនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ពេលដែលយើងជួបគ្នា … ស្ថាប័នព័ត៌មានយើងមួយគគោក សួរទៅក្រសួងសុខាភិបាលភ្លាម ក្រសួងសុខាភិបាលថាអត់មានទេ យើងផ្សាយព្រឹបភ្លាមថាអត់មានទេ។ រត់អក្សរនៅហ្នឹងភ្លាម លើកញ្ចក់ទូរទស្សន៍របស់យើងភ្លាម ថាអត់មានព័ត៌មានហ្នឹងទេ។ ដោយការបញ្ជាក់ដូចជាម្សិលមិញនេះ បើខ្ញុំមិនបានមើលទាំងអស់ទេ BTV និង Fresh News វាផ្សាយជាមួយគ្នាតែម្តង ក្រសួងសុខាភិបាលទាត់ចោលនូវព័ត៌មាន ដែលថានៅកោះកុងមានឆ្លង ដោយ ដើមអម្ពិល អ្នកផ្សាយ។ អញ្ចឹងទេ បានសេចក្តីថា ហ្នឹងគេយកព័ត៌មានវាយព័ត៌មាន ព័ត៌មានពិតវាយព័ត៌មានក្លែងក្លាយ។ ព័ត៌មានពិតនោះមុន នឹងយើងផ្សាយ យើងត្រូវសួរមកក្រសួងសុខាភិបាល ឱ្យក្រសួងសុខាភិបាលចេញការបញ្ជាក់ ហើយបើបានធ្វើសម្ភាសន៍ផ្ទាល់ពីក្រសួងសុខាភិបាលទៅកាន់ស្ថានីយរបស់យើង វាកាន់តែល្អ ដើម្បីយើងបំបាត់ព័ត៌មានក្លែងក្លាយបន្ទាន់។ យកព័ត៌មានពិតសម្លាប់ព័ត៌មានក្លែងក្លាយ កុំឱ្យព័ត៌មានក្លែងក្លាយសម្លាប់ព័ត៌មានពិត ដូចរយៈពេលកន្លងទៅ។
អរគុណ ជូនពរទាំងអស់គ្នាមានជោគជ័យ សូមអរគុណ បិទបញ្ចប់តែប៉ុណ្ណឹង៕