សុន្ទរកថាថ្លែងក្នុងពិធីបើក កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ទ និង កាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន“
ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូ; ឯកឧត្តមអគ្គលេខាធិការអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានទទួលស្វាគមន៍ ឯកឧត្តម, លោកជំទាវ, លោក, លោកសី និង ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំ កំពូលស្រ្តីអាស៊ាន លើកទី ២ ដោយផ្ទាល់ផង និង តាមរយៈប្រព័ន្ធវីដេអូផង។ ខ្ញុំសូមរំលឹកថា, កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី ១ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ ២០២០ ប្រកបដោយភាពជោគជ័យ ដោយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានទទួលស្គាល់ និងឱ្យតម្លៃខ្ពស់ចំពោះការដាក់បញ្ចូលការលើកកម្ពស់តួនាទីរបស់ស្រ្តី ទៅក្នុងចំណុចស្នូលនៃកិច្ចខំប្រឹងប្រែង សម្រាប់ការស្ដារសង្គម-សេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយចីរភាព និងភាពគ្រប់ជ្រុងជ្រោយ។ ទន្ទឹមគ្នានេះ, ក៏មានការទទួលស្គាល់ និងការពិភាក្សាអំពីអាទិភាពនានា ជុំវិញការពង្រឹងតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច, ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល, ការឆ្លើយតបទៅនឹងកិច្ចគាំពារសង្គម, ការថែទាំគ្រួសារ និងប្រាក់ឈ្នួលទាប, ព្រមទាំងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសង្គម ដើម្បីឆ្លើយតបនឹងសមភាពយេនឌ័រ និងសុខុមាលភាពរបស់ស្ត្រី។ ឈរលើសមិទ្ធផលដ៏ប្រពៃនេះ, កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី ២ នាពេលនេះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។ កម្ពុជាបានកំណត់ប្រធានបទ «ការកសាងអនាគត…