ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ជំងឺរបស់ប្រពលរដ្ឋកម្ពុជា គឺជំងឺភ័យខ្លាចហួសហេតុ ថែមដោយព័ត៌មានបំពុលសង្គមទៀត
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានការចាំបាច់ ដើម្បីថ្លែងសារផ្ទាល់មាត់ជូនទៅកាន់ព្រះសង្ឃ ក៏ដូចជាបងប្អូនជនរួមជាតិ ទាក់ទងជាមួយនឹងសភាពការណ៍ថ្មីៗ ពាក់ព័ន្ធជាមួយនឹងបញ្ហាជំងឺ វីរុសកូរ៉ូណាថ្មី ដែលបានកំពុងយា យីនៅក្នុងប្រទេសរបស់យើង។ បញ្ហាដែលចោទឡើងប៉ុន្មានថ្ងៃនេះ តើអ្វីទៅជាបញ្ហាពិតប្រាកដ? តើប្រទេសយើងកំពុងមានជំងឺអ្វីទៅ? ខ្ញុំព្រះករុណាខ្ញុំ គួរតែយកឱកាសនេះបញ្ជាក់ថា ជំងឺពិតប្រាកដដែលបាននិងកំពុងកើតនៅក្នុងប្រទេសរបស់យើង គឺជំងឺភ័យខ្លាច មិនមែនជាជំងឺ វីរុសកូរ៉ូណាថ្មី ដែលបានកើតចេញពីទីក្រុង Wuhan នៃប្រទេសចិននោះទេ។
ជាការជាក់ស្ដែង យើងអាចចោទចេញជាសំណួរថា តើមកដល់ពេលនេះ មានប្រជាជនកម្ពុជាណាម្នាក់ ឬជនជាតិបរទេសណាម្នាក់ ដែលនៅលើទឹកដីកម្ពុជា បានស្លាប់ដោយសារជំងឺនេះហើយ ឬនៅ? វាមិនទាន់មានទាល់តែសោះ ក្រៅតែពី(ការរកឃើញជំងឺ)មួយករណី ដែលបានកើតឡើងនៅខេត្តព្រះសីហនុ។ ប៉ុន្តែ ហេតុអ្វីបានជា(មាន)សម្ពាធផ្លូវអារម្មណ៍សម្រាប់ប្រជាជនយើងខ្លាំងម្ល៉េះ? ដូច្នេះ ជំងឺពិតប្រាកដ ដែលបានកើតក្នុងរយៈពេលកន្លងទៅ រហូតមកដល់ពេលនេះ គឺជំងឺភ័យខ្លាចហួសហេតុ ដែលវាហួសពីការពិត បន្ថែមទៅដោយការបំពុលដោយព័ត៌មានមួយចំនួន ដែលខ្វះការទទួលខុសត្រូវ និងជាប្រភេទនៃការបំពុលសង្គម។
ជំងឺបែប វីរុសកូរ៉ុណាថ្មី មិនមែនជារឿងថ្មីរបស់ពិភពលោក និងតំបន់ទេ
ខ្ញុំព្រះករុណាខ្ញុំ ចង់បញ្ជាក់ថា ជំងឺបែបនេះ មិនមែនជារឿងថ្មីរបស់ពិភពលោក និងតំបន់ទេ។ ក្នុងឋានៈជាប្រធានអាស៊ាន ខ្ញុំព្រះករុណាខ្ញុំ ផ្ទាល់ធ្លាប់បានដឹកនាំការប្រជុំអាស៊ាន និងចិន ព្រមទាំងហុងកុង នៅក្នុងពេលដែលប្រទេសកម្ពុជាធ្វើប្រធានអាស៊ាននៅចុងឆ្នាំ ២០០២ និងឆ្នាំ ២០០៣។ ពេលនោះ (ពិភពលោក)យើងមានជំងឺ សារស៍ (SARS) កើតឡើង ហើយអាស៊ានធ្វើការប្រជុំបន្ទាន់ រួមជាមួយសាធារណរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសហុងកុង។ បន្តមកទៀត ក៏មានការកើតឡើងនូវជំងឺប្រភេទផ្សេងៗ ដូចជាគ្រុនផ្ដាសាយបក្សី ជំងឺផ្ដាសាយជ្រូក Swine Flu (H1N1) ហើយជំងឺ Swine Flu ហ្នឹងវាឆ្លងមកដល់ខ្ញុំទៅទៀត។ កាលពេលនោះ យើងប្រជុំគណៈរដ្ឋមន្រ្តីនៅអគារមិត្តភាព។ ខ្លួនខ្ញុំផ្ទាល់ជាអ្នកឆ្លងជំងឺនេះ។ ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី គឺជាអ្នកចម្លង។ ចម្លងបានច្រើនគ្នាណាស់ កាលពីពេលនោះ។ ឯកឧត្តម ម៉ម ប៊ុនហេង កាលពីពេលហ្នឹង ទៅព្យាបាលខ្ញុំ ហើយយើងយកក្រុមគ្រូពេទ្យមួយក្រុមទៅព្យាបាលខ្ញុំ …។
ហ្វេសប៊ុកបំពុលបរិយាកាស និងអ្នកសារព័ត៌មានដែលគ្មានវិជ្ជាជីវៈ
វាមិនមែនជារឿងថ្មីរបស់ពិភពលោកទេ។ តំបន់ និងពិភពលោក ធ្លាប់បានកើតជំងឺនេះជាហូរហែមក។ ខុសគ្នាត្រង់ថា កាលពីពេលមុន វាអត់មានហ្វេសប៊ុកសម្រាប់បំពុលបរិយាកាសហ្នឹងទេ។ តែឥឡូវ វាមានហ្វេសប៊ុកនោះ ដែលវាបំពុល។ ខ្ញុំសុំលើកឧទាហរណ៍ ដើម្បីឱ្យឃើញបន្ដិចថា តើរឿងនេះ វាសមហេតុ សមផលទេ? យប់ម្សិលម្ង៉ៃ ក្នុងពេលដែលខ្ញុំតបសារទៅឥស្សរជននយោបាយម្នាក់ ពេលនោះ ក៏ស្រាប់តែលោក ហេង ឡុង ដែលជាប្រធានសមាគមសិល្បៈ បង្ហោះភា្លមនូវរូបវីដេអូឃ្លីបមួយ អំពីក្មេងស្រីម្នាក់ ដែលធ្វើការនៅកាស៊ីណូនៅក្រុងព្រះសីហនុ “ស្រែកថា ពុទ្ធោៗ!” ហើយដាក់ឱ្យជួយ like and share ទៀត។ បានខ្ញុំហៅទូរស័ព្ទទៅស្ដីឱ្យ។ មិនទាន់បានប៉ុន្មាននាទីផង ឃើញក្មេងស្រីហ្នឹង(បង្ហោះវីដេអូបកស្រាយ)ថា យកវីដេអូខ្ញុំទៅបង្ហោះ បំផ្លាញការងាររបស់ខ្ញុំ។ ខ្ញុំអត់មានកើត(ជំងឺកូរ៉ូណា)ហ្នឹងផង។ អញ្ចឹងលោក ហេង ឡុង ក៏បានលុបចោល ហើយក៏បានធ្វើការសុំទោស។ ម្សិលមិញមានករណី K01។ សុំក្មួយៗ ឬ K01 បើមាននៅទីនេះ ឬនៅទីណាក៏ដោយ មើលឥរិយាបទរបស់ខ្លួនឡើងវិញបន្ដិច។ តើឥរិយាបទ(ដែលថតវីដេអូផ្សាយផ្ទាល់នៅមន្ទីរពេទ្យរុស្ស៊ី)ហ្នឹង វាសមជាឥរិយាបទសមរម្យជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈទេ?
មិនគួរស្ថិតនៅក្រោមសង្គ្រាមចិត្តសាស្រ្ត នាំបាត់បង់ជំនឿទុកចិត្តលើប្រទេស/ខ្លួនឯង
វាមិនមានទាល់តែសោះ។ ធ្វើដូចជាគ្រាប់បែកបរមាណូរត់ត្រូវក្បាលរបស់ខ្លួនអញ្ចឹង (ដែលកំពុង live Facebook)នៅមុខមន្ទីរពេទ្យរុស្ស៊ី។ អញ្ចឹងស្ថានភាពអស់ទាំងនេះ វាបង្កទៅជាការភ័យខ្លាចចំពោះប្រជាពលរដ្ឋ ក្នុងពេលដែលគាត់មិនយល់។ អ្វីដែលសំខាន់ ខ្ញុំក៏គួរតែនិយាយថា ការភ័យខ្លាច ដែលបណ្ដាលមកពីការបំពុល(ព័ត៌មាន) និងជំនឿទៅលើការមិនទទួលខុសត្រូវរបស់ផ្នែកព័ត៌មានមួយចំនួន … យើងទាំងអស់គ្នាមិនគួរស្ថិតនៅក្រោមសង្រ្គាមចិត្តសាស្រ្តមួយ ដែលនាំទៅដល់ការបាត់បង់ជំនឿទុកចិត្តចំពោះប្រទេសខ្លួនឯង។ ការបាត់បង់ជំនឿទុកចិត្តចំពោះខ្លួនឯង ម្នាក់ៗ ឬក្រុមគ្រួសាររបស់ខ្លួនក្នុងការការពារខ្លួន។
កោតសរសើរចំពោះក្រសួងសុខាភិបាល និងអ្នកនាំពាក្យក្រសួង ដែលប្រតិកម្មរហ័ស
ខ្ញុំក៏សុំយកឱកាសនេះ កោតសរសើរចំពោះក្រសួងសុខាភិបាល ជាពិសេសឯកឧត្តម រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ដែលបានម្ចាស់ការក្នុងភាពសកម្ម ដែលហៅថា ប្រតិកម្មរហ័សរបស់ក្រសួងសុខាភិបាល ទៅលើការរៀបចំ។ ទោះបីមិនទាន់មានការប្រកាសជាសាធារណៈទៅលើបញ្ហាទាក់ទងជាមួយនឹងជំងឺនេះ (កូរ៉ូណា) នៅក្នុងប្រទេសយើង ក៏ប៉ុន្តែ វិធានការដែលបានប្រកាន់យកនោះ គឺដាក់នូវម៉ាស៊ីនសម្រាប់(ត្រួតពិនិត្យ)នៅតាមច្រកចេញចូល ជាមួយនឹងព្រលានយន្តហោះទាំងបី ក៏ដូចជាច្រកផ្សេងទៀត ដូចជាបាវិត ប៉ោយប៉ែត និងព្រែកចាក។ សូមកោតសរសើរចំពោះលោកជំទាវ រដ្ឋលេខាធិការ ដែលជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ដែលបានធ្វើកិច្ចការយ៉ាងសកម្ម ក្នុងការផ្ដល់ជូនព័ត៌មានសម្រាប់អ្នកសារព័ត៌មាន។
កោតសរសើរ BTV សម្ភាសន៍ផ្ទាល់ចេញពីទីតាំងអ្នកជំងឺ, “ដើមអម្ពិល” ធ្វើខុសវិជ្ជាជីវៈ
សុំថ្លែងនូវការកោតសរសើរចំពោះ BTV ដែលបានធ្វើកិច្ចការដ៏ល្អទាក់ទងជាមួយនឹងរឿងនេះ។ សម្ភាសន៍ផ្ទាល់ចេញពីទីតាំង ដែលមានរោគសញ្ញាពាក់ព័ន្ធនឹងបញ្ហា(ជំងឺកូរ៉ូណា)នេះ។ សូម្បីតែព្រឹកមិញនេះ មុនពេលដែលខ្ញុំមកទីនេះ BTV និងបាយ័ន បានសម្ភាសន៍ផ្ទាល់ចេញពីទីតាំង ដែលជនជាតិចិនម្នាក់ ដែលរកឃើញថា មានជំងឺ(កូរ៉ូណា)នេះ ដោយថតបានទាំងរូបរបស់ជនជាតិចិននេះ ចេញមកយកម្ហូបដែលដាក់នៅខាងក្រៅបន្ទប់ជូនគាត់ ជាមួយនិងការសន្ទនារវាងគ្រូពេទ្យរបស់យើងបីនាក់ ជាមួយនឹងជនជាតិចិននេះផងដែរ។ គេផ្សាយពីទីកន្លែងកើតហេតុ។ ប៉ុន្តែ ជាអកុសលណាស់ សូម្បីតែ ដើមអម្ពិល របស់ សយ សុភាព នេះ វាអាចធ្វើទៅរួច (ដែលចុះផ្សាយតាមហ្វេសប៊ុកអំពីមានអ្នកកើតជំងឺកូរ៉ូណា ពីរនាក់នៅកោះកុង)។ វិជ្ជាជីវៈគ្រាន់បើនឹងគេដែរ ហើយឥឡូវនេះ ក៏ក្លាយទៅជាអ្នកធ្វើអត្ថាធិប្បាយនៅ BTV។ ខ្ញុំកំពុងតែគិតថា តើលោក សយ សុភាព មានហេតុសមផលដើម្បីនឹងធ្វើជាអ្នកអត្ថាធិប្បាយនៅទូរទស្សន៍មួយ ដែលជំនាញខាងផ្នែកព័ត៌មាន (ទេ)? ខ្ញុំនឹងពិចារណាអំពីបញ្ហានេះ បើសិនជាមានកំហុសបែបនេះ។ នេះចេះមិនធ្វើអត្ថាធិប្បាយទៅលើ BTV បើធ្វើអត្ថាធិប្បាយនៅលើ BTV គឺពិតជាបំផ្លាញកេរ្តិ៍ឈ្មោះរបស់ BTV។ នេះគ្រាន់តែជាការបំផ្លាញកេរ្ដិ៍ឈ្មោះរបស់ ដើមអម្ពិល តែប៉ុណ្ណោះ ហើយខ្លួនក៏បានសុំទោសអំពីបញ្ហានេះហើយដែរ។ ប៉ុន្តែមិនគួរទេ។
កុំបន្ទោសតែរដ្ឋាភិបាលកម្ពុជា បន្ទោសរដ្ឋាភិបាលប្រទេស Human Rights Watch ស្ថិតនៅផង
រឿងអស់ទាំងនេះ គឺរឿងទទួលខុសត្រូវរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល … រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ជាអ្នកទទួលខុសត្រូវ។ អញ្ចឹងចំណុចអស់ទាំងនេះ គឺជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះធ្វើការបកស្រាយ ហើយក៏ធ្វើការណែនាំទៅលើបញ្ហាមួយចំនួន ជូនចំពោះស្ថាប័ន ក៏ដូចជាផ្ដល់ជាយោបល់សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ដូចខ្ញុំព្រះករុណាខ្ញុំបានលើកឡើងថា រឿងជំងឺឆ្លងបែបនេះ មិនមែនជារឿងថ្មីរបស់ពិភពលោក និងតំបន់ទេ។ រឿងដែលគួរឱ្យអកុសល យប់មិញនេះ វិទ្យុបរទេសបានផ្សាយជាភាសាខ្មែរមួយ បាននិយាយដោយយកសម្ដីរបស់(មនុស្សដែល)គេហៅថា អនុប្រធាននៃអង្គការឃ្លាំមើលខាងសិទ្ធិមនុស្ស Human Rights Watch ថា “គួរតែស្ដីបន្តោសឱ្យរដ្ឋាភិបាលកម្ពុជា ដែលបើកឱ្យមានការហោះហើរ ពី Wuhan ឱ្យចុះនៅខេត្តព្រះសីហនុ នាំជំងឺចម្លងមកកាន់កម្ពុជា” ក្នុងពេលដែលប្រទេសលោកឯង(ម្នាក់នោះ) ក៏មានរឿងហ្នឹងកើតឡើង។ អញ្ចឹងលោកឯងក៏មិនទៅស្ដីបន្ទោសរដ្ឋាភិបាលលោកឯង ចាំបាច់មកស្ដីឱ្យរដ្ឋាភិបាលកម្ពុជា។ ចោទជាសំណួរអញ្ចេះវិញ។ ទីតាំងដែលលោកឯងស្នាក់នៅ ក៏មានកើតជំងឺហ្នឹងដែរ ម៉េចក៏លោកឯងមិនទៅបន្ទោសរដ្ឋាភិបាលប្រទេសលោកឯង ហើយ(ហេតុអី្វមានការ)ចាំបាច់មកបន្ទោសរដ្ឋាភិបាលកម្ពុជា ដែលមានមួយករណី (ដែល)បើមើលទៅ(អ្នកជំងឺ គឺជា)មនុស្សមានកាយសម្បទា(រឹងមាំ) ហើយចេញមកក្រៅទៅមុជទឹកសមុទ្របាន។ ប៉ុន្តែ យើងត្រូវតែដាក់គាត់នៅដាច់ដោយឡែកពីគេតែប៉ុណ្ណោះ។
បើយើងបិទជើងហោះហើរពីចិន ស្មើនឹងសម្លាប់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយទំនាក់ទំនងជាមួយចិន
ខ្ញុំអត់យល់ទេ។ ការឆ្លង(ជំងឺលើ)មនុស្សម្នាក់ ដែលកើតមាននៅកម្ពុជា គេបានប្រើជាសម្ដីមួយចេញមកថា រាជរដ្ឋាភិបាលកម្ពុជាគួរតែត្រូវបានស្ដីបន្ទោស ដែលបណ្ដែតបណ្ដោយឱ្យមានជើងហោះហើរចុះមកកម្ពុជា អាចធ្វើឱ្យមានការឆ្លង។ ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់បន្តិច ការបំផុស(ឱ្យមាន)ការភ័យខ្លាចរបស់ប្រជាជន នាំទៅដល់ការបញ្ជូនមករាជរដ្ឋាភិបាល នូវសំណូមពរពីរ … សំណូមពរទីមួយ គឺបិទជើងហោះហើរពីចិនមកកម្ពុជាទាំងអស់។ នេះជាវិធានការសម្លាប់ផ្នែកមួយនៃសេដ្ឋកិច្ចជាតិ និងជាការកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា-ចិន។ ចំណុចនេះ សូម្បីតែក្មួយបង្កើតរបស់ខ្ញុំ ក្រោយពេលកើតរឿងនេះ បានវាយចូលមកក្នុង WhatsApp ថា “លោកអ៊ំ! គួរតែបិទជើងហោះហើរចេញពីប្រទេសចិនចូលមកកម្ពុជា”។ ខ្ញុំអត់ឆ្លើយតបទេ។ ក៏ប៉ុន្តែ ក៏មានលើកឡើងជាបន្តបន្ទាប់ សំណូមពរដែលថាគួរតែបិទ។ ខ្ញុំសូមជម្រាបថា វិធានការបែបនេះ វាជាផ្នែកមួយនៃការសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជា ហើយកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា-ចិនផងដែរ។ ហេតុអ្វីទៅ? ប្រទេសចិនធំណាស់ ប្រជាជនរហូតមកដល់ពេលនេះជិត ១.៤០០ លាន នាក់។ ទីក្រុង Wuhan ប្រជាជនជាង ១០ លាននាក់ ហើយនិងខេត្ត Hebei ប្រហែលជាជាង ៣០ លាននាក់ តែប៉ុណ្ណឹងទេ។ ដូច្នេះគិតពីចំនួនដែលប្រជាជនទទួលការឆ្លង និងការស្លាប់ យើងឃើញថាមានចំនួនច្រើន ប៉ុន្តែបើគិតពីចំនួនសមាមាត្រប្រជាពលរដ្ឋគឺតូចណាស់។ វាមិនបានស្មើនឹងគ្រោះរញ្ជួយផែនដីនៅកន្លែងណាមួយផងទេ តែការរីករាលដាល មានការចាំបាច់ត្រូវតែមានការទទួលខុសត្រូវ។
ការបិទជើងហោះហើរពី Wuhan ដោយរដ្ឋាភិបាលចិន បង្ហាញពីការទទួលខុសត្រូវ
រដ្ឋាភិបាលចិនមានការទទួលខុសត្រូវខ្ពស់ណាស់ ទៅលើប្រជាជនខ្លួនឯងផង ហើយទៅលើប្រទេសនានាផង។ ការទទួលខុសត្រូវរបស់រដ្ឋាភិបាលចិន ទៅលើប្រជាជនខ្លួនឯង នៅត្រង់ថា ឥឡូវទីក្រុង Wuhan ក៏ដូចជាតំបន់ជិតខាងនៃទីក្រុង Wuhan ក៏ត្រូវបានដាក់មិនឱ្យមានការហោះហើរចេញ ពី Wuhan ទៅប្រទេសចិនខ្លួនឯងក៏មិនឱ្យហោះ ទៅប្រទេសជិតខាងក៏មិនឱ្យហោះ។ មិនមែនត្រឹមបិទតែជើងហោះហើរទេ បិទទាំងរថភ្លើង និងការធ្វើដំណើរទាំងអស់ ដើម្បីកុំឱ្យប្រជាជន Wuhan មានការចម្លងទៅកន្លែងផ្សេង។ អ្នកដែលទៅកាន់ទីក្រុង Wuhan ចេញទៅតំបន់ផ្សេង ក៏ត្រូវឱ្យនៅក្នុងផ្ទះយ៉ាងតិច ១៤ ថ្ងៃ។ នេះជាវិធានការរបស់ចិនប្រកាន់យក ក្នុងការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ សូម្បីតែរដ្ឋមន្ត្រីការបរទេសចិនដែលគ្រោងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី ១ និងទី ២ ខាងមុខនេះ ក៏ត្រូវផ្អាកទស្សនកិច្ចដើម្បីរួមដោះស្រាយបញ្ហានៅក្នុងប្រទេសចិន។ យើងមិនចាំបាច់ប្រកាសបិទទេ ចិនគេប្រកាសបិទពីប្រទេសគេរួចស្រេចទៅហើយ។ មិនត្រឹមតែបិទជើងហោះហើរពី Wuhan មកកាន់កម្ពុជា ឬប្រទេសដទៃទេ គេបិទទាំងនៅក្នុងប្រទេសមិនឱ្យមានការហោះហើរពីទីក្រុង Wuhan ទៅកាន់ Beijing និងទីក្រុងដទៃទៀតនៅក្នុងប្រទេសចិន បិទទាំងផ្លូវដែក/គោក ដើម្បីទុកឱ្យមានការដោះស្រាយនៅក្នុងក្របខណ្ឌមួយ ដែលមានកម្រិតតូចជាង កុំឱ្យមានការរីករាលដាល។
វិនិយោគិន និងអ្នកទេសចរចិនច្រើន មកកម្ពុជា គ្មានទាក់ទងជាមួយជំងឺនេះទេ
រាជរដ្ឋាភិបាលចិនមានការទទួលខុសត្រូវទៅលើបញ្ហានេះ។ ប៉ុន្តែ ប្រទេសចិនទាំងមូល មានផ្ទៃដីជាង ៩ លាន គីឡូម៉ែត្រការ៉េ ជិត ១០ លានគីឡូម៉ែត្រការ៉េនោះ។ វាធំណាស់។ ប្រជាជនជិត ១.៤០០ លាននាក់ទៅហើយ។ អញ្ចឹងទេសួរថា តើវិធានការបិទជើងហោះហើរពីប្រទេសចិនមកកាន់កម្ពុជា លទ្ធផលនាំដល់អី? វាមិនមែនជាការវាយប្រហារទៅលើប្រទេសចិនទេ តែវាការវាយប្រហារទៅលើសេដ្ឋកិច្ចកម្ពុជាដោយត្រង់តែម្ដង ជាពិសេសអ្នកដែលរកស៊ី អ្នកដែលវិនិយោគទុនរបស់ចិននៅកម្ពុជាយ៉ាងច្រើន។ អ្នកទេសចររបស់ចិនដែលមកកាន់កម្ពុជាដែលគ្មានផលប៉ះពាល់អ្វីទាក់ទងជាមួយនឹងជំងឺនេះសោះ។ ដូច្នេះ វានឹងសម្លាប់សណ្ឋាគាររបស់កម្ពុជា វានឹងសម្លាប់ផ្នែកសេវារបស់កម្ពុជា ក្នុងចំណែកមួយ។ ដូច្នេះត្រូវយល់។
មិនខ្វល់ប្រទេសណាគិតពីកម្ពុជាយ៉ាងណាទេ តែមិនជម្លៀសពលរដ្ឋចេញឡើយ
មួយផ្នែកទៀតជានយោបាយ។ វាក៏ជាផ្នែកមួយនៃការកាត់បន្ថយទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវមើលឃើញ។ ខ្ញុំមិនខ្វល់ថា ប្រទេសដទៃគិតយ៉ាងម៉េចទេ គឺនៅត្រង់ថា ខ្លះគេបានជម្លៀសប្រជាជនគេចេញទៅផុតបាត់ទៅហើយ។ ខ្លះចង់យកយន្តហោះយោធាទៅជម្លៀសប្រជាជនគេចេញពី Wuhan ប៉ុន្តែ ត្រូវរដ្ឋាភិបាលចិនបដិសេធ។ ឥឡូវត្រៀមយន្តហោះស៊ីវិល។ កម្ពុជាមិនប្រកាន់យកឥរិយាបទបែបនេះទេ។ ខ្ញុំនឹងបញ្ជាក់ជូននៅផ្នែកខាងក្រោម។ អញ្ចឹងចំណុចទីមួយ ដោយសារការភ័យខ្លាចនេះ វាហួសកម្រិត បាននាំទៅដល់ការអំពាវនាវ និងលើកសំណើមកកាន់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបិទជើងហោះហើរចេញពីប្រទេសចិនមកកាន់កម្ពុជា ខ្ញុំគ្រាន់តែបញ្ជាក់ថា ប្រទេសចិនធំណាស់ ហើយបើនិយាយពីការធ្វើដំណើរក្នុងប្រទេសចិនវិញ ពីទីក្រុង Nanning មកកាន់កម្ពុជាហោះត្រឹមតែ ១ ម៉ោង ៤៥ នាទី តែប៉ុណ្ណោះ ហើយហោះចេញពីប្រទេសកម្ពុជាទៅកាន់កោះ Hainan វិញ ហោះត្រឹមតែ ១ ម៉ោង ២៥ នាទី តែប៉ុណ្ណោះ ប៉ុន្តែ បើគេហោះពី Nanning ទៅ Beijing ត្រូវហោះ ៥ ម៉ោង ឯណោះ អញ្ចឹង រវាងព្រំដែនប្រទេសចិនជាមួយកម្ពុជា ជិតជាងព្រំដែនចិនជាមួយវៀតណាម ឬចិនជាមួយឡាវ មីយ៉ាន់ម៉ា ទៅទីក្រុងប៉េកាំងទៅទៀត។
ជម្លៀសនិស្សិតខ្មែរកំពុងរៀននៅចិន អាចនឹងឈានទៅបញ្ចប់អាហារូបករណ៍របស់និស្សិតខ្មែរពីចិនតែម្ដង
ចំណុចទី ២ គឺមានការស្នើសុំឱ្យជម្លៀសនិស្សិតខ្មែរដែលកំពុងរៀននៅចិនមកកម្ពុជាវិញ។ នេះអាចជាវិធានការឈានទៅដល់ការបញ្ចប់និស្សិតខ្មែររៀននៅប្រទេសចិនតែម្ដង។ ព្រោះអី? ពេលស្រួលនៅជាមួយគ្នា ពេលលំបាករត់ចោលគ្នា។ និស្សិតខ្មែរនៅប្រទេសចិន រដ្ឋាភិបាលចិនមានការទទួលខុសត្រូវ មើលថែទាំ។ ខ្ញុំកំពុងមានការបារម្ភថា និស្សិតខ្មែរខ្លះ ដែលវិលមកកាន់កម្ពុជាដោយមិនបានសុំច្បាប់សាលា នោះមិនត្រូវបានសាលាឱ្យចូលរៀនវិញទេ។ នេះខ្ញុំកំពុងតែគិត។ ខ្ញុំឃើញសារព័ត៌មានចុះផ្សាយថា និស្សិតខ្មែរមួយចំនួន បានមកដល់កម្ពុជា។ ប៉ុន្តែ តាមការស៊ើបសួរថា មកវិស្សមកាល។ តើពិតទេ? ចំណុចនេះ ខ្ញុំគិតថា បើសិនជាយើងសម្រេចចិត្តជម្លៀសនិស្សិតខ្មែរ ដែលកំពុងរៀននៅប្រទេសចិនមកកាន់កម្ពុជា រឿងនេះវានឹងនាំទៅដល់ការបញ្ចប់នូវការបញ្ជូននិស្សិតខ្មែរទៅរៀននៅសាធារណរដ្ឋប្រជាមានិត្យចិន។ ព្រោះអី? ចិនក៏គេមើលឥរិយាបថរបស់យើងដែរ។ រឿងអីពេលសុខស្រួលនៅជាមួយគ្នា ពេលលំបាករត់ចោលគ្នា។ ប្រជាជនចិន ១.៤០០ លាននាក់នៅហ្នុង ហេតុអីបានយើងមិនហ៊ាននៅ? ខ្ញុំបារម្ភកូនក្មួយដែលមកដល់កម្ពុជាប៉ុន្មានថ្ងៃនេះ តើមកដោយការភ័យខ្លាចអំពីវីរុសនេះទេ? ហើយបានសុំច្បាប់សាលាទេ? បើមិនទាន់បានសុំច្បាប់សាលាទេ គប្បីរកវិធីទាក់ទងសុំច្បាប់សាលា ព្រោះខ្ញុំបារម្ភថាសាលាអាចនឹងមិនអនុញ្ញាតឱ្យក្មួយៗចូលទៅរៀនវិញទេ …។ យើងធ្លាប់បាននិយាយហើយថា ប្រទេសរបស់យើងធ្លាប់(ជួបហើយ) ពេលមានសេចក្តីសុខគេមកនៅជាមួយយើង ប៉ុន្តែពេលដែលយើងមានទុក្ខ គេរត់ចោលយើងអស់។ ខ្មែរទេជាអ្នកស្លាប់ ជំនាន់ ប៉ុល ពត។ មានជនបរទេសប៉ុន្មាននាក់ ដែលស្លាប់ជាមួយខ្មែរ? គេរត់ចេញអស់។ រាប់ទាំងខ្មែរមួយចំនួនរត់ចេញអស់។ ឥឡូវថា និស្សិតខ្មែររត់ចេញពីប្រទេសចិន ប៉ុន្តែរត់ចេញពីប្រទេសចិនមកដល់ប្រទេសខ្មែរ ក៏វីរុសហ្នឹងមកតាមប្រទេសខ្មែរកំពុងតែភ័យឆោឡោក្នុងប្រទេសខ្មែរផងដែរ អញ្ចឹងរត់ទៅណាពិភពលោកបច្ចប្បន្ននេះ រត់ទៅណាទៀត។
ការសម្រេចចិត្តដ៏ត្រឹមត្រូវទី ១ គឺមិនជម្លៀសប្រជាពលរដ្ឋយើង នៅពេលដែលប្រទេសជប៉ុនរញ្ជូយដី បែកធ្លាយ reactor ពីរោងចក្រអគ្គិសនីនុយក្លេអ៊ែរ និងរៃអង្គាសជួយប្រជាជនជប៉ុនទៀត
ខ្ញុំសុំដកពិសោធន៍រឿង ២ ដែលកើតឡើងនៅជប៉ុន និងនៅកូរ៉េ ដែលខ្ញុំសម្រេចចិត្តត្រឹមត្រូវ។ អស់លោកប្រហែលជាបានដឹងហើយ ប្រជាពលរដ្ឋរបស់យើងប្រហែលជាបានដឹងហើយថា នៅជប៉ុនមានការផ្ទុះ មានការរញ្ជួយផែនដី បែកធ្លាយនូវ reactor អំពីម៉ាស៊ីនអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ។ ពេលនោះមានការជូនយោបល់ថា គប្បីជម្លៀសអ្នកការទូតរបស់យើងនៅតូក្យូចេញមកជាបណ្តោះអាសន្ន។ បានខ្ញុំណែនាំទៅឯកឧត្តម ហោ ណាំហុង ពេលនោះជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស ថាណែនាំបន្ទាន់ទៅតូក្យូឱ្យ(អ្នកការទូតខ្មែរយើង)ស្ថិតនៅប្រទេសជប៉ុន ស្ថិតនៅតូក្យូ។ ប្រសិនបើជារដ្ឋាភិបាលជប៉ុនតម្រូវឱ្យទៅនៅកន្លែងសុវត្ថិភាពកន្លែងណាមួយ ត្រូវទៅតាមការចាត់ចែងរបស់រដ្ឋាភិបាលជប៉ុន មិនអាចនឹងបោះបង់ចោល រត់ចោលប្រទេសជប៉ុន ក្នុងពេលដែលជប៉ុនមានការលំបាក។ នៅតូក្យូ ប្រជាជនជប៉ុនអាចរស់នៅបាន ហេតុអ្វីយើងនៅជាមួយគេមិនបាន? មិនត្រឹមតែប៉ុណ្ណឹងទេ ពេលនោះយើងបំផុសប្រជាពលរដ្ឋខ្មែរយើងឱ្យរៃអង្គាសគ្នាបានថវិកាមួយចំនួនជូនទៅដល់ប្រជាជនជប៉ុនថែមទៀត។ តើនៅចាំទេព្រឹត្តិការណ៍នេះ? ទោះបីថាយើងជាអ្នកក្រ ក៏ប៉ុន្តែទឹកចិត្តយើងអត់ក្រទេ។ អញ្ចឹងជានិច្ចជាកាល អ្នកនយោបាយជប៉ុនតែងអរគុណដល់ប្រជាជនកម្ពុជា ដែលបានឆ្លើយតបដោយទឹកចិត្តជ្រះថ្លា។ លុយវាតិចតួចណាស់សម្រាប់យើងជួយទៅដល់ប្រទេសជប៉ុននៅពេលនោះ ក៏ប៉ុន្តែទឹកចិត្តទើបជាបញ្ហា។ ទី ១ ទាំងអ្នកការទូតរបស់យើង ទាំងនិស្សិតរបស់យើងៗអត់បានជម្លៀសចេញពីប្រទេសជប៉ុនទេ។ ហ្នឹងបទពិសោធន៍ទី ១។
ការសម្រេចចិត្តត្រឹមត្រូវទី ២ មិនជម្លៀសប្រជាពលរដ្ឋយើង ពេលប្រុងផ្ទុះសង្គ្រាមឧបទ្វីបកូរ៉េ
បទពិសោធន៍ទី ២ គឺបញ្ហានៅកូរ៉េខាងត្បូង។ កាលពីកូរ៉េខាងជើងប្រកាសថានឹងធ្វើសង្រ្គាម ហើយតម្រូវឱ្យអ្នកការទូតនៅបរទេស នៅកូរ៉េខាងត្បូងចាកចេញ ពេលនោះមានសំណូមពរពីប្រជាពលរដ្ឋរបស់យើងដែលមានកូនចៅធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនិងក្រុមប្រឆាំងមួយចំនួនក៏បានលើកឡើងថា គប្បីត្រូវតែជម្លៀសពលករយើងចេញពីកូរ៉េខាងត្បូង។ ខ្ញុំបានឆ្លើយតបហើយពេលនោះ បើអាចយកមកចាក់ឡើងវិញក៏មានឃ្លីបវីដេអូ។ ប្រជាជនកូរ៉េខាងត្បូង គេនៅយ៉ាងម៉េចបាន យើងនៅជាមួយគេទៅ។ គេមានវិធានការការពារប្រជាជនរបស់គេជាក់លាក់។ ការជម្លៀស តើយើងមានមធ្យោបាយអីជម្លៀសមនុស្សរាប់ម៉ឺននាក់? អ្វីដែលយើងត្រូវធ្វើ ត្រូវរួមជាមួយនឹងប្រជាជនកូរ៉េខាងត្បូង រួមរស់នៅជាមួយគ្នា រួមសុខរួមទុក្ខជាមួយគ្នានៅពេលនោះ។ ចំណុចនេះនាំទៅដល់ការបង្កើននូវចំនួនពលករកម្ពុជា តាំងពីតិចរហូតដល់ច្រើន ដោយគេឃើញការទទួលខុសត្រូវ និងការដែលយើងមិនរត់ចោលគេ (ពោលគឺ)មិនដាក់បញ្ហាជម្លៀស។ ក្នុងពេលនោះមានប្រទេសមួយចំនួនចង់ជម្លៀសប្រជាពលរដ្ឋមួយចំនួនចេញពីកូរ៉េខាងត្បូង។
កុំពេលគេសុខទៅរួមសុខជាមួយគេ ដល់គេមានទុក្ខបោះបង់គេចោល
បានខ្ញុំថាខ្ញុំអត់ទេ ធ្វើយ៉ាងដូច្នេះ មិនខុសពីការរួមសុខទៅរួមសុខជាមួយគេ ដល់ទុក្ខបោះបង់គេចោល។ ពាក្យថា រួមសុខរួមទុក្ខនៅកន្លែងណា? ករណីដូចគ្នានេះ គឺករណីនៅប្រទេសចិនបច្ចុប្បន្ននេះ អត់មានតម្រូវការទាក់ទិននឹងការបញ្ឈប់ជើងហោះហើរដែលជាផ្នែកមួយនៃការសម្លាប់សេដ្ឋកិច្ចខ្មែរ និងជាផ្នែកមួយនៃការកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា-ចិន។ អត់មានតម្រូវការជម្លៀសនិស្សិតខ្មែរ អ្នកការទូតខ្មែរ កុងស៊ុលខ្មែរនៅតាមបណ្តាទីកន្លែងនានាមកកាន់កម្ពុជាទេ។ យើងទុកនៅទីនោះ ដែលជាការរួមសុខរួមទុក្ខជាមួយគ្នាក្នុងការដោះស្រាយបញ្ហានេះ។ ប្រសិនបើជម្លៀសនិស្សិត … បានសេចក្តីថា មិនចាំបាច់សុំអាហារូបករណ៍ចិនទៅទៀតទេ។ ច្បាស់ជាចិននឹងមិនឱ្យទេ អាហ្នឹងខ្ញុំប៉ាន់ស្មានទុក។ ខ្ញុំមិនដឹងថា ចិនគាត់គិតយ៉ាងម៉េចទេ។ ក៏ប៉ុន្តែ សម្រាប់ខ្ញុំ បើខ្ញុំជាចិន ខ្ញុំអត់ឱ្យអ្នកឯងទៀតទេ។ ពេលស្រួលអ្នកឯងមករកខ្ញុំ ពេលលំបាកអ្នកឯងរត់ចោលខ្ញុំ។ បើសិនជាខ្ញុំជា ស៊ី ជិនពីង ឬក៏ លី ខឺជាំង គឺខ្ញុំអត់ឱ្យទេ។ អ្នកឯងរត់ចោលខ្ញុំហើយ អ្នកឯងមកធ្វើអីទៀត។ សុំអាហារូបករណ៍ខ្ញុំធ្វើអីទៀត។ ហ្នឹងយើងគិតខ្លួនគេជាខ្លួនយើងទៅចុះ។ សូម្បីតែមិត្តភក្តិ ពេលអញមានលុយ អ្នកឯងមករកអញ អ្នកឯងធ្វើក្លើជាមួយអញ ពេលអញអស់លុយ អ្នកឯងឈប់ធ្វើក្លើជាមួយអញ ថ្ងៃក្រោយឱ្យស្បថមួយជីវិត។ យើងគិតពីប្រទេសមួយទៅប្រទេសមួយ ហើយយើងគិតពីគ្រួសារមួយទៅគ្រួសារមួយ។ ពេលយើងមានបាន យើងមានអំណាច គេមកសួរសុខទុក្ខយើងរហូត។ យើងប៉ាវគេរហូត។ ដល់យើងអស់លុយ គេដាក់យើងដាច់ដោយឡែក។ ហ្នឹងតើយើងអាចទទួលយកបានទេ? អញ្ចឹងការដឹកនាំប្រទេសវាក៏ដូចគ្នាដែរ។ គេគិតគូរដូចជាសហគមន៍ ពិភពលោកដូចជាគ្រួសារមួយអញ្ចឹង។ ដូចជាភូមិមួយអញ្ចឹង ដែលគ្រួសារនេះមានទំនាក់ទំនងល្អ ប៉ុន្តែនៅពេលដែលគ្រួសារនេះមានទុក្ខ គ្រួសារនេះត្រូវបានគេបោះបង់ចោល សូម្បីតែខ្ចីលុយក៏គេមិនឱ្យ។
អរគុណសារព័ត៌មានដែលមានវិជ្ជាជីវៈ ផ្សាយតាមការបញ្ចេញព័ត៌មានរបស់ក្រសួងសុខាភិបាល
អញ្ចឹងយកការសន្និដ្ឋានជាក់លាក់ ដែលកម្ពុជាកំពុងជួបប្រទះនៅពេលនេះ មិនមែនវីរុសកូរ៉ូណាថ្មីដែលកើតឡើងនៅក្នុងទីក្រុងមួយនៅក្នុងប្រទេសចិនទេ។ ជំងឺពិតប្រាកដរបស់យើងនៅពេលនេះ គឺជំងឺភ័យខ្លាច នេះជារឿងជាក់ស្តែង ព្រោះមានទាន់មានអ្នកណាស្លាប់? ខ្មែរយើងមានទាន់មានអ្នកណាស្លាប់? ហើយចាំបាច់ទៅពាក់អាវដូច K01 ធ្វើអី? អាហ្នឹងដូចត្រូវការពារវិទ្យុសកម្ម។ វាដល់ស្រែកពុទ្ធោ ដូចជា ហេង ឡុង បង្ហោះស្រែកពុទ្ធោនេះ វាហួស វាអត់គួរទេ។ ខ្ញុំក៏សុំថ្លែងនូវការកោតសរសើរចំពោះបណ្តាស្ថានីយដែលមានវិជ្ជាជីវៈ ស្ថានីយវិទ្យុ ទូរទស្សន៍ សារព័ត៌មានទាំងអស់ ទាំងអនឡាញអី ដែលមានវិជ្ជាជីវៈ ហើយដែលផ្សាយត្រឹមត្រូវ ទៅតាមការបញ្ចេញព័ត៌មានរបស់ក្រសួងសុខាភិបាល។
អ្នកនាំពាក្យក្រសួងសុខាភិបាលសកម្ម, នាយករដ្ឋមន្រ្តីតាមមើល តែទុកសមត្ថកិច្ចជូនស្ថាប័នពាក់ព័ន្ធ
… គិតថា ខ្ញុំទើបនឹងជួបអ្នកកាសែត កាលពី ថ្ងៃទី ១៤ កន្លះខែមុននេះ ខ្ញុំគួរតែនិយាយថា បណ្តាស្ថាប័នដែលមានអ្នកនាំពាក្យខ្លាំងបំផុតគឺក្រសួងសុខាភិបាល និយាយដោយត្រង់លោកជំទាវរដ្ឋលេខាធិការ ដែលទទួលបន្ទុកធ្វើជាអ្នកនាំពាក្យផងនោះ គឺសកម្មណាស់ មិនមែនទើបនឹងអារឿងហ្នឹងកើតឡើងទេ។ ជំងឺច្រើនណាស់ ការណែនាំច្រើនណាស់ ដែលបានធ្វើជាមួយនិងបទសម្ភាសន៍ ការផ្តល់ព័ត៌មាននេះ ផ្តល់ព័ត៌មាននោះ។ រឿងទាក់ទិនជាមួយការផ្សាយទៀតសោត ខ្ញុំបានទទួលនូវរបាយការណ៍អំពីការសង្ស័យ នៅពេលដែលមានទំនាក់ទំនង អភិបាលខេត្តព្រះសីហនុក៏បានធ្វើរបាយការណ៍ ឯកឧត្តម សាយ សំអាល់ ដែលជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ក៏បានធ្វើរបាយការណ៍។ ក្រុមការងារបានឆ្លើយតបបន្ទាន់ទៅកាន់ទីនោះ នៅពេលដែលរកឃើញម៉ោង ៣។ ក្រោយម៉ោង ៣ ឯកឧត្តម ម៉ម ប៊ុនហេង ស្នើសុំយោបល់ថា បានរកឃើញនូវចំណុចនេះហើយ។ ខ្ញុំបានវាយត្រឡប់មកវិញថា ធ្វើការផ្សព្វផ្សាយ ព្រោះមុននឹងផ្សព្វផ្សាយក៏ត្រូវមានការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីគ្មានការលាក់បាំងអ្វីទាំងអស់ គឺអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយ ទើបមានសន្និសីទសារព័ត៌មានកាលពីប៉ុន្មានថ្ងៃមុននេះ។ អញ្ចឹងរឿងនេះមិនមែនបានសេចក្តីថា នាយករដ្ឋមន្ត្រីដេកស្ងៀមនោះទេ នាយករដ្ឋមន្ត្រីតាមមើលបញ្ហានេះ។ ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រីទុកសមត្ថកិច្ចនេះឱ្យស្ថាប័នដែលអនុវត្តទៅតាមច្បាប់ធ្វើការ។ ពិតមែនហើយ យើងមានការរំលឹកតាមហ្វេសប៊ុករបស់យើងខ្លះៗ ក៏ប៉ុន្តែថ្ងៃនេះខ្ញុំត្រូវតែចេញមុខ ដោយសារតែរឿង(ព័ត៌មានបំពុលមួយចំនួន)។ មិនយល់ទេ ធ្វើឱ្យប្រជាពលរដ្ឋរបស់យើងក្លាយទៅជាចំណាប់ខ្មាំងនៃការភ័យខ្លាច ហើយជំងឺពិតប្រាកដរបស់យើងនេះ គឺការភ័យខ្លាច មិនមែនវីរុសកូរូណាថ្មីនោះទេ។ រឿងបន្តទៅទៀត ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះអំពាវនាវ ដែលមានចំណុចមួយចំនួនដូចតទៅនេះ៖
- កុំមានការភ័យខ្លាចហួសពីអ្វីដែលជារឿងពិត, ការពារជំងឺគ្រប់ប្រភេទដោយប្រកាន់នូវអនាម័យ
ទី ១ កុំមានការភ័យខ្លាចហួសពីអ្វីដែលជារឿងពិត ដែលធ្វើឱ្យយើងខាតបង់ពេលវេលាបំពេញការងារ។ យើងអាចបញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទតាមរយៈអនាម័យ (ក្នុង)ការរស់នៅ ការទទួលទាន ការធ្វើដំណើរ ការធ្វើការងារ ។ល។ មនុស្សម្នាក់ៗ គ្រួសារនីមួយៗ ត្រូវចេះការពារខ្លួនដោយខ្លួនឯង។ ខ្ញុំនិយាយថា ការពារជំងឺគ្រប់ប្រភេទ មិនមែនគ្រាន់តែ នូវែលកូរូណា នោះទេ ជំងឺគ្រប់ប្រភេទ បើយើងអត់មានអនាម័យទេ ជំងឺអីក៏វាឆ្លងដែរ។ លើកឧទាហរណ៍ទៅ តាមក្រុមគ្រួសារនីមួយៗ សាកល្បងមានមនុស្សម្នាក់ដែលមានជំងឺផ្តាសាយ ប៉ុន្តែ យើងអត់បានគិតថា ជំងឺផ្តាសាយវាចម្លងពេញមួយផ្ទះនោះ បើសិនជាគ្មានការដាក់ឱ្យអ្នកផ្តាសាយនៅមួយកន្លែង(ផ្សេងគេ) គឺវាឆ្លងផ្តាសាយពេញមួយផ្ទះហ្នឹង។ វា rotate គ្នាតែម្តង អ្នកនេះជា ដល់អ្នកនេះ អានេះជា ដល់អានេះ តគ្នាទាំងអស់ វិលជុំ ដូច volleyball ចឹង វាប្តូរវេនគ្នា ឈឺពេញផ្ទះ។ មិនចាំបាច់កូរូណាទេ គ្រាន់តែជំងឺទាក់ទិនទៅនឹងជំងឺធម្មតាផ្តាសាយ។ តិច(លោថាឈឺ)ផ្តាសាយធំសោះ នាំគ្នាថាកូរូណានឹងគេដែរ ប្រយ័ត្នកន្លែងហ្នឹង។ ប៉ុន្តែបើមានរោគសញ្ញាសង្ស័យណាមួយហើយ ក៏ត្រូវតែរកគ្រូពេទ្យឱ្យបានឆាប់ នៅតាមទីកន្លែងដែលក្រសួងសុខាភិបាលមានការរៀបចំរួចហើយ។ (ដូចជា)ជំងឺភ្នែក … ឆ្លងអាក្រក់ណាស់។ ភ្នែកមើលពីមួយទៅមួយ សូម្បីតែឆ្លុះកញ្ចក់ អ្នកដែលឈឺភ្នែកល្មមៗទៅឆ្លុះកញ្ចក់ អាហ្នឹងឈឺលើសដើម។ អញ្ចឹងបញ្ហាអនាម័យជាបញ្ហាធំ។ យើងអាចបញ្ចៀសបាននូវជំងឺគ្រប់ប្រភេទ រាប់ទាំង នូវែលកូរ៉ូណា នោះផង។ គ្រួសារនីមួយៗ មនុស្សម្នាក់ៗត្រូវម្ចាស់ការខ្លួនឯង ព្រោះមិនអាចពង្រាយគ្រូពេទ្យទៅតាមគ្រួសារបានទេ។ អញ្ចឹងត្រូវយល់ដឹងអំពីការការពារសុខភាពតាមរយៈអនាម័យ។
- ត្រូវផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ
ទី ២ ត្រូវផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ។ ហើយដូចដែលខ្ញុំបានលើកឡើងអម្បាញ់មិញ ខ្ញុំសុំកោត សរសើរជាថ្មីម្តងទៀត ចំពោះអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ មានការទទួលខុសត្រូវ អ្នកលេងហ្វេសប៊ុក ដែលមានការទទួលខុសត្រូវ បណ្តាញសង្គមដែលមានការទទួលខុសត្រូវ ជួយផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងព័ត៌មានក្លែងក្លាយ និងបំពុលសង្គម។ ជាមួយគ្នានេះ ក៏សុំឱ្យក្រសួងព័ត៌មានចាត់វិធានការចាំបាច់ចំពោះព័ត៌មានក្លែងក្លាយ។ ឃើញដូចជា ម៉ាឡេស៊ីចាប់អ្នកសារព័ត៌មាន ៣ នាក់ យើងអត់ទាន់មានចាប់ទេ ក៏ប៉ុន្តែ បើសិនមិនរាងចាលទេ ក៏ត្រូវតែធ្វើដែរ។ ខាងខេត្តពោធិ៍សាត់ បានយកអ្នកដែលផ្សព្វព័ត៌មានមិនពិតបំផុស យកមកចុះហត្ថលេខា គេមកសារភាពខ្លួនគេថាគេខុស។
ប្រភពព័ត៌មានយកជាការបាន លើបញ្ហាជំងឺថ្មីនេះ គឺពីក្រសួងសុខាភិបាលតែមួយគត់
អញ្ចឹងត្រូវមានការទទួលខុសត្រូវទៅលើបញ្ហានេះ ហើយក៏សុំបញ្ជាក់សាជាថ្មី ប្រភពដែលយកជាការបាន គឺក្រសួងសុខាភិបាលជាអ្នកនាំមុខ នាំចេញផ្តល់នូវព័ត៌មាន មិនមែនប្រតិកម្មរហ័ស មិនមែនក្រសួងព័ត៌មាន ឬក្រសួងណាផ្សេង ក្រៅពីស្ថាប័ន ដែលច្បាប់បានប្រគល់ឱ្យស្ថាប័ននេះទទួលបន្ទុក។ ច្បាប់ស្តីពីការចាត់តាំងក្រសួងសុខាភិបាល អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសុខាភិបាល គឺផ្តល់អំណាចឱ្យក្រសួងនេះធ្វើកិច្ចការ។ ដូច្នេះ ក្រសួងត្រូវចេញព័ត៌មានជាក់លាក់។ ឥឡូវមានសារព័ត៌មានច្រើនណាស់ដែលផ្សាយ ប៉ុន្តែ ដែលផ្សាយទៀងទាត់គឺ BTV។ ខ្ញុំមិនសរសើរវាតែម្នាក់គត់ទេ មានសារព័ត៌មានច្រើន ដែលផ្សាយត្រូវ ប៉ុន្តែ update ជាប់គឺ BTV ដែលមានទំនាក់ទំនងច្រើនជាមួយនឹងក្រសួងសុខាភិបាល។ ខ្ញុំឃើញគេតាមមែន។ យប់ម្សិល គ្រាន់តែហ្វេសប៊ុករបស់ BTV ផ្សាយចេញ មិនមែនតាមកញ្ចក់ទូរទស្សន៍ដែលគេមើលទេ ប្រៀបធៀបជាមួយនឹង CNC ក្នុងពេលតែមួយ ហ្វេសប៊ុក page របស់ CNC views មានតែ ១៤២ នាក់ទេ ហ្វេសប៊ុក page របស់ BTV views ៩៥០០ នាក់ … អ្នកតាមព័ត៌មាន ពី BTV ច្រើន ទៅលើបញ្ហាទាក់ទងពីជំងឺនេះ។ ផ្សាយពីជំងឺដូចគ្នា ប៉ុន្តែ គេតាមក្នុង page CNC តែ ១៤២ នាក់ ក្នុងពេលដែល BTV មាន ៩៥០០ នាក់។ គេដាក់ ៩,៥k អាហ្នឹងបានសេចក្តីថា ៩៥០០។ ប៉ុន្តែ ទោះបីជាប៉ុន្មានៗ ខ្ញុំមិនដឹងទេ តែរឿងដែលព័ត៌មានយកជាការបាន គឺព័ត៌មានចេញពីសុខាភិបាល។ បើអ្នកឯងយកព័ត៌មានចេញពីណាផ្សេង គឺខុស។ អញ្ចឹងចំណុចនេះត្រូវតែមានការប្រុងប្រយ័ត្ន។
- ត្រូវដំណើរការធម្មតានូវស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស ផ្សារលក់ដូរ វត្តព្រះពុទ្ធ សាសនា វិហារឥស្លាមសាសនា ក៏ដូចជាវិហារគ្រឹស្ត
ទី ៣ ត្រូវដំណើរការធម្មតានូវស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស ផ្សារលក់ដូរ វត្តព្រះពុទ្ធ សាសនា វិហារឥស្លាមសាសនា ក៏ដូចជាវិហារគ្រឹស្ត ។ល។ មិនអាចតាមរយៈការភ័យខ្លាច បែរជានាំគ្នាបិទស្ថាប័នធ្វើការ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ឬកំពុងតែសន្និបាត ថារំសាយចោលសន្និបាតសិន ព្រោះខ្លាចឆ្លងជំងឺ។ នៅក្នុងហ្នឹង បើសិនមានអ្នកណាមួយពាក់ម៉ាសខ្ញុំដេញចេញ។ នាយករដ្ឋមន្ត្រីអត់ទាំងពាក់ម៉ាសផង មកពាក់អីនៅកន្លែងហ្នឹង? … ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា។ ឆ្ងល់រឿងកន្លែងហ្នឹង … ខ្មែរមិនទាន់ឆ្លងម្នាក់ផង គ្រាន់តែចិនមួយ(ឈឺ) ហើយចិនហ្នឹង បើយោងទៅលើអ្វី ដែលគាត់ចេញមកយកម្ហូប សម្លឹងមើលម្ហូប ដែល BTV ថតបាននោះ រួចហើយនៅពេលដែលគ្រូពេទ្យយើង ៣ នាក់ស្លៀកពាក់(ការពារ)ទៅ រួចហើយគាត់ស្លៀកអាវខោអាវធម្មតា ពាក់អាវក្រហមទៀត បានសេចក្តីថាគាត់មនុស្សមាំទាំ សឹងតែថា ឱ្យទៅស្រុកកំណើតវិញបាន។
គោលការណ៍របស់អាស៊ាន ជំងឺកើតឡើងនៅប្រទេសណា ត្រូវតែព្យាបាលឱ្យជានៅក្នុងប្រទេសនោះ
ពាក់ព័ន្ធនឹងគោលការណ៍ ដែលយើងយកតាំងពីអាស៊ានមក។ អំពីជំងឺសារស៍ គោលការណ៍(របស់អាស៊ាន)អញ្ចេះ ជំងឺកើតឡើងលើជនជាតិណាក៏ដោយ ជំងឺកើតឡើងនៅប្រទេសណា ប្រទេសហ្នឹងទទួលបន្ទុកព្យាបាលរហូតដល់ជា ទើបអនុញ្ញាតឱ្យត្រឡប់ទៅវិញ។ យើងយកគោលការណ៍ហ្នឹងប្រើ។ ទោះបីអាស៊ានមិនទាន់បានប្រជុំឡើងវិញក៏ដោយ តែគោលការណ៍នេះនៅតែជាគោលការណ៍ចម្បង។ គោលការណ៍នេះវាបានក្លាយជាគោលការណ៍សកលទៅហើយ ដែលផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់អាស៊ាន។ រកឃើញជំងឺនេះនៅក្នុងប្រទេសណា ត្រូវតែព្យាបាលឱ្យជានៅក្នុងប្រទេសនោះ មុននឹងឱ្យចាកចេញពីប្រទេសហ្នឹងទៅកាន់ប្រទេសសាម៉ី ឬទៅកាន់កន្លែងផ្សេង ដើម្បីចៀសវាងការឆ្លង។ គោលការណ៍នេះមានតាំងពី ហ៊ុន សែន និងកម្ពុជាធ្វើប្រធានអាស៊ាន ឆ្នាំ ២០០៣ ឯណោះ ដឹកនាំការប្រជុំ។ អញ្ចឹងទេ ស្ថាប័នរដ្ឋទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស ផ្សារលក់ដូរ វត្តអារាម ទាំងព្រះពុទ្ធ ទាំងឥស្លាម ទាំងគ្រឹស្ត … ពេលបុណ្យទានអត់មនុស្សទៅវត្ត លោកមិនដាច់ចង្ហាន់? បានអ្នកណាធ្វើបុណ្យ? ដាច់សីល ដាច់ទានអស់។ ថ្ងៃសុក្រអត់មាននរណាចូលវិហារឥស្លាម ថ្វាយបង្គំ វាមិនកើតជារឿង? ជំងឺភ័យខា្លចអាចនាំឱ្យយើងដាច់នូវការប្រតិបត្តិ(ធម៌)។ លោកមិនហ៊ានឆាន់ជុំគ្នា ឆាន់តាមកុដិមួយៗ ខុសរឿងខុសរ៉ាវ នេះមកពីជំងឺភ័យខ្លាច …។
- ក្រសួងអប់រំ ត្រូវសហការជាមួយក្រសួងសុខាភិបាល ចុះអប់រំតាមសាលា
ទី ៤ សាលារៀនគឺជាគោលដៅដែលត្រូវយកចិត្តទុកដាក់ គឺត្រូវផ្តល់ទំនុកចិត្តដល់សិស្ស និស្សិត មាតាបិតា អាណាព្យាបាល បញ្ជូនកូនមករៀនធម្មតា និងរៀបចំអនាម័យឱ្យបានល្អ តាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។ ក្រសួងអប់រំត្រូវសហការជាមួយក្រសួងសុខាភិបាល ចុះអប់រំតាមសាលា។ បញ្ហាសំខាន់នៅពេលនេះ សាលានីមួយៗ ត្រូវតែអនាម័យឱ្យបានល្អបំផុត ដើម្បីផ្តល់នូវជំនឿទុកចិត្តទៅដល់មាតាបិតា និងអាណាព្យាបាលសិស្ស។ ខ្ញុំសុំកោតសរសើរទៅដល់មាតាបិតា អាណាព្យាបាលសិស្ស ដែលកន្លងទៅទោះបីជាមានពាក្យចចាមអារាមបំភិតបំភ័យ តែនៅតែបន្តបញ្ជូនកូនចៅទៅរៀនសូត្រ។ សង្ឃឹមថា អ្នកដែលមានការភ័យខ្លាច ក៏នឹងបញ្ឈប់ការភ័យខ្លាច ហើយបញ្ជូនកូន បញ្ជូនចៅ ឱ្យទៅទទួលបាននូវការរៀនសូត្រឡើងវិញ។ វាមិនទាន់ហួសពេលទេ ព្រោះបើសិនជាទុកកូននៅផ្ទះ គេរៀនៗទៅផុត (កូន)យើងត្រូវចាញ់គេហើយ។ ឧទាហរណ៍ ប្រឡងបាក់ឌុបនៅឆ្នាំនេះ មេរៀនដែលយើងមិនបានរៀន តើត្រូវដោះស្រាយយ៉ាងម៉េច? សាលាមិនអាចថយក្រោយមក ដើម្បីនឹងយិតយោងយើង ក្នុងថា ៨០% ទៅរៀន ២០% អត់ទៅ ហើយបែរជាថយក្រោយមកស្ទូចអា ២០% ទេ គេទៅមុខហើយ។ ប៉ុន្តែ តាមសាលានីមួយៗ គ្រូបង្រៀនទាំងអស់ក្រៅពីយកចិត្តទុកដាក់អនាម័យខ្លួនឯង ត្រូវដឹកនាំធ្វើយ៉ាងម៉េច? សាលាត្រូវសម្អាតយ៉ាងម៉េច? ហើយអនាម័យលាងសាប៊ូស្អីៗហ្នឹង អាហ្នឹងគឺផ្នែកសុខាភិបាលធ្វើហើយ។ ខ្ញុំគិតថា មិនមានការចាំបាច់ដើម្បីឱ្យខ្ញុំនឹងនិយាយពីបញ្ហាលំអិតនោះទេ។ ដូច្នេះក្រសួងសុខាភិបាល ក្រសួងអប់រំ ទាំងពីរហ្នឹងសហការគ្នា ធ្វើយ៉ាងម៉េចផ្តល់នូវទំនុកចិត្តសម្រាប់សិស្ស/និស្សិត ផ្តល់នូវទំនុកចិត្តចំពោះមាតាបិតា/អាណាព្យាបាល បញ្ជូនកូនចៅទៅរៀនដោយគ្មានការភ័យខ្លាច។
- ត្រូវមានម៉ាសការពារនៅកន្លែងចាំបាច់ អាអត់ចាំបាច់វាអត់ត្រូវមាន
ទី ៥ ត្រូវមានម៉ាសការពារនៅកន្លែងចាំបាច់។ ហេតុអីបានខ្ញុំនិយាយថាត្រូវមានម៉ាសការពារនៅកន្លែងចាំបាច់ ? ខ្ញុំនិយាយតែអាចាំបាច់ទេ អាអត់ចាំបាច់វាអត់ត្រូវមាន។ ដូចជាការប្រជុំកាសែតអញ្ចឹង ខ្ញុំថ្លែងសារទៅកាន់ប្រជាពលរដ្ឋ តើមានការចាំបាច់ពាក់ម៉ាសទេ? វាអត់ចាំបាច់។ អញ្ចឹងបានជាខ្ញុំត្រូវប្រើពាក្យចាំបាច់ យើងមើលព្រលានយន្តហោះ ពួកអាស៊ីយើងទេពាក់ តែពួកទេសចរអឺរ៉ុបអត់មានអ្នកណាពាក់ទេ។ កម្រឃើញពាក់ណាស់តាមព្រលានយន្តហោះ។ គេយល់ដឹងអំពីរបៀបជំងឺ។ ឯយើង រឿងភ័យហួសទៅជានាំគ្នាពាក់ ដែលមិនមានការចាំបាច់ពាក់។ សូម្បីតែខ្ញុំនេះ បន្តិចទៀត ខ្ញុំក៏ត្រូវពាក់ម៉ាស ខ្ញុំពាក់ម៉ាសរាល់ថ្ងៃ ព្រោះអី? ម្តាយក្មេកខ្ញុំ ទោះបីយកចេញពីមន្ទីរពេទ្យ ប៉ុន្តែមានបន្ទប់សង្គ្រោះបន្ទាន់នៅឯផ្ទះ ហើយនៅពេលណាដែលខ្ញុំចូលដល់ផ្ទះ គឺខ្ញុំត្រូវពាក់ម៉ាស កាន់តែបន្ថែមទៀត ពាក់ទាំងមួក ទាំងស្បែកជើង(ក្រណាត់) ខ្ញុំត្រូវចូលទៅមើលម្ដាយក្មេករបស់ខ្ញុំ ត្រូវពាក់ទាំងអស់។ អាហ្នឹងគេហៅចាំបាច់។ ដល់មិនចាំបាច់យើងអត់មានត្រូវការពាក់ទេ។ អញ្ចឹងទេ ទីកន្លែងណាដែលត្រូវមានការចាំបាច់ ត្រូវពាក់ម៉ាសដើម្បីការពារ។ ខ្ញុំប្រើពាក្យចាំបាច់។ អ្នកដែលចង់ពាក់ក៏ពាក់ទៅ ហើយជួនកាលពាក់ម៉ាសហ្នឹង ពាក់ចុះពាក់ឡើងអាជំងឺឆ្លងពីម៉ាសហ្នឹងមកទៀត ព្រោះអី? ជួនកាលទឹកមាត់នៅហ្នឹង រួចហើយដោះដាក់ហោប៉ៅ រួចហើយទាញមកពាក់វិញ។ អញ្ចឹងទីចុងបំផុតឆ្លងពីអាជំងឺខ្លួនឯង ព្រោះអាទឹកមាត់ទឹកអីហ្នឹង រួចហើយ ខ្វះអនាម័យ យកមកដាក់ហោប៉ៅ រួចដកពីហោប៉ៅទៅពាក់ទៀត។ ដល់អញ្ចឹងកើតជំងឺ ដោយសារជំងឺបង្កើតដោយខ្លួនឯង។ អញ្ចឹងបើបានជាជ្រុលថា ពាក់ម៉ាសក៏ត្រូវតែដឹងថា ម៉ាសហ្នឹងមានសុវត្ថិភាព។
- អ្នកលក់ម៉ាស កុំឆ្លៀតកេងចំណេញនៅក្នុងកាលៈទេសៈ នៅពេលដែលប្រជាជនកំពុងមានតម្រូវការ
ទី ៦ អ្នកលក់ម៉ាសកុំឆ្លៀតដំឡើងថ្លៃ ត្រូវជួយគ្នាក្នុងគ្រាក្រ កុំឆ្លៀតកេងចំណេញពេលមានតម្រូវការ។ សោកស្តាយ ដោយរយៈពេលកន្លងទៅនេះ គឺអ្នកលក់ម៉ាសមួយចំនួនក៏បានដំឡើងថ្លៃ។ សុំអំពាវនាវឱ្យអ្នកលក់ម៉ាសកុំឆ្លៀតកេងចំណេញនៅក្នុងកាលៈទេសៈនៅពេលដែលប្រជាជនកំពុងមានតម្រូវការពាក់។ ជាមួយគ្នានេះ ខ្ញុំអំពាវនាវចំពោះរោងចក្រកាត់ដេរមួយចំនួន ជួយដេរម៉ាសលក់ឱ្យរដ្ឋ ឬជួយដល់ប្រជាជនដែលមានតម្រូវការ។ រោងចក្រយើងមានច្រើនណាស់។ ដេរបន្ថែម។ ក្រសួងសុខាភិបាលត្រូវធ្វើការជាមួយក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរ ដើម្បីផលិតម៉ាសបន្ថែម ព្រោះយើងមានត្រូវការបន្ត។ អាម៉ាសហ្នឹងខ្លះគេយកទៅបោក អាចប្រើបានបន្ត … ត្រូវត្រៀមលក្ខណៈក្រែងលោវាអូសបន្លាយពេល ដូច្នេះត្រូវផលិតម៉ាស។ រោងចក្រយើងមានច្រើនណាស់ រដ្ឋត្រូវទទួលខុសត្រូវក្នុងការទិញម៉ាសពីរោងចក្រដែលផលិតម៉ាសនេះ ចុះកុងត្រា រោងចក្រនេះផលិតប៉ុណ្ណេះរោងចក្រនោះផលិតប៉ុណ្ណោះ តាមស្តង់ដាដែលយើងប្រគល់ឱ្យគេផលិត។
កាលពីកើតជំងឺសារស៍ កម្ពុជានាំចេញសម្លៀកបំពាក់ការពារជំងឺសារ ៥ លានកំផ្លេ, ចេះដេរម៉ាសខ្លួនឯង ក៏ដេរប្រើតាមគ្រួសារនីមួយៗទៅ
ខ្ញុំសុំជម្រាប កាលពីកើតជំងឺសារស៍ កម្ពុជានាំចេញសម្លៀកបំពាក់ការពារជំងឺសារស៍ ៥ លានកំផ្លេ តើនាំចេញពីកន្លែងណា? ដេរនៅខេត្តកំពង់ចាម ដោយក្រុមហ៊ុន Manhattan។ ៥ លានកំផ្លេ ដើម្បីផ្គត់ផ្គង់ឱ្យបណ្តាមន្ទីរពេទ្យនៅក្នុងតំបន់របស់យើង ហើយនិងនៅប្រទេសដទៃទៀត ៥ លានកំផ្លេ។ អញ្ចឹងគ្រាន់តែម៉ាសគឺយើងអាចធ្វើទៅរួច អាចធ្វើទៅបានមិនបញ្ហាទេ។ ចំពោះក្រុមគ្រួសារដែលចេះដេរ គប្បីដេរខ្លួនឯងដើម្បីប្រើប្រាស់ក្នុងគ្រួសារ ច្នៃប្រឌិតឱ្យអស់ ប្រើឱ្យអស់លទ្ធភាព សក្តានុពលដែលមាន។ ក្រុមគ្រួសារនីមួយៗមិនចាំបាច់ទៅទិញគេទេ ខ្លះចេះដេរខ្លួនឯង ដេរខ្លួនឯងទៅ ព្រោះខ្ញុំមើលឃើញ BTV មានក្មួយស្រីម្នាក់នោះ គាត់ប្រើម៉ាសខុសពីគេ ប្រហែលជាច្រមុះគាត់មិនអាចខ្ទប់អាម៉ាសហ្នឹងបាន។ ម៉ាសគាត់ដូចរាងប៉ោងទៅមុខបន្តិច សមរបស់គាត់ម្យ៉ាងដែរ។ អាហ្នឹងតាមការកែច្នៃ ធ្វើម៉េចការពារជំងឺ។ ក្រុមគ្រួសារមួយៗក៏អាចធ្វើទៅបានដែរ មានក្រណាត់ មានអី ដែលត្រូវស្តង់ដាការពារជំងឺ។ ប្រសិនបើគ្មាន វាមានតម្រូវការក្រមានៅចង្កេះ ក៏ទាញមកចងបានដែរ។ កន្សែងនៅក្នុងហោប៉ៅ ក៏ទាញយកមកចងបានដែរ ច្នៃឱ្យវាអស់។ ប្រទេសយើងជាប្រទេសដែលមានការកាត់ដេរច្រើនណាស់ ហើយអ្នកចេះកាត់ដេរនៅក្នុងប្រទេសរបស់យើងក៏ច្រើនដែរ។ ម៉ាសហ្នឹង មិនមែនប្រើចាំតែមានអាកូរ៉ូណាហ្នឹងទេ។ ការពិតទៅសូម្បីតែក្មួយៗ ដែលធ្វើការនៅតាមរោងចក្រ ដែលខ្ញុំទៅសួរសុខទុក្ខតាមរោងចក្រនោះ ក្មួយៗទាំងនោះធ្វើការដោយមានការពាក់ម៉ាស ដើម្បីការពារនូវដីហុយ (ធាតុគីមី)ចេញពីក្រណាត់ស្អីៗហ្នឹង គឺសុទ្ធតែការការពារ។
- ដំណើរការផ្នែកសេវាជាធម្មតា ដោយគ្មានការរើសអើង
ចំណុចទី ៧ ត្រូវដំណើរការផ្នែកសេវាជាធម្មតា ដោយគ្មានការរើសអើងដូចជា សេវាទេសចរណ៍ ការដឹកជញ្ជូនផ្លូវអាកាស ការដឹកជញ្ជូនផ្លូវទឹក ដែលវាទាក់ទងសំខាន់ទៅនឹងព្រលានយន្តហោះ កំពង់ផែ សណ្ឋាគារ និងសេវាដឹកជញ្ជូន។ ឥឡូវ អស់លោកអ្នកមួយចំនួន បានផ្ដល់មតិថា បិទជើងហោះហើរ។ បើបិទជើងហោះហើរត្រូវបិទទាំងអស់ មិនមែនបិទតែមកពីប្រទេសចិនទេ ព្រោះឥឡូវជំងឺវាបានទៅសឹងគ្រប់ប្រទេសហើយ។ អញ្ចឹងទាល់តែបិទទាំងអស់។ ជប៉ុនក៏មាន ក៏ត្រូវតែបិទជប៉ុនដែរ កូរ៉េក៏មាន ក៏ត្រូវបិទកូរ៉េដែរ ថៃក៏មានក៏បិទ សាំងហ្គាពួរក៏មាន អញ្ចឹងបិទទាំងអស់ កម្ពុជាបិទព្រំដែនទាំងអស់ ទាំងទឹក ទាំងគោក ទាំងអាកាស បិទទាំងអស់ វៀតណាមក៏មានត្រូវបិទ អញ្ចឹងកម្ពុជាស្ថិតនៅជាប្រទេសឯកោ។ នេះដាក់ក្នុងកម្រិតឯកោខ្លួនឯង។ អស់លោកអ្នកនយោបាយ អស់លោកអ្នកវិភាគ អស់លោកអ្នកណាក៏ដោយចុះ បើអស់លោកគិតពីរឿងបិទ មិនត្រូវបិទតែចិនទេ ត្រូវបិទទាំងអស់ ព្រោះប្រទេសទាំងនោះកើតដែរ កើតអស់ហើយ រាប់ទាំងអាមេរិក បារាំង ស្អីក៏មាន បិទទាំងអស់។ អញ្ចឹងកម្ពុជាសូន្យតែម្ដង ហើយកម្ពុជាក៏មិនត្រូវចេញទៅប្រទេសក្រៅ ព្រោះមានអីចេញទៅទៀត បើអស់ផ្លូវហោះហើយ។
អញ្ចឹងសេវាកម្មទេសចរណ៍ សេវាកម្មដឹកជញ្ជូនផ្លូវអាកាស ផ្លូវទឹក ត្រូវធ្វើដោយគ្មានការរើសអើង។ កុំថា កប៉ាល់ហោះចិនមកដល់ មិនឱ្យចុះ ឱ្យចុះកប៉ាល់ហោះដទៃ អត់ទេ។ ទេសចរចិនមកដល់សណ្ឋាគារមិនទទួល តាក់ស៊ីមិនទទួលទេសចរចិន នាវាចិនដឹកទំនិញចូលកំពង់ផែ អត់ឱ្យនាវាចិនចូល វាអត់ត្រូវទេកន្លែងហ្នឹងនោះ។ ប្រជាពលរដ្ឋរបស់យើង ដើរលេងធម្មតាទៅ សូមកុំយកឱកាសនេះសម្លាប់អ្នកធ្វើទេសចរណ៍នៅតាមរមណីយដ្ឋាននានា ដែលឥឡូវនេះ រមណីយដ្ឋានមានច្រើនណាស់ ហើយបើយើងនាំគ្នាភ័យខ្លាច ម៉ាក្រូសេដ្ឋកិច្ចរបស់យើងអាចនឹងរង្គោះរង្គើ ដោយសារតែការភ័យខ្លាច។ ចរន្តទីផ្សាររបស់យើង ចលនាទីផ្សាររបស់យើងនឹងត្រូវជាប់គាំង។ ប៉ុន្តែ ខ្មែរយើងភ័យនៅតែភ័យ តែឡានស្ទះចរាចរណ៍នៅតែស្ទះ បានសេចក្ដីថាដើរ ប្រកាសភ័យ តែដើរនៅតែដើរ វាល្អត្រង់កន្លែងហ្នឹង។
- ប្រជាជនខ្មែរកំពុងនៅចិន ត្រូវបន្តស្ថិតនៅទីនោះ និងចូលរួមជាមួយចិនប្រយុទ្ធនឹងជំងឺនេះ
ចំណុចទី ៨ អ្នកការទូត កុងស៊ុល និងនិស្សិតកម្ពុជា ដែលកំពុងធ្វើការ និងរៀនសូត្រនៅប្រទេសចិន រាប់ទាំងនៅទីក្រុង Wuhan ត្រូវបន្តស្ថិតនៅទីនោះ និងចូលរួមជាមួយប្រជាជនចិន ដើម្បីប្រយុទ្ធជាមួយជំងឺនេះ។ កុំរត់ចោលប្រជាជនចិនក្នុងគ្រាដ៏លំបាកនេះ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» នេះជាពាក្យស្លោករបស់កម្ពុជាយើង តាំងពីដូនតាយើងមក។ កុំមិត្តភាពក្នុងពេលដែលស្រួល ដល់ពេលលំបាក(រត់)។ ឥឡូវនេះ ស្ថិតនៅក្នុងការទទួលខុសត្រូវ ហើយខ្ញុំមើល BTV ទៀត ព្រោះ BTV សម្ភាសន៍ផ្ទាល់និស្សិតខ្មែរ ដែលកំពុងរៀននៅ Wuhan នោះ មិនដឹងថាបច្ចេកទេសគេយ៉ាងម៉េចទេ តែគេសម្ភាសន៍បាន រូបភាពមកនៅក្នុងទូរទស្សន៍របស់យើងនៅនេះ។ យើងធ្វើតទៅទៀត លើកទឹកចិត្តឱ្យស្ថានីយទូរទស្សន៍ដទៃ ទាក់ទងជាមួយនិស្សិតខ្មែរនៅចិន សភាពការណ៍យ៉ាងម៉េចហើយ? គេសម្ភាសន៍តាម WhatsApp ប្រើបានតើ គេបញ្ចេញរូបភាពមក … ហើយអ្នកនៅនោះ នៅក្នុងបន្ទប់ជាមួយគ្នា គេមិនទាំងពាក់ម៉ាសផង។ រួចយើងនៅនេះ ក៏ភ័យម៉េះ? មកភ័យឯស្រុកខ្មែរ។ និស្សិតយើងនៅក្នុង Wuhan នោះ នៅក្នុងបន្ទប់ជាមួយគ្នា ទាំងស្រីទាំងប្រុស ដែលមកប្រមូលផ្ដុំគ្នា ធ្វើបទសម្ភាសន៍នេះ គេអត់ទាំងពាក់ម៉ាសផង។ រួចយើងនៅនេះ ភ័យដោយសារ K01 ភ័យដោយសារការបំផុសនេះបំផុសនោះ។
K01 មានមកឬអត់? យប់មិញ ថា live សុំទោស មាន live ឬអត់? សរសេរសារផង Live ផង។ ហេតុអីបានជា K01 គេមិនឱ្យ Live នៅកន្លែងបាក់អគារនៅកំពង់សោម? K01 ត្រូវតែដឹង។ ពុកប្រាប់កូនឯងឱ្យច្បាស់ ពេលនោះកូនឯងបានវាយសារមួយទៅសុំពុកនៅឯបាងកក។ ពុកនៅប្រជុំអាស៊ាននៅបាងកក។ ទៅដល់ វាហៅខ្ញុំថាពុក។ “ពុក! ខ្ញុំសុំ live តែគេមិនឱ្យ live”។ អញ្ចឹងខ្ញុំឆ្លើយតបទៅវិញ បើគេមិនឱ្យ live កូនកុំ live អី។ មូលហេតុងាយយល់ទេ មកពីលោកឯងនិយាយតែផ្តេសតែផ្ដាសហ្នឹង ទើបគេមិនឱ្យ live តែស្ថានីយដទៃគេ live បានតើ ដោយសារគេមានវិជ្ជាជីវៈ។ ឯយើងវាអត់វិជ្ជាជីវៈ។ អញ្ចឹង K01 ត្រូវទៅរៀន ទាំងក្រុម K01 រហូត សូន្យប៉ុន្មាននោះ ត្រូវទៅរៀនទាំងអស់។ កាញាឬទ្ធិ គួរតែបើកថ្នាក់បង្រៀនក្រុម K01 ហ្នឹងទៅ អំពីវិជ្ជាជីវៈ។ រួចមើលវាពាក់អាវ ពាក់មើលតែការពារវិទ្យុសកម្ម មើលរូបភាពវាពីម្សិលទៅមើល ការពារវិទ្យុសកម្មជាគ្នា។ វាខ្លាំងជាងពេលយើងទៅថត។ ធម្មតា មុនគេថតយើងកាំរស្មី X គ្រូពេទ្យគេយកស្អីៗមកបាំងខ្លួនរបស់គេ អញ្ចឹង K01 វាធ្វើដូចប្រយុទ្ធជាមួយនឹងវិទ្យុសកម្មអញ្ចឹង។ ចុះបើម្លឹងៗ វាបង្កើតគ្រាន់តែរូបភាពហ្នឹង ធ្វើឱ្យប្រជាជនខ្លាចតែម្ដង។
យើងមិនអាចត្រូវគេបោកទេ បើសិនយើងមានទំនុកចិត្តលើខ្លួនឯង
សង្គ្រាមចិត្តសាស្រ្តនៅទីនេះ ប៉ុន្តែ ក៏ខ្ញុំសូមបញ្ជាក់ បើទោះបីជាមាន K01 មួយពាន់ មួយម៉ឺន ក៏នៅតែមិនអាចបំពុលបានដែរ បើសិនជាយើងមានជំនឿទុកចិត្តលើខ្លួនឯង។ ខ្ញុំធ្លាប់បាននិយាយហើយ ចាញ់បោកគេលើកទី ១ អ្នកបោកគឺជាអ្នកខុស យើងចាញ់បោកគេ ជាអ្នកត្រូវ។ ចាញ់បោកគេលើកទី ២ អាអ្នកបោកគឺខុស អ្នកចាញ់បោកគឺត្រូវ។ តែចាញ់បោកគេលើកទី ៣ គឺអ្នកចាញ់បោកល្ងង់តែម្ដង។ ធ្វើដល់មនុស្សប៉ុនណាប៉ុនណី មានការរៀនសូត្រចេះដឹង ជានិស្សិត ជាគ្រូ ឬជាបញ្ញវ័ន្ត ក៏នៅតែចាញ់បោកគេទៀត រហូតទៅដល់ហ៊ានផ្សព្វផ្សាយដោយគ្មានការពិត។ ប្រើពាក្យពុទ្ធោ បង្ហោះ(រូបក្មេងឈឺ)។ ខ្ញុំជេរ អាឡុង តើ … ធ្វើដល់ប្រធានសមាគមសិល្បៈ ហើយទៅបង្ហោះ(រូប)ក្មេង មិនដឹងថារឿងស្អីផង។ ស្រាប់តែពេលដំណាលគ្នា ជេរ អាឡុង ចប់ ក្មេងស្រីនោះស្លៀកពាក់ក្រហមអង្គុយនៅលើគ្រែថា ខ្ញុំអត់មានឈឺស្អីផង យកខ្ញុំទៅផ្សាយ ឱ្យក្មេងជេរលេងទៅ។ គ្នាត្រូវបាត់បង់ការងារ បើសិនជាអញ្ចឹង ព្រោះគ្នាត្រូវគេយកទៅដាក់នៅកន្លែងមួយ។ តែវាអត់មានអីផង។ អាណាបង្ហោះសម្លេងមក ឆ្លង ៧០ នាក់ មិនមែនត្រឹមម្នាក់ទេ។ បង្កើតបានការយល់ច្រឡំ។
មិនគប្បីដាក់ខ្លួនឱ្យស្ថិតនៅក្រោមការភ័យខ្លាច ដោយការបំពុលព័ត៌មាន
ប្រធានគណបក្សនយោបាយមួយវាយចូលមកក្នុង WhatsApp របស់ខ្ញុំ បានខ្ញុំថា ប្អូនប្រុស … ការដែលប្អូនប្រុសមិនជោគជ័យ គឺដោយសារតែប្អូនប្រុសទទួលយកព័ត៌មានពីបណ្ដាញរបស់ប្អូនដែលមិនត្រឹមត្រូវ ហើយប្អូនមិនទុកចិត្តព័ត៌មានរបស់រដ្ឋ។ វាយទៅវិញតែប៉ុណ្ណឹង។ ណែនាំ។ ស្ថាប័នប៉ុនមេឃ ប៉ុនដី ទទួលខុសត្រូវនេះ ហើយរៀបចំមិនធម្មតាទេ ស្ដង់ដាប្រទេសគេម៉េច យើងក៏ធ្វើដូចគេដែរ។ យើងធ្វើច្បាស់លាស់របស់យើង។ ខ្ញុំសូមអរគុណ ខ្ញុំនិយាយថ្ងៃនេះ សំដៅទូលប្រគេនជូនព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងជម្រាបជូនជនរួមជាតិ អំពីករណីដែលវាបានកើតឡើង និងជំហានបន្ត។ មិនគប្បីដាក់ខ្លួនឱ្យស្ថិតនៅក្រោមការភ័យខ្លាច ដោយការបំពុលព័ត៌មាន ហើយដែលគ្មានរឿងពិតកើតឡើង។ រឿងពិតកើតឡើងគឺយើងភ័យខ្លាចទេ អត់ទាន់មានស្លាប់ម្នាក់សោះ។
ផ្តាំទៅ Human Rights Watch “បន្ទោសរដ្ឋាភិបាលលោកឯងផង”
សូមផ្ដាំផ្ញើទៅអ្នកដែលថា គួរតែស្ដីបន្ទោសរដ្ឋាភិបាលភ្នំពេញ អំពីការបើកឱ្យមានការហោះ។ សូមឱ្យអ្នកឯងនិយាយដូចគ្នានេះ ទៅកាន់ប្រទេសដទៃដែលមានករណីជំងឺនេះ។ បើអ្នកឯងមិននិយាយទេ បានសេចក្ដីថា រឿងទាំងឡាយអ្នកឯងរករឿងតែកម្ពុជាមួយគត់។ ចង្អុលឈ្មោះវាឱ្យច្បាស់តែម្ដង Human Rights Watch (ម្នាក់)ហ្នឹងឈ្មោះ Phil Robertson ផ្ដាំទៅ បើលោកឯងជ្រុលជាមកប្រដៅឱ្យទទួលថា រដ្ឋាភិបាលខ្មែរត្រូវទទួលខុសត្រូវ គួរស្តីបន្ទោស ទៅស្ដីបន្ទោសឱ្យរដ្ឋាភិបាលគ្រប់ប្រទេសទៅ រាប់ទាំងប្រទេសអ្នកឯងស្ថិតនៅផងដែរ ព្រោះជំងឺកើតនៅក្នុងប្រទេសអ្នកឯង ម៉េចក៏អ្នកឯងមិនស្ដីបន្ទោសរដ្ឋាភិបាលអ្នកឯង ហើយមកស្ដីបន្ទោសតែខ្ញុំ? អយុត្តិធម៌រឿងហ្នឹង។ វាមិនមែនជា single standard ទេ វាចូលទៅដល់ស្តង់ដាទ្វេ ឬស្តង់ដាបី double standard, triple standard គឺវាស្ដង់ដាច្រើនណាស់។ ខ្ញុំអំពាវនាវចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋរបស់យើង ងើបឈរឡើងដើម្បីជម្នះឧបសគ្គទាំងឡាយ ដែលនៅពីមុខយើង ហើយយើងត្រូវរួមសាមគ្គីជាមួយនឹងប្រជាជនរបស់យើង ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ និងចូលរួមសាមគ្គីជាមួយប្រជាជនចិន ក៏ដូចជាប្រជាជននៃបណ្ដាប្រទេសដែលមានការពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះ ចូលរួមជាមួយអង្គការសុខភាពពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ។
អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់!